ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of Congo) និយាយថា ពួកគេមិនអាចរកឃើញប្រាក់ជាង៧០លានដុល្លារ ដែលក្រុមហ៊ុនរុករករ៉ែ អះអាងថាបានបង់ឱ្យរដ្ឋាភិបាលទេ។
លោកសាស្រ្តាចារ្យ ជឺរេមី ឌុមបា (Jeremy Dumba) ជាអ្នកសម្របសម្រួលនៅប្រទេស កុងហ្គោ នៃអង្គការឃ្លាំមើលការប្រឆាំងអំពើពុករលួយសកលលោក ដែលមានឈ្មោះថាអង្គការ គំនិតផ្តួចផ្តើមដើម្បីតម្លាភាពឧស្សាហកម្មរ៉ែ (Extractive Industries Transparency Initiative) ឬហៅកាត់ជាភាសាអង់គ្លេសថា EITI។ ក្រុមរបស់លោកបានប្រមូលតួលេខទាក់ទងនឹងអ្វីដែលក្រុមហ៊ុនរុករករ៉ែបញ្ជាក់ថា ពួកគេបានបង់ប្រាក់ទៅឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ្វីដែលរដ្ឋាភិបាលនិយាយថា ខ្លួនបានទទួលពីក្រុមហ៊ុនទាំងនោះដែរ។ កាលពីថ្ងៃព្រហស្បតិ៍ លោកបានប្រកាសថា លោកមិនអាចធ្វើឲ្យតួលេខទាំងពីរនេះ ត្រូវគ្នាបានទេ។
លោកសាស្រ្តាចារ្យ ឌុមបា មានប្រសាសន៍ថា មានគម្លាតគ្នាយ៉ាងច្រើនទាក់ទងនឹងតួលេខនោះ ហើយលោកនិងក្រុមរបស់លោក មិនទាន់អាចសម្របសម្រួលការបង់ប្រាក់ ដែលបានប្រកាសដោយក្រុមហ៊ុន ជាមួយនឹងបង្កាន់ដៃទទួលប្រាក់របស់រដ្ឋនៅឡើយទេ។ លោកបានថ្លែងថា វាមានការលំបាកខ្លាំងណាស់ក្នុងការទទួលបានតួលេខពីសេវាកម្មប្រាក់ចំណូលរបស់រដ្ឋ ដែលត្រូវគ្នាជាមួយនឹងអ្វីដែលក្រុមហ៊ុនបានប្រកាសឲ្យដឹង។
លោកសាស្រ្តាចារ្យ ឌុមបា បានបញ្ចូលតួលេខទាំងនេះ ដើម្បីធ្វើជាផ្នែកមួយនៃរបាយការណ៍ដែលបានហួសពេលកំណត់ជាយូរមកហើយ ស្តីពីប្រទេសកុងហ្គោរបស់អង្គការ EITI។ លោកបាននិយាយថា តួលេខចុងក្រោយបង្អស់ដែលប្រមូលបានសម្រាប់ឆ្នាំ២០០៨និងឆ្នាំ២០០៩ បង្ហាញថា ក្រុមហ៊ុនរុករករ៉ែបញ្ជាក់ថា ពួកគេបានបង់ពន្ធលើប្រាក់ចំណូលខ្ពស់ជាងអ្វីដែលរដ្ឋាភិបាលនិយាយថា ខ្លួនទទួលបានពីក្រុមហ៊ុនទាំងនេះទៅទៀត។ នៅក្នុងឆ្នាំ២០០៨ ពួកគេបានប្រកាសបង់ប្រាក់ចំនួន១២១លានដុល្លា ខណៈពេលដែលរដ្ឋាភិបាលបាននិយាយថា ខ្លួនទទួលបានប្រាក់ចំនួន៦៩លានដុល្លាប៉ុណ្ណោះ។ នៅក្នុងឆ្នាំ២០០៩ គម្លាតកាន់តែតូចជាងមុន។ ក្រុមហ៊ុននិយាយថា ខ្លួនបានបង់ប្រាក់ចំនួន៩៩លានដុល្លា ហើយរដ្ឋាភិបាលនិយាយថា ខ្លួនទទួលបានប្រាក់ចំនួន៧៣លានដុល្លារទេ។
អង្គការ EITI ត្រូវបានដាក់ឱ្យដំណើរការដោយរដ្ឋាភិបាលអង់គ្លេស នៅក្នុងឆ្នាំ២០០២ ហើយទទួលការគាំទ្រពីសហរដ្ឋអាមេរិកនិងបណ្តាបស្ចិមប្រទសផ្សេងៗទៀត។ អង្គការនេះ ប្រមូលផ្តុំរដ្ឋាភិបាល ក្រុមហ៊ុន និងសង្គមស៊ីវិល ដើម្បីព្យាយាមធានាឱ្យប្រាកដថា ប្រាក់ពន្ធបានមកពីការរុករករ៉ែ ប្រេង និងឧស្ម័ន ត្រូវមានកំណត់ហេតុត្រឹមត្រូវ ហើយបានចូលទៅក្នុងរតនាគារជាតិ។ ការផ្តួចផ្តើមនេះមានគោលដៅធ្វើឲ្យអភិបាលកិច្ចប្រសើរឡើងនៅតាមបណ្តាប្រទេស ដែលពឹងផ្អែកទៅលើឧស្សាហកម្មទាំងនោះ ដូច្នេះប្រាក់ចំណូលនឹងត្រូវបានប្រើប្រាស់ដើម្បីកាត់បន្ថយភាពក្រីក្រ។
ចំនួនប្រាក់ពន្ធដែលក្រុមហ៊ុនទាំងឡាយនិយាយថា ពួកគេបានបង់ គួរតែស្មើនឹងអ្វីដែលរដ្ឋាភិបាលនិយាយថាពួកគេបានទទួល។ សម្រាប់ប្រទេសភាគច្រើនផ្សេងទៀត ដែលបានដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការ EITI ចំនួនទឹកប្រាក់ស្ទើរតែស្មើគ្នា។ ប៉ុន្តែ តួលេខសម្រាប់ប្រទេស តាន់ហ្សានី (Tanzania) និងប្រទេស ម៉ាលី (Mali) ក៏បានបង្ហាញពីគម្លាតទឹកប្រាក់ចំនួនរាប់សិបលានដុល្លា រវាងការបង់ប្រាក់និងការទទួលប្រាក់។
ប្រទេស កុងហ្គោ (Congo) បានដាក់ពាក្យសុំចូលជាសមាជិកភាពរបស់គម្រោងនេះ ហើយលោកប្រធានាធិបតី ចូស្សេពហ៍ កាបីឡា (Joseph Kabila) មានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោក ប្តេជ្ញាចិត្តចំពោះគម្រោងនេះទៀតផង។ ប៉ុន្តែ មុនពេលក្លាយជាសមាជិកពេញសិទ្ធិ របាយការណ៍របស់ប្រទេសនេះស្តីពីការបង់ប្រាក់របស់ក្រុមហ៊ុននិងបង្កាន់ដៃទទួលប្រាក់ពន្ធ ត្រូវតែទទួលការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់អង្គការ EITI ជាមុនសិន។
លោកសាស្រ្តាចារ្យ ឌុមបា បាននិយាយថា តួលេខសម្រាប់ឧស្សាហកម្មប្រេងរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើង ប៉ុន្តែ ទិន្នន័យដែលអាចប្រមូលបានពីវិស័យរ៉ែនេះ មិនអាចជឿទុកចិត្តបានទេ។
លោក ជៀន ខ្លោដកាតង់ដេ (Jean-Claude Katende) អ្នកជំនាញផ្នែកប្រឆាំងអំពើពុករលួយជាតិកុងហ្គោ មួយរូបទៀត បានថ្លែងថា វាជាការពិបាកសម្រាប់កុងហ្គោ ក្នុងការផ្តល់តួលេខត្រឹមត្រូវ ដោយសារឧស្សាហកម្មរុករករ៉ែរបស់ប្រទេសនេះ មានភាពស្មុគស្មាញជាងឧស្សាហកម្មនៅតាមប្រទេសផ្សេងទៀត។
«អ្នកធ្លាប់ឃើញប្រទេសជាច្រើន ដែលមានសហគ្រាសរុករករ៉ែចំនួនបី ឬបួន ឬដប់ ប៉ុន្តែនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោវិញ អ្នក មានសហគ្រាសរុករករ៉ែជាង២០០។ ហើយ បន្ថែមពីលើសហគ្រាសទាំងនេះ អ្នកគួរបន្ថែមឧស្សាហកម្មប្រេងនិង ក្រុមហ៊ុនកុមទ័រទៀតផង»។
ក្រុមហ៊ុនកុមទ័រ (comptoirs) គឺជាក្រុមហ៊ុននាំចេញធនធានរ៉ែដែលមានអជ្ញាប័ណ្ណ។
លោក កាតង់ឌី បាននិយាយថា បញ្ហាមួយទៀតនោះគឺថា ប្រទេស កុងហ្គោ មិនមានប្រព័ន្ធទិន្នន័យធនាគារប្រមូលផ្តុំមួយសម្រាប់វិស័យរ៉ែរបស់ខ្លួនទេ។ ប៉ុន្តែ លោកបានបញ្ជាក់ថា រដ្ឋាភិបាលកំពុងសហការជាមួយក្រុមប្រទេសម្ចាស់ជំនួយ ស្តីពីផែនការមួយដើម្បីបញ្ចូលទិន្នន័យរ៉ែទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដែលបន្ទាប់មកនឹងត្រូវបានគ្រប់គ្រងជារួម។
