ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិនបិទបញ្ចប់សមាជសភាប្រចាំឆ្នាំ ខណៈលោក Xi ពង្រឹងអំណចកាន់តែខ្លាំង


មន្ត្រីរដ្ឋាភិបាលនិងការទូតចិន​ចូលរួម​សមាជសភា​ប្រចាំឆ្នាំ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
មន្ត្រីរដ្ឋាភិបាលនិងការទូតចិន​ចូលរួម​សមាជសភា​ប្រចាំឆ្នាំ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

ប្រទេស​ចិន​បាន​បិទ​បញ្ចប់​សមាជ​សភា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដែល​មាន​រយៈពេល​មួយ​សប្ដាហ៍ ក្នុង​រដ្ឋធានីប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​ ១១​ ខែ​មីនា​កន្លង​ទៅ​នេះ​ ដោយ​បាន​អនុម័ត​លើវិសោធនកម្ម​មួយ​ចំនួន​ដែល​នឹង​ជួយ​ពង្រឹងអំណាច​កាន់​តែខ្លាំង​ឡើង​ថែម​ទៀត​ ​សម្រាប់​ប្រធានាធិបតី​ចិន​ លោក Xi Jinping ក៏​ដូច​ជា​ការសន្យាអនុម័ត​ច្បាប់​ថ្មី​ៗ​មួយ​ចំនួនទៀត​ ក្នុង​គោលបំណង​ការពារ​អធិបតេយ្យភាព​ និង​ផល​ប្រយោជន៍​សន្តិសុខចិន។

សភា​ប្រថាប់ត្រា​របស់​ប្រទេស​ចិន​ កាលពី​ថ្ងៃ​ទី ១១​ ខែ​មីនា​កន្លង​ទៅ បាន​អនុម័ត​កែ​សម្រួល​ច្បាប់ស្ដីពី​ក្រុមប្រឹក្សា​រដ្ឋ ដោយ​បាន​បញ្ចូល​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ចែង​ថា​ ក្រុមប្រឹក្សា​នេះ​នឹង​នៅតែ​រក្សា​បាន​នូវ​ឋានៈ​ជា​អ្នកដឹកនាំ​សម្រាប់​គណបក្ស​កុម្មុយនីស្ត​ចិន​ដែល​កាន់​អំណាច និង​រក្សា​ការពារ​ឋានៈ​ដឹកនាំបែប​មជ្ឈការ​អំណាច​ប្រមូល​ផ្តុំ​ ​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត ​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ចិន​លោក​ Xi ។

លោក​ Zhao Leji ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សម័យ​ប្រជុំ​សភា​រយៈ​ពេល​មួយ​សប្ដាហ៍​ដូច្នេះ​ថា៖ «ក្រោម​ការដឹកនាំ​ដ៏​ខ្លាំងក្លា​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន ដែល​មាន​សមមិត្ត​ Xi Jinping ជា​ថ្នាក់​ដឹកនាំ​ដ៏​សំខាន់​នោះ​ យើង​ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​ទ្រឹស្តី​របស់​លោក​ ស្ដីអំពី​សង្គមនិយម​ដែល​មាន​លក្ខណៈ​ចិន ​សម្រាប់​សករាជ​ថ្មី ដោយ​ចាត់​ទុក​គំនិត​នេះ​ ជា​គោលការណ៍​ណែនាំ​ ហើយ​យើង​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ឥត​ងាករេ​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ទំនើបកម្ម​តាម​របៀបប្រទេស​ចិន»។

ការ​ធ្វើ​វិសោធនកម្ម​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ឡើង ​បន្ទាប់ពី​គណបក្ស​កុម្មុយនីស្ត​ចិន​បាន​ប្រកាស​អំពី​ការ​លុបចោល​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​ជា​បន្ទាន់​ របស់​នាយក​រដ្ឋមន្ត្រី​ចិន​លោក​ Li Qiang ​នៅ​ពេល​បិទ​បញ្ចប់​កិច្ចប្រជុំ​សភា​មួយ​សប្ដាហ៍​នេះ។

អ្នក​វិភាគ​មួយ​ចំនួន​ប្រាប់​វីអូអេ​ថា​ ការធ្វើ​វិសោធនកម្ម​ចុងក្រោយ​ក៏​ដូចជា​ការសម្រេចចិត្ត​លុបចោល​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​ធ្លាប់​ជា​ផ្នែក​មួយនៃ​សមាជ​សភា​ប្រចាំ​ឆ្នាំអស់​រយៈ​ពេលជាង​៣ទសវត្សរ៍​មក​ហើយ​នោះ គឺ​ជាកិច្ចប្រឹងប្រែង​មួយ​របស់​ថ្នាក់​ដឹកនាំ​ចិន ​ក្នុង​ការ​កំណត់​ឡើង​វិញអំពី​តួនាទី​របស់​ក្រុមប្រឹក្សា​រដ្ឋ​។

លោក Liu Dongshu អ្នក​ជំនាញ​ផ្នែក​នយោបាយ​ចិន​នៅ​សាកល​វិទ្យាល័យ​ក្រុង​ហុងកុង​ បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖ «ខណៈ​លោក​ Xi កំពុង​ពង្រឹង​អំណាច​របស់​លោក​ អំណាច​របស់​ក្រុមប្រឹក្សា​រដ្ឋ​ត្រូវ​បាន​ទម្លាក់​ឲ្យ​មក​នៅ​ត្រឹម​តួនាទី​មួយ​ ដែល​ផ្ដោត​ទៅលើ​តែ​ការ​អនុវត្ត​គោល​នយោបាយ​ប៉ុណ្ណោះ»។

លោក​បន្ត​ថា​ ការវិវត្តន៍​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុមប្រឹក្សារដ្ឋ​មាន​ឥទ្ធិពល​កាន់តែ​តិច​ទៅ​ ​នៅ​ក្នុង​ដំណើរ​ការ​សម្រេចចិត្ត​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​ ហើយ​ការ​វិវត្តន៍នេះ​គឺជា​ការ«បោះ​ជំហាន​ដ៏ធំ​មួយ​របស់​លោក Xi» ក្នុងការ​ពង្រឹង​អំណាចក្នុង​ដៃ​របស់​លោក។

លោក​ Liu ថ្លែង​ដូច្នេះទៀត​ថា៖ «កាលពី​មុន​ នាយករដ្ឋមន្ត្រី​ចិន​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ឥស្សរជន​នយោបាយ​ដ៏សំខាន់​ម្នាក់​នៅ​ក្នុងប្រទេស​ចិន​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ឋានៈ​នេះ​លែង​ដូចមុន​ទៀត​ហើយ»។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Xi Jinping ចូលរួម​សមាជ​សភាប្រចាំឆ្នាំ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Xi Jinping ចូលរួម​សមាជ​សភាប្រចាំឆ្នាំ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

ដោយសារតែ​អំណាច​សម្រេច​ចិត្ត​ភាគច្រើន​បំផុត​នៅ​ពេល​នេះ​ ស្ថិត​ក្នុង​ដៃ​របស់លោក​ Xi នៅ​ក្រោមរចនា​សម្ព័ន្ធ​នយោបាយ​កែសម្រួល​ថ្មី​នោះ​ អ្នកជំនាញ​មួយ​ចំនូន​និយាយ​ថា ការ​ធ្វើ​បែប​នេះ​អាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​ចិន។

លោក​ Ian Chong​ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី ​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖ «ការ​សម្រេច​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​អាច​នឹង​មាន​ដំណើរការ​យឺតយ៉ាវ​ជាង​មុន​ពីព្រោះ​គ្រប់យ៉ាង​ត្រូវ​តែ​ឆ្លងកាត់​លោក​ Xi ប៉ុន្តែ​ខ្ញុំគិត​ថា​ ការអនុវត្ត​គោល​នយោបាយ​នានា​អាច​នឹង​លឿន​ជាង​មុន នៅ​ពេល​ដែល​បទបញ្ជា​ណា​មួយ​បាន​ធ្លាក់​ទៅ​ដល់​ដៃ​អ្នក​ដែលត្រូវ​អនុវត្ត​នៅ​ក្នុង​ក្រុម​ប្រឹក្សា​រដ្ឋ។ អ្នក​អនុវត្ត​បទ​បញ្ជា​នោះ​មិន​ចាំបាច់​គិត​អ្វីវែងឆ្ងាយ​ទៀត​ទេ ក្រៅតែ​ពី​រក​វិធី​ក្នុង​ការ​អនុវត្ត​បទ​បញ្ជា​នោះ»។

ខណៈដែល​ប្រទេស​ចិន​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​ដែល​មិន​ទាន់​ដោះស្រាយ​ចេញ​ លោក Liu នៃ​សាកល​វិទ្យាល័យ​ក្រុងហុងកុងថ្លែង​ថា​ កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​ពង្រឹង​អំណាច​សម្រាប់​លោក ​Xi អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​នៃ​គោលនយោបាយ​នានា​ និង​ប៉ះពាល់​លើ​កិច្ច​ប្រឹងប្រែង ​ដើម្បី​លើកកម្ពស់​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​នៅ​ក្នុង​សេដ្ឋកិច្ចចិន។

លោក​ Liu ថ្លែង​ប្រាប់​វីអូ​ដូច​នេះ​ថា៖ «ខ្ញុំ​មិន​អាច​គិត​ស្មាន​ពី​របៀប​ពិភាក្សាគ្នា​យ៉ាង​រស់​រវើក​លើ​សេចក្តី​សម្រេច​ចិត្ត​ណាមួយ​នៅ​ក្នុង​គណបក្ស​កុម្មុយនីស្ត​ចិន​នោះ​ទេ នៅ​ពេល​ដែល​លោក​ Xi កំពុង​មាន​អំណាច​គ្រប់​ដណ្ដប់​បែប​នេះ។ លោក​បន្ថែម​ទៀត​ថា​ ការ​វិវត្តន៍បែប​នេះ​អាច​កាត់​បន្ថយ​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​នៅ​ក្នុង​ប្រទេស​ចិន។ មនុស្សម្នា​មាន​អារម្មណ៍​ថា ចិន​បាន​ក្លាយ​ទៅជា​ប្រទេស​ដែល​គ្មាន​តម្លាភាព​កាន់​តែ​ខ្លាំង​ឡើង​»។

ការ​រឹត​បន្តឹង​​លើ​សន្តិសុខ​ជាតិ

បន្ថែម​លើ​ការ​ពង្រឹង​អំណាច​របស់​លោក​ Xi តាមរយៈ​ការ​កែ​សម្រួល​តួនាទី​របស់​ក្រុមប្រឹក្សា​រដ្ឋ​នោះ សភា​ប្រថាប់ត្រា​របស់​ប្រទេស​ចិន ​ក៏​បាន​សន្យា​អនុម័ត​ទៅ​លើ​ច្បាប់​មួយ​ចំនួន​ទៀត ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សន្តិសុខ​នៅ​ក្នុង​ឆ្នាំ​ ២០២៤ ​នេះ​ ដែល​និន្នាការ​បែប​នេះ​កើត​មាន​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

អ្នក​ច្បាប់​កំពូល​របស់​ចិន​ លោក Zhao Leji បាន​ថ្លែង​កាល​ពីថ្ងៃ​ទី​ ៨ ​ខែ​មីនាថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​អនុម័ត​ច្បាប់​ស្ដីពី​«ការគ្រប់គ្រង​ស្ថានភាព​គ្រាមានអាសន្ន​ និង​ច្បាប់​ស្ដីពី​ថាមពល»​ ស្របពេល​ដែល​សភា​ក៏​នឹង​កែសម្រួល​«ច្បាប់​ស្ដីពី​ការអប់រំ​ផ្នែក​ការពារ​ជាតិ​ និង​ច្បាប់​ស្ដីពី​សន្តិសុខ​អ៊ីនធឺណិត» ផងដែរ។

