សំណុំរឿង ០០៣ របស់ជនជាប់ចោទ គឺលោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម ត្រូវគេជឿថា ទំនងជាត្រូវតម្កល់ទុកមិនចាត់ការ ឬ ទម្លាក់ចោលបទចោទ ឬត្រូវបញ្ជូនទៅសាលាដំបូង តែជួបឧបសគ្គផ្លូវច្បាប់វែងឆ្ងាយដូចសំណុំរឿងបន្ថែមមុនៗ ដែលចៅក្រមជាតិ បន្តនីតិវិធីច្បាប់ដែលស្របនឹងអ្វីដែលរដ្ឋាភិបាលធ្លាប់បញ្ជាក់ជំហរដែលថា មិនចង់ឲ្យដំណើរការសំណុំរឿងទាំងនោះ ដើម្បីជាថ្នូរនឹងសន្តិភាព និងការបង្រួបបង្រួមជាតិ។
ការណ៍នេះលេចឡើងក្រោយពេលដែលចៅក្រមជាតិ៣រូបនិងចៅក្រមអន្តរជាតិ ២ រូបនៃអង្គបុរេជំនុំជម្រះ ដែលមានតួនាទីសម្រេចលើការខ្វែងគំនិតគ្នានេះ មិនអាចមានសំឡេងយ៉ាងតិច ៤ សំឡេងក្នុងចំណោម ៥ រូប ដើម្បីសម្រេចនាំខ្លួនលោក មាស មុត ទៅកាត់ទោស ឬមិនត្រូវបញ្ជូនទៅកាត់ទោសពីបទឧក្រិដ្ឋកម្មអន្តរជាតិនានា ដែលត្រូវចោទប្រកាន់ថា មានការពាក់ព័ន្ធក្នុងរបបខ្មែរក្រហមដែលរងការស្តីបន្ទោសថា បានសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាង ១ លាន ៧ សែននាក់ កាលពីទសវត្សរ៍ ១៩៧០ នោះទេ ទោះជា អង្គបុរេកាលពីសប្តាហ៍មុនបានសម្រេចជាឯកច្ឆន្ទថា ដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេតទាំងពីរខុសច្បាប់ ហើយបិទផ្លូវតវ៉ាក្តី។
លោក Daniel McLaughlin បុគ្គលិកមេធាវីជាន់ខ្ពស់នៃអង្គការមជ្ឈមណ្ឌលសម្រាប់យុត្តិធម៌និងការទទួលខុសត្រូវ (CJA) ក្នុងរដ្ឋកាលីហ្វ័ញ៉ា ដែលជួយពលរដ្ឋខ្មែរ-អាមេរិកាំងជាច្រើននាក់ដាក់ពាក្យបណ្តឹងក្នុងសាលាក្តីខ្មែរក្រហមបានថ្លែងថា សំណុំរឿង ០០៣ នេះ នឹងបញ្ចប់ស្រដៀងគ្នានឹងសំណុំរឿងលោក អោ អាន ឬ សំណុំរឿង ០០៤ ដែរ ព្រោះសហចៅក្រមស៊ើបអង្កេតមានការខ្វែងយោបល់គ្នា គ្មានដំណោះស្រាយហើយដម្កល់សំណុំរឿងនេះទុក។ ជាលទ្ធផល សវនាការកាត់ទោសជនត្រូវចោទ ក្នុងសាលាដំបូងមិនអាចដំណើរការតាមនីតិវិធីពេញលេញបានទេ ដោយគេដឹងថា សាលាដំបូងមិនទទួលស្គាល់ភាគីម្ខាងណាមួយក្នុងការបញ្ជូនសំណុំរឿងនេះទេ។
