សម្រាប់ប្រទេសចិន ការបង្កើតសម្ព័ន្ធសាកលវិទ្យាល័យបែបនេះ គឺដើម្បីចាប់យកតំណែងជាអ្នកដឹកនាំក្នុងទិដ្ឋភាពផ្សេងៗនៃជីវិតប្រចាំថ្ងៃក្នុងតំបន់អាស៊ី និងលើកតម្កើងជំហររបស់ខ្លួនលើឆាកអន្តរជាតិ។ ប្រទេសចិនក៏មានស្នាដៃជោគជ័យស្រដៀងគ្នានេះដែរលើផ្នែកប្រព័ន្ធធនាគារ ស្របពេលដែលប្រទេសនេះកំពុងដឹកនាំប្រទេសជាង៦០ ក្នុងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីក្នុងឆ្នាំ២០១៤។
រដ្ឋាភិបាលក្រុងប៉េកាំង ឥឡូវនេះ កំពុងស្វែងរកការគាំទ្រពីប្រទេសជាច្រើនថែមទៀតសម្រាប់កម្មវិធី«ខ្សែក្រវ៉ាត់និងវិថី» របស់ខ្លួន។
ស្ថាប័នថ្មីនេះ ដែលមានឈ្មោះថា សម្ព័ន្ធសាកលវិទ្យាល័យអាស៊ីហៅកាត់ថា (AUA) ត្រូវបានសម្ពោធដាក់ឲ្យដំណើរការក្នុងទីក្រុងប៉េកាំង នៅសាកលវិទ្យាល័យ Tsinghua ដ៏ល្បីល្បាញមួយ ដែលត្រូវបានគេបោះឆ្នោតជ្រើសតាំងជាប្រធាននៃក្រុមសាកលវិទ្យាល័យទាំង១៥មកពីបណ្តាប្រទេសចំនួន១២។
ពិធីសម្ពោធដាក់ឲ្យដំណើរការត្រូវបានធ្វើឡើង ក្រោមវត្តមានរបស់លោកស្រីឧបនាយករដ្ឋមន្រ្តី Liu Yandong ដែលជាអ្នកលើកឡើងពីសារៈសំខាន់របស់រដ្ឋាភិបាលចិនក្នុងសម្ព័ន្ធសាកលវិទ្យាល័យអាស៊ីនេះ។
គតិបណ្ឌិតអាស៊ី
លោកស្រី Liu Yandong បាននិយាយថា សម្ព័ន្ធសាកលវិទ្យាល័យអាស៊ីនេះ នឹងរូមចំណែក«ដល់អាស៊ីដើម្បីដោះស្រាយបញ្ហាក្នុងតំបន់និងសកលលោក»។ លោកស្រីបានបន្ថែមថា សម្ព័ន្ធសាកលវិទ្យាល័យនេះនឹងប្រមូលផ្តុំ «បញ្ញវន្តឆ្នើមៗដែលមានទស្សនវិស័យបែបអន្តរជាតិ និងដើម្បីបម្រើផលប្រយោជន៍សម្រាប់ការអភិវឌ្ឍក្នុងតំបន់»។
ក្នុងពេលផ្តោតសំខាន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមកជាមួយគ្រឹះស្ថានអប់រំក្នុងតំបន់អាស៊ី លោក Qiu Yong សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Tsinghua បាននិយាយថា៖ «សាកលវិទ្យាល័យក្នុងតំបន់អាស៊ីគួរតែធ្វើឲ្យកិត្តិសព្ទជាសកលនិងឥទ្ធិពលរបស់ខ្លួនប្រសើរជាងនេះ តាមរយៈកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរជាមួយដៃគូអន្តរជាតិ»។
ក្រៅពីសាកលវិទ្យាល័យ Tsinghua សាកលវិទ្យាល័យដែលជាដៃគូរបស់សម្ព័ន្ធសាកលវិទ្យាល័យនេះ រួមមានសាកលវិទ្យាល័យ Peking ក្នុងទីក្រុងប៉េកាំង សាកលវិទ្យាល័យតូក្យូ សាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាហុងកុង សាកលវិទ្យាល័យជាតិសិង្ហបុរី សាកលវិទ្យាល័យជាតិសេអ៊ូល វិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា សាកលវិទ្យាល័យ Yangon សាកលវិទ្យាល័យ Colombo និងសាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ។
លោកTan Eng Chye សាកលវិទ្យាធិការរងនិងជាមន្រ្តីជាន់ខ្ពស់កិច្ចការរដ្ឋបាលនៃសាកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយថា៖ «មានសម្ព័ន្ធ(សាកលវិទ្យាល័យអន្តរជាតិ)ច្រើនណាស់ ដែលមានលក្ខណៈជាការប្រមូលផ្តុំសាកលវិទ្យាល័យចម្រុះពីប្រទេសលោកខាងលិចនិងលោកខាងកើត។ ប៉ុន្តែពេលនេះគឺជាពេលស័ក្តិសមណាស់សម្រាប់សាកលវិទ្យាល័យក្នុងតំបន់អាស៊ី ក្នុងការមានសម្ព័ន្ធសាកលវិទ្យាល័យផ្ទាល់ខ្លួន»។
