កាលពីសប្តាហ៍មុន លោកចាន់ សុវ៉េត សកម្មជនការពារសិទ្ធិមនុស្សល្បីល្បាញមួយរូបនៅប្រទេសកម្ពុជា បានស្លាប់ដោយសារបញ្ហាសុខភាព។ ក្រុមគ្រួសារនិងមិត្តភក្តិរបស់លោកបានរំឭកពីការលះបង់របស់លោកនៅក្នុងការងារនិងសម្រាប់ជនរងគ្រោះនៅក្នុងសង្គម។
«គាត់ទទួលមរណភាពទៅសល់កិត្តិយសទុកឲ្យខ្ញុំ និងសេចក្តីល្អរបស់គាត់»
នេះជាប្រសាសន៍របស់ អ្នកស្រី ប៊ី សុភាព ភរិយារបស់លោកលោក ចាន់ សុវ៉េត។
ក្នុងសម្លៀកបំពាក់ស្លៀកសពាក់ស កាន់មរណទុក្ខ អ្នកស្រីប៊ី សុភាព ភរិយារបស់លោកចាន់ សុវ៉េតបានរំឭកពីកេរ្តិ៍ដំណែលនៃប្តីរបស់ខ្លួនក្នុងសកម្មភាពជាអ្នកការពារសិទ្ធិមនុស្សដ៏ល្បីល្បាញ។
ជិត២០ឆ្នាំ ក្នុងអាជីពជាអ្នកតាមដាន អង្កេតប្រឆាំងនឹងការរំលោភសិទ្ធិប្រជាពលរដ្ឋ សិទ្ធិបញ្ចេញមតិ និងការពារជនរងគ្រោះដោយសារដីធ្លីនិងស៊ើបអង្កេតលើការបំផ្លាញធនធានធម្មជាតិ លោកចាន់ សូវ៉េត ត្រូវមិត្តភក្តិនិងភរិយារបស់លោកលាតត្រដាងថា លោកមិនមានសល់ទ្រព្យធនអ្វីសម្រាប់ជាស្ពានដល់គ្រួសារ និងកូនៗរបស់លោកទាំងបីនាក់នោះទេ។
«អត់មានទ្រព្យអីទេ មានតែផ្តល់ចំណេះវិជ្ជាឲ្យកូន។ នេះជាទ្រព្យសម្បត្តិមួយ។ តែជាទ្រព្យសម្បតិ្តលុយកាក់អីគឺគ្មានទេ»។
លោកចាន់ សូវ៉េតមានកូនចំនួនបីនាក់គឺប្រុសពីរនិងស្រីមួយ។ កូនប្រុសច្បងអាយុ១៦ឆ្នាំ។ លោកចាន់ សូវ៉េតបានទទួលមរណភាពនៅអាយុ៥១ឆ្នាំកាលពីថ្ងៃទី១០ខែធ្នូ គឺចំថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិតែម្តង។ មកដល់ថ្ងៃច័ន្ទនេះត្រូវជាថ្ងៃបុណ្យខួបគម្រប់ប្រាំពីរថ្ងៃ។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បញ្ជាក់ថា លោកចាន់ សូវ៉េតអាចផ្គត់ផ្គង់គ្រួសារសម្រាប់តែការរស់ប្រចាំថ្ងៃតែប៉ុណ្ណោះ។
«ជាសកម្មជនសិទ្ធិមនុស្សគ្មានអ្វីនៅជាប់ខ្លួនទេ។ សូម្បីតែលុយសម្រាប់ធ្វើបុណ្យក៏គ្មានផង។ សូម្បីតែលុយសម្រាប់ដឹកសពមកវត្តក៏គ្មានផង។ ថ្ងៃទី១ដែលសហការីទៅដល់ផ្ទះគាត់គឺគាត់អត់មានលុយមួយរៀលក្នុងដៃទេសម្រាប់ដឹកសព(មកវត្ត)។
មាននាទីជាអនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោកចាន់ សូវ៉េតបានរួមចំណែកស៊ើបអង្កេត និងស្រាវជ្រាវករណីដែលពាក់ព័ន្ធនឹងការរំលោភដីធ្លី ការបំពារបំពានលើសិទ្ធិពីក្រុមអ្នកមានអំណាច អ្នកមានប្រាក់ និងការបំពានពីក្រុមអាជ្ញាធរ រួមទាំងឃាតកម្មផ្សេងៗទាក់ទងនឹងសំណុំរឿងនយោបាយផងដែរ។ ចាប់តាំងពីចូលធ្វើការនៅសមាគមអាដហុកនៅឆ្នាំ១៩៩៥ លោកសូវ៉េតបានរួមវិភាគទានក្នុងការស៊ើបអង្កេតនិងការការពារសិទ្ធិមនុស្សច្រើនជាងមួយម៉ឺនករណី។ ករណីខ្លះលោកត្រូវចុះទៅអង្កេតផ្ទាល់ខ្លួនឯងតែម្តងជាមួយសហការីប្រចាំខេត្ត។
