ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធីការិនី​ម្នាក់ ប្តឹង​ឧកញ៉ា ហេង សៀ ពី​បទ«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ» តប​នឹង​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា​រូប​នោះ


កញ្ញា មាន ពេជ្ររីតា ដែល​ជា​ពិធី​ការិនី​ទូរ​ទស្សន៍​ម្នាក់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ប្រឆាំង​នឹង​លោក​ឧកញ៉ា ហេង សៀ ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ២០២១ ពី​បទ​«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ» តប​នឹង​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា​រូប​នោះ។ (រូបថត៖ My TV Plus និង​ពី​បណ្តាញសង្គម)
កញ្ញា មាន ពេជ្ររីតា ដែល​ជា​ពិធី​ការិនី​ទូរ​ទស្សន៍​ម្នាក់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ប្រឆាំង​នឹង​លោក​ឧកញ៉ា ហេង សៀ ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ២០២១ ពី​បទ​«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ» តប​នឹង​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា​រូប​នោះ។ (រូបថត៖ My TV Plus និង​ពី​បណ្តាញសង្គម)

ពិធី​ការិនី​ទូរទស្សន៍​ម្នាក់​ បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ឧកញ៉ា​ម្នាក់​ឈ្មោះ ហេង សៀ ដោយ​ចោទ​ពី​បទ«​ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ» ក្រោយ​មាន​បញ្ហា​ចម្រូងចម្រាស​នៃ​ការ​ប្តឹង​ផ្តល់​ពី​សំណាក់​ឧកញ៉ា​រូប​នោះ​ថា ​នាង​បង្ក​របួស​ស្នាម​និង​លួច​ទូរស័ព្ទ។

បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​ពាក្យ​បណ្តឹង​របស់ពិធី​ការិនី​ទូរទស្សន៍ MyTV គឺ​កញ្ញា មាន ពេជ្រ​រីតា អាយុ​២០​ឆ្នាំ ព័ត៌មាន​មួយ​ចំនួន​ត្រូវ​បាន​ចែក​រំលែក ​រួម​មាន​ពាក្យ​បណ្តឹង​របស់​លោក ហេង សៀ ដែល​បាន​ប្តឹង​នាង​កាល​ពី​សប្តាហ៍​មុន ហើយ​តុលាការ​សម្រេច​ឲ្យ​នាំ​ខ្លួន​នាង​ចូល​តុលាការ​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន។

ក្នុង​ពាក្យ​បណ្តឹង​ដាក់​ចូល​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១១ ខែ​ឧសភា កញ្ញា មាន ពេជ្រ​រីតា បាន​រៀបរាប់​ថា ​លោក ហេង​ សៀ​ ដែល​ជា​អគ្គនាយក​ក្រុម​ហ៊ុន​នាំ​ចូល​គ្រឿង​សំណង់ ឈ្មោះ​ ហេង ស្រេង​ហុង ​បាន​ប្រើ​វិធី​លួង​លោម ដោយ​ព្យាយាម​ទាក់​ទង​នាង តាម​រយៈ​ប្រព័ន្ធ​ Telegram ទូរស័ព្ទ​ និង​ផ្ញើ​លុយ ចូល​គណនី​ ABA ​របស់​នាង​ជា​បន្ត​បន្ទាប់។

កញ្ញា មាន​ ពេជ្ររីតា​ ដែល​ជា​និស្សិតឆ្នាំ​ទី​ពីរ ផ្នែក​ជំនួញ​ពាណិជ្ជកម្ម បាន​ចោទ​លោក ហេង សៀ ថា​ បាន​លូក​លាន់​កេរ្តិ៍​ខ្មាស់​របស់​នាង​ជា​ញឹក​ញាប់​ពេល​នៅ​ក្នុង​រថយន្ត​កាល​ពី​ថ្ងៃ​៤ ខែ​ឧសភា ឆ្នាំ​២០២១ ហើយ​អះអាង​ថា​ លោក ហេង​ ​សៀ ក៏​ចង់​យក​នាង​ទៅ​ផ្ទះ​សំណាក់​ផង​ដែរ។ នេះ​បើ​តាម​ពាក្យ​បណ្តឹង។ នាង​បញ្ជាក់​ថា នាង​បាន​បើក​ទ្វារ​ឡាន​រត់​ចេញ​ពី​គាត់ ត្រឡប់​ទៅ​ផ្ទះ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​នាង ​មាន​ ពេជ្ររីតា និង​សាច់​ញាតិ​របស់​នាង​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

