ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទស្សនៈ​ប្រឆាំង​ចិន​របស់​ប្រធានាធិបតី​តៃវ៉ាន់ធ្វើ​ឲ្យ​ការ​គាំទ្រ​កើន​ឡើង


រូបឯកសារ៖ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩។

កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ អ្នកស្រី​បាន​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀត​ប្រឆាំង​នឹង​ទស្សនៈ​របស់​លោក Xi Jinping ហើយ​អត្រា​គាំទ្រ​អ្នកស្រី​បាន​កើន​ឡើង​ដល់ ៣៤,៥ ភាគរយ នៅ​ត្រឹម​ថ្ងៃ​ទី ២១ ខែ​មករា។

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing Wen បាន​ប្រកាស​ពី​ការ​ចូលរួម​ប្រកួត​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​អាណត្តិ​បន្ទាប់ បន្ទាប់ពី​ការ​គាំទ្រ​អ្នកស្រី​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ការ​ស្ទង់​មតិ​សាធារណៈ​មួយ ដែល​បាន​ធ្វើ​ឡើង​បន្ទាប់ពី​អ្នកស្រី​បាន​និយាយ​ប្រឆាំង​នឹង​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​ថា កោះ​តៃវ៉ាន់ និង​ប្រទេស​ចិន​រួម​គ្នា​ជា​ប្រទេស​តែ​មួយ។

អ្នកស្រី​ទទួល​បាន​ការ​គាំទ្រ ២៤ ភាគរយ នៅ​ក្នុង​ការ​ស្ទង់​មតិ បន្ទាប់ពី​គណបក្ស​របស់​អ្នកស្រី​បាន​ចាញ់​ការ​បោះ​ឆ្នោត​មូលដ្ឋាន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។ កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ អ្នកស្រី​បាន​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀត​ប្រឆាំង​នឹង​ទស្សនៈ​របស់​លោក Xi Jinping ហើយ​អត្រា​គាំទ្រ​អ្នកស្រី​បាន​កើន​ឡើង​ដល់ ៣៤,៥ ភាគរយ នៅ​ត្រឹម​ថ្ងៃ​ទី ២១ ខែ​មករា។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​របស់​អង្គការ​មូលនិធិ​មតិ​សាធារណៈ​តៃវ៉ាន់ (Taiwan Public Opinion Foundation)។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​មករា អ្នកស្រី Tsai Ing Wen បាន​បង្ហាញ​ថា អ្នកស្រី​មាន​គម្រោង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត​ដែល​មាន​រយៈពេល ៤ ឆ្នាំ។ ដោយសារ​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ពី​ការ​កើន​ឡើង​នូវ​អត្រា​គាំទ្រ​នេះ អ្នកស្រី Tsai Ing Wen នឹង​ផ្ដោត​យ៉ាង​ហោច​ណាស់​លើ​ផ្នែក​ដំបូង​នៃ​យុទ្ធនាការ​របស់​អ្នកស្រី​នៅ​ឆ្នាំ​ខាង​មុខ​លើ​ការ​លើក​ទឹក​ចិត្ត​សាធារណជន​ឲ្យ​កាន់តែ​សង្ស័យ​លើ​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នានា។

លោក Huang Kwei Bo ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ជាតិ Chengchi និយាយ​ដូច្នេះ​ថា៖

«យុទ្ធសាស្ត្រ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​ពួកគេ​នៅ​ពេល​ខាង​មុខ គឺ​ការ​និយាយ​ពី​ការ​ស្អប់​ប្រទេស​ចិន ខ្លាច​ប្រទេស​ចិន និង​ប្រឆាំង​នឹង​ចិន។ ប្រសិនបើ​មន្ត្រី​តៃវ៉ាន់​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ពាក្យ​ទាំង​នេះ ហើយ​ពាក្យ​ទាំង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ នោះ​មនុស្ស​ទូទៅ​នឹង​ទទួល​ឥទ្ធិពល​ពី​ពាក្យ​ទាំង​នេះ​ជា​មិន​ខាន»។