ការប្រកាស​អំពី​ការប្ដេជ្ញាចិត្ត​ក្នុង​សប្ដាហ៍​នេះ​ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អនុម័ត​លើ​ការ​កែប្រែ​ច្បាប់​ស្ដីពី​ការការពារ​កិច្ចការ​សម្ងាត់​របស់​រដ្ឋ​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​ ដែល​ពង្រីកលើ​វិសាលភាព​នៃព័ត៌មាន​ដែល​ត្រូវ​ចាត់ទុក​ថា ​ជា​«ការងារ​សម្ងាត់» នោះ។ កាលពី​ឆ្នាំមុន​ ប្រទេស​ចិន​ក៏បាន​ធ្វើការ​កែប្រែ​ទៅ​លើ​ច្បាប់ប្រឆាំង​នឹង​ចារកម្ម ដែល​ច្បាប់​នេះ​ផ្ដល់អំណាច​ឲ្យ​អាជ្ញាធរ​ចិន​កាន់​តែច្រើន​ឡើង​ក្នុងការ​ដាក់​ទោសទណ្ឌទៅ​លើ​អ្វី​ ដែល​ពួកគេ​យល់​ថា ជា​ការគំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ។​

លោក​ Chong ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ បាន​ថ្លែង​ថា​ ផែនការ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​រឹតបន្តឹង​កាន់​តែ​ខ្លាំង​ឡើងលើ​បញ្ហា​សន្តិសុខ​ជាតិ​ អាច​នឹង​ផលជះ​អវិជ្ជមាន​លើសេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​និង​វិបត្តិ​ប្រជាសាស្ត្រ​ដ៏អាប់អួ​របស់​ខ្លួន។​

លោក​ Chong ថ្លែង​ប្រាប់​វីអូអេ​ដូចនេះ​ថា៖ «​យើង​ត្រូវចាំ​ក្នុងចិត្ត​ថា​ ការ​យក​បញ្ហា​សន្តិសុខ​មក​ធ្វើជា​អំណះ​អំណាង​ជា​ធំ​ ​មិន​មែន​គ្មាន​ផលប៉ះពាល់​នោះ​ទេ»។​

លោក​បន្ត​ទៀត​ថា៖ «វា​ច្បាស់​ណាស់​ថា នឹង​មាន​អ្នក​ដែល​រងផល​ប៉ះពាល់​ពីបញ្ហា​នេះ​ ហើយ​បច្ចុប្បន្ន​នេះ​ ការ​យក​បញ្ហា​សន្តិសុខ​មក​អះអាងជា​ធំ​ កំពុង​តែ​ដាក់​កំហិត​ទៅលើ​សេដ្ឋកិច្ច​និង​នវានុវត្តន៍​របស់​ចិន​ ព្រមទាំង​បំបាក់​ទឹកចិត្ត​ដល់​វិនិយោគិន​ផង​ដែរ»។

លោក​បន្ថែម​ទៀត​ថា ការផ្ដោត​ដ៏សំខាន់​របស់​រដ្ឋាភិបាល​ចិន​ទៅ​លើ​បញ្ហា​សន្តិសុខ​ជាតិ​នេះ​ អាច​នឹង​រារាំង​ពលរដ្ឋ​ចិន​មិន​ឲ្យ​រៀបការ​ឬ​មាន​កូន។​

លោក​ Chong​ បន្ថែម​ដូច្នេះ​ទៀត​ថា​ ខណៈ​ដែល​បញ្ហាប្រឈម​ជាច្រើន​ដែល​ចិន​កំពុង​ជួបប្រទះ​ ទំនង​ជា​នឹង​បន្ត​កើតមាន​នាពេល​ខាង​មុខ​ វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ឃ្លាំមើល​ ថាតើ​ភាពតានតឹង​រវាង​សេដ្ឋកិច្ច​ចិន​ និង​ការ​សង្កត់ធ្ងន់​ទៅ​លើ​បញ្ហា​សន្តិសុខ​ នឹង​វិវត្តន៍​ទៅ​ជាយ៉ាងណា៕

​ប្រែ​សម្រួល​ដោយ​លោក នៀម​ ឆេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG