ការសិក្សាមួយបានរកឃើញថា វិបត្តិសុខភាពបង្កឡើងដោយជំងឺកូវីដ១៩បានបង្កផលប៉ះពាល់កាន់តែខ្លាំងដល់ពលរដ្ឋក្រីក្រនៅតាមទីជនបទកម្ពុជានិងអ្នកប្រកបរបរកសិកម្មហើយបានជំរុញពួកគេឲ្យកាន់តែធ្លាក់ក្នុងស្ថានភាពក្រីក្រលំបាក។
ការសិក្សារបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាទៅលើពលរដ្ឋជាង២ម៉ឺនគ្រួសារដែលជាសមាជិកសមាគមនៅតាមបណ្តាខេត្តនានាបានបង្ហាញថាកសិករបានបាត់បង់ចំណូលខណៈការចំណាយកើនឡើងដែលនាំឲ្យពួកគេជំពាក់បំណុលកាន់តែខ្លាំង។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេកាលពីសប្តាហ៍មុនថា៖ «ការប្រកបមុខរបររបស់កសិករមានការលក់ដូរផ្សេងៗនិងដំណាំបន្ទាប់បន្សំផ្សេងៗមានការធ្លាក់ចុះហើយមានការបាត់បង់ចំណូលជាច្រើនហើយបើកាលណាពួកគេបាត់បង់ចំណូលដែលពួកគាត់ធ្លាប់រកបានមុនការកើតឡើងជំងឺកូវីដគឺគាត់មានការកើនឡើងការចំណាយផងហើយពួកគាត់មានការកើនឡើងបំណុលដែលពួកគាត់ខ្ចីពីធនាគារឬស្ថាប័នមីក្រូហិញ្ញវត្ថុឯកជនឬក៏កម្ចីឯកជនផ្សេងៗដើម្បីមកប្រើប្រាស់លើមុខរបរប្រចាំថ្ងៃ»។
ការសិក្សាទ្រង់ទ្រាយតូចដែលទើបបញ្ចេញកាលពីពាក់កណ្តាលខែកក្កដាបានផ្តោតលើការប្រែប្រួលដែលចាប់ផ្តើមតាំងពីខែតុលាឆ្នាំ២០២០មកនិងបានផ្តោតលើកសិករនៅខេត្តក្រចេះត្បូងឃ្មុំ ស្វាយរៀងព្រៃវែង កណ្តាល តាកែវកំពង់ស្ពឺ ព្រះសីហនុ កោះកុងនិងខេត្តព្រះវិហារ។ ការសិក្សានេះបានបង្ហាញបន្ថែមថាផលប៉ះពាល់ខ្លាំងគឺចាប់តាំងពីការឆ្លងជំងឺកូវីដក្នុងសហគមន៍ដែលចាប់ផ្តើមពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១មក។
ថ្ងៃទី២០ ខែកុម្ភៈគឺជាការចាប់ផ្តើមឆ្លងក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំបន្ទាប់ពីកម្ពុជាបានទប់ស្កាត់ការឆ្លងដោយជោគជ័យក្នុងរយៈពេល១ឆ្នាំកន្លងទៅ។ រហូតមកដល់ថ្ងៃពុធនេះកម្ពុជាមានអ្នកស្លាប់ដោយវីរុសដ៏ប្រល័យនេះចំនួន១.៣៣៩នាក់និងឆ្លងចំនួន៧៥.១៥២នាក់។រដ្ឋាភិបាលបានដាក់វិធានការតឹងរ៉ឹងដោយបានបិទខ្ទប់តំបន់ជាច្រើនក្នុងនោះមានរាជធានីភ្នំពេញបានប៉ះពាល់ខ្លាំងជាងគេ។
ចំណូលពីសមាជិកក្រុមគ្រួសារដែលធ្វើចំណាកស្រុកទៅប្រទេសជិតខាងនិងក្នុងតំបន់ក៏ធ្លាក់ចុះដោយសារតែប្រទេសទាំងនោះក៏រងការប៉ះពាល់និងត្រូវផ្អាកដំណើរការជាពិសេសប្រទេសថៃដែលមានពលករកម្ពុជាយ៉ាងហោចណាស់១,៥លានធ្វើការនៅទីនោះ។ ប្រទេសថៃបានរងការប៉ះពាល់យ៉ាងខ្លាំងដោយរដ្ឋាភិបាលបានបិទខ្ទប់តំបន់មួយចំនួនក្នុងនោះមានទីក្រុងបាងកកផងដែរ។
