អាជីវករខ្មែរក្នុងផ្សាររុងក្លឿប្រទេសថៃ បានចាប់ផ្ដើមលក់ទំនិញរបស់ខ្លួនជាធម្មតាវិញហើយនាថ្ងៃច័ន្ទនេះ បន្ទាប់ពីការបង្ក្រាបដ៏ធំមួយរបស់អាជ្ញាធរថៃលើទំនិញបន្លំស្លាកយីហោល្បីៗនាចុងសប្ដាហ៍កន្លងមក។ នេះបើយោងតាមការអះអាងរបស់អាជ្ញាធរកម្ពុជា។
កាលពីថ្ងៃសៅរ៍កន្លងទៅ អាជ្ញាធរប្រទេសថៃ បានធ្វើការរឹបអូសទំនិញដែលពួកគេចោទថា បានរំលោភកម្មសិទ្ធបញ្ញារបស់ប្រទេសថៃក្នុងផ្សាររុងក្លឿ ស្ថិតក្នុងខេត្តសាកែវ (ស្រះកែវ) ជាប់នឹងខេត្តបន្ទាយមានជ័យរបស់កម្ពុជា។
ទំនិញចំនួនប្រហែល៧មុខរួមទាំង កាបូប ខោអាវ ខ្សែក្រវាត់ដែលមានយីហោល្បីៗ ត្រូវបានអាជ្ញាធរថៃធ្វើការរឹបអូសជាបន្តបន្ទាប់។ ក៏ប៉ុន្តែមិនទាន់មានប្រភពផ្លូវការណាមួយ ដែលអាចបញ្ជាក់ពីទំហំនៃការរឹបអូសនេះនៅឡើយទេ។
លោក គោស៊ំុ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំប្រទល់នឹងខេត្តសាកែវ បានប្រាប់VOAនាថ្ងៃច័ន្ទនេះថា អាជ្ញាធរថៃបានសម្រួលឲ្យអាជីវករកម្ពុជា លក់ដូរសារជាថ្មីរហូតដល់ចុងខែមេសា ក្រោយពីមានកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជាមួយចំនួនទៀត។
«អញ្ចឹងការតវ៉ាទាំងអស់ ផ្គុំគ្នាទៅ សរុបមកដល់ឥឡូវ ខ្ញុំសូមជម្រាបឱ្យខ្លីតែម្តងគឺបានឯកភាពគ្នាថា ឲ្យបងប្អូនប្រជាពលរដ្ឋយើងបើកលក់បន្តទៀតហើយរហូតដល់ខែបួន។ អញ្ចឹងទេ ដល់ដាច់ខែបួនហ្នឹងទើបយើងបញ្ចប់សុពលភាពនៃការលក់។ ក៏ប៉ុន្តែខាងថៃ គេសំណូមពរ កុំឲ្យយើងប្រកាសជាចំហ ដើម្បីឲ្យបងប្អូនយើង ប្រឹងលក់ឲ្យអស់ទៅកុំឲ្យទុករបស់ដែលខុសច្បាប់»។
លោក គោស៊ំុ សារឿត បន្តថា ទំនិញដែលអាជីវករកម្ពុជា នាំចូលទៅថៃនោះគឺខុសច្បាប់កម្មសិទ្ធិបញ្ញាក្នុងប្រទេសថៃ ដែលស្របតាមច្បាប់ពាណិជកម្មអន្តរជាតិ។លោកអភិបាលខេត្តបន្ទាយមានជ័យរូបនេះ បន្ថែមថា កន្លងមកអាជ្ញាធរនៃប្រទេសថៃ បានធ្វើការបង្ក្រាបជាបន្តបន្ទាប់ ក៏ប៉ុន្តែអាជីវករកម្ពុជា មួយចំនួននៅតែនាំចូលទំនិញមិនស្របច្បាប់ដដែល។
ក្នុងសេចក្ដីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជាដែលចេញកាលពីចុងសប្ដាហ៍កន្លងទៅឲ្យដឹងថា ស្ថានកុងស៊ុលកម្ពុជា បានធ្វើអន្តរាគមន៍ជាបន្ទាន់កាលពីថ្ងៃសៅរ៍នោះផងដែរ ហើយពេលបច្ចុប្បន្ន អាជ្ញាធរកម្ពុជា កំពុងធ្វើការអប់រំអាជីវករកម្ពុជាទាក់ទិននឹងកម្មសិទ្ធិបញ្ញាក្នុងប្រទេសថៃ។
តាមការឲ្យដឹងពីអាជីវករលក់ដូរក្នុងផ្សាររុងក្លឿ ដែលសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ VOA ពីការបង្ក្រាបរបស់អាជ្ញាធរថៃយ៉ាងដូច្នេះថា៖«យើងមិនអាចប៉ាន់ស្មាន់បានទេ ដោយសារវាច្រើនលើសលប់ពេក។ ពីមុនមក មិនធ្លាប់មាន ដាក់ទាំងកុងតឺន័រ។ ខ្ញុំទៅថតរូបភាពហ្នឹងដោយជាក់ស្ដែងតែម្ដង។ វាជាន់ទី២ជាន់ទី៣អីណឹង គឺទម្លាក់ពីលើហ្នឹងទាំងអស់មកតែម្ដង មានអីវ៉ាន់អីហ្នឹង មានទាំងសាក់កាដូ។ អាសាក់កាដូ យើងមានយីហោ»។