លោក Daniel និយាយថា៖ «បច្ចុប្បន្ននេះ គ្មានការចង្អុលបង្ហាញថា សំណុំរឿង ០០៣ និងសំណុំរឿងសេសសល់ ០០៤ នឹងបញ្ចប់ទៅតាមរបៀបណាផ្សេងពីរបៀបដូចដែលបានធ្វើក្នុងសំណុំរឿង០០៤ វគ្គ ២ (គឺសំណុំរឿងជនត្រូវចោទ អោ អាន) ហើយដែលស្របតាមសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់រដ្ឋាភិបាលកម្ពុជា ដែលបានអំពាវនាវឲ្យបញ្ឈប់ការស៊ើបអង្កេតសំណុំរឿងទាំងនេះ»។
លោកបានបង្ហាញពីការសោកស្តាយចំពោះការរក្សាភាពស្ងាត់ស្ងៀមរបស់អ.ស.ប. ប្រទេសផ្តល់ជំនួយ និង សាលាក្តីខ្មែរក្រហម ទាក់ទងនឹងអត្ថាធិប្បាយរបស់មេដឹកនាំរដ្ឋាភិបាល ដែលលោកថា ផ្តល់ផលអាក្រក់ពិតប្រាកដចំពោះជនរងគ្រោះដែលមានជំនឿនិងផ្តល់ក្តីសង្ឃឹមលើតុលាការខ្មែរក្រហមដែលពួកគេទុកចិត្តថា នឹងបន្តការងារក្នុងឋាន:ជាស្ថាប័នឯករាជ្យ និងអព្យាក្រិត្យ។
លោកបានបញ្ជាក់ឲ្យដឹងថា សំណុំរឿង០០៤ វគ្គ២ ដែលមានការខ្វែងគំនិតគ្នានេះ បានទម្លាក់បទចោទ ហើយសាលាដំបូងបានសម្រេចបិទបញ្ចប់សំណុំរឿងជនត្រូវចោទ អោ អាន កាលពីខែធ្នូនាំ២០១៩ ដោយសារចៅក្រមអន្តរជាតិបានយល់ស្របទៅនឹងចៅក្រមជាតិក្នុងការចេញសេចក្តីថ្លែងការណ៍រួមបញ្ជាក់ពីជំហររបស់ខ្លួន។ការណ៍យល់ស្របរបស់ចៅក្រមអន្តរជាតិនេះ ត្រូវគេគិតថាទំនងជាមិនទទួលការសហការពីភាគីកម្ពុជាក្នុងការបន្តនីតិវិធី បន្ថែមពីលើការខ្វែងគំនិតគ្នាលើដីកាដំណោះស្រាយ។ ក្រៅពីនេះ លោក McLaughlin ក៏ថ្លែងបន្ថែមដែរថា ដោយសារបញ្ហាកូវីដ១៩ លោកមិនទាន់បានជូនដំណឹងអំពីការសម្រេចរបស់អង្គបុរេជំនុំជម្រះនេះ ប្រាប់ក្រុមជនរងគ្រោះនៅសហរដ្ឋអាមេរិកដែលអង្គការលោកបានជួយផ្នែកច្បាប់នោះទេ។
លោកបន្តថា៖ «ជាចុងបញ្ចប់ នៅក្នុងសេចក្តីសម្រេចចុងក្រោយថ្មីៗបំផុតសម្រាប់សំណុំរឿង០០៣នេះ ទាំងចៅក្រមជាតិនិង ចៅក្រមអន្តរជាតិបានទុកលទ្ធភាពចំហថា ការកាត់ទោសឧក្រិដ្ឋជននានា សម្រាប់ឧក្រិដ្ឋកម្មទាំងឡាយក្នុងសម័យខ្មែរក្រហម អាចធ្វើឡើងដោយប្រព័ន្ធតុលាការជាតិ។ នៅពេលដែលមនុស្សជាច្រើនយល់ព្រមថា ស្ថានភាពកម្ពុជាបច្ចុបន្បន្ននេះមិនសមនឹងធ្វើការកាត់ទោសឧក្រិដ្ឋបែបនេះនោះខ្ញុំគិតថា វាជារឿងសំខាន់ត្រូវកត់សម្គាល់ពីលទ្ធភាពនេះ ដែលអាចជាគោលបំណងដ៏មានសក្តានុពលក្នុងពេលអនាគត ប្រសិនបើវាឆ្លុះបញ្ចាំងពីឆន្ទៈរបស់ជនរងគ្រោះ»។
