កប៉ាល់ស៊ីវិលដ៏ធំបង្អស់មួយគ្រឿងរបស់ចិនកំពុងឆ្លងកាត់សមុទ្រចិនខាងត្បូង ដែលជាកន្លែងការតានតឹងមានកម្រិតខ្ពស់ពីព្រោះតែជម្លោះលើប្រជុំកោះ ដែលគេជឿជាក់ថាស្ថិតនៅលើអណ្តូងប្រេងនិងឧស្ម័នដ៏ច្រើនសន្ធឹកសន្ធាប់។
លោកហុងលី អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា កប៉ាល់ Haixun 31 បានចាកចេញពីកំពង់ផែរបស់ខ្លួនក្នុងខេត្តក្វាងទុង (Guangdong) ភាគខាងត្បូង។
លោកនិយាយថា កប៉ាល់នេះកំពុងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីទៅតាមអ្វីដែលលោកពិពណ៌នាថាជាដំណើរបំពេញទស្សនកិច្ចធម្មតា។
ការធ្វើដំណើរនេះកត់សម្គាល់ជាលើកទីមួយ ដែលអាជ្ញាធរចិនបានបញ្ជូនកប៉ាល់ដ៏ធំមួយទៅឈប់សំចតនៅប្រទេសក្រៅ ទោះជាប្រទេសផ្សេងៗទៀតធ្វើបេសកម្មជាប្រចាំបែបនេះជាមធ្យោបាយមួយដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើងក៏ដោយ។
ផ្លូវទៅកាន់ប្រទេសសិង្ហបុរីត្រូវគេរំពឹងថានឹងធ្វើឲ្យកប៉ាល់ Haixun 31 ទៅកាន់តំបន់នានានៅជិតនោះ ដែលនាវាយាមល្បាតចិនស្រដៀងគ្នានេះបានពាក់ព័ន្ធក្នុងឧបទ្ទវហេតុកាលពីពេលថ្មីៗនេះ ដែលបានបង្កើនការតានតឹងជាមួយប្រទេសហ្វ៊ីលីពីននិងប្រទេសវៀតណាម។
ជម្លោះដែនដីដ៏សំខាន់ក្នុងសមុទ្រចិនភាគខាងត្បូងទាក់ទិននឹងប្រជុំកោះ ស្ព្រាតលី (Spratlys) ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយហើយត្រូវគេជឿជាក់ថាស្ថិតនៅអណ្តូងប្រេងនិងឧស្ម័នដ៏ធំសម្បើម។
ប្រទេសប៊្រុយណេ ម៉ាឡេស៊ី ហ្វ៊ីលីពីន កោះតៃវ៉ាន់និងប្រទេសវៀតណាម ក៏បានធ្វើការទាមទារប្រជុំកោះទាំងនោះដែរ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចិនបានផ្តាស់ប្តូរពាក្យសម្តីដ៏ក្តៅគគុកអំពីជម្លោះដែនទឹកជាមួយប្រទេសហ្វ៊ីលីពីន និងវៀតណាម។ នៅដើមសប្តាហ៍នេះរដ្ឋាភិបាលទីក្រុងហាណូយបានធ្វើសមយុទ្ធកប៉ាល់ចម្បាំងដោយបាញ់កាំភ្លើងមែនទែន។ បណ្តាញផ្សាយព័ត៌មានចិនរាយការណ៍អំពីនាវាយាមល្បាតនោះដោយមិនបញ្ជាក់ឲ្យចំៗពីជម្លោះដែនដីទេ។ ក៏ប៉ុន្តែពួកគេបានសង្កត់ធ្ងន់ថា ការធ្វើដំណើរនោះមានគោលបំណងដើម្បីបង្ហាញនូវការតាំងចិត្តរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងដើម្បីការពារការទាមទារដែនដីរបស់ខ្លួន។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានជំរុញយ៉ាងខ្លាំងឲ្យមានដំណោះស្រាយពហុភាគីក្នុងជម្លោះប្រជុំកោះ Spratlys នេះ។
អ្នកនាំពាក្យចិនបង្ហាញថា ប្រទេសរបស់លោកនៅតែពេញចិត្តដោះស្រាយជាមួយប្រទេសទាមទារនិមួយៗដាច់ដោយឡែកពីគ្នា។
លោកនិយាយថា ចិនចង់ដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងតាមរយៈការចរចាដោយផ្ទាល់ហើយបានតាំងចិត្តថែរក្សាសន្តិភាពនិងស្ថេរភាពក្នុងសមុទ្រចិនខាងត្បូង។ លោកនិយាយទៀតថាជំហរនេះ តាមសម្តីរបស់លោក មិនផ្លាស់ប្តូរទេ។
ច្បាប់ក្នុងសភាសហរដ្ឋអាមេរិកថ្កោលទោសចិនចំពោះសកម្មភាពដ៏គគ្លើនរបស់ចិនក្នុងសមុទ្រចិនខាងត្បូង ហើយជំរុញឲ្យមានដំណោះស្រាយដោយសន្តិវិធីនិងពហុភាគី៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន