ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​ខ្មែរ​នៅ​ជប៉ុន​រន្ធត់​ចំពោះ​ការ​រញ្ជួយ​តែ​មាន​សុវត្ថិភាព


គេ​ឃើញ​​មាន​កប៉ាល់​ដែល​ត្រូវ​ខ្ទេច​ខ្ទាំ​​នៅ​ក្រុង​កេសេននូម៉ា (Kesennuma) ក្នុង​ខេត្ត​មីយ៉ាហ្គិ (Miyagi Prefecture) កាល​ពី​ថ្ងៃ​ទី​១២​ខែមិនា​​ឆ្នាំ​២០១១ ក្រោយ​ពេល​មាន​រលក​យក្ស​ស៊ូណាមិ​និង​ការ​រញ្ជួយ​ផែនដី​ដ៏​ខ្លាំង​ក្លា។ គេ​បា៉ន់​ស្មាន​ថា​គ្រោះ​មហន្តរាយ​ដ
គេ​ឃើញ​​មាន​កប៉ាល់​ដែល​ត្រូវ​ខ្ទេច​ខ្ទាំ​​នៅ​ក្រុង​កេសេននូម៉ា (Kesennuma) ក្នុង​ខេត្ត​មីយ៉ាហ្គិ (Miyagi Prefecture) កាល​ពី​ថ្ងៃ​ទី​១២​ខែមិនា​​ឆ្នាំ​២០១១ ក្រោយ​ពេល​មាន​រលក​យក្ស​ស៊ូណាមិ​និង​ការ​រញ្ជួយ​ផែនដី​ដ៏​ខ្លាំង​ក្លា។ គេ​បា៉ន់​ស្មាន​ថា​គ្រោះ​មហន្តរាយ​ដ

ព្រឹត្តិការណ៍​រញ្ជួយផែន​ដី​កម្រិត​៨,៩​រិចទ័រនៅរសៀលថ្ងៃ​ សុក្រកន្លង​ទៅ​នេះ​ជា​ការ​រញ្ជួយ​ផែនដីដ៏​ធំបំផុត​មិន​ធ្លាប់​មាន​នៅ​ ប្រទេស​ជប៉ុន។ ក្នុង​ចំណោម​អ្នក​ដែល​បាន​ជួប​ប្រទេះ​ផ្ទាល់​នឹង​ព្រឹត្តិការណ៍​នេះ​ ក៏​មាននិស្សិត​ខ្មែរ​ដែល​កំពុង​បន្ត​ការ​សិក្សានៅ​ក្នុង​ប្រទេស​ជប៉ុន ​ដែរ។ ពួក​គេ​ភាគ​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​និង​រន្ធត់​ចំពោះ​មហន្តរាយ​នេះ ប៉ុន្តែបាន​ឆ្លង​ផុត​ដោយ​សុវត្ថិភាព​។

អ្នក​នាង ជា ប៉ឡេង ជា​និស្សិត​ខ្មែរ​ម្នាក់​មក​ពី​ទី​ក្រុង​ភ្នំពេញ ហើយកំពុង​បន្ត​ការ​សិក្សាផ្នែក​សេដ្ឋកិច្ច​នៅសាកលវិទ្យាល័យ​មួយ​ឯ​ រាជធានី​តូក្យូ​ជា​ទី​ក្រុង​ដែល​បាន​រង​ឥទ្ធិពល​ពី​ការ​រញ្ជួយ​នេះ។ អ្នក​នាង​និយាយ​ថា ទោះ​បី​អ្នក​នាង​បាន​ស្នាក់​នៅ​ប្រទេស​ជប៉ុន​អស់រយៈពេល​២​ឆ្នាំនិងបាន ​ឆ្លង​កាត់ការ​រញ្ជួយ​ផែនដី​ពី​មុនក្តី ក៏អ្នក​នាង​មាន​ការ​ភិត​ភ័យ​ជា​ខ្លាំង​ពី​ព្រឹត្តិការណ៍​នេះពីព្រោះ​មិន ​ដែល​បាន​ជួប​ប្រទះ​នឹង​ព្រឹត្តិការណ៍​រញ្ជួយ​ខ្លាំង​ដូច្នេះ​ពីមុន​មក ហើយ​សូម្បី​តែ​ជនជាតិ​ជប៉ុន​ក៏​មាន​ការ​ភ័យខ្លាចដូច​គ្នា​ដែរ។ អ្នក​នាង​បាន​រៀប​រាប់​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំភ័យ​រហូត​ដល់ខ្ញុំ​ នៅ​ទី​នេះ​គេ​មិន​ឲ្យ​ប្រើ​ជណ្តើរ​យន្ត​ទេ អញ្ចឹង​ខ្ញុំ​បាន​ចុះ​តាម​ជណ្តើរ​ជើង​ហើយខ្ញុំ​អត់​ទាំង​ហ៊ានបាន​ពាក់ ស្បែក​ជើង​អី​ផង ខ្ញុំ​ចុះ​មក​ភ័យចង់​ងាប់។»

