អាជ្ញាធរសហរដ្ឋអាមេរិកដោះលែងមន្ត្រីកសិកម្មកម្ពុជា ដែលជាប់សង្ស័យពីបទជួញដូរសត្វស្វាក្តាម ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ក្រសួងកសិកម្មកម្ពុជាហៅចំណាត់ការនេះថាជាជំហានដ៏វិជ្ជមាន ក្រោយពីកម្ពុជាកាលពីខែវិច្ឆិកាបានបង្ហាញការខកចិត្តខ្លាំងចំពោះការចាប់ខ្លួនមន្ត្រីរូបនេះ ពេលលោកកំពុងត្រៀមចេញធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងបុរី New York ឆ្ពោះទៅកាន់ប្រទេសប៉ាណាម៉ា ដើម្បីចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ ហៅកាត់ថា CITES។
លោក គ្រី ម៉ះផល មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងកសិកម្ម ដែលត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកឃាត់ខ្លួនកាលពីខែវិច្ឆិកា នៅពេលលោកទៅចូលរួមកិច្ចប្រជុំអន្តរជាតិមួយ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ប៉ុន្តែលោកមិនអាចត្រឡប់មកកម្ពុជាវិញបានទេ រហូតទាល់តែរឿងក្តីរបស់លោកឈានដល់ទីបញ្ចប់។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ប្រាប់វីអូអេនៅថ្ងៃពុធនេះថា លោក គ្រី ម៉ះផល អនុប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ នឹងបន្តស្នាក់នៅក្រៅឃុំបណ្តោះអាសន្ននៅសហរដ្ឋអាមេរិកដើម្បីតតាំងនៅក្នុងសំណុំរបស់លោក។
ក្រសួងកសិកម្មបានចេញផ្សាយសេចក្តីជូនដំណឹងមួយ នៅថ្ងៃពុធនេះថា៖ «នេះគឺជាជំហានដ៏វិជ្ជមានមួយដែលទើបសម្រេចបាន និងជាដំណឹងដ៏រីករាយសម្រាប់លោក ម៉ះផល និងក្រុមគ្រួសារ ជាពិសេសកូនៗរបស់លោកក្រោយពីបែកគ្នា និងខកខានមិនបានទាក់ទងគ្នាអស់រយៈពេលជាងមួយខែកន្លងមក»។
គួរបញ្ជាក់ថា លោក គ្រី ម៉ះផល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅលើទឹកដីសហរដ្ឋអាមេរិក ដោយរងការចោទប្រកាន់ពីបទសមគំនិតរត់ពន្ធសត្វស្វាក្តាមចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។ បុគ្គល ៧ នាក់ទៀត ដែលរួមមានប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស្ស និងម្ចាស់ក្រុមហ៊ុន Vanny Resources Holdings, Ltd. និង Vanny Bio Research (Cambodia) Corporation Ltd គឺលោក James Man Sang Lau និងអ្នកគ្រប់គ្រងទូទៅ អគ្គនាយករង អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ និងនាំចេញនៃក្រុមហ៊ុននេះ ក៏បានទទួលរងការចោទប្រកាន់ដូចលោក គ្រី ម៉ះផល ដែរ៕