ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា ជួប​ជាមួយ​ឯក​អគ្គរដ្ឋទូត​បារាំង និង​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក


ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy និង​លោក កឹម សុខា បាន​ថ្លែង​សារ​ទៅកាន់អ្នកសារព័ត៌មាន​បន្ទាប់ពីជំនួប​ដំបូង​របស់ពួកគេ នៅ​គេហដ្ឋាន​របស់​លោក កឹម សុខា ក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​​ថ្ងៃទី​១១​ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ​/​VOA)
ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy និង​លោក កឹម សុខា បាន​ថ្លែង​សារ​ទៅកាន់អ្នកសារព័ត៌មាន​បន្ទាប់ពីជំនួប​ដំបូង​របស់ពួកគេ នៅ​គេហដ្ឋាន​របស់​លោក កឹម សុខា ក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​​ថ្ងៃទី​១១​ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ​/​VOA)

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ បាន​ជួប​ជាមួយ​នឹង​ឯក​អគ្គរដ្ឋទូត​បារាំង និង​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​លោក​ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ការ​ជាប់​ឃុំ​ក្នុង​គេហដ្ឋាន ទោះបីជា​លោក​នៅតែ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ និង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ និង​មិន​ឲ្យ​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា។

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក Patrick Murphy បាន​សាទរ​ចំពោះ​ការ​ដោះលែង​លោក កឹម សុខា និង​បាន​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​មនុស្ស​រាប់​សិប​នាក់​ទៀត ដែល​បាន​ជាប់​ឃុំ​នៅ​ក្នុង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា។

ការ​ដោះលែង​លោក កឹម សុខា ដោយ​មាន​ការ​រឹតត្បិត​នេះ បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ថា​តើ​ត្រូវ​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជាមួយ​ប្រទេស​កម្ពុជា ឬ​ក៏​អត់ បន្ទាប់ពី​មាន​ការ​បង្ក្រាប​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើ​ក្រុម​អ្នក​ប្រឆាំង។

ការ​ដោះលែង​នេះ​ផង​ដែរ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បាន​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​តាំង​ពី​ឆ្នាំ ២០១៥ មក ប្រកាស​អំពី​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​ទៅ​កាន់​ប្រទេស​កម្ពុជា។

លោក​ឯក​អគ្គរដ្ឋទូត Murphy បាន​និយាយ​ថា វា​ជា «ក្ដី​រំភើប​រីករាយ‍» មួយ ដែល​បាន​ជួប​លោក កឹម សុខា។ លោក​បាន​ប្រាប់​អ្នក​កាសែត បន្ទាប់ពី​បាន​ជួប​ជាមួយ​នឹង​លោក កឹម សុខា ថា៖ «ខ្ញុំ​សោកស្ដាយ​ដែល​គេ​បំបិទ​សិទ្ធិ​សេរីភាព​របស់​លោក កឹម សុខា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ‍»។

លោក Murphy បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា និង​ស្ដារ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​លោក​ឡើង​វិញ។

នៅ​មុន​ជួប​ជាមួយ​នឹង​លោក Murphy លោក កឹម សុខា​បាន​ជួប​ជាមួយ​ឯក​អគ្គរដ្ឋទូត​បារាំង​អ្នកស្រី Eva Nguyen Binh។

លោក កឹម សុខា មិន​បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត​ទេ ដោយ​លោក​លើក​ឡើង​ថា លោក​មិន​ច្បាស់​ថា​តើ​លក្ខខណ្ឌ​នៃ​ការ​ដោះលែង​លោក​នេះ​អនុញ្ញាត​ឲ្យ​លោក​អាច​និយាយ​ជា​សាធារណៈ​បាន​ឬ​ក៏​អត់​នោះ​ទេ៕

XS
SM
MD
LG