បន្ទាប់ពីការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា កាលពីថ្ងៃទី៣ ខែកញ្ញា និងស្របពេលមានការបិទប្រព័ន្ធផ្សព្វផ្សាយ និងអង្គការក្រៅរដ្ឋាភិបាល ប្រទេសចិនបានប្រកាសការគាំទ្រទៅលើចំណាត់ការរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងប៉េកាំងថា រដ្ឋាភិបាលចិន«គាំទ្រកិច្ចប្រឹងប្រែងរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសន្តិសុខជាតិ និងស្ថិរភាព»។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយជួបជាមួយប្រធានរដ្ឋសភា លោក ហេង សំរិន និងប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ហើយបានប្រកាសជាផ្លូវការ ក្នុងការគាំទ្រចំណាត់ការរបស់លោក ហ៊ុន សែន ចាប់ខ្លួនលោក កឹម សុខា។
លោក Wang Jiarui ត្រូវបានរាយការណ៍ថា ប្រទេសចិននឹងសហការ និងជួយដល់កម្ពុជា គ្រប់កាលៈទេសៈ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងប្រាប់VOAថា ដំណើរទស្សនកិច្ចរបស់មន្រ្តីចិន ជារឿងចៃដន្យមួយ ខណៈមានការចាប់ខ្លួនលោក កឹម សុខា។ លោកបន្តថា ប្រទេសចិនបានយល់ពីកម្ពុជា ហើយបានបង្ហាញទស្សនៈផ្ទុយគ្នានឹងប្រទេសលោកខាងលិច។
លោក ផៃ ស៊ីផាន បានថ្លែងប្រាប់VOAថា៖ «យើងអរគុណចិន ដោយសារចិនយល់ពីបំណងពីការអនុវត្តនីតិរដ្ឋរបស់កម្ពុជា។ ទៅតាមច្បាប់ហ្នឹងឯង។ អាហ្នឹងគឺយើងយល់ឃើញថា គេស្គាល់ខ្មែរច្បាស់ ខាងចិន ដែលខុសប្លែកពីខាងលិច។ គេប្រើប្រាស់កឹម សុខា ដើម្បីបម្រើឲ្យឥទ្ធិពលរបស់គេមកលើការដឹកនាំរបស់កម្ពុជា»។
ការចាប់ខ្លួន លោក កឹម សុខា បន្ថែមទៅលើការគាបសង្កត់លើប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ត្រូវបានមជ្ឈដ្ឋានអន្តរជាតិរិះគន់ រួមមានរដ្ឋាភិបាលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង់គ្លេស អាល្លឺម៉ង់ អូស្រ្តាលី និងអង្គការសហប្រជាជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានទៅបរទេសទាំងអស់ កុំឲ្យលូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការគាំទ្ររបស់ចិន មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ តែគ្រាន់ជាការយល់ឃើញនៃប្រទេសមហាអំណាចមួយទៀត។
លោក ផៃ ស៊ីផាន បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក មិនមានបញ្ហាអ្វីនោះទេ បើទោះជាមានការកើនកម្តៅនៃការព្រមានជាពាក្យសម្តីជាបន្តបន្ទាប់ ពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅលើសហរដ្ឋអាមេរិក។
