ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​ជួយសិស្ស-និស្សិត​ដែល​ចង់​ចាកចេញ​ពេល​ជំងឺ​កូវីដ១៩​ឆ្លង​នៅ​សហរដ្ឋអាមេរិក


រូបឯកសារ៖ និស្សិតដើរកាត់មហាវិទ្យាល័យ Iona Collegue រដ្ឋ New York កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ និស្សិតដើរកាត់មហាវិទ្យាល័យ Iona Collegue រដ្ឋ New York កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

ស្ថានទូត​កម្ពុជា​អំពាវនាវ​ដល់​និស្សិតខ្មែរ​ដែល​កំពុងតែ​សិក្សា​នៅ​សហរដ្ឋអាមេរិក ឱ្យ​មក​ទាក់ទង​ដើម្បី​ជួយ​សម្រួល បើសិនជា​ពួកគេ​ជួប​ការលំបាក​ក្នុងការ​រៀបចំ​ដំណើរ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ក្នុងគ្រា​ដែល​មាន​ការ​ឆ្លង​រាលដាល​យ៉ាង​លឿន​នៃ​ជំងឺ​កូវីដ១៩​នៅ​សហរដ្ឋអាមេរិក។

សេចក្តី​ជូន​ដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ បាន​បញ្ជាក់​ថា ចំណាត់ការ​នេះ​គឺ​ដើម្បី​គិតគូរ​ដល់​សុវត្ថិភាព​ជា​ចម្បង​របស់​និស្សិត​ទាំងនោះ ដោយសារ​តែ​«កន្លងមក​ ទាំង​សាលា ក៏ដូចជា Sponsorមួយ​ចំនួន​បាន​សម្រេច​បញ្ចប់​វគ្គ/កម្មវិធី​សិក្សា និង​តម្រូវ​ឱ្យ​សិស្ស-និស្សិត​បរទេស​ត្រឡប់​ទៅ​ប្រទេស​ខ្លួនវិញ​ឱ្យ​បាន​ឆាប់​បំផុត ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដល់​សិស្ស-និស្សិត​ទាំង​នោះ ក៏ដូចជា​ដើម្បី​ជៀសវាង​ករណី​ការ​ឃុំខ្លួន​នៅ​មួយ​កន្លែង ការ​រឹតត្បិត​សេរីភាព​ដើរហើរ ឬ​ការបិទ​ជើង​យន្តហោះ​ជាដើម»។

លោក ជុំ សុន្ទរី ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ថ្ងៃច័ន្ទ​ថា សេចក្តី​ជូនដំណឹង​នេះ​មិនមែន​ជា​ការ​អំពាវនាវ​ឱ្យ​និស្សិត​ខ្មែរ​វិល​ត្រឡប់​ទៅវិញ​ទេ គឺ​ស្ថានទូត​គ្រាន់តែ​ជួយ​សម្រួល​ដល់​និស្សិត​ណា ដែល​ជួប​ប្រទះ​ការ​លំបាក ពេល​ព្យាយាម​វិលត្រឡប់​ទៅវិញ​ប៉ុណ្ណោះ ដោយសារ​តែ​មាន​ក្រុមហ៊ុន​យន្តហោះ​ខ្លះ​បាន​ផ្អាក​ការ​ហោះហើរ។ ទន្ទឹមនឹង​នោះ ក៏​មាន​ប្រទេស​មួយ​ចំនួន​បាន​បិទមិន​ឱ្យ​យន្តហោះ​ចូល​ផងដែរ។ ដូច្នេះ ស្ថានទូត​នឹង​ខិតខំ​ស្វែងរក​ជើង​យន្តហោះ​ណា ដែល​អាច​នឹង​ជួយ​ដឹក​និស្សិត​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​វិញ​បាន។

ស្ថានឯកអគ្គ​រាជទូត​ក៏​បាន​អំពាវនាវ​ដល់​សិស្សនិស្សិត​កម្ពុជា ដែល​មាន​បំណង​បន្ត​ការ​ស្នាក់នៅ ឬ​មិនអាច​ធ្វើ​ដំណើរ​បាន ដោយសារតែ​ហេតុផល​ផ្សេងៗ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន ការពារ​ខ្លួន និង​ជៀសវាង​ការ​ជួបជុំ​គ្នា និង​ការ​ចេញ​ទៅ​ក្រៅ ហើយ​ឱ្យ​គោរព​តាម​បទបញ្ជា និង​គោលការណ៍​ណែនាំ​តាម​រដ្ឋ​នីមួយៗ​ដែល​ពួកគេ​ស្នាក់នៅ។ ប៉ុន្តែ ស្ថានទូត​មិនបាន​បញ្ជាក់​ថា តើ​មាន​និស្សិត​ប៉ុន្មាន​នាក់ នៅបន្ត​ស្នាក់​នៅ​ទេ។