ប្រទេស​ចិន​បាន​អះអាង​ថា កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន​តាំង​ពី​ទសវត្សរ៍ ១៩៤០ មក និង​បាន​ទទូច​ថា ភាគី​ទាំង​ពីរ​នៅ​ទី​បំផុត​នឹង​រួបរួម​គ្នា។ ប្រជាពលរដ្ឋ​តៃវ៉ាន់​ភាគ​ច្រើន​ប្រឆាំង​នឹង​ការ​អះអាង​នេះ។

ឱកាស​និយាយ​អំពី​ប្រទេស​ចិន

សុន្ទរកថា​របស់​ប្រធានាធិបតី​ចិន​កាល​ពី​ថ្ងៃ​ទី ២ ខែ​មករា ដែល​បាន​ជំរុញ​ឲ្យ​កោះ​តៃវ៉ាន់​ទទួល​យក​ការ​រួបរួម​ជាមួយ​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​អ្នកស្រី Tsai Ing Wen ដាស់តឿន​ប្រជាពលរដ្ឋ​តៃវ៉ាន់​មិន​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នយោបាយ​នានា។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក លោក Xi Jinping បាន​ជំរុញ​ឲ្យ​មាន​ការ​បញ្ចូល​កោះ​តៃវ៉ាន់​ជាមួយ​នឹង​ប្រទេស​ចិន ក្រោម​ទម្រង់ «ប្រទេស​មួយ ប្រព័ន្ធ​ពីរ» ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ចិន​បាន​អនុវត្ត​ចំពោះ​ទីក្រុង​ហុងកុង។ ទីក្រុង​ហុងកុង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ប៉ុន្តែ​មន្ត្រី​ហុងកុង​អាច​ធ្វើ​ការ​សម្រេចចិត្ត​បាន​មួយ​ចំនួន។

ប្រទេស​ចិន​បាន​អះអាង​ថា តៃវ៉ាន់​ជា​របស់​ខ្លួន​តាំង​ពី​សម័យ​សង្គ្រាម​ស៊ីវិល​ចិន​មក​ម្ល៉េះ គឺ​នៅ​ពេល​ដែល​ក្រុម​អ្នក​ជាតិ​និយម​របស់​លោក​ជៀង កាយជៀក ចាញ់​សង្គ្រាម នឹង​បាន​គេច​ទៅ​តាំង​មូលដ្ឋាន​ថ្មី​នៃ​រដ្ឋាភិបាល​របស់​ពួកគេ​នៅ​កោះ​តៃវ៉ាន់។

អ្នកស្រី Tsai Ing Wen បាន​ឡើង​កាន់​អំណាច​នៅ​ក្នុង​ឆ្នាំ ២០១៦។ តាំង​ពី​ពេល​នោះ​មក អ្នកស្រី​បាន​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត ដោយ​អ្នកស្រី​បាន​បដិសេធ​មិន​ចរចា​អំពី​លក្ខខណ្ឌ​ដែល​លើក​ឡើង​ថា តៃវ៉ាន់ និង​ចិន​ជា​ប្រទេស​តែ​មួយ។

ជនជាតិ​តៃវ៉ាន់​ជាង ៧០ ភាគរយ បាន​បញ្ជាក់​នៅ​ក្នុង​ការ​ស្ទង់​មតិ​ដោយ​រដ្ឋាភិបាល​តៃវ៉ាន់​ថា ពួកគេ​ចូលចិត្ត​ការ​ដឹកនាំ​បែប​ស្វ័យភាព​របស់​តៃវ៉ាន់​នា​ពេល​បច្ចុប្បន្ន​នេះ ឬ​ក៏​ឯករាជ្យ​ភាព​ស្រប​ច្បាប់​ពេញលេញ​ពី​ប្រទេស​ចិន ជាង​ការ​ដាក់​បញ្ចូល​តៃវ៉ាន់​និង​ចិន​ជាមួយ​គ្នា។