យ៉ាងហោចណាស់អ្នកចូលរួមពីររូបក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធសាកលវិទ្យាល័យអាស៊ី បានអះអាងថា សាកលវិទ្យាល័យ Tsinghua បានផ្តល់ហិរញ្ញប្បទានដល់ស្ថាប័នថ្មីមួយនេះក្នុងទឹកប្រាក់ចំនួន១លាន៥សែនដុល្លារអាមេរិក គឺច្រើនលើសលុបពីចំនួនទឹកប្រាក់ដែលសមាជិកបានបង់ថ្លៃសមាជិកភាពនាពេលបច្ចុប្បន្ននេះ ក្នុងតម្លៃត្រឹមតែ៥.០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
ការដាក់ចំណាត់ថ្នាក់
គោលបំណងចម្បងនៃសាកលវិទ្យាល័យជាច្រើនក្នុងតំបន់អាស៊ី គឺចង់ឲ្យសាកលវិទ្យាល័យរបស់ខ្លួនមានឈ្មោះក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ដែលភាគច្រើនមានតែគ្រឹះស្ថានអប់រំនៅប្រទេសលោកខាងលិចតែប៉ុណ្ណោះ។ ក្រៅពីការទាក់ទាញសាស្រ្តាចារ្យនិងនិស្សិតឆ្នើមជុំវិញពិភពលោក ចំណាត់ថ្នាក់ល្អ មានប្រយោជន៍សម្រាប់ទាក់ទាញមូលនិធិស្រាវជ្រាវពីផ្នែកឧស្សាហកម្មនិងស្ថាប័នអន្តរជាតិ។
លោក Tan Eng បាននិយាយថា៖ «ការដាក់ចំណាត់ថ្នាក់ ជានិច្ចកាលអាស្រ័យភាគច្រើនលើការស្រាវជ្រាវ ពីព្រោះប្រសិនបើយើងមើលតែលទ្ធផលចុងក្រោយនៃការសិក្សា វាពិបាកនឹងវាស់វែងណាស់។ ដូច្នេះប្រសិនបើយើងចំណាយថវិកាឲ្យច្រើនលើការស្រាវជ្រាវ នោះ(ចំណាត់ថ្នាក់)នៃសាកលវិទ្យាល័យយើង នឹងងើបឡើងយ៉ាងឆាប់រហ័សដែរ នេះបើតាមគំនិតរបស់ខ្ញុំ»។
លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនៃប្រទេសនានាគួរតែដើរតួចម្បងក្នុងការផ្តល់ហិរញ្ញប្បទានលើការស្រាវជ្រាវ។ សព្វថ្ងៃនេះ ហិរញ្ញប្បទានសម្រាប់ការស្រាវជ្រាវ មានត្រឹមតែ៥ភាគរយប៉ុណ្ណោះ ដូច្នេះផ្នែកឧស្សាហកម្មប្រហែលមិនមានឆន្ទៈក្នុងការផ្តល់បង្រ្គប់៩៥ភាគរយទៀតដែលនៅសល់នោះទេ។
វាគឺជាពេលដែលយើងត្រូវព្យាយាមប្រមូលផ្តុំអ្នកមានសមត្ថភាពក្នុងការស្រាវជ្រាវ និងបង្កើនការផ្លាស់ប្តូរនិស្សិត និងសាស្រ្តាចារ្យដែលលើកទឹកចិត្តឲ្យសាកលវិទ្យាល័យក្នុងតំបន់អាស៊ីផ្សេងទៀតចូលរួមក្នុងសម្ព័ន្ធសាកលវិទ្យាល័យនេះ។
លោក Prasanna M. Mujumdar នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌានៅទីក្រុង ប៊ុមបៃ បាននិយាយថា៖ «អ្វីដែលយើងចង់បាន គឺក្រុមស្រាវជ្រាវខ្លាំងៗ ធ្វើការជាមួយសាកលវិទ្យាល័យទាំងនេះ។ ប្រសិនបើយើងមានសមត្ថភាពអាចប្រមូលផ្តុំសាកលវិទ្យាល័យនានាចូលគ្នា ដើម្បីជាប្រយោជន៍នៃភាគីទាំងសងខាង អ្នកជំនាញទាំងអស់នៃភាគីទាំងសងខាងអាចចូលរួមចំណែក និងបន្ទាប់មកទៀតចូលដេញថ្ងៃ(រួមគ្នា) សម្រាប់សំណើគម្រោងស្រាវជ្រាវនានា»។
លោកបានបន្តថា៖ «សម្ព័ន្ធសាកលវិទ្យាល័យនេះ នឹងជួយពួកយើងឲ្យងាកមកផ្តោតឡើងវិញលើសាកវិទ្យាល័យក្នុងតំបន់អាស៊ីលើផ្នែកផ្សេងៗ ដូចជាការចលភាពនិស្សិត ការផ្លាស់ប្តូរសាស្រ្តាចារ្យ និងការស្រាវជ្រាវរួមគ្នាជាដើម”។
ការស្រាវជ្រាវបែបនេះនឹងផ្តល់ផលចំណេញដល់ប្រទេសចិន ស្របពេលដែលប្រទេសនេះកំពុងតែព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើធនធានពីប្រទេសលោកខាងលិចសម្រាប់បច្ចេកវិទ្យាទំនើបៗ និងកំពុងតែសំឡឹងមើលសាកលវិទ្យាល័យនានាក្នុងតំបន់អាស៊ី ដើម្បីបំពេញចំណុចខ្វះខាតនៃបច្ចេកវិទ្យារបស់ខ្លួន។
ដើម្បីអនុវត្តកម្មវិធីឆ្នាំ២០២៥របស់ទីក្រុងប៉េកាំង ទាមទារឲ្យមានកម្រិតបច្ចេកវិទ្យាទូលំទូលាយ ដែលត្រូវជំនួសបច្ចេកវិទ្យាឧស្សាហកម្មចាស់គំរឹលនិងហួសសម័យដោយបច្ចេកវិទ្យាថ្មីៗដែលអាចជួយសន្សំទាំងថាមពល និងបង្កឲ្យមានការបំពុលបរិស្ថានតិចជាងមុន៕
ប្រែសម្រួលដោយ កោះ សុគន្ធី