ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ថា ខ្លួន​នឹង​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​គំរាម​ជា​ថ្មី​ផ្នែក​ពាណិជ្ជកម្ម


រូបឯកសារ៖ អ្នក​ទស្សនា​ម្នាក់​កំពុង​ដើរ​ក្បែរ​ស្តង់​របស់​ក្រុម​ហ៊ុន​សណ្ដែក​សៀង​​​​អាមេរិក​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​សណ្ដែក​សៀង​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាល​ពី​ខែ​មេសា។
រូបឯកសារ៖ អ្នក​ទស្សនា​ម្នាក់​កំពុង​ដើរ​ក្បែរ​ស្តង់​របស់​ក្រុម​ហ៊ុន​សណ្ដែក​សៀង​​​​អាមេរិក​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​សណ្ដែក​សៀង​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាល​ពី​ខែ​មេសា។

នៅ​ថ្ងៃ​ពុធ​នេះ​ ប្រទេស​ចិន​បាន​ព្រលះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពាក់​ព័ន្ធ​នឹង​ការ​គំរាម​កំហែង​សារ​ឡើង​វិញ​របស់​សេតវិមាន​ប្រធានាធិបតី​អាមេរិក​លើ​ផ្នែក​ពាណិជ្ជកម្ម។ រដ្ឋាភិបាល​ចិន​បាន​ព្រមាន​ថា ខ្លួន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​វាយ​បក​វិញ ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់​បង្ក​សង្គ្រាម​ពាណិជ្ជកម្ម។

រដ្ឋាភិបាល​ចិន​បាន​ព្រមាន​ដូច្នេះ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​លោក ​Wilbur Ross ​ទៅ​កាន់​ប្រទេស​ចិន ​ចូល​មក​ដល់។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​នៅ​តែ​គំរាម​យក​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូល​ក្នុង​ទឹក​ប្រាក់ ​៥០ ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ប្រទេស​ចិន ប្រសិន​បើ​ប្រទេស​ចិន​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​លួច​កម្មសិទ្ធិ​បញ្ញា​របស់​សហរដ្ឋ​អាមេរិក​ទេ​នោះ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ខ្លួន​នឹង​ជំរុញ​ទៅ​មុខ​នូវ​ការ​ដាក់​កំហិត​លើ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ក៏​ដូចជា​ដាក់​កំហិត​លើ​ការ​គ្រប់​គ្រង​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ។

ជំហរ​តឹង​តែង​ជាង​មុន​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ ត្រៀម​ជួប​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន​ និង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បង្កើន​ការ​ប្រឹង​ប្រែង​ដើម្បី​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​យល់​ថា​ជា​ការ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ការ​ដាក់​កំហិត​ដល់​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ការ​កើន​ឡើង​នូវ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​នេះ​បាន​កើត​ឡើង បន្ទាប់ពី​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កាល​ពី​ដើម​ខែ​នេះ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ការ​បន្ថយ​ផល​លើស​ផ្នែក​ពាណិជ្ជកម្ម​របស់​ចិន​ដែល​មាន​ទឹក​ប្រាក់ ៣៧៥ ពាន់​លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG