តំបន់ស៊ីនជាំង (Xinjiang) នៅភាគពាយព្យនៃប្រទេសចិន ជាកន្លែងរស់នៅដ៏សំខាន់របស់ជនជាតិអ៊ូហ្គួយ (Uighurs)កាន់សាសនាឥស្លាម ដែលខឹងសម្បារជាយូរមកហើយចំពោះការគ្រប់គ្រងរបស់ប្រទេសចិន។ កាលពីប៉ុនា្មនឆ្នាំចុងក្រោយនេះ មានហេតុការណ៍ដ៏ហិង្សាជាច្រើនរវាងប្រជាពលរដ្ឋមូលដ្ឋាននិងកងកម្លាំងសនិ្តសុខ ប៉ុន្តែថាតើអ្នកណាជាអ្នកខុស នៅតែជាចំណោទបញ្ហានៃជម្លោះនេះនៅឡើយ។
នៅចុងខែធ្នូ រដ្ឋាភិបាលចិន បានរាយការណ៍ពីការបាញ់ប្រហារមួយនៅស៊ីនជាំង ដែលមនុស្សបំា្របីនាក់ត្រូវបានសម្លាប់។
លោក ហុង ឡី (Hong Lei) អ្នកនាំពាក្យរបស់ក្រសួងការបរទេស រៀបរាប់ព្រឹតិ្តការណ៍នេះជាផ្លូវការ។
លោកថ្លែងថា ការបាញ់ប្រហារនោះ ជាប្រតិបត្តិការណ៍របស់ក្រុមប៉ូលីស ដែលសំដៅជួយសង្រ្គោះបុរសអ្នកគង្វាលសត្វចំនួន២នាក់។ អ្នកទាំងពីរ ត្រូវបានចាប់ជំរិតដោយកុ្រមភេរវករ ដែលមានគោលដៅទៅលើអ្វីដែលទីក្រុងប៉េកាំង ពណ៌នាថាជា«ក្រុមជីហាដបរទេស» ឬហៅជាភាសាអង់គ្លេសថា foreign jihad camps។
ទីភ្នាក់ងារសារព័ត៌មានស៊ីងហូររបស់រដ្ឋ បានឲ្យដឹងថា ការប្រឈមមុខដាក់គ្នានេះ ជាប់ពាក់ព័ន្ធជាមួយនឹង«ពួកភេរវករហិង្សា»ចំនួន១៥នាក់។ របាយការណ៍នេះ មិនបានបញ្ជាក់ឲ្យបានច្បាស់ថាតើភេរវករទាំងនោះ ជាជនជាតិអ៊ូហ្គួយ ដែលជាជនជាតិភាគតិចកាន់សាសនាឥស្លាម ដែលមានចំនួនប្រហែល៩០ភាគរយក្នុងចំណោមប្រជាពលរដ្ឋនៃតំបន់ហូតាន់ (Hotan) ជាកន្លែងដែលជម្លោះ បានផ្ទុះឡើង។
ក្រៅពីការស្លាប់មនុស្សប្រំាបីនាក់នេះ មនុស្សបួននាក់បានរងរបួសនៅក្នុងការបាញ់ប្រហារ ហើយនិងមនុស្សបួននាក់ទៀត ត្រូវបានឃុំខ្លួន។ សម្រាប់អាជ្ញាធរចិន ទោសកំហុសរបស់អ្នកជាប់ពាន់ព័ន្ធ គ្មានអ្វីគួរឲ្យសង្ស័យទេ។
លោកហុង ថ្លែងទៀតថា សកម្មភាពនេះ ពិតជាអំពើភេរវកម្ម។
នៅពេលដែលមានឧបទ្ទវហេតុស្រដៀងគ្នានេះ នៅក្នុងតំបន់ស៊ីងជាំងកាលពីអតីតកាល ក្រុមជនជាតិអ៊ូហ្គួយនៅឯបរទេស មានជំទាស់យ៉ាងដាច់អហង្ការទៅនឹងការបកស្រាយហេតុការណ៍របស់ប្រទេសចិន ហើយលើកនេះក៏មិនខុសពីលើកមុនដែរ។
លោក ឌីលហ្សាត់ រីកស៊ីត (Dilshat Rexit) អ្នកនាំពាក្យរបស់ សមាជជនជាតិអ៊ូហ្គួយពិភពលោក (World Uighur Congress) ដែលជាក្រុមអ្នកនិរទេសខ្លួនមានមូលដ្ឋាននៅទីក្រុមម្ញូនីក (Munich) ថ្លែងថា ជនជាតិអ៊ូហ្គួយចំនួន១៥នាក់ ដែលកំពុងប្រឈមនឹងការសង្ស័យ មិនសប្បាយចិត្តក្នុងរស់នៅក្រោមការគ្រប់គ្រងរបស់ចិន ហើយកំពុងព្យាយាមភៀសខ្លួនចេញពីប្រទេសនេះ។ លោក បានបដិសេធថា ក្រុមនេះមានទំនាក់ទំនងជាមួយអង្គការភេរវកម្ម។
លោក រីកស៊ីត ចោទប្រកាន់រដ្ឋាភិបាលចិន ពីបទភ្ជាប់ប្រជាពលរដ្ឋអ៊ូហ្គួយជាមួយក្រុមភេរវកម្មសកលលោក ដើម្បីធ្វើជាលេសមួយសម្រាប់អ្វី ដែលលោកពណ៌នាថាជា ការបង្រ្កាបបែបប្រព័ន្ធនៅតំបន់ស៊ីងជាំងតែប៉ុណ្ណោះ។