លោក ថេង សាវឿន បានបន្ថែមថា៖ «តំបន់ខ្លះគាត់ពឹងផ្អែកទៅលើកូនឬលើសមាជិកគ្រួសារដែលទៅរកស៊ីឬធ្វើចំណាកស្រុកទៅប្រទេសជិតខាងរួមប្រទេសថៃជាដើម។ អីចឹងគាត់បាត់បង់មែនទែន»។
ទន្ទឹមនឹងនេះផលិតផលដែលកសិករផលិតបានដែលមានដូចជាបន្លែត្រី សាច់ និងស្រូវជាដើមបានធ្លាក់ថ្លៃដោយសារតម្រូវការទីផ្សារតិចជាងមុនព្រោះពលរដ្ឋរកចំណូលបានតិចនិងចំណាយក៏ថយជាងមុនចំនួនពាក់កណ្តាល។ រីឯវិស័យទេសចរណ៍ក៏បានជាប់គាំង។ នេះបើតាមការរៀបរាប់របស់សមាជិកសមាគមនិងអ្នកជំនាញ។
តាមស្ថិតិរបស់ក្រសួងកសិកម្មឲ្យដឹងថាតម្លៃស្រូវអ៊ីអ៊ែរបានធ្លាក់ចុះពី១.០៨០រៀលក្នុង១គីឡូក្រាមនៅខែកុម្ភៈមកត្រឹម៨០០រៀលនៅចុងខែកក្កដានេះ។ រីឯតម្លៃសាច់ជ្រូកធ្លាក់ពី១៦.០០០រៀលក្នុង១គីឡូក្រាមមក១៣.៨០០រៀល។
ក្រសួងកសិកម្មបានថ្លែងថាតម្លៃស្រូវធ្លាក់ចុះដោយសារការបិទច្រកព្រំដែនជាមួយនឹងប្រទេសវៀតណាមដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដដែលធ្វើឲ្យឈ្មួញពិបាកមកទិញ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានប្រាប់សារព័ត៌មាននានានៅកម្ពុជាក្នុងសប្តាហ៍នេះថារដ្ឋាភិបាលនឹងពិនិត្យមើលលទ្ធភាពទម្លាក់ថវិកាទៅដល់សមាគមម៉ាស៊ីនកិនស្រូវដើម្បីប្រមូលទិញស្រូវក៏ដូចជាចាត់វិធានការពង្រីកឃ្លាំងស្តុកឬទីតាំងហាលស្រូវ។
ប្រាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺជាកត្តាសំខាន់ដែលហ៊ុំព័ទ្ធកសិករទាំងនេះ។
លោក អាន សាអ៊ុន កសិករនៅខេត្តត្បូងឃ្មុំបានរៀបរាប់ពីការលំបាកនិងថាលោកត្រូវតែលក់ចេញផលិតផលឲ្យបានឆាប់ទោះក្នុងតម្លៃទាបដើម្បីបង្វិលយកប្រាក់មកសងបំណុលដែលលោកខ្ចីមកធ្វើរបរកសិកម្មនេះ។
លោក អាន សាអ៊ុន បានប្រាប់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជានៅក្នុងវីដេអូស្រាវជ្រាវថា៖ «ចំពោះខ្ញុំមិនដឹងដោះស្រាយយ៉ាងម៉េចដែរបើយើងមិនបង្ខំចិត្តលក់មិនដឹងទៅលក់ទៅណា។ ហើយដល់ពេលដំឡូងវាធំវាលើសអាយុគេអត់យកទៀត។ ដល់អីចឹងត្រូវបង្ខំចិត្តលក់។ បើមិនបង្ខំចិត្តលក់វាត្រូវជំពាក់ខាងអង្គការត្រូវគេតម្រូវការទាមទារដល់អីចឹងយើងចេះតែលក់បានប៉ុន្មានខាតប៉ុន្មានចេះតែលក់អីចឹងទៅ»។