ការ​រញ្ជួយ​ក្រោម​បាត​សមុទ្រ​នេះ​បាន​កើត​ឡើង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​សមុទ្រ​ខាង​កើត​ប្រទេស​ជប៉ុន​ជិត​ទី​ក្រុង​សេនដៃ (Sendai)
ការ​រញ្ជួយ​ក្រោម​បាត​សមុទ្រ​នេះ​បាន​កើត​ឡើង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​សមុទ្រ​ខាង​កើត​ប្រទេស​ជប៉ុន​ជិត​ទី​ក្រុង​សេនដៃ (Sendai)

ការ​រញ្ជួយ​ផែនដីបាត​សមុទ្រ​ដ៏​ខ្លាំង​មួយនេះ​បាន​កើត​ឡើង​នៅ ក្បែរឆ្នេរសមុទ្រ​ភាគ​ឥសាន​ប្រទេស​ជប៉ុន​នៅ​ជិត​ក្រុង​សេនដៃ​ (Sendai) ​កាល​ពីរសៀល​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ និង​បាន​បណ្តាល​ឲ្យ​មាន​រលក​សមុទ្រ​យក្ស​ស៊ូណាមី​កម្ពស់រហូត​ដល់​១០​ ម៉ែត្រ បោក​បក់​តំបន់​ឆ្នេរ​សមុទ្រ​ដែល​បាន​បំផ្លិចបំផ្លាញផ្ទះ​សម្បែង កប៉ាល់​ និងរថយន្តជា​ដើម​។ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​២០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ។

ពេល​មាន​ការ​ញ្ជួយនោះ​ អ្នក​នាង ជា ប៉ឡេង ​នៅ​ជាន់​ទី​៩​លើ​គេបង្អស់​ក្នុង​អគារ​អន្តេវាសិកដ្ឋាននិស្សតិ​របស់​ សាកលវិទ្យាល័យ។ អ្នក​នាង​ជា​ ប៉ឡេង ​បាន​រៀប​រាប់​បន្ថែមពី​ហេតុ​ការណ៍ក្នុង​អគារ​អ្នក​នាង​មុន​ពេលអ្នក នាង​រត់​ចុះ​៖

«នៅ​ក្នុង​អគារ​នៅ​ក្នុង​បន្ទប់​ហ្នឹង​ សៀវភៅ​អី​ហ្នឹងធ្លាក់​ចុះ​មក​អស់​ហើយ ទឹក​អី​ហ្នឹង​ ខ្ញុំ​មាន​ទឹក​មាន​ប៉ាន់តែ​អី​ហ្នឹង​បែក​ ធ្លាក់​បែក និង​ទូរទស្សន៍​នៅ​កន្លែង​ខ្ញុំ​ហ្នឹង​ធ្លាក់​បែក​មួយ​ដែរ។ ហើយ​នៅ​ក្នុង​ចង្រ្កាន​បាយ​ជ្រុះ​អស់​ហើយ ទឹក​ដប​ទឹក​ត្រី​ឬ​ទឹក​ស៊ីអ៊ីវ​អី​ហ្នឹង នាំ​គ្នា​ម្នាក់ៗ​ភ័យ​រត់​មក​ក្រៅ​ហៅ​គ្នា។ នៅ​ឯ​ណេះ​អត់​ខ្លាច​អគារ​រលំ​ទេ ប៉ុន្តែ​ខ្លាច​របស់​ធ្លាក់​មក​លើ​ក្បាលយើង​អញ្ចឹង​។»