លោកប៉ែន ប៊ុណ្ណា មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុកដែលធ្លាប់ធ្វើជាអ្នកសម្របសម្រួលប្រចាំខេត្តរតនគីរី បានរំឭកពីភាពក្លាហានរបស់សហការីរបស់លោក។
«គ្រប់រឿងទាំងអស់គាត់បានចុះទៅដល់មូលដ្ឋាន។ ទូទាំង២៤ខេត្តក្រុងគាត់បានចុះដល់ទាំងអស់ដើម្បីធ្វើការតាមដាន ឃ្លាំមើលនិងធ្វើអន្តរាគមន៍។ នេះជាស្នាដៃមួយដែលសមាគមអាដហុកភាគច្រើនមិនអាចអត់គាត់បាន»។
ដោយសារភាពអង់អាចនេះ លោកចាន់ សូវ៉េតបានទទួលការគំរាមដោយមិនចំឈ្មោះពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាពេលថ្មីៗកន្លងទៅ។ ការប្រឈមបែបនេះតែងតែកើតមានសម្រាប់មន្ត្រីការពារសិទ្ធិមនុស្ស។ ដំណាលគ្នានេះលោកមានជីវភាពមិនថ្កុំថ្កើងដូចក្រុមមន្ត្រីក្នុងជួររដ្ឋាភិបាលដែលមានប្រាក់ខែទាបជាងលោក ប៉ុន្តែមានជីវភាពហ៊ឺហារលើសពីជីវិតជាសកម្មជនសិទ្ធិមនុស្សដូចរូបលោក។
ក្រៅពីកេរ្តិ៍ដំណែលជាកិត្តិយសសម្រាប់គ្រួសារ ចិត្តសប្បុរសរបស់លោកចាន់ សូវ៉េត គឺជាអ្វីដែលបន្សល់ទុកជាគំរូដល់សហការី និងជនរងគ្រោះពីការរំលោភសិទ្ធិដទៃទៀតដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយលោក។
លោកប៉ែន ប៊ុណ្ណាបានរៀបរាប់បន្ថែមថា៖
«ខ្ញុំឃើញផ្ទាល់។ មានរឿងរាប់រយករណីទៀត ដែលខ្ញុំមិនដែលបានឃើញ។ ប៉ុន្តែពេលដែលខ្ញុំនៅជាមួយគាត់ផ្ទាល់រយៈពេលពីរឆ្នាំនៅភ្នំពេញនេះ នៅពេលដែលប្រជាពលរដ្ឋសហគមន៍ឡើងមកភ្នំពេញតែងតែខ្វះខាតសោហ៊ុយធ្វើដំណើរជាបន្ទាន់នោះ ខ្ញុំឃើញលោកចាន់ សូវ៉េតចេញថវិកាផ្ទាល់ខ្លួនជូនដល់ប្រជាពលរដ្ឋរងគ្រោះ»។
ភរិយារបស់លោកចាន់ សូវ៉េតឧទានពីទឹកចិត្តនេះដូចគ្នា។
«ចិត្តល្អ។ ស្រឡាញ់អាណិតអាសូរសាច់ញ្ញាតិ ព្រមទាំងប្រជារាស្ដ្រទូទាំងប្រទេសដែលជួបការលំបាក។ (គាត់)ខំអស់ទាំងកម្លាំងកាយទាំងកម្លាំងចិត្ត ទោះលំបាកយ៉ាងណាក៏តស៊ូធ្វើដែរ។ ទោះថ្ងៃសម្រាកក៏គាត់ឆ្លៀតទៅធ្វើដែរ។ គាត់មិនសូវមានពេលទំនេរនៅផ្ទះទេ»។
សម្រាប់លោកនី ចរិយា លោកចាន់ សូវ៉េតបានបន្សល់ទុកនូវវិភាគទាននិងស្នាដៃជាច្រើនសម្រាប់សមាគមមួយនេះ។
«លោកសូវ៉េតជាជំហរមួយធំណាស់កាលពីគាត់នៅមានជីវិតក្នុងការដឹកនាំស៊ើបអង្កេតនៅតាមមូលដ្ឋាន។ នៅពេលដែលមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលបុគ្គលិកស៊ើបអង្កេតយើងមានការលំបាកក្នុងការដឹកនាំការស៊ើបអង្កេត គឺមានតែលោកសូវ៉េតទេជាជំហរក្នុងការដឹកនាំការស៊ើបអង្កេតនៅតាមខេត្តក្តី និងតាមរាជធានីភ្នំពេញក្តី។ រាល់ករណីធំៗដែលកើតឡើងមិនរួចពីដៃគាត់ទេ។ គាត់តែងតែជាអ្នកដឹកនាំស៊ើបអង្កេតទាំងអស់»។
ការប្រឹងប្រែងទាំងនេះមិនបានបង្កជាមាសប្រាក់ហូរហៀរសម្រាប់គ្រួសាររបស់លោកសូវ៉េតទេ។ លោកសូវ៉េតមិនមានផ្ទះដែលជាកម្មសិទ្ធិដាច់មុខនោះទេ ពោលគឺលោកសង់ផ្ទះបន្តលើដំបូលផ្ទះល្វែងរបស់ម្តាយមីងសាច់ថ្លៃ។ ប្រពន្ធរបស់លោកប្រកបរបររកស៊ីកាត់ដេរសម្លៀកបំពាក់ជាមួយម្តាយមីងនោះដើម្បីទទួលយកប្រាក់ខែ។ លោកបន្សល់ទុកម៉ូតូម៉ាកហុនដា វ៉េវ ចំនួនពីរគ្រឿងសម្រាប់គ្រួសារ។
«ក្តីស្រមើស្រមៃរបស់គាត់ថា បើគាត់មានលុយគាត់នឹងទិញផ្ទះនិងបើក Star Mart ឲ្យខ្ញុំមួយ»។
ថ្វីបើក្តីស្រមៃរបស់លោកចាន់ សូវ៉េតមិនទាន់បានសម្រេចដូចបំណង ប៉ុន្តែលោកបន្សល់ទុកកេរ្តិ៍ដំណែលយ៉ាងជាក់ស្តែងសម្រាប់ប្រជាជាតិក្នុងស្រទាប់ដែលងាយរងគ្រោះ។ សកម្មជនដីធ្លីនិងអ្នកទោសមួយចំនួនដែលកំពុងស្ថិតនៅក្នុងគុកក៏បានរៃអង្គាសប្រាក់ចូលបុណ្យសពរបស់លោកនិងធ្វើលិខិតចូលរួមរំលែកទុក្ខផងដែរ។ នេះបើតាមលោកនី ចរិយា។
«ប្រជាជនគ្រាន់តែដឹងឮតាមប្រព័ន្ធអេឡិកត្រូនិក តាមប្រព័ន្ធហ្វេសប៊ុក តាមវិទ្យុវីអូអេ អាស៊ីសេរីជាដើម ពួកគាត់សស្រាក់សស្រាំនាំគ្នាមកចូលរួមចាប់មគ្គផលដើម្បីជាការតបស្នងសងគុណលើវីរភាពរបស់គាត់ កាលគាត់នៅរស់។ នេះជាអំពើល្អមួយដែលបង្ហាញដល់សង្គមថា មនុស្សយើងមិនមែនថ្លៃថ្នូរដោយសារលុយទេ គឺថ្លៃថ្នូរដោយសារការងារស្អាតស្អំ ដោយសារការងារជួយសង្គមនេះឯង។ ស្នាដៃរបស់គាត់ស្ថិតនៅជាប់ក្រអៅបេះដូងរបស់ប្រជាជនដែលរងគ្រោះ និងទទួលបានការជួយអន្តរាគមន៍ពីគាត់ក្នុងរឿងរំលោភសិទ្ធិមនុស្ស។ តម្លៃមនុស្សនៅត្រង់ហ្នឹងគឺត្រង់ថា ធ្វើអំពើល្អ ពេលដែលស្លាប់ទៅកុំឲ្យគេបំភ្លេច កុំឲ្យស្លាប់ដោយសារគេបន់។នៅរស់ផង គេបន់ឲ្យស្លាប់ នេះមិនមែនជាមនុស្សទេ»។
ក្តីស្រមៃមួយទៀតនោះគឺសកម្មជនសិទ្ធិល្បីល្បាញរូបនេះក៏ចង់ឃើញកូនខ្លួនក្លាយជាវេជ្ជបណ្ឌិតមួយរូបដែរ។ ប៉ុន្តែកូនប្រុសច្បងរបស់លោកបានចូលរៀននៅមហាវិទ្យាល័យផ្នែកទំនាក់ទំនងអន្តរជាតិនៅឆ្នាំនេះ គឺប៉ុន្មានខែប៉ុណ្ណោះមុនរូបលោកបាត់បង់ជីវិត។ នៅមុនពេលនោះ លោកចង់ឲ្យកូនប្រុសច្បងនេះធ្វើការក្រៅម៉ោងជាមួយកាសែតភ្នំពេញប៉ុស្តិ៍ដើម្បីបកប្រែភាសាអង់គ្លេសក្រៅម៉ោងសម្រាប់រកលុយចិញ្ចឹមខ្លួន។ នេះបើតាមការបញ្ជាក់ពីភរិយាលោកចាន់ សូវ៉េត អ្នកស្រីប៊ី សុភាព៕