លោកមានប្រសាសន៍ថា៖ «ដូច្នេះចង់ជម្រាបជូនឲ្យច្បាស់ សម្តេចគាត់មិនដែលមើលឃើញអាមេរិកកាំងជាសត្រូវទេ។ ក៏ប៉ុន្តែក្នុងន័យអធិបតេយ្យភាព ក្នុងន័យឯករាជ្យជាតិ ក្នុងន័យបំណងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា ដែលចង់បានសន្តិភាព យើងត្រូវនិយាយ។ យើងមិនមែនខ្ញុំអាមេរិកកាំងទេ ហើយយើងក៏អត់បានលុយអាមេរិកកាំងដូច Voice of America ដែរ»។
ក្រោយការចាប់ខ្លួនមេដឹកនាំគណបក្សជំទាស់ លោក ហ៊ុន សែន បានព្រមានចាប់ខ្លួនបរទេស ដែលលោកថា ស្ថិតនៅពីក្រោយលោក កឹម សុខា ដែលត្រូវបានតុលាការចោទថា បានឃុបឃិតជាមួយបរទេស ក្នុងអំពើក្បត់ជាតិ។
លោក ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង៣ទសវត្សរ៍ បានថ្លែងនៅក្នុងពេលជួបកម្មករក្នុងរាជធានីភ្នំពេញកាលពីដើមខែកញ្ញា ថា៖
«យើងសូមផ្ញើសារទៅកាន់ជនបរទេស ដែលបានប្រើប្រាស់មនុស្សនេះ ឲ្យបញ្ឈប់នូវសកម្មភាព ហើយយើងនឹងស្រាវជ្រាវតាមផ្លូវតុលាការ ដើម្បីឲ្យដឹងថា អ្នកណាខ្លះបានចូលរួមនៅក្នុងព្រឹត្តិការណ៍រយៈពេលកន្លងទៅ។ ជនបរទេសណាខ្លះដែលគេថា មកពីអាមេរិក និងមកពីកាណាដា។ តើអ្នកណាខ្លះ? រឿងនេះវាមិនតូចទេ»។
ការចាប់ខ្លួន លោក កឹម សុខា ត្រូវបានគណបក្សសង្រ្គោះជាតិថ្កោលទោស និងចាត់ទុកជារឿងនយោបាយ ហើយរំលោភលើរដ្ឋធម្មនុញ្ញ ខណៈលោក កឹម សុខា ជាតំណាងរាស្រ្ត មានអភ័យឯកសិទ្ធិ។ ការចាប់ខ្លួននេះ ត្រូវបានរដ្ឋាភិបាលសម្អាងទៅលើវីដេអូឃ្លីបមួយដែលលោក កឹម សុខា បានថ្លែងកាលពីឆ្នាំ២០១៤ ទៅកាន់អ្នកគាំទ្ររបស់លោក នៅក្នុងប្រទេសអូស្រ្តាលី។
ក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចំណងជើងរងជាភាសាអង់គ្លេសផងនោះ លោក កឹម សុខា ថ្លែងថា យុទ្ធសាស្រ្តរបស់លោកមានការគាំទ្រដោយសហរដ្ឋអាមេរិក។ យុទ្ធសាស្រ្តនោះ លោកថា គឺ«ដើម្បីផ្លាស់ប្តូរមេដឹកនាំផ្តាច់ការ»។
លោក កឹម សុខា បន្តថា អង្គការអាមេរិកបានហៅរូបលោកទៅសហរដ្ឋអាមេរិកដើម្បីសិក្សា និងបានផ្តល់យោបល់ឲ្យលោកឈប់ធ្វើនយោបាយមួយរយៈ និងបង្កើតអង្គការមួយកាលពីឆ្នាំ២០០២។
លោក កឹម សុខា បានថ្លែងនៅក្នុងវីដេអូនោះថា៖
«តើគេឲ្យបង្កើតដើម្បីអី? គេថា បើចង់ប្តូរមេដឹកនាំផ្តាច់ការ យើងមិនអាចទៅជល់ខាងលើទេ។ មុននឹងដូរខាងលើបាន ទាល់តែគាស់អាក្រោមសិន ទាល់តែដូរពីក្រោមសិន។ ជាយុទ្ធសាស្រ្តនយោបាយរបស់អ្នកប្រជាធិបតេយ្យគេធ្វើ»។
ប្រសិនបើតុលាការរកឃើញកំហុស លោក កឹម សុខា អាចប្រឈមនឹងការជាប់ពន្ធនាគារពីចន្លោះ១៥ឆ្នាំទៅ៣០ឆ្នាំ។
លោក ឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានខ្មែរសម្រាប់ការសិក្សាយុទ្ធសាស្រ្តមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងធ្លាក់ទៅក្នុងអន្ទាក់នៃនយោបាយរបស់ប្រទេសមហាអំណាច។