និស្សិតខ្មែរ​ម្នាក់​ទៀត​នៅក្រុង​តូក្យូ​ដែរ​ គឺលោក ហ៊ឹម​ សុភ័ក្រ និស្សិត​ឆ្នាំ​ទី​បញ្ចប់​ផ្នែក​ភាសា​ជប៉ុន​ បាន​ស្ថិត​នៅ​អគារ​កម្ពស់​៣២​ជាន់​នៃ​តំបន់​ស៊ីណាហ្កាវ៉ា​ក្នុង​ទី​ក្រុង​ តូក្យូ​ បាន​បញ្ចាក់​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«​ពេល​ដែល​មាន​ការ​ចាប់​ផ្តើម​ហ្នឹង​ក៏យើង​មាន​ការ​ភ័យ​ខ្លះ​ដែរ (បង) ព្រោះ​យើង​មិន​ដែលជួប​សោះ ធ្លាប់​ជួប​ពី​មុន​មក​ដែរគឺ​ជួប​កម្រិត​តូចៗ អា​របៀប​តិចៗ​(បង) តែ​ពេល​នេះ​គឺ​ខ្លាំង​តែ​ម្តង។»

តាម​ព័ត៌មាន​ពី​សមាគម​និស្សិត​ខ្មែរ​នៅ​ប្រទេស​ជប៉ុនបាន​ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ មាន​និស្សិតខ្មែរ​ដែល​សិក្សា​នៅ​ប្រទេស​ជប៉ុន​ទាំង​អស់សរុប​ប្រមាណ ៣៥០​នាក់ ហើយ​នៅ​តំបន់​ក្រុងតូក្យូ​មាន​ប្រហែល​២០០​នាក់។

លោក លី សុជាតិ​ មក​ពី​ស្រុក​ពារាំង​ខេត្ត​ព្រៃវែង​ ជា​និស្សិត​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ វ៉ាសេដា (Waseda) និង​ជាប្រធាន​សមាគម​និស្សិត​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​បាន​ប្រាប់​វីអូអេ ខ្មែរ​តាម​ទូរស័ព្ទ​ពី​កន្លែង​ស្នាក់​នៅ​របស់​លោក​ចម្ងាយ៣០​គ.ម​ពី​ក្រុង​ ​តូក្យូ​ថា តំបន់​របស់​លោកមិន​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ទេ ហើយ​នៅ​ក្រោយ​ពេលមាន​ព្រឹត្តិការណ៍​រញ្ជួយ​នេះ សមាគម​របស់​លោក​បាន​ទាក់​ទង​និស្សិត​ខ្មែរ​តាម​វិធី​ផ្សេងៗ​ដូច​ជា​ ទូរស័ព្ទ​ អ៊ីម៉េល​ និង​ហ្វេសហ៊ុក ដើម្បី​ទទួល​ព័ត៌មាន​ពី​ស្ថានភាព​សុវត្ថិភាព​របស់​ពួក​គេ។

«យើង​បាន​ចម្លើយ​មក​វិញ​ថា និស្សិត​ភាគ​ច្រើន​មាន​សេចក្តី​សុខ​សប្បាយ​ធម្មតា អត់​មាន​អ្នក​ណា​ដែលមាន​ការ​រង​គ្រោះ​ថ្នាក់​ដល់បាត់​បង់​ជីវិត​ឬ​មួយ​ ប៉ះ​ពាល់​រាង​កាយ​អីទេ វាគ្រាន់​តែ​បន្ទុច​បង្អាក់​សកម្មភាព​រស់​នៅ​របស់​គេ​មួយ​រយៈ​ដោយ​សារ​ ទូរស័ព្ទ​វា​អត់​មាន​សេវា ហើយ​រថ​ភ្លើង​អត់​ដំណើរការ អញ្ចឹង​ធ្វើ​ឲ្យ​គាត់​អាច​កក​ស្ទះ​នៅ​តំបន់​ដែល​គាត់​នៅ។»