អ្នកស្រី សូ សារ៉ាន់ សមាជិកសហគមន៍មានជ័យនិងជាអ្នកលក់បាញ់ឆែវនិងនំបញ្ចុកនៅក្នុងឃុំម៉ឺនជ័យស្រុករំដួល ខេត្តស្វាយរៀងបានថ្លែងថា អ្នកស្រីបានលក់ផ្ទះកាលពីខែមុនដើម្បីសងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោះបំណុលចំនួន៣០.០០០ដុល្លារហើយបច្ចុប្បន្ននៅជំពាក់ចំនួន៥.០០០ដុល្លារទៀត។ ជំងឺកូវីដ១៩បានប៉ះពាល់ដល់ការលក់ដូរតិចតួចប្រចាំថ្ងៃរបស់អ្នកស្រី។ រីឯកូនស្រីនិងកូនប្រសារប្រុសដែលលក់ដូរនៅប្រទេសថៃត្រូវវិលត្រឡប់មកវិញដោយសារតែស្ថានភាពឆ្លងកើនឡើងនៅទីនោះនិងការបិទខ្ទប់។
អ្នកស្រី សូ សារ៉ាន់ បានបញ្ជាក់ប្រាប់វីអូអេខេមរភាសាថា៖ «ខ្ញុំសង្ឃឹមលើកូនហើយដល់ពេលកូវីដមកកូនក៏អត់ម៉ែក៏អត់នៅហ្នឹង។ ឥឡូវខ្ញុំចាប់លក់បន្តិចបន្តួច។ ឥឡូវខ្ញុំលក់ដីផ្ទះលក់ភូមិអស់ហើយគ្មានអីទេ។ វាពិបាកពេកកូនក៏រកបង់មិនបានម៉ែក៏រកបង់មិនបានដល់ហើយខ្ញុំក៏លក់ផ្ទះសងគេទៅ»។
ជាមធ្យមកសិករកម្ពុជាជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬអ្នកផ្តល់ប្រាក់កម្ចីឯកជនពី៥០០ដុល្លារឡើងទៅដល់១៥.០០០ដុល្លារ។ ពួកគេយកប្រាក់ទាំងនេះប្រើប្រាស់សម្រាប់បម្រើតម្រូវការចាំបាច់ជាមូលដ្ឋានក្នុងជីវភាពប្រចាំថ្ងៃទិញថ្នាំពេទ្យនិងទិញគ្រឿងចក្រកសិកម្មនិងម៉ូតូជាដើម។ នេះបើតាមការរកឃើញរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានសម្តែងការសោកស្តាយដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្លាយជាបញ្ហាកាន់តែធ្ងន់ដល់ពលរដ្ឋក្នុងពេលដែលមានវិបត្តិសុខភាពនេះ។ អ្នកស្រីបានបញ្ជាក់ប្រាប់វីអូអេថារដ្ឋាភិបាលគួរដាក់វិធានការដោយព្យួរការបង់ប្រាក់រំលោះនិងការប្រាក់រហូតដល់១ឆ្នាំកំណត់យកការប្រាក់ទាបដោយមិនឲ្យលើស២%ក្នុងមួយឆ្នាំនិងចេញបណ្ណក្រីក្រជួយពលរដ្ឋដែលប៉ះពាល់ឲ្យបានច្រើន។
អ្នកស្រី មូរ សុខហួរ បន្ថែមថា៖ «ប៉ុន្តែអត់មានការអនុគ្រោះហើយអត់មានឆន្ទៈគ្រប់គ្រាន់ពីរដ្ឋាភិបាលក្នុងការចាត់វិធានការ»។
នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីដើមខែកក្កដានេះក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការអង្កេតមើលនិងតាមដានមើលស្ថាប័នផ្តល់ប្រាក់កម្ចីដែលក្នុងនោះមានអង្គការមីក្រូហិរញ្ញវត្ថុឯកជនដោយសារមានពាក់ព័ន្ធនឹងការបង្ខិតបង្ខំសហគមន៍ដែលទន់ខ្សោយខាងផ្នែកសេដ្ឋកិច្ច។
រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានជាថ្មីដល់ពលរដ្ឋណាដែលរងផលប៉ះពាល់ដោយការបិទខ្ទប់ក្នុងអំឡុងកូវីដ១៩តែប៉ុណ្ណោះនិងគ្រាន់តែបានលើកទឹកចិត្តឲ្យគ្រឹះស្ថាននិងធនាគារទាំងនោះ«ពិនិត្យលទ្ធភាពអនុគ្រោះបន្ធូរបន្ថយឬលើកលែងការយកសោហ៊ុយឬការពិន័យផ្សេងៗតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន»ដោយមិនបានចាត់វិធានការអ្វីផ្សេងទៀតឡើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិកម្ពុជាកាលពីថ្ងៃទី២១ខែឧសភា។
លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្មនិងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានឲ្យដឹងដែរថាបំណុលគឺជាក្តីបារម្ភដ៏ធំក្នុងចំណោមកសិករកម្ពុជា៖«អ្វីដែលធ្ងន់ធ្ងរគឺបញ្ហាប្រឈមបំណុល។ នេះជារឿងធ្ងន់ធ្ងរបំផុត។ ពីមួយខែទៅមួយខែសមត្ថភាពក្នុងការរកចំណូលដើម្បីសងបំណុលកាន់តែធ្ងន់ទៅៗ។នេះយើងបារម្ភបំផុត។ អីចឹងត្រូវធ្វើម៉េចជួយឲ្យកសិករហ្នឹងមានសមត្ថភាពទប់ទល់ក្នុងការដោះស្រាយបំណុលហ្នឹង»។
យ៉ាងណាក៏ដោយលោក យ៉ង សាំងកុមារ បានមើលឃើញថានៅទូទាំងប្រទេសតម្លៃផលិតផលដំណាំឧស្សាហកម្មដូចជាដំឡូងម្រេចស្វាយចន្ទីនិងកៅស៊ូកើនឡើង។
លោក យ៉ង សាំងកុមារ បានប្រាប់វីអូអេខេមភាសាថា៖ «ជារួមបូកដកទៅទាក់ទងនឹងផលប៉ះពាល់កសិកម្មនិងឱកាសសម្រាប់កសិកម្មវាហាក់ដូចជាវាមិនធ្ងន់ធ្ងរប៉ុន្មានទេបើប្រៀបធៀបមុនកូវីដ១៩។ ប៉ុន្តែក្រុមដែលធ្ងន់ធ្ងរគឺដូចខ្ញុំបញ្ជាក់គឺបន្លែត្រីសាច់មានសភាពធ្ងន់ធ្ងរ»។
ធនាគារពិភពលោកបានបញ្ជាក់នៅដើមឆ្នាំនេះថាភាពក្រីក្របានកើនឡើងដោយសារតែជំងឺរាតត្បាតកូវីដ១៩។ ការណ៍នេះដោយសារតែមានពលរដ្ឋជាង៧១ម៉ឺនគ្រួសារដែលត្រូវជា២,៨លាននាក់បានទទួលថវិកាឧបត្ថម្ភក្នុងអំឡុងពេលកូវីដ១៩ក្នុងខែមករាឆ្នាំ២០២១។ ចំនួននេះកើនឡើងធៀបនឹងក្នុងអំឡុងខែមិថុនាឆ្នាំ២០២០ដែលមានតែ៥៦ម៉ឺនគ្រួសារដែលត្រូវជា២,៣លាននាក់។
ធនាគារពិភពលោកបានបន្ថែមថា៖ «ការណ៍នេះមានន័យថាពលរដ្ឋយ៉ាងហោចណាស់១៥០.០០០គ្រួសារ (កន្លះលាននាក់) ត្រូវបានកំណត់ថាជាអ្នកទើបតែធ្លាក់ខ្លួនក្រថ្មីៗនៅចន្លោះពីខែមិថុនានិងខែមករាឆ្នាំ២០២១»។
ក្នុងចំណោមគ្រួសារថ្មីទាំងនេះគឺមានគ្រួសារអ្នកស្រី សូ សារ៉ាន់ ផងដែរដែលទើបទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។
អ្នកស្រីបានថ្លែងប្រាប់វីអូអេថា៖ «គ្រួសារខ្ញុំកាលនោះគេដាក់ក្នុងក្រុមកូវីដដល់ហើយគេធ្វើបណ្ណក្រីក្រ១សារទៀតគេដាក់ក្រ២។ គេប្តូរយកបណ្ណក្រីក្រកូវីដទៅគេឲ្យបណ្ណក្រីក្រក្រោយនេះបាន១៦ម៉ឺនរៀល»៕