លោកបានថ្លែងប្រាប់VOAតាមរយៈអ៊ីម៉េល ឬសារអេឡិចត្រូនិក កាលពីថ្ងៃសុក្រថា៖ «ឥឡូវនេះវាច្បាស់ណាស់ទៅហើយថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច គឺនៅជាមួយចិន ហើយគណបក្សប្រឆាំង គឺនៅជាមួយអាមេរិក។ តើប្រទេសមហាអំណាចទាំងពីរនេះប្រកួតប្រជែងគ្នា នរណានឹងឈ្នះ នឹងគូសវាសអនាគតកម្ពុជា»។
លោកបញ្ជាក់បន្ថែមថា៖ «ប្រទេសកម្ពុជាជារដ្ឋតូចមួយដែលត្រូវតែប្រកាន់ខ្ជាប់នូវនយោបាយការបរទេសអព្យាក្រឹត ហើយនិងនយោបាយការបរទេសគ្មានសត្រូវ»។
លោក អ៊ា សុផល សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Occidental College នៃទីក្រុង Los Angeles សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃសុក្រថា ការប្រកាសគាំទ្ររបស់ចិន បង្ហាញថា កម្ពុជានិងចិន មានខ្នងបង្អែកគ្នាទៅវិញទៅមក ដែលលោកថា កម្ពុជាបានគាំទ្រចិនលើបញ្ហាសមុទ្រចិនខាងត្បូង កាលពីកន្លងទៅ។
លោកបានថ្លែងប្រាប់VOAតាមអ៊ីម៉េលថា៖ «វាច្បាស់ណាស់ទៅហើយថា ជាសញ្ញាមួយដែលបង្ហាញថាកម្ពុជាអាចពឹងផ្អែកលើប្រទេសចិន ហើយចិនអាចពឹងផ្អែកលើប្រទេសកម្ពុជា។ ពួកគេមានខ្នងរៀងៗខ្លួន»។
លោក មាស នី អ្នកវិភាគនយោបាយ និងការអភិវឌ្ឍសង្គម ប្រាប់VOAថា ការថ្លែងរបស់លោក ហ៊ុន សែន ប្រតិកម្មជាមួយអាមេរិក គឺដើម្បីឲ្យប្រទេសចិនឃើញពីការផ្តាច់ឆ្ងាយរបស់កម្ពុជាពីសហរដ្ឋអាមេរិក ដើម្បីទទួលជំនួយពីប្រទេសចិន ឬអាចជាការចង់បានការចរចាមួយជាមួយអាមេរិកទៅលើបញ្ហាជំពាក់បំណុលសង្រ្គាមកាលពីអតីតកាល។
ចិនជាប្រទេសដែលមានទំហំវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment) ធំជាងគេនៅកម្ពុជា។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានកើនដល់ទៅ៤,៨ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៦ ដែលមានការកើនឡើងប្រមាណ២០០លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៥។ រដ្ឋាភិបាលទីក្រុងប៉េកាំង រហូតមកដល់ពេលនេះ បានផ្តល់នូវជំនួយឥតសំណង និងកម្ចីដល់កម្ពុជា ប្រមាណ៤,២ពាន់លានដុល្លារអាមេរិក។ នេះបើតាមការថ្លែងរបស់លោក ហ៊ុន សែន កាលពីខែមេសា ឆ្នាំ២០១៧។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានការព្រួយបារម្ភថា កម្ពុជាធ្លាក់ទៅក្នុងអន្ទាក់របស់ប្រទេសមហាអំណាច ដោយលោកថា បញ្ហាសមុទ្រចិនខាងត្បូង និងកូរ៉េខាងជើង កម្ពុជាត្រូវបានចោទប្រកាន់ថា បានគាំទ្រចិនលើបញ្ហាទាំងនេះ។
លោកមានប្រសាសន៍ថា៖ «មានតែកម្ពុជាខ្លួនឯងទេ ដែលត្រូវសម្រេចចិត្តដោយវៃឆ្លាត ក្នុងការគាំទ្រនយោបាយអន្តរជាតិរបស់បរទេស»។
លោកបន្តថា ប្រទេសចិនជាទូទៅ មិនរិះគន់លើបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសដទៃនោះទេ ហើយចិនគិតអំពីផលប្រយោជន៍សេដ្ឋកិច្ចរបស់គេច្រើនជាង៕