ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់ខ្ពស់​នគរបាល​កម្ពុជា​បដិសេធ​ថា​គ្មាន​«ការិយាល័យ» FBI ក្នុង​ទី​បញ្ជាការ​នគរបាល​ជាតិ​ទេ


កង​កម្លាំង​សមត្ថ​កិច្ច​ប្រមាណ​១០០០នាក់​​​​ល្បាត​នៅ​ថ្ងៃអង្គារ​ទី​១៤​មិថុនា​ឆ្នាំ​២០១៦​​ នៅផ្លូវ​៦០​មែត្រ​ ​សង្កាត់​ចាក់អង្រែ​ក្រោម​រាជធានី​ភ្នំពេញ​ ចម្ងាយ​ប្រមាណ​ជាង​៦០០​ម៉ែត្រ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រឆាំង។ (ឡេង ឡែន/វីអូអេខ្មែរ)
កង​កម្លាំង​សមត្ថ​កិច្ច​ប្រមាណ​១០០០នាក់​​​​ល្បាត​នៅ​ថ្ងៃអង្គារ​ទី​១៤​មិថុនា​ឆ្នាំ​២០១៦​​ នៅផ្លូវ​៦០​មែត្រ​ ​សង្កាត់​ចាក់អង្រែ​ក្រោម​រាជធានី​ភ្នំពេញ​ ចម្ងាយ​ប្រមាណ​ជាង​៦០០​ម៉ែត្រ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រឆាំង។ (ឡេង ឡែន/វីអូអេខ្មែរ)

មន្ត្រី​នគរបាល​ជាន់ខ្ពស់​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បដិសេធ​ថា​គ្មាន​«ការិយាល័យ»​របស់​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ ហៅ​កាត់​ថា ​FBI (Federal Bureau of Investigation) របស់​សហរដ្ឋ​អាមេរិក​ក្នុងអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា​ទេ។

ការ​បដិសេធ​នេះ ធ្វើឡើង​ពីរ​ថ្ងៃ​ក្រោយ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ទីភ្នាក់ងារ ​FBI ​នឹង​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា​ដើម្បី​ជួយ​តាមដាន​រក​ឧក្រិដ្ឋជន​អាមេរិកាំង​ដែល​រត់​គេច​ខ្លួន​ទៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​កម្ពុជា​ លោក​ឧត្តមសេនីយ៍​ឯក ឆាយ គឹមឃឿន បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០២០​ថារហូត​មក​ដល់​ពេល​នេះ នរគបាល​កម្ពុជា​មាន​តែកិច្ច​សហប្រតិបត្តិការ​រួមគ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ក្របខណ្ឌ​ជា​ក្រុមការងារ​រួម​មួយ (Joint Task Force)​ ដែល​មាន​តែ​មន្ត្រី​នៃ​ទីភ្នាក់ងារ​ FBI និង​មន្ត្រី​នគរ​បាល​កម្ពុជា​ប៉ុណ្ណោះ ដោយ​គ្មាន​«ការិយាល័យ»​ជាក់ស្តែងក្នុង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា​ទេ។

លោក​ឧត្តមសេនីយ៍​ឯក ឆាយ គឹមឃឿន បាន​ថ្លែងថា៖ «ក្រុម​ Task Force ​នេះ​គឺ​ជា​ក្រុម​ការងារ​រវាង​អាមេរិក​និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​ភាគី​អាមេរិក​មាន​តំណាង​ពីFBI​ពីរ​បី​រូប​ ឯ​ខាង​កម្ពុជា មាន​ក្រុម​ការងារ​មួយ​ដែល​ជា​តំណាង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ជាមួយ​នឹង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។ ភាគី​ទាំង​ពីរ​នេះ​គឺ​ជា​ក្រុម​ការងារ​ធ្វើ​ការ​ជាមួយ​គ្នា......គាត់[ភាគី​អាមេរិក]​ជា​ដៃគូ​ពិភាក្សា​ពិគ្រោះ​យោបល់។ ដោយឡែក​ប្រតិបត្តិការ​ជាក់​ស្តែង​ក្នុង​ការ​បង្ក្រាប​គឺ​នគរ​បាល​ជាតិ​កម្ពុជា»។

​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក មាន​ភាព​រកាំរកូស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដោយសារ​ការ​រិះគន់​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​នៅ​កម្ពុជា​និង​ការ​ចាប់ខ្លួន​អ្នក​នយោបាយ​និង​សកម្មជន​ប្រឆាំង​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ខណៈ​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា​បាន​ងាក​កាន់​តែ​ស្និទ្ធ​ទៅ​រក​ប្រទេស​ចិន៕

XS
SM
MD
LG