កញ្ញា មាន ពេជ្ររីតា ដែល​ជា​ពិធី​ការិនី​ទូរ​ទស្សន៍​ម្នាក់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ប្រឆាំង​នឹង​លោក​ឧកញ៉ា ហេង សៀ ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ២០២១ ពី​បទ​«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ» តប​នឹង​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា​រូប​នោះ។ (រូបថត៖ My TV Plus)
កញ្ញា មាន ពេជ្ររីតា ដែល​ជា​ពិធី​ការិនី​ទូរ​ទស្សន៍​ម្នាក់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ប្រឆាំង​នឹង​លោក​ឧកញ៉ា ហេង សៀ ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ២០២១ ពី​បទ​«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ» តប​នឹង​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា​រូប​នោះ។ (រូបថត៖ My TV Plus)
លោក​ឧកញ៉ា ហេង សៀ ដែល​ត្រូវបាន​ពិធី​ការិនី​ទូរ​ទស្សន៍​ម្នាក់ ឈ្មោះ មាន ពេជ្ររីតា ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ២០២១ ពី​បទ​«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ»។ (រូបថតពីបណ្តាញសង្គម)
លោក​ឧកញ៉ា ហេង សៀ ដែល​ត្រូវបាន​ពិធី​ការិនី​ទូរ​ទស្សន៍​ម្នាក់ ឈ្មោះ មាន ពេជ្ររីតា ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ២០២១ ពី​បទ​«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ»។ (រូបថតពីបណ្តាញសង្គម)

វីអូអេ​ក៏​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក ហេង សៀ បាន​ដែរ​នៅ​ថ្ងៃ​ពុធ​នេះ។ បុគ្គលិក​ស្ត្រី​ដែល​លើក​ទូរស័​ព្ទរបស់​ក្រុមហ៊ុន ​ហេង​ ស្រេង​ហុង ​ដែល​មាន​លោក ហេង សៀ ជា​ម្ចាស់​ក្រុមហ៊ុន​បាន​និយាយ​ថា​ នាង​មិន​បាន​ដឹង​រឿង​ក្តី​ក្តាំ​របស់​អគ្គនាយក​ក្រុម​ហ៊ុន​នាង​ទេ។

បើ​តាម​ពាក្យ​បណ្តឹង​នោះ នាង​ពេជ្ររីតា ​បាន​អះអាង​ថា​ ​ក្រោយ​មក​ប៉ូលិស​អធិការដ្ឋាន​ខណ្ឌ​ទួល​គោក បាន​រក​នាង​នៅ​ផ្ទះ ហើយ​នាំ​នាង​មក​ឃុំ​ខ្លួន​ចំនួន​ពីរ​ថ្ងៃ រួច​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក​កម្ពុជា​ថ្មី​ បាន​ផ្សព្វផ្សាយ​ដីកា​របស់​ចៅ​ក្រម​ស៊ើប​សួរ​លោក កូយ សៅ ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ដែល​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​នាង​ មាន ពេជ្រ​រីតា ​ក្រោម​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ប្រើ​កាំបិទ​ចាក់​ជន​រង​គ្រោះ​ចំនួន​ពីរ​កំាបិត រួច​យក​ទូរស័ព្ទ​ដៃ ​Iphone ទំនើប​មួយ​គ្រឿង។