ទោះជាចៅក្រមនៃអង្គបុរេទាំង៥រូបបានសម្រេចជាឯកច្ឆ័ន្ទថា ដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេតជាតិ និងសហចៅក្រមស៊ើបអង្កេតអន្តរជាតិផ្ទុយគ្នាជាការខុសច្បាប់ និងបិទផ្លូវតវ៉ា ព្រោះច្បាប់តម្រូវថា ដីកាដំណោះស្រាយ ឬដីកានាំខ្លួនទៅកាត់ទោសត្រូវតែចេញរួមគ្នា តែទោះជាយ៉ាងណា អង្គបុរេ ដែលមានចៅក្រមកម្ពុជា៣រូប និង ចៅក្រមអន្តរជាតិ២រូប មានការខ្វែងគំនិតគ្នា ហើយតាមច្បាប់ការខ្វែងគំនិតគ្នាមិនអាចរារាំងដល់ការបញ្ជូនដីកាដំណោះស្រាយទៅកាន់សាលាដំបូងដើម្បីជំនុំជម្រះទោសទេក្នុងពេលដែលគ្មានសំឡេងភាគច្រើនលើសលុប ឬយ៉ាងតិច៤សំឡេងក្នុងចំណោម៥សំឡេងនោះ។
ចៅក្រមជាតិ៣រូបនៃអង្គបុរេសម្រេចថា ដីកាដំណោះស្រាយនៃសំណុំរឿង០០៣នេះនឹងត្រូវដម្កល់ជាបណ្ណសារ នៅសាលាក្តីខ្មែរក្រហម តែចៅក្រមអន្តរជាតិ២រូបនៃអង្គបុរេមានសិទ្ធិបញ្ជូនដីកាដំណោះស្រាយរឿងលោក មាស មុតទៅសាលាដំបូង ក្នុងពេលដែលតុលាការនៅមានសំណុំរឿងខៀវ សំផន ឬ សំណុំរឿង០០២ វគ្គ២ជាបណ្តឹងសារទុក្ខរបស់លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហមដែលត្រូវតុលាការគ្រោងនឹងបើកសវនាការនៅក្នុងខែឧសភាខាងមុខ ហើយគ្រោងនឹងប្រកាសសាលក្រមស្ថាពរនៅចុងឆ្នាំ ២០២២ផង និង សំណុំរឿង០០៤ របស់លោក យឹម ទិត្យ ដែលអង្គបុរេជំនុំជម្រះអាចនឹងសម្រេចនៅត្រីមាសទី ២ ឆ្នាំ ២០២១ នេះ ថាតើត្រូវបញ្ជូនទៅជំនុំជម្រះ ឬក៏ទម្លាក់ចោល។
លោក Peter Maguire សាស្ត្រាចារ្យផ្នែកច្បាប់នៅសកលវិទ្យាល័យអាមេរិក និងជាអ្នកនិពន្ធសៀវភៅអំពីរឿងខ្មែរក្រហម «Facing Death in Cambodia» ឬ ហៅថា«ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា» បានអះអាងថា ការទម្លាក់បទចោទនិងដំណើរការសំណុំរឿងសេសសល់ជានិច្ចកាលគឺជាការសម្រេចចិត្តផ្នែកនយោបាយ មិនមែនតាមផ្លូវច្បាប់ទេ។
លោកថ្លែងថា៖
«អ.ស.ប.អាចសល់លុយច្រើនប្រសិនបើអ.ស.ប ស្តាប់ខ្ញុំ។ កាលពីឆ្នាំ២០១២ ខ្