អាជីវករដដែលបានបញ្ជាក់ថា អាជីវករខ្មែរក្នុងផ្សារថៃនេះ បានចាប់ផ្ដើម បើកធ្វើអាជីវកម្ម ជាបន្តបន្ទាប់ឡើងវិញហើយនៅថ្ងៃច័ន្ទ ក៏ប៉ុន្តែមួយចំនួនធំ នៅមានការបារម្ភនៅឡើយថា អាចនឹងមានការបង្ក្រាបបន្ថែមទៀត។
លោក ស៊ំ ចាន់គារ មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្ស Adhoc ប្រចាំ ខេត្តបន្ទាយមានជ័យបានប្រាប់ VOA ថាការបង្ក្រាបទ្រង់ទ្រាយធំបែបនេះ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាជីវករខ្មែរយ៉ាងខ្លាំង ហើយអាជ្ញាធរកម្ពុជាគួរតែសម្រួលនិងធានាដល់ការលក់ទំនិញរបស់កម្ពុជាឡើងវិញ។
«សូមឲ្យរដ្ឋាភិបាល យើងគឺមើលបង្កើតទីផ្សារ នៅជិត ពិសេសនៅជាប់ព្រំដែន ដើម្បីឲ្យប្រជាពលរដ្ឋយើងបានលក់ដូរ ដើម្បីកុំឲ្យ ពិបាកក្នុងការឆ្លងដែនទៅកាន់គេ ។ យើងឃើញថា ប្រជាពលរដ្ឋខ្មែរយើង ចំណាយថវិកាក្នុងមួយខែៗ រាប់ម៉ឺនដុល្លារ រាប់លានបាតដែលទៅឲ្យជនជាតិថៃដែលជាប្រទេសដែលគេអភិវឌ្ឍហើយ ទាំងថ្លៃទឹក ទាំងថ្លៃភ្លើង ទាំងថ្លៃឆ្លងដែន ទាំងថ្លៃតូប ទាំងថ្លៃស្នាក់នៅ ទាំងថ្លៃអាហារផង»។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោស៊ំុ សារឿត បានអះអាងប្រាប់ VOA ថាលោកនិងអាជ្ញាធរកម្ពុជា កំពុងរិះរកវិធីក្នុងការបង្កើតផ្សារកម្ពុជាមួយជាប់ទល់ដែនថៃដើម្បីឲ្យមានការលក់ទំនិញទាំងនោះនាពេលខាងមុខ។
«គម្រោងឥឡូវគឺយើងកំពុង ស្នើទៅរាជរដ្ឋាភិបាលយើង ឲ្យបើកផ្សាមេឃ កុំថាផ្សារណាត់ ផ្សារដែលថាឲ្យប្រជាពលរដ្ឋយើងលក់ទំនិញ ហ្នឹងនៅលើដីយើង ហើយឲ្យបងប្អូនយើងងាកទៅលក់នៅនឹងផ្សាររបស់យើងវិញ។ ហើយយើងខិតខំជំរុញ ស្នើទៅរាជរដ្ឋាភិបាលថា ឲ្យប្រជាពលរដ្ឋថៃដែលមកទិញទំនិញនៅយើងនេះ គឺមិនបាច់ប្រើ passport ឬ border-passអីទេ។ ពេលមកប្រើតែអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋថៃ អីទៅ ទិញអាប័ណ្ណ១០ បាតអីទៅ ចូលមកដីយើងទៅមកលេង ១ថ្ងៃ ២ថ្ងៃអីទៅហើយទៅវិញទៅ »។
យ៉ាងណាក៏ដោយលោកមិនអាចបញ្ជាក់ពីទំហំនៃការខូចខាតរបស់អាជីវករកម្ពុជា ក្នុងការបង្ក្រាបកាលពីថ្ងៃសៅរ៍កន្លងមកនេះទេ។
កាសែត The Nation ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅ បានឲ្យដឹងថាអាជ្ញាធរថៃ បានរកឃើញទំនិញក្លែងម៉ាកសញ្ញារួមទាំង សំលៀកបំពាក់និងឧបករណ៍ផ្សេងទៀតដែលមានតម្លៃជាង ១០លានបាតឬប្រហែលជា២ម៉ឺន៨ពាន់ដុល្លារអាមេរិក ចំពោះការបង្ក្រាបក្នុងហាងទំនិញមួយដែលមានម្ចាស់ជាជនជាតិខ្មែរ។
សារព័ត៌មានដដែលបានបន្ថែមថា ទំនិញក្លែងម៉ាកជាច្រើន ត្រូវបានគេនាំចូលក្នុងប្រទេសថៃពីផ្សាររុងក្លឿដែលជាប់ទល់ដែនកម្ពុជា៕