រដ្ឋាភិបាលចិន បានប្រាប់ក្រុមគ្រួសារឲ្យរក្សាទុកនូវរបស់របរប្រចាំថ្ងៃសំខាន់ៗនៅក្នុងផ្ទះ ក្នុងករណីគ្រាអាសន្ន បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ និងការធ្លាក់ភ្លៀងខុសពីប្រក្រតីដែលបណ្តាលឲ្យតម្លៃបន្លែឡើងថ្លៃយ៉ាងខ្លាំងដោយធ្វើឲ្យមានការព្រួយកង្វល់អំពីការផ្គត់ផ្គង់មិនគ្រប់គ្រាន់។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
សារាចរណែនាំរបស់ក្រសួងពាណិជ្ជកម្មចិន ដែលត្រូវបានផ្សព្វផ្សាយកាលពីយប់ថ្ងៃចន្ទ បានធ្វើឲ្យមានការព្រួយកង្វល់នៅលើបណ្តាញព័ត៌មានសង្គមក្នុងស្រុកថា ការណ៍នេះ អាចបណ្តាលមកពីភាពតានតឹងយ៉ាងខ្លាំងជាមួយកោះតៃវ៉ាន់ ខណៈដែលអ្នកខ្លះទៀត បាននិយាយថា មនុស្សបានសម្រុកទៅទិញអង្ករ ប្រេងឆា និងអំបិលដើម្បីស្តុកទុកនោះ។
អ្នកប្រើប្រាស់នៅលើបណ្តាញ Twitter ក្នុងប្រទេសចិន ដូចជាបណ្តាញសង្គម Weibo ជាដើម បានសរសេរថា «នៅពេលដែលព័ត៌មាននេះ ត្រូវបានចេញផ្សាយភ្លាមនោះ មនុស្សទាំងអស់នៅជិតខ្ញុំ បាននាំគ្នាទៅទិញទំនិញនៅផ្សារទំនើបយ៉ាងតក់ក្រហល់»។
បណ្តាញព័ត៌មានក្នុងស្រុក កាលពីពេលថ្មីៗនេះ ក៏បានចេញផ្សាយបញ្ជីរបស់ទំនិញដែលស្នើឲ្យស្តុកទុកនៅតាមផ្ទះ រួមមាននំបារាំង មី ថ្នាំវីតាមីន វិទ្យុ និងពិលបំភ្លឺជាដើម។
កាសែតប្រចាំថ្ងៃ Economic Daily ដែលជាកាសែតគាំទ្រដោយគណបក្សកុម្មុយនីស្តចិន បានប្រាប់ប្រជាពលរដ្ឋកុំឲ្យនឹកស្រមើស្រមៃហួសហេតុពេក ហើយថា គោលបំណងនៃសារាចរណែនាំនេះ ធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋ មិនមានការភ្ញាក់ផ្អើល ប្រសិនបើមានការបិទខ្ទប់សកម្មភាពសង្គមនៅក្នុងតំបន់របស់គេនោះ។
កាសែតប្រចាំថ្ងៃ People's Daily បានរាយការណ៍ថា ក្រសួងបានចេញផ្សាយនូវការជូនដំណឹងបែបនេះជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែបានចេញផ្សាយនូវការណែនាំរបស់ខ្លួននៅដើមឆ្នាំនេះ ពីព្រោះតែមានគ្រោះមហន្តរាយធម្មជាតិ តម្លៃបន្លែឡើងថ្លៃ និងករណីជំងឺកូវីដ១៩ នៅពេលថ្មីៗនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន កាលពីយប់ថ្ងៃចន្ទ បានជំរុញឲ្យពួកអាជ្ញាធរធ្វើការងារឲ្យបានល្អដើម្បីធ្វើឲ្យប្រាកដថា ការផ្គត់ផ្គង់ និងតម្លៃមានស្ថិរភាព ហើយនឹងផ្តល់ការព្រមានឲ្យបានរួសរាន់នៅពេលមានបញ្ហានៃការផ្គត់ផ្គង់នោះ៕