ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិព័រណ៌​សិក្សា​នឹង​ជួយ​ណែនាំ​និស្សិត​ពី​អាជីព​ការងារ


លោក​ស្រី ខារ៉ូល រ៉ុដលី (Carol Rodley) ឯកអគ្គរដ្ឋទូ​សហរដ្ឋ​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​​ទៅ​កាន់​អតីត​​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​នានា​របស់​សហរដ្ឋអាមេរិក​ នៅ​ក្នុង​ការ​ប្រជុំ​មួយ​ឯ​​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ង
លោក​ស្រី ខារ៉ូល រ៉ុដលី (Carol Rodley) ឯកអគ្គរដ្ឋទូ​សហរដ្ឋ​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​​ទៅ​កាន់​អតីត​​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​នានា​របស់​សហរដ្ឋអាមេរិក​ នៅ​ក្នុង​ការ​ប្រជុំ​មួយ​ឯ​​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ង

អតីត​និស្សិត​អាហារ​រូបករណ៍​ហ្វូលប្រាយ​ថ៍ (Fulbright) ​ចំនួន​១៣០​នាក់​គ្រោងនឹង​តាំង​ពិព័រណ៌​សិក្សា​ដ៏មាន​សារៈ​សំខាន់​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ​ដើម្បី​ជួយ​ណែនាំ​ដល់​សិស្ស​ដែល​ទើប​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ឱ្យ​ជ្រើសរើស​មុខ​ជំនាញ​និង​អាជីព​ការងារ​ត្រឹមត្រូវ​សម្រាប់​អនាគត។

សមាគម​អតីត​និស្សិត​អាហាររូបករណ៍​សហការ​ជាមួយ​នឹង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដើម្បី​តាំង​ពិព័រណ៌​សិក្សា​ស្តីពី​ការ​ជ្រើសរើស​ជំនាញ ​និង​អាជីព​ការងារ​ឆ្នាំ២០១១​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នា​ថ្ងៃទី​២៦​ ខែ​មិថុនា ដោយ​មាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

លោក​ធាម រតនៈ​ ប្រធាន​សមាគម​និស្សិត​អាហារ​រូបករណ៍​ហ្វូលប្រាយថ៍បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា​ ពិព័រណ៌​សិក្សា​នេះ​នឹង​ផ្តល់​ឱ្យ​សិស្ស​ដែល​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំ២០១១​ នូវ​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ជម្រើស​ក្នុង​ការ​ជ្រើសរើស​មុខ​ជំនាញ​សម្រា​ប់ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​ពន្យល់​អំពី​ទីផ្សារ​ការងារ​ និង​ប្រភេទ​ការងារ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ពួកគេ​នាពេល​អនាគត។

លោក​ ធាម រតនៈ​ បាន​បញ្ជាក់​ថា​ អតីត​និស្សិត​អាហាររូបករណ៍​ធ្វើការ​ណែនាំ​សិស្ស​ឱ្យ​ធ្វើការ​សម្រេចចិត្ត​ ជ្រើសរើស​យក​មុខជំនាញ​ឱ្យ​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត ​និង​តម្រូវការ​របស់​និយោជក។

«ខ្ញុំ​ជឿថា​វាល្អ​ ពីព្រោះ​ថា​អ្នកជំនាន់​មុខ​ដែល​ទទួល​ការជោគជ័យ​ ធ្លាប់​ទៅរៀន​ស្រុកក្រៅ​មក​វិញ​ យើង​ទទួល​បាន​ការងារ​ល្អ ​ហើយ​អាច​ណែនាំ​ទៅប្អូនៗ​ជំនាន់​ក្រោយ។ ប្រធានបទ​សំខាន់​គឺ​ការជ្រើសរើស​ ជំនាញ​ឱ្យបាន​ត្រឹមត្រូវ ​និង​ការខំរៀន​ដើម្បី​ត្រៀម​អាហារ​រូបករណ៍។ គាត់​អាច​យល់ដឹង​ពី​ការរើស​ជំនាញ​ ហើយ​គាត់​អាច​សួរនាំ​ពី​បទ​ពិសោធន៍​ការងារ»។

ចាប់ពី​ឆ្នាំ​១៩៩៤​ដល់​បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​មាន​អតីត​និស្សិត​អាហារ​រូបករណ៍​ហ្វូលប្រាយ​ថ៍​របស់​សហរដ្ឋ​អាមេរិក​ ចំនួន​១៣០​នាក់​ដែល​កំពុង​បម្រើការ​នៅ​តាម​ស្ថាប័ន​សាធារណៈ​ និង​ឯកជន ​មាន​ជំនាញ​ផ្នែក​អប់រំ​ការ​គ្រប់គ្រង​ជំនួញ ​កសិកម្ម ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ច្បាប់។

លោក​ ធាម រតនៈ ​បាន​បញ្ជាក់​ថា បញ្ហា​របស់​និស្សិត​កម្ពុជា​ក្នុង​ការ​ជ្រើសរើស​ជំនាញ​ និង​អាជីព​ការងារ ​ហើយ​ពិព័រណ៌​សិក្សា​ស្តីពី​ជំនាញ​ និង​អាជីព​ការងារ​ឆ្នាំ​២០១១​ ដែល​ក្នុង​ពិព័រណ៌​នេះ ​សាកល​វិទ្យាល័យ​រដ្ឋ​និង​ឯកជន​នានា​នឹង​បង្ហាញ​ពី​អត្ថប្រយោជន៍​ដែល​សាកលវិទ្យាល័យ​របស់​ពួកគេ​អាច​ផ្តល់​ជូន​សិស្ស​ដែល​ទើប​នឹង​រៀន​ចប់​វិទ្យាល័យ។

ប្រទេស​កម្ពុជា​កំពុងតែ​ជួប​ប្រទះ​នូវ​កង្វះខាត​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​ធនធាន​មនុស្ស។ ដោយ​សង្កេត​ឃើញ​ថា​សិស្ស​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាល័យ​ មាន​ការ​យល់ដឹង​តិចតួចអំពី​ការ​ជ្រើសរើស​មុខ​ជំនាញ​សម្រាប់​សិក្សា​នៅ​ថ្នាក់​មហា​វិទ្យាល័យ​ ដើម្បី​ឱ្យ​ត្រូវនឹង​គោលបំណង​សម្រាប់​អាជីព​អនាគត។

លោក​ រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ថ្លែងថា​ ការចង្អុល​បង្ហាញ​អំពី​អនាគត​ទីផ្សារ​ការងារ​សម្រាប់​សិស្ស​ដែល​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ស្ទើរតែ​គ្មានសោះ​ក្នុង​ការ​ជ្រើសរើស​យក​មុខជំនាញ​នេះ៖

«យើង​មាន​ការព្រួយបារម្ភ​ ចំពោះ​យុវជន​រៀន​បញ្ចប់​ថ្នាក់​ទី១២​និង​និស្សិត​រៀន​បញ្ចប់​នៅ​តាម​មហា​វិទ្យាល័យ​ ដែល​ចេញ​មកវិញ​ គ្មាន​ការងារ​ធ្វើ​ភាគច្រើន។ នេះ​ជាចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ដែល​មិនបាន​បង្កើត​ការងារ​ទុកឱ្យ​យុវជន​ក្រោយ​ពី​បញ្ចប់​ការសិក្សា»។

លោក​ រ៉ុង ឈុន​ បា​នបន្ត​ថា ​សិស្ស​ដែល​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ មិនមាន​បទពិសោធន៍​ឬ ​យល់ដឹង​ស៊ីជម្រៅ​ក្នុង​ការ​ជ្រើសរើស​មុខ​ជំនាញ ​មិនបាន​ស្វែងយល់​ស៊ីជម្រៅ​ទៅលើ​មុខជំនាញ​ និង​ទីផ្សារ​ការងារ​ទេ។

«បើមាន​ការតាំង​ពិព័រណ៌​តម្រង់​ទិស​ដល់​យុវជន ​យើង​គិត​ថា​ វា​ជា​ការណ៍​ល្អ​ប្រសើរ​មួយ​ ដើម្បី​ឱ្យ​គាត់​រៀន​ចំ​គោលដៅ​ទីផ្សារ​ការងារ​តែម្តង​ងាយ​ស្រួល ​នៅពេល​គាត់​បញ្ចប់​ពីមហា​វិទ្យាល័យ​ទៅ​ គាត់អាច​ស្វែងរក​ការងារ​បាន​ធ្វើ»។

លោកស្រី​ ខារ៉ូល រ៉ុដលី (Carol Rodley)​ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ និង​លោក​ អ៊ឹម សិទ្ធី ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡាគាំទ្រ​ ​នឹង​ចូលរួម​ក្នុង​កម្មវិធី​តាំង​ពិព័រណ៌​សិក្សា​នេះ៕

XS
SM
MD
LG