ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​អចលនទ្រព្យ​ Century 21​ របស់​អាមេរិក​បើក​សាខា​​នៅ​កម្ពុជា


លោក​​​ស្រី​​​ ជូលី​​​ ចាំង​​​ (Julie Chung)​​​ អនុប្រធាន​​​បេសកកម្ម​​​របស់​ស្ថានទូត​​​សហរដ្ឋ​អាមេរិក​នៅ​ពិធី​ក្នុង​សម្ពោធ​​​ជា​​​ផ្លូវ​​​ការ​​នូវ​សាខា​​​ក្រុម​​​ហ៊ុន​​​អចលនទ្រព្យ​​​របស់​​​ខ្លួន​​​​​​គឺ​​ ​​​Century ​​​21​​​ Cambodia ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៤។ (រូប​ផ្តល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក)
លោក​​​ស្រី​​​ ជូលី​​​ ចាំង​​​ (Julie Chung)​​​ អនុប្រធាន​​​បេសកកម្ម​​​របស់​ស្ថានទូត​​​សហរដ្ឋ​អាមេរិក​នៅ​ពិធី​ក្នុង​សម្ពោធ​​​ជា​​​ផ្លូវ​​​ការ​​នូវ​សាខា​​​ក្រុម​​​ហ៊ុន​​​អចលនទ្រព្យ​​​របស់​​​ខ្លួន​​​​​​គឺ​​ ​​​Century ​​​21​​​ Cambodia ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៤។ (រូប​ផ្តល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក)

ក្រុម​ហ៊ុន​ទីផ្សារ​អចលនទ្រព្យដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក​ Century 21 ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​សម្ពោធ​ជា​ផ្លូវ​ការនូវសាខា​ក្រុម​ហ៊ុន​អចលនទ្រព្យ​របស់​ខ្លួនគឺ​ ​Century ​21​ Cambodia ​ដោយ​រំពឹង​ថា​ នឹង​ទាញ​យក​ទី​ផ្សារ​យ៉ាង​សំខាន់​ក្នុង​ប្រទេស​កម្ពុជា។​

ក្រុមហ៊ុន​ Century 21​គឺជា​ក្រុម​ហ៊ុន​អចលនទ្រព្យ​ធំជាង​គេ​លំដាប់​ទី​៣​របស់​សហរដ្ឋ​អាមេរិក។ ​ក្រុម​ហ៊ុន​នេះ​មាន​សាខា​នៅ​ក្នុង​ប្រទេស​ចំនួន​៧៦។​

ថ្លែង​នៅ​ក្នុងពិធី​សម្ពោធន៍​ដាក់​ដំណើរ​ការ​ក្រុមហ៊ុន​ Century ​21​ Cambodia​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ លោក​កុយ​ វ៉ាត​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់ក្រុម​ហ៊ុន​និយាយថា​ វិស័យ​អចលន​ទ្រព្យនៅ​កម្ពុជា​គឺជា​ទី​ផ្សារ​មាន​សក្តា​នុពល​មួយ។​

លោក​កត់​សម្គាល់​ឃើញ​ថា ​វិស័យ​នេះមាន​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​ក្នុ​ងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​

«ក្រុម​ហ៊ុន​របស់​យើង​នឹង​បង្កើត​យុទ្ធសាស្រ្ត​ និង​កម្រិត​ជំនាញ​វិជ្ជាជីវៈក្នុង​ទីផ្សារ​ទិញ​លក់​អចលន​ទ្រព្យ»។​

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ដែន​ដី​នគរូបនីយកម្ម​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៥​ខែ​ដើម​ឆ្នាំ​២០១៥​នេះ​ ក្រសួង​បាន​សម្រេច​អនុម័ត​គម្រោង​សាងសង់​សរុប​៧២៨​គម្រោង​ដែល​គិត​ជាទឹក​ប្រាក់​វិញ​មានប្រមាណ១.៥៣៧​លាន​ដុល្លារ​អាមេរិក​ កើន​ឡើង​២១០%​ ធៀប​នឹង​រយៈពេល​ដូចគ្នាឆ្នាំ​២០១៣។​