នៅ​ក្នុង​ការ​លើក​ឡើង​មួយ តាំង​ពី​លោក Xi Jinping បាន​ថ្លែង​សុន្ទរកថា​មក អ្នកស្រី Tsai Ing Wen បាន​បញ្ជាក់​នៅ​ឯ​សន្និសីទ​កាសែត​ឥត​គ្រោង​ទុក​មួយ កាល​ពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ថា អ្នកស្រី​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់។

អ្នកស្រី​និយាយ​ដូច្នេះ​ថា៖ «មហិច្ឆតា​យោធា​របស់​ប្រទេស​ចិន និង​ការ​មិន​លះបង់​ការ​ដាក់​អាវុធ​ប្រឆាំង​នឹង​តៃវ៉ាន់ គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​តំបន់​គ្មាន​ស្ថិរភាព។ ដោយសារតែ​ចិន​មិន​លះបង់​អាវុធ​ដែល​មាន​គោល​បំណង​ចង់​សំដៅ​លើ​តៃវ៉ាន់ និង​បាន​ផ្ដោត​លើ​ទម្រង់​ដឹកនាំ​បែប​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ នោះ​គ្មាន​វិធី​ណា​មួយ​ដែល​អាច​ចរចា​ស្មើ​ភាព​គ្នា ហើយ​សន្តិភាព​ពិត​ប្រាកដ​មិន​អាច​សម្រេច​បាន​ទេ»។

ជំនាញ​ខាង​បញ្ហា​ប្រទេស​ចិន

អ្នកស្រី Tsai Ing Wen អតីត​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​តៃវ៉ាន់ និង​ជា​អតីត​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​គោល​នយោបាយ​ប្រទេស​ចិន​ដី​គោក​របស់​រដ្ឋាភិបាល​តៃវ៉ាន់ គឺ​ជា​អ្នក​ដែល​ដឹង​អំពី​បញ្ហា​ចិន​ដី​គោក​យ៉ាង​ច្បាស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Lin Chong Pin សាស្ត្រាចារ្យ​ចូល​និវត្តន៍​ផ្នែក​សិក្សា​យុទ្ធសាស្ត្រ​នៅ​តៃវ៉ាន់។

លោក Lin និយាយ​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​ចំណុច​ខ្លាំង​របស់​អ្នកស្រី Tsai Ing Wen។ អ្នកស្រី​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ជំនាញ​នេះ​អស់​រយៈពេល ១៨ ឆ្នាំ​មក​ហើយ»។

តាំង​ពី​ឆ្នាំ ២០១៦ មក រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​អ្នកស្រី Tsai Ing Wen ដោយ​ចិន​បាន​ធ្វើ​ការ​ហោះហើរ​យន្តហោះ​យោធា និង​បញ្ជូន​នាវា​យោធា​ទៅ​ជិត​កោះ​តៃវ៉ាន់ ក៏​ដូចជា​បាន​បញ្ចុះបញ្ចូល​ប្រទេស​ចំនួន ៥ ឲ្យ​ងាក​ចេញ​ពី​តៃវ៉ាន់ មក​រក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ឥឡូវ​នេះ កោះ​តៃវ៉ាន់​នៅ​សល់​តែ​សម្ព័ន្ធមិត្ត​ចំនួន ១៧ ប៉ុណ្ណោះ។

លោក Lin បាន​និយាយ​ថា៖ «នៅ​ក្នុង​រឿង​ទំនាក់ទំនង​អន្តរជាតិ អ្វី​ដែល​អ្នកស្រី Tsai Ing Wen អាច​ធ្វើ​បាន​គឺ​មាន​កំណត់។ យើង​ទាំង​អស់​គ្នា​ដឹង​អំពី​រឿង​នេះ។ ប៉ុន្តែ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​តៃវ៉ាន់ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រទាំង​ប្រទើស​នានា​ដូចជា​រឿង​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​នេះ​ជា​ដើម គឺ​អ្នកស្រី​មាន​សមត្ថភាព​ខ្លាំង​ណាស់»។