នាង មាន​ ពេជ្ររីតា បាន​ច្រាន​ចោល​ក្នុង​បណ្តឹង​របស់​នាង​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​ថា​ នាង​មាន​មុខ​របរ​អាច​រក​ប្រាក់​កម្រៃ​បាននិង​ជា​និស្សិត​ ដែល​មិន​អាច​ទៅ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ​ទេ។ ក្នុង​បណ្តឹង​របស់​នាង​ មាន​ ពេជ្ររីតា ពិធី​ការិនី​រូប​នោះ​ បាន​អំពាវ​នាវ​ឲ្យ​អាណាព្យាបាល​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ ជួយ​រក​យុត្តិធម៌​ឲ្យ​នាង។

អ្នកនាំ​ពាក្យ​ពីរ​រូប​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺ​លោក គុជ គឹមឡុង​ និង​លោក អ៊ី រិន្ទ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ។

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​មួយ​ចំនួន​ក៏​ចែក​រំលែក​ឃ្លីប​វីដេអូ​ ដែល​ឃើញ​បុរស​ម្នាក់​ចាក់​សំឡេង​ស្រែក​យំ​របស់​នាង​ មាន​ ពេជ្រ​រីតា​ ថា​ នាង​ស្អប់​ខ្ពើម​ខ្លួន​ឯង​ ពេល​មាន​មនុស្ស​ប្រុស​ចំ​ណាស់​មក​លូក​លាន់​និង​ស្ទាប​អង្អែល​រាង​កាយ​នាង។

លោកស្រី ចក់ សុភាព នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​ចាត់​ការ​រឿង​នេះ​ ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ការ​ឆ្លើយ​តប​ដោយ​ឈរ​លើ​គតិ​យុត្តិ​ហើយ​និង​ការ​ផ្តល់​នូវ​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ នោះ​នឹង​អាច​ចូល​រួម​កាត់​បន្ថយ​ ហើយ​និង​ឆ្លើយ​តប​ចំពោះ​បញ្ហា​កន្លង​មក​ ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​និទណ្ឌភាព​ ហើយ​និង​ការ​រំលោភ​បៀត​បៀន​ ផ្អែក​លើ​យេន​ឌ័រ​នេះ​ ដែល​យើង​ឃើញ​កន្លង​មក​មាន​ការ​កើត​ឡើង​ ហើយ​ដែល​យន្ត​ការ​ផ្នែក​ច្បាប់​នេះ​ ហាក់​ដូច​ជា​ មិន​ទាន់​បាន​ឆ្លើយ​តប​ឲ្យ​បាន​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ ដែល​ភាគ​ច្រើន​ជន​ល្មើស​ហ្នឹង​ គឺ​តែងតែ​រួចផុត​ពី​សំណាញ់​ច្បាប់។ អីចឹង​យើង​សង្ឃឹម​ថា​ ចំពោះ​ករណី​នេះ​នឹងមាន​ការ​ឆ្លើយ​តប​ដោយ​យុត្តិធម៌​ចំពោះ​ជន​រង​គ្រោះ»។

ក្នុង​បញ្ហា​បំពារ​បំពាន​ផ្លូវ​ភេទ​ស្ត្រី ឬ​ប្រើ​ហិង្សា​លើ​ស្ត្រី​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ ក្នុង​នោះ​មាន​កម្លាំង​នគរបាល បាន​បង់​បាត់​មុខ​តំណែង ឬ​ឧកញ៉ា​ខ្លះ​ត្រូវ​បាន​ដក​គោរម្យ​ងា តែ​កម្រ​ទទួល​ការ​ដាក់​ទោស​ទណ្ឌ​ធ្ងន់​ធ្ងរ​តាម​ផ្លូវ​ច្បាប់​ដែល​ជា​ការ​បារម្ភ​នៃ​ការ​កើន​ឡើង​អំពើ​និទណ្ឌភាព។ នេះបើ​តាម​ការ​តាន​ដាន​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​ស្ត្រី៕

XS
SM
MD
LG