លោក​ស្រី​ ជូលី​ ចាំង​ (Julie Chung)​ អនុប្រធាន​បេសកកម្ម​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ដែល​បាន​ចូល​ក្នុង​ពិធី​សម្ពោធ​ មាន​ប្រសាសន៍​ថា​ ការ​មកដល់​របស់​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​របស់​សហ​រដ្ឋ​អាមេរិកមួយ​នេះ អាចនឹង​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ជា​មួយដៃ​គូ​ក្នុងស្រុកដើម្បីអាច​ពង្រឹងបន្ថែម​វិជ្ជាជីវៈ​ផ្នែក​ការ​រកស៊ី​ជួញ​ដូរ​ផ្នែក​អចលន​ទ្រព្យ។​

«ទាំង​អស់​គ្នា ប្រជា​ពលរដ្ឋកម្ពុជា​ និង​ក្រុម​ហ៊ុន ​Century ​21អាចជំរុញ​ឲ្យ​មាន​មាន​ស្តង់ដារ​ និង​វិជ្ជាជីវៈសម្រាប់​បុគ្គល​ដែល​ធ្វើការ​លើ​ផ្នែក​ទីផ្សារ​អចលន​ទ្រព្យ​ ដើម្បី​បង្តើត​ឲ្យ​មាន​ឱកាសផ្សេងៗ​ និង​ការ​អភវិឌ្ឍ​នៅ​កម្ពុជា»។​

លោក​ ចាន់​ សុផល​ អ្នក​វិភាគ​សេដ្ឋ​កិច្ច​មួយ​រូប​ ថ្លែង​ថា​ វត្តមាន​នៃ​ក្រុមហ៊ុន​អចលន​ទ្រព្យរបស់​សហ​រដ្ឋ​អាមេរិក​មួយ​នេះ នឹង​ជួយ​បង្កើត​ទំនុក​ចិត្ត​បន្ថែម​ទៀត​ដល់ក្រុម​អ្នកធ្វើ​ជំនួញ​លើ​ផ្នែក​អចលន​ទ្រព្យ​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុកមក​រក​ស៊ី​នៅ​កម្ពុជា​បន្ថែម​ទៀត។​

«កាល​ណា​ប្រទេស​កម្ពុជា​យើង​ទទួល​បាន​វត្តមាន​ក្រុម​ហ៊ុន​ធំៗដែល​ល្បី​ឈ្មោះ​ក្នុង​ពិភព​លោក​ គឺ​វា​នឹង​ជួយ​បង្កើន​មុខមាត់​ប្រទេស​យើង​ ពីព្រោះ​ថា ​ក្រុម​ហ៊ុន​ធំៗ​ទាំង​អស់​នោះ​ ​មុនចូល​ទៅ​ប្រទេស​ណា​មួយ​ គេ​តែង​វិភាគ​ល្អិត​ល្អន់​ វែងឆ្ងាយ​នៅ​ក្នុង​ប្រទេស​យើង»។​

រហូត​មក​ទល់​ពេល​នេះ​ ក្រុមហ៊ុន ​Century ​21បាន​លក់សិទ្ធិ​អាជីវកម្ម​ទៅ​ភ្នាក់ងារ​អចលន​ទ្រព្យ​ផ្សេង​ទៀតចំនួន៧១០០​កន្លែងនៅ​ក្នុង​ប្រទេស​ទាំង​៧៦។​

លោក​ខេវិន​ ហ្គូស​ (Kavin ​Koos) ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Century ​21​ Cambodia​ ថ្លែង​ថា​ ក្រុម​ហ៊ុន​របស់​លោក​មិនត្រឹម​តែផ្ដោត​សំខាន់​លើការ​រកស៊ី​នោះ​ទេ ប៉ុន្តែ​ក្រុម​ហ៊ុន​នេះ​ក៏​នឹង​ផ្តោត​លើ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ផ្នែកទីផ្សារ​អចលន​ទ្រព្យដល់ដល់​បុគ្គលិក​ក្រុមហ៊ុន​ណា​ដែល​ទិញ​សិទ្ធិ​អាជីវកម្ម​ពី​ខ្លួន​ផង​ដែរ៕

XS
SM
MD
LG