គណបក្ស​របស់​អ្នកស្រី​មាន​ការ​ប្រយ័ត្នប្រយែង​ជាមួយ​នឹង​ប្រទេស​ចិន បើ​ប្រៀប​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ចម្បង​បំផុត​របស់​តៃវ៉ាន់ ដែល​ជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ​ពិភាក្សា​គ្នា​អំពី​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

យុទ្ធនាការ​តឹងតែង

បើ​យោង​តាម​ការ​ស្ទង់​មតិ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍ TVBS របស់​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ អ្នកស្រី Tsai Ing Wen នឹង​ទទួល​បាន​ការ​គាំទ្រ​តែ ១៦ ភាគរយ​ប៉ុណ្ណោះ ប្រសិនបើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ធ្វើ​ឡើង​នៅ​ថ្ងៃ​នោះ ហើយ​ប្រសិនបើ​អ្នកស្រី​ឈរ​ឈ្មោះ​ប្រជែង​ជាមួយ​នឹង​អភិបាល​ក្រុង​តៃប៉ិ​លោក Ko Wen Je ដែល​មិន​គាំទ្រ​គណបក្ស​ណា​មួយ និង​អភិបាល​ក្រុង Kaohsiung លោក Han Kuo Yu ខាង​គណបក្ស​ជាតិ​និយម​ដែល​ជា​គណបក្ស​ប្រឆាំង។ ទូរទស្សន៍ TVBS នេះ​បាន​ផ្សាយ​ថា អភិបាល​ក្រុង​ទាំង​ពីរ​នាក់​នេះ​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ៣០ ភាគរយ ក្នុង​ម្នាក់ៗ។

ប្រជាពលរដ្ឋ​តៃវ៉ាន់​ភាគ​ច្រើន​ចង់​ឲ្យ​អ្នកស្រី Tsai Ing Wen ចេញ​មុខ​ប្រឆាំង​នឹង​ចិន ប៉ុន្តែ​ក៏​ចង់​ឲ្យ​ចាត់​វិធានការ​តឹងតែង​ជាង​មុន​លើ​បញ្ហា​សេដ្ឋកិច្ច​របស់​តៃវ៉ាន់​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​នៅ​ក្នុង​ការ​សម្ភាសន៍​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។ បញ្ហា​មួយ​ចំនួន​ក្នុង​ចំណោម​បញ្ហា​នៅ​កោះ​តៃវ៉ាន់​ទាំង​អស់​មាន​ដូចជា បញ្ហា​ប្រាក់​បៀវត្សរ៍​ទាប បើ​ប្រៀប​ជាមួយ​នឹង​ប្រទេស​ផ្សេងៗ​នៅ​ទ្វីប​អាស៊ី និង​បញ្ហា​ទំនិញ​ឡើង​ថ្លៃ ជា​ពិសេស​តម្លៃ​អចលនទ្រព្យ។

លោក Shane Lee អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Chang Jung Christian University នៅ​កោះ​តៃវ៉ាន់ និយាយ​ថា៖

«អ្នកស្រី Tsai Ing Wen បាន​បង្ហាញ​រួច​មក​ហើយ​ថា អ្នកស្រី​ប្រឆាំង​នឹង​គំនិត «គ្រួសារ​មួយ ភាគី​ពីរ‍» ឬ​ក៏ «ប្រទេស​មួយ ប្រព័ន្ធ​ពីរ‍»។ នេះ​ជា​ចំណុច​ល្អ។ ករណី​នេះ​ប្រហែល​ជា​អាច​ឲ្យ​អ្នកស្រី​ទទួល​បាន​ការ​គាំទ្រ​កើន​ឡើង​មួយ​ចំនួន។ ប៉ុន្តែ មាន​គោល​នយោបាយ​ជា​ច្រើន​នៅ​តៃវ៉ាន់ ដែល​អ្នកស្រី​ត្រូវតែ​ផ្លាស់ប្ដូរ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG