ប្រទេសចិនបានបញ្ជាក់ថា ចំនួនប្រជាជនរបស់ខ្លួនបានធ្លាក់ចុះកាលពីឆ្នាំមុន ដែលនេះជាការធ្លាក់ចុះលើកដំបូងបង្អស់របស់ខ្លួនក្នុងរយៈពេល ៦ ទសវត្សរ៍ចុងក្រោយនេះ។
តួលេខដែលចេញផ្សាយនៅថ្ងៃអង្គារនេះដោយការិយាល័យស្ថិតិរបស់ចិនបានបង្ហាញថា អត្រាកំណើតនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០២២ មានចំនួន ៩,៥៦លាននាក់ និងអត្រាស្លាប់មានចំនួន ១០,៤១ លាននាក់ ដែលធ្វើឱ្យចំនួនប្រជាជនធ្លាក់ចុះចំនួន ៨៥០.០០០ នាក់។
ការធ្លាក់ចុះនេះគឺជាលើកដំបូងបង្អស់តាំងពីចុងទសវត្សរ៍ ១៩៥០ មក ដែលនៅពេលនោះការពិសោធសេដ្ឋកិច្ចនៃគោលនយោបាយ «មហាលោតផ្លោះ (Great Leap Forward)» របស់បិតាស្ថាបនិកប្រទេសចិនលោក ម៉ៅ សេទុង (Mao Zedong) បានបណ្ដាលឱ្យមានគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ដោយធ្វើឱ្យមនុស្សរាប់លាននាក់ស្លាប់បាត់បង់ជីវិត។
អត្រាកំណើតធ្លាក់ចុះគឺជាលទ្ធផលនៃគោលនយោបាយរាប់ទសវត្សរ៍មកហើយរបស់ប្រទេសចិនដែលដាក់កំហិតឱ្យគ្រួសារនីមួយៗមានកូនតែម្នាក់ប៉ុណ្ណោះ។ រដ្ឋាភិបាលចិនបានបន្ធូរបន្ថយគោលនយោបាយនេះនៅក្នុងឆ្នាំ ២០១៦ ហើយចាប់តាំងពីពេលនោះមកបានផ្ដល់ការលើកទឹកចិត្តជាច្រើនឱ្យគូស្រករនីមួយៗចាប់ផ្ដើមជីវិតគ្រួសារ ដែលក្នុងនោះរួមមានទាំងការផ្ដល់នូវរង្វាន់ជាលុយផងដែរ។
ប៉ុន្តែ គូស្រករក្មេងៗជាច្រើននៅក្នុងប្រទេសចិនបានសម្រេចយកកូនតែមួយ ឬក៏មិនយកកូនតែម្ដង ដោយសារតែមានការកើនឡើងនូវការចំណាយប្រចាំថ្ងៃនៅក្នុងប្រទេសចិនដែលមានប្រជាជនសរុបចំនួន ១៤១០ លាននាក់នេះ។
អ្នកជំនាញនានាបាននិយាយថា អត្រាកំណើតធ្លាក់ចុះនេះនឹងធ្វើឱ្យប្រទេសចិនខ្វះយុវជនគ្រប់គ្រាន់ដែលស្ថិតក្នុងអាយុធ្វើការដើម្បីរក្សាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសឱ្យដំណើរការទៅមុខ និងរួមចំណែកភាគទានដល់ប្រព័ន្ធប្រាក់សោធននិវត្តន៍ដែលកំពុងតែរងសម្ពាធស្រាប់រួចទៅហើយនៅក្នុងការទ្រទ្រង់ប្រជាពលរដ្ឋវ័យចំណាស់របស់ខ្លួនដែលកាន់តែកើនឡើងយ៉ាងលឿន៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP Reuters និង AFP។