គម្លាតគ្នារវាងអ្វីដែលក្រុមហ៊ុនរុករករ៉ែបង់ប្រាក់ និងអ្វីដែលរដ្ឋាភិបាលកុងហ្គោគួរទទួលបាន ប្រហែលជាមានចំនួនច្រើនជាងរាប់សិបលានដុល្លា ដែលមិនត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍របស់លោក ឌុមបា ទេ។
ក្រុមហ៊ុនរុករករ៉ែ ប្រហែលជាលាក់ប្រាក់ចំណូលមួយចំនួនរបស់ខ្លួន។ ដូច្នេះ ពួកគេ អាចបង់ពន្ធតិចជាងចំនួនដែលពួកគេត្រូវបង់។ លោក ឌុមបា មានប្រសាសន៍ថា លោកបានដឹងពីរឿងរ៉ាវទាំងអស់នេះ ដែលប្រហែលកំពុងកើតមានឡើង។
លោក បានឲ្យដឹងថា ឧទាហរណ៍ មានរឿងរ៉ាវរបស់ក្រុមហ៊ុនមួយ ដែលបាននាំចេញធនធានរ៉ែចំនួន៤សែនតោន។ ពួកគេគួរតែបង់ពន្ធពីរភាគរយទៅលើការនាំចេញនោះ ប៉ុន្តែ ការប្រកាសពន្ធ មានចំនួនតិចជាងខ្លាំងណាស់ ដែលសបញ្ជាក់ឲ្យឃើញថា ពួកគេមិនបានប្រកាសប្រាក់ចំណូលទាំងអស់របស់ពួកគេឡើយ។
មានការអះអាងផងដែរថា កាលពីពីរបីឆ្នាំមុន រដ្ឋាភិបាលបានលក់តំបន់សម្បទានរ៉ែយ៉ាងធំ ក្នុងតម្លៃថោកជាងតម្លៃទីផ្សាខ្លាំងណាស់។ លោក អីរិក ចយស៍ (Eric Joyce) ដែលជាសមាជិកសភាអង់គ្លេស និងជាប្រធានក្រុមមហាបឹងអាហ្រ្វិក (Great Lakes of Africa) នៃរដ្ឋសភាអង់គ្លេស បានចោទប្រកាន់ថា កាលពីបួនឆ្នាំមុន ប្រទេស កុងហ្គោ បានបាត់បង់ថវិការជាង៥,៥ពាន់លានដុល្លា ដោយសារតែការលក់ទ្រព្យសម្បត្តិរ៉ែរបស់រដ្ឋាភិបាល ក្នុងតម្លៃទាបជាងតម្លៃមធ្យមនៅលើទីផ្សារ។ លោកបានថ្លែងថា ការលក់ធនធានរ៉ែទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុនបរទេស ដែលបានទទួលប្រាក់ចំណេញ។
នៅពេលដែលត្រូវបានសួរអំពីការចោទប្រកាន់របស់លោក ចយស៍ កាលពីឆ្នាំមុន លោកប្រធានាធិបតី កាប៊ីឡា បានថ្លែងថា លោកនឹងមិនឆ្លើយតបទៅសមាជិកសភាអង់គ្លេសរួបនោះទេ។ លោក បាននិយាយថា ការប្តេជ្ញាចិត្តរបស់លោកចំពោះអភិបាលកិច្ចល្អ ត្រូវបានធ្វើឡើងដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ កុងហ្គោ ដែលមិនមែនដើម្បីផ្គាប់ចិត្តអ្នកនយោបាយបរទេសឡើយ។
ដូចដែលមានភស្តុតាងនៃកិច្ចព្រមព្រៀងបើកចំហរ លោក កាប៊ីឡា បានបញ្ជាក់ថា កិច្ចព្រមព្រៀងធនធានរ៉ែតម្លៃ៩ពាន់លានដុល្លារបស់រដ្ឋាភិបាលរបស់លោក ជាមួយនឹងក្រុមហ៊ុនចិនមួយ ដែលជាកិច្ចព្រមព្រៀងធំជាងគេបង្អស់នៅក្នុងវិស័យរ៉ែ ត្រូវបានចុះហត្ថលេខា បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ត្រូវបានពិភាក្សានិងអនុម័តដោយរដ្ឋសភា៕
ប្រែសម្រួលដោយ ឌី ខាំបូលី