លោក រីកស៊ីត និយាយថា ជនជាតិអ៊ូហ្គួយជាច្រើន មានទុក្ខកង្វល់ដោយសារតែការជ្រៀតជ្រែកកាន់តែខ្លាំងឡើងរបស់ចិន ទៅលើសកម្មភាពសាសនានិងវប្បធម៌របស់ជនជាតិភាគតិច ហើយថា គោលនយោបាយបែបនេះ គឺជាមូលហេតុចំបងនៃភាពរំជើបរំជួលក្នុងតំបន់។
នៅដើមឆ្នាំនេះ បុរសជនជាតិអ៊ូហ្គួយចំនួន១៨នាក់ ដែលប្រឆាំងនឹងការហាមឃាត់ស្រ្តីឥស្លាមមិនពាក់ស្បៃបាំងមុខ បានវាយប្រហារទៅលើប៉ុស្តិប៉ូលីសហូតានដោយប្រើគ្រាប់បែកនិងកាំបិត ដែលបានសម្លាប់ប៉ូលីស២នាក់ និងត្រូវបានចាប់ជាចំណាប់ខ្មាំងទៀតផង។
លោក រ៉ាហ្វាឡូ ផានតូស៊ី ( Raffaello Pantucci) ជាសមាជិកម្នាក់មានមូលដ្ឋាននៅទីក្រុងសៀងហៃ (Shanghai) នៅឯមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាពីនិយមមូលវិវត្ត (International Center for the Study of Radicalization) នៃមហាវិទ្យាល័យ ទីក្រុងឡុងឃីង(London's Kings College)។
លោក មានប្រសាសន៍ថា ទោះបីជាមានការបកស្រាយផ្ទុយគ្នាអំពីហេតុការណ៍ថ្មីៗបំផុតនេះនៅតំបន់ហូតានក៏ដោយ ការពិតមួយមានភាពដូចគ្នា ទាក់ទងនឹងរឿងរ៉ាវទាំងពីរនេះ។
«វាហាក់ដូចជាច្បាស់ណាស់ថា រឿងរ៉ាវទាំងពីរនេះ មានភាពស្របគ្នាត្រង់ថា មានប្រជាពលរដ្ឋ ដែលកំពុងចាកចេញ។ ប្រជាពលរដ្ឋកំពុងព្យាយាមចាកចេញ សបញ្ជាក់ឲ្យឃើញថា មានភាពតានតឹងមួយចំនួន ដែលកំពុងកើតឡើងនៅក្នុងតំបន់ជាមិនខាន។»
លោក ផានតូស៊ី ទទួលស្គាល់ថា មានក្រុមអ៊ូហ្គួយជ្រុលនិយមតូចៗ ដែលត្រូវបានរាយការណ៍ថាបានបង្ហោះខ្សែវិដីអូគំរាមកំហែងទៅក្នុងបណ្តាញអ៊ីនធឺណិត ប៉ុនែ្ត លោក បាននិយាយថា លោក មិនឃើញមានទំនោររបស់ជនជាតិអ៊ូហ្គួយជារួម ចំពោះក្រុមភេរវកម្មនោះទេ។ ទន្ទឹមនឹងនេះ បើទោះជា លោក បានព្រមានថា ប្រសិនបើគោលនយោបាយរបស់រដ្ឋាភិបាលចិន មានភាពឃោឃៅពេក ពួកគេអាចជំរុញជនជាតិអ៊ូហ្គួយកាន់តែច្រើន ឲ្យប្រកាន់យកភាពជ្រុលនិយម។
«តាមប្រតិកម្មតបទៅនឹងការបង្ហាញពីការគោរពសាសនា ឬជំនឿយ៉ាងមុតមាំ ថាជាការស្តែងឲ្យឃើញពីភាពជ្រុលនិយមដែលអាចនាំទៅរកអំពើហឹង្សា អ្នកកំពុងជំរុញយ៉ាងខ្លាំងក្លាឲ្យបុគ្គលម្នាក់ៗ ដែលប្រហែលជាកំពុងយល់ឃើញថាសាសនាជាប្រភពនៃសេចក្តីស្ងប់ ឲ្យទៅជាទិសដៅមួយប្រកបដោយគ្រោះថា្នក់និងហិង្សាកាន់តែខ្លាំងទៅវិញទេ។»
ការដុតបញ្ឆេះភាពតានតឹងខាងជនជាតិនៅតំបន់អ៊ុយរុំជី(Urumqi) ក្នុងទីក្រុងរបស់ស៊ីនជាំង បានផ្ទុះឡើង កាលពីខែកក្កដា ឆ្នាំ២០០៩។ ជនជាតិអ៊ូហ្គួយ បានធ្វើបាតុកម្មប្រឆាំងនឹងការសម្លាប់ដោយសារបុព្វហេតុជនជាតិ នៅឯរោងចក្រមួយកន្លែង ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន។ ការតវ៉ានេះ បានក្លាយទៅជាហិង្សា ដោយជនជាតិអ៊ូហ្គួយ វាយប្រហារសំដៅទៅលើអ្នកស្រុកជនជាតិហាន (Han) ដែលជាជនជាតិភាគច្រើនរបស់ចិន។ មនុស្សប្រហែល២០០នាក់ ដែលភាគច្រើនជាជនជាតិហាន ត្រូវបានសម្លាប់។
ប្រែសម្រួលដោយ៖ សៀក អេង