ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ចិន​មាន​ក្តី​សង្ឃឹម​ចំពោះ​ការ​រក​ឃើញ​ប្រេង​និង​ឧស្ម័ន​ក្នុង​សមុទ្រ​កម្ពុជា


ក្រុមហ៊ុន Chevron មក​ពី​សហរដ្ឋ​អាមេរិក​ ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​បាន​រុក​រក​ប្រេង​នៅ​ក្នុង​សមុទ្រ​កម្ពុជា។
ក្រុមហ៊ុន Chevron មក​ពី​សហរដ្ឋ​អាមេរិក​ ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​បាន​រុក​រក​ប្រេង​នៅ​ក្នុង​សមុទ្រ​កម្ពុជា។

ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ចិន ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​ ខ្លួន​បាន​រកឃើញ​ធនធាន​ប្រេង​ និង​ឧស្ម័ន​នៅ​ក្នុង​ដែន​សមុទ្រ​របស់​ប្រទេស​កម្ពុជា​ ដែល​ខ្លួន​កំពុង​ស្រាវជ្រាវ​និង​រុករក​នោះ។ ក្រុមហ៊ុន​ដដែល​គ្រោង​នឹង​ខួង​យក​ឧស្ម័ន​ទាំង​នេះ​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត។

លោក​ វីលាម ឆេន ​(William Chan) ​នាយក​ក្រុមហ៊ុន​រុករក​និង​អភិវឌ្ឈន៍​ប្រេងកាត ​CPHL ​មកពី​ប្រទេស​ចិន ​បាន​ឲ្យ​ដឹង​នៅថ្ងៃ​អង្គារ​នេះ​ថា​ ក្រុមហ៊ុន​របស់​លោក​បាន​រក​ឃើញ​មាន​ប្រេង​ និង​ឧស្ម័ន​នៅ​ក្នុង​ប្លុក​ ឌី ​(D)​ របស់​ដែន​សមុទ្រ​របស់​ប្រទេស​កម្ពុជា ​ដោយ​រំពឹង​ថា​ ប្រេង​និង​ឧស្ម័ន​ទាំងនោះ​នឹង​មាន​ចំណុះ​យ៉ាង​តិច​ចំនួន ​២០០​លាន​ធុង​ដែរ។

«​នៅក្នុង​តំបន់​របស់​យើង ​យើង​បាន​រកឃើញ​សក្ដានុពល​ប្រេង​យ៉ាង​ខ្លាំង។ យើង​ច្បាស់​ហើយ​ថា មាន​ប្រេង​ និង​ឧស្ម័ន»។

លោក​ ឆេន ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ បន្ទាប់​ពី​ការបង្ហាញ​អំពី​ការ​ខួងប្រេង​តាម​បច្ចេកទេស​ទំនើប​ (Controlled Source Electro Magnetic Imaging ​ឬ​ហៅកាត់​ ថា​ CSEM) ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

ក្រុមហ៊ុន ​CPHL ​បាន​ទទួល​សិទ្ធិ​ស្រាវជ្រាវ​រុករក ​និង​អភិវឌ្ឈ​ប្រេង​កាត​នៅ​ក្នុង​សមុទ្រ​កម្ពុជា​ នៅ​ក្នុង​ប្លុក​ D កាល​ពី​ឆ្នាំ​២០០៦។ លោក​ ឆេន ​មាន​ប្រសាសន៍​ថា ​ក្រុមហ៊ុន​របស់​លោក​ បាន​រៀបចំ​កម្មវិធី​ខួង​យក​ប្រេង​ចាប់​តាំង​ពីខែ​មិនា​ឆ្នាំ​២០១០​ មក​ម៉្លេះ​ ហើយ​លោក​រំពឹង​ថា ​ការ​ខួង​យក​ប្រេង​នឹង​អាច​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ២០១២។

«នៅ​ក្នុង​រយៈពេល​ពីរ ​ឬ​បីឆ្នាំ​ទៀត ​យើង​នឹង​ខួង​យក​ប្រេង​យ៉ាង​ហោច​ណាស់​៣​ទៅ​៥​អណ្ដូង។ ហើយ​យើង​នឹង​ស្វែង​រក​មធ្យោបាយ​ងាយៗ​ ដើម្បី​ចាប់ផ្ដើម​ផលិត​ប្រេង»។

មាន​ក្រុមហ៊ុន​ជាង​ដប់​ បាន​ទទួល​សិទ្ឋិ​រុករក​និង​អភិវឌ្ឈ​ប្រេងកាត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​នៅ​ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​ Chevron ​មក​ពី​សហរដ្ឋ​អាមេរិក​ ក្រុមហ៊ុន​តូតាល់​ មក​ពី​ប្រទេស​បារាំង ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ ប្រទេស​ជប៉ុន ​និង​ថៃ ​ជា​ដើម។ ​ក្រុមហ៊ុន ​Chevron ​របស់​សហរដ្ឋ​អាមេរិក​ ក៏​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ចាប់ផ្តើម​ទាញ​យក​ប្រេង​ពី​ក្នុង​ប្លុក​ អេ ​(A) ​របស់​ខ្លួន​ក្នុង​អំឡុង​ឆ្នាំ​២០១២ ​ឬ​ឆ្នាំ​ ២០១៣​ដែរ។ ​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ ​ហ៊ុន​ សែន ​ធ្លាប់​បាន​ព្រមាន​ដក​អាជ្ញា​ប័ណ្ណ​ពី​ក្រុមហ៊ុន​នេះ​ កាល​ពី​ខែមេសា ​ប្រសិន​បើ​ ក្រុម​ អាមេរិកាំង​នេះ​ មិន​ចាប់​ផ្ដើម​ផលិតកម្ម​របស់​ខ្លួន​នៅ​ឆ្នាំ​២០១២​នោះ​ទេ។

លោក ​ហូ វិចិត្រ ​អនុ​ប្រធាន​អាជ្ញាធរ​ប្រេងកាត​កម្ពុជា ​បដិសេធ​ផ្តល់ការ​បំភ្លឺ​ណា​មួយ​នៅ​ជុំវិញ​ការ​វិនិយោគ ​និង​រុករក​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាល​ពី​ព្រឹក​មិញ​នេះ។

យោងតាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឈន៍​អាស៊ី ​ADB​ កាល​ពី​ឆ្នាំ​២០០៦ ​បាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា ​អាច​ផលិត​ប្រេង​បាន​ចំនួន​ពី​៤០០​ទៅ​៧០០​លាន​ធុង ​ក្នុង​មួយឆ្នាំ ​ហើយ​អាច​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ពី​៥០០​លាន​ទៅ១.០០០​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ៕

XS
SM
MD
LG