ភ្នំពេញ៖ នៅពេលដែលម្ហូបចំណីអាហារ សាច់ បន្លែ ផ្លែឈើមួយចំនួននៅក្នុងប្រទេសកម្ពុជាត្រូវបានរកឃើញថា សម្បូរទៅដោយជាតិគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព សមាគមគីមីកម្ពុជាត្រូវបានបង្កើតឡើង និងប្រកាសដំណើរការជាសាធារណៈកាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ក្នុងគោលដៅលើកកំពស់ការយល់ដឹងជាទូទៅលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកទេស ការអនុវត្ត និងការអប់រំទាក់ទងនឹងផ្នែកគីមី។
លោកស្រីបណ្ឌិត សៀង ហ៊ុយ គឺជាប្រធានផ្នែកគីមី និងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារាជបណ្ឌិតកម្ពុជា និងជានាយិកាប្រតិបត្តិនៃសមាគមគីមីកម្ពុជា។ លោកស្រីឲ្យដឹងថា សមាគមនេះបានប្រមូលផ្តុំអ្នកវិទ្យាសាស្រ្ត និងបច្ចេកទេសទាំងឡាយ ជាពិសេស វិជ្ជាជីវៈគីមីពីស្ថាប័នរដ្ឋ និងឯកជនដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមក។ សមាគមនេះអាចជាបណ្តាញវីជ្ជាជីវៈគីមីមួយដើម្បីអភិវឌ្ឍផ្នែកអប់រំ និងបច្ចេកទេសគីមីតទៅអនាគត និងដើម្បីជំរុញការអប់រំដែលជាកត្តាមួយជួយកាត់បន្ថយការប្រើប្រាស់ជាតិគីមីលើអាហារ។ លោកស្រីបន្តថា៖
«ការបង្កើតសមាគមគីមីនេះឡើងដើម្បីប្រមូលផ្តុំអ្នកគីមីទាំងឡាយ ដែលនៅរាយប៉ាយគ្រប់កន្លែងដើម្បីជំរុញឲ្យមានការអភិវឌ្ឍខាងផ្នែកវិទ្យាសាស្រ្តគីមី។ សមាគមគីមីកម្ពុជាអាចរួមចំណែកមួយដ៏ធំនៅក្នុងការជួយទប់ស្កាត់ការប្រើប្រាស់សារធាតុគីមី ដែលមានគ្រោះថ្នាក់ក៏ដូចជាសារធាតុទាំងឡាយណាដែលអាចបង្ករឲ្យមានផលប៉ះពាល់ដល់សុខភាព»។
ក្រុមអាជីវករនៅក្នុងប្រទេសកម្ពុជាបានប្រើប្រាស់ជាតិគីមីដើម្បីរក្សាបន្លែ និងសាច់ឲ្យមានពណ៌សម្បុរស្រស់បានយូរ។ លទ្ធផលស្រាវជ្រាវមួយបានបង្ហាញថា សារធាតុគីមី ដែលក្រុមអាជីវករខ្មែរកំពុងប្រើប្រាស់នោះកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស់ជាទូទៅយ៉ាងធ្ងន់ធ្ងរ។
លទ្ធផលស្រាវជា្រវជំហានដំបូងស្តីពីវត្តមាននៃសារធាតុគីមីដែលមានគ្រោះថ្នាក់ក្នុងម្ហូបអាហាររបស់លោកស្រីបណ្ឌិត ចេក សុថា បង្ហាញឲ្យដឹងថា អាជីវករកម្ពុជាកំពុងតែប្រើប្រាស់សារធាតុគីមីដាក់ក្នុងសាច់ និងបន្លែ។ ជាតិគីមីទាំងនេះអាចបង្កឲ្យកើតមានជំងឺមហារីក និងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឬអាចបង្កឲ្យមានការប៉ះពាល់ដល់សុខភាពយូរអង្វែង។
លោកស្រី ប៉ូអាន ស៊ីវុត្ថា អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមគីមីកម្ពុជា បានគ្រាំទ្រការបង្កើតសមាគមនេះ ដោយលោកស្រី បានមានប្រសាសន៍ថា ការផ្សព្វផ្សាយព័ត៌មានពីផលប៉ះពាល់នៃជាតិគីមីដែលត្រូវបានប្រើប្រាស់ក្នុងអាហារ អាចជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងការយល់ដឹងពីការប្រើប្រាស់សារធាតុគីមី។ លោកស្រីថ្លែងដូច្នេះថា៖
«ប្រជាពលរដ្ឋបានស្តាប់ដឹងដោយយល់ថា ជាក្រុមសមាគមគីមី ការផ្សព្វផ្សាយក្នុងន័យជួយកាត់បន្ថយជាតិគីមីក្នុងចំណីអាហារប្រហែលជាមានវិសាលភាពមានប្រយោជន៍»។
នេះគឺជាសមាគមគីមីទីមួយដែលត្រូវបានបង្កើតឡើងនៅកម្ពុជា ដោយស្របពេលដែលផ្នែកគីមីនៅប្រទេសកម្ពុជានៅមានកំរិតនៅឡើយ។
លោក សិត សេង សាស្រ្តចារ្យគីមីវិទ្យាវិទ្យាស្ថានជាតិអប់រំ បានមានប្រសាសន៍ថា គីមីវិទ្យា មានសារៈសំខាន់ជាខ្លាំងសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។ នៅក្នុងអំឡុងពេលនេះ អ្នកដែលមានចំណេះដឹងផ្នែកគីមីនៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ។ លោកបានបន្ថែមថា សមាគមគីមីកម្ពុជានឹងជួយពង្រឹងចំណេះដឹងផ្នែកគីមីដល់អ្នកគីមីវិទ្យាទាំងអស់។ លោកបន្តថា៖
«ជាលើកទីមួយហើយ ដែលយើងបង្កើតសមាគមនេះឡើងគឺគ្រប់អ្នកគីមីទាំងអស់ដែល ជាសមាជិកក្នុងសមាគម យើងអាចចែកចាយនូវបទពិសោធន៍របស់យើងបាន។ ឧទារហរណ៍ដូចជា យើងមានបញ្ហាផ្នែកគីមីអាហារ អាហារមានផលប៉ះពាល់ដែលមានការប្រើប្រាស់ជាតិគីមី ហើយបើសិនជា យើងជាអ្នកគីមីអត់ដឹង យើងអាចមានសមត្ថភាពក្នុងការស្រាវជ្រាវបាន។ ដូច្នេះយើងក៏មិនអាចជួយអ្វីដល់សង្គមជាតិដែរ»។
មន្រ្តីសមាគមគីមីកម្ពុជាបានឲ្យដឹងថា ប្រទេសកម្ពុជា នៅមានការខ្វះខាតច្រើនលើផ្នែកឧបករណ៍ពិសោធន៍ និងចំណេះដឹងថ្មីៗ ក៏ប៉ុន្តែសមាគមគីមីកម្ពុជានឹងពង្រឹងខ្លួន ដើម្បីបានចូលជាសមាជិកសមាគមគីមីអាស៊ាននៅពេលអនាគត។