ពលរដ្ឋ​អាមេរិកាំង​ជាង ១០០លាន​នាក់ នៅ​តាម​រដ្ឋធំៗ​ជាច្រើន ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចាកចេញ​ពី​លំនៅដ្ឋាន ដើម្បី​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុសកូរ៉ូណា។ ក្នុង​ចំណោមនោះ មាន​រដ្ឋញូវយ៉ក (New York) កាលីហ្វ័រញ៉ា (California) អូហៃយោ (Ohio) និង​ញ៉ីវជឺស៊ី (New Jersey)។

រហូតមក​ដល់ល្ងាច​ថ្ងៃច័ន្ទ មាន​សិស្ស​និង​និស្សិត​ចំនួន​១២នាក់ ដែល​មាន​ស្រី ៦នាក់ និង​ប្រុស ៦នាក់ បាន​ទាក់ទង​ស្ថានទូត ដើម្បី​ជួយ​សម្រួល​ដំណើរ​វិល​ត្រឡប់។ ពួកគេ​នឹង​ចាកចេញ​ពី​សហរដ្ឋអាមេរិក ហើយ​វិលទៅ​កម្ពុជា​វិញ​តាម​ជើង​យន្តហោះ​ផ្សេងៗគ្នា គឺ​ចាប់ពី​ថ្ងៃទី២៥ ខែមីនា ដល់​ថ្ងៃទី២ ខែមេសា។ នេះបើ​តាម​ការ​បញ្ជាក់​តាម​ហ្វេសប៊ុក​របស់​ស្ថានទូត។

សិស្ស​និង​និស្សិត​ទាំងនោះ​កំពុង​សិក្សា​នៅតាម​គ្រឹះស្ថាន​អប់រំ​ជាច្រើន​របស់​សហរដ្ឋអាមេរិក ដូចជា​នៅ​រដ្ឋអ៊ីលីណយ (Illinois) រដ្ឋថិនណេស៊ី (Tennessee) និងរដ្ឋផិនស៊ីលវេនៀ (Pennsylvania) ជាដើម។

សហរដ្ឋអាមេរិក​មាន​អ្នកឆ្លង​វីរុសកូរ៉ូណា សរុប​ចំនួន​ជាង ៤៦.០០០នាក់ នៅ​គ្រប់រដ្ឋ​ទាំងអស់ បើ​គិតត្រឹម​ថ្ងៃអង្គារ​ និង​មាន​អ្នក​ស្លាប់​ជិត ៦០០នាក់។ ក្នុង​ខណៈ​ពេល​ដែល​នៅ​ទូទាំង​ពិភពលោក​មាន​អ្នក​ឆ្លងជិត ៤០០.០០០នាក់ និង​ស្លាប់ជាង​១៧.០០០នាក់ ដែល​ភាគច្រើន​នៅ​ប្រទេស​អ៊ីតាលី ចិន និង​អេស្ប៉ាញ។ នេះបើ​តាម​តួលេខ​ដែល​ប្រមូល​ដោយ​សាកល​វិទ្យាល័យ​សុខាភិបាល Johns Hopkins។

រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​ពលរដ្ឋ​ដែល​មកពី​ប្រទេស​មួយចំនួន ក្នុងនោះ​មាន​សហរដ្ឋអាមេរិក បារំាង អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ និង​វៀតណាម​ជាដើម ប៉ុន្តែ​មិនបាន​ហាមឃាត់​អ្នក​មកពី​ប្រទេស​ចិន ដែលជា​ប្រភព​ដើម​នៃ​វីរុស​នេះ​ទេ ហើយ​បាន​ស្នើ​ឱ្យ​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រៅ​ប្រទេស ត្រូវ​នៅ​ដោយ​ឡែក​ពី​គេ​ចំនួន​ពីរ​សប្តាហ៍។

ប្រទេស​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូរ៉ូណា​ចំនួន ៨៧នាក់ ក្នុងនោះ​មាន​ពលរដ្ឋកម្ពុជា​ចំនួន ៣៥នាក់៕

XS
SM
MD
LG