លោកថា រូបលោក​ផ្ទាល់​មិន​មាន​ការ​ភិតភ័យ​ប៉ុន្មាន​ទេ ដោយសារ​ពេលនិស្សិត​ខ្មែរ​មកដល់​ប្រទេស​ជប៉ុន​ដំបូង​គេបាន​បង្រៀន​ ​អំពី​បញ្ហា​គ្រោះ​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​ពី​វិធានការ ត្រៀមលក្ខណៈ​នានា​ ហើយប្រព័ន្ធ​សេវា​សង្គម​នៅ​ជប៉ុន​មាន​លក្ខណៈ​ប្រសើរ។

ប៉ុន្តែ​លោកទទួល​ស្គាល់​ថា​មាន​និស្សិត​ខ្មែរ​ម្នាក់​ឈ្មោះ​ ទា ស៊ាងហួង ដែល​បាន​ធើ្វ​ដំណើរ​ទៅ​ក្រុង​សាន់ដៃនៅ​តំបន់​ដែល​ជិត​កន្លែង​រញ្ជួយ​និង​ ត្រូវ​រង​មហន្តរាយ​រលក​យក្ស​ស៊ូណាមី​ មិន​បាន​ផ្តល់​ដំណឹង​មកសមាគម​ទេ​ ហើយ​មិន​ទាន់​អាច​ទាក់​ទង​បា​ន​ដោយ​ផ្ទាល់​ជាមួយ​ទេ។

និស្សិត​ទា ស៊ាងហួងនោះ​ត្រូវ​ជា​មិត្ត​ភក្តិ​របស់​អ្នក​នាង ជា​ ប៉ឡេង។ អ្នក​នាង​បាន​រៀប​រាប់​ដោយ​ក្តី​បារម្ភ នៅប្រហែល​៧​ម៉ោង​ក្រោយ​ការ​រញ្ជួយ​នេះ​ថា៖

«ទឹម​ព្រឹក​មិញ​ហ្នឹង​គាត់​ទេ(ទូរស័ព្ទ​)​មក​ខ្ញុំ​ថា​គាត់​នៅ​សេនដៃ (Sendai)​ គាត់​ទៅ​លេង​ម្តាយ​ធម៌​គាត់ ហើយ​ឥឡូវ​ហ្នឹង​នៅ​កន្លែង​ហ្នឹង​វាស៊ូណាមី​ខ្លាំង ខ្ញុំ​ឃើញ​តាម​ទូរទស្សន៍​ហ្នឹង វា​ហូរ​អស់ ហូរ​ផ្ទះ​ហូរ​អី​ហ្នឹង​ទៅ​សឹង​ទាំង​អស់ ហើយ​នៅ​អ៊ែរផង (អាកាសយានដ្ឋាន) នៅ​សេនដៃ​ក៏​អញ្ចឹង​ដែរ ស៊ូណាមិ​មក​ហ្នឹង​ ទឹក​ចូល​ពេញ​ហ្នឹង​។ ហើយ​ខ្ញុំ​ចេះ​តែ​ភ័យ ទាក់​ទង​អត់​បាន​សោះ​ឡើយ​មួយ​ថ្ងៃ​ហើយ។»

វីអូអេ​ខ្មែរ​បាន​ព្យាយាម​ទាក់​ទង​តាម​ទូរស័ព្ទ​ទៅ​អ្នក​នាងទា ស៊ាងហួង​ដែរ​ តែ​មិន​អាច​ទាក់​ទង​បាន ហើយ​មក​ដល់​ពេល​នេះនៅ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់​លាក់អំពី​ស្ថានភាព​ របស់​អ្នក​នាង​ទេ។ ក៏​ប៉ុន្តែ​តាម​ប្រភព​ព័ត៌មាន​ក្រៅ​ផ្លូវការ​ពី​មិត្ត​ភក្តិ​របស់អ្នក​នាង ​បញ្ជាក់​ថា​ អ្នក​នាង​ទា សៀងហួង​ មាន​សុវត្ថិភាព​ល្អ​ហើយ​ក្រុម​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​ក៏​បាន​ដឹង​ពី ​សុវត្ថិភាព​របស់​អ្នក​នាងដែរ។

ស្ថានទូតប្រទេស​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​មិន​អាច​ទាក់​ទង​ បាន​ទេ​នៅ​យប់ថ្ងៃ​សុក្រ​នេះ។ ក៏ប៉ុន្តែ​តាមព័ត៌មាន​ពី​សមាគម​និស្សិត​ខ្មែរបញ្ជាក់​ថា​ មន្ត្រី​ស្ថានទូត​ខ្មែរ​បាន​ទាក់ទង​មក​សមាគម​ដើម្បី​សាក​សួរ​ពី​ស្ថានភាព​ ​របស់​និស្សិត​ខ្មែរ​ទាំង​អស់​នៅ​ក្រោយ​ពេល​មាន​កើត​គ្រោះ​មហន្តរាយរញ្ជួយ​ ផែនដីនេះ។

នៅ​ឯ​កោះ​ឃ្យូស៊ូ (Kyushu) ចុង​និរតី​នៃ​ប្រទេស​ជប៉ុន​ឯណោះ​វិញ ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​រងផល​ប៉ះពាល់ការ​រញ្ជួយ​ផែនដី​និង​រលក ស៊ូណាមីនោះ លោក ជា វីតុម និស្សិត​ខ្មែរ​ថ្នាក់​បណ្ឌិត​ផ្នែក​ការ​សិក្សា​កិច្ចការអន្តរជាតិ មហាសមុទ្រ​ប៉ាស៊ីហ្វ៊ិក (Pacific Studies)​ និង​ជាប្រធាន​សាខា​សមាគម​និស្សិត​ខ្មែរ​ប្រចាំ​ខេត្ត​ឃ្យូស៊ូ និយាយ​ថា ​រូប​លោកនិង​និស្សិត​ខ្មែរ​ប្រមាណ​៥០នាក់នៅ​តំបន់​នោះ​មិន​បាន​រង ឥទ្ធិពល​ពី​ការ​រញ្ជួយ​ទេ។

ប៉ុន្តែ​លោកវីតុម​ដែល​មាន​ស្រុក​កំណើត​នៅ​ទី​ក្រុង​ភ្នំពេញ​ថា ទោះ​បីរូបលោក​នៅ​តំបន់​មាន​សុវត្ថិភាព​ក្តី ​ក៏លោក​មាន​ការ​តក់​ស្លុត​ចំពោះ​អ្វី​ដែលបានកើត​ឡើងចំពោះ​ប្រទេស​និង​ ​ជនជាតិ​ជប៉ុន ហើយ​លោក​នឹង​នៅ​តែ​ប្រុង​ប្រយ័ត្ន​ជា​បន្តទៀត។

«ឥឡូវ​នេះ​ខ្ញុំ​មិន​ទាន់​ដឹង​ថា​យ៉ាង​ម៉េច​ទេ​ព្រោះ​អី​ ព្រឹត្តិការណ៍​ហ្នឹង​វា​ទើប​តែ​កើត​ឡើង​ថ្ងៃ​ហ្នឹង​អញ្ចឹង​ណា៎​បង ហើយ​ឥឡូវ​នេះ​ខាង​ខ្មែរ​យើង​ក្តី ជា​ពិសេស​ខាង​ជប៉ុន​ គេ​កំពុង​ពិនិត្យ​មើល​ការ​ខូច​ខាត​ទី​១ ហើយ​ទី​២​ យើង​នៅ​តែ​ចាំ​មើល​ថា​ស្ថានភាព​នេះ​វា​អាច​កើត​មាន​ទៀត ហើយ​អញ្ចឹង​យើង​កំពុង​ត្រៀម​លក្ខណៈ​ ក៏​ដូច​ជា​ទាក់​ទង​ទៅ​ខាង​ខ្មែរ​គ្នា​យើង​បាទ។»

XS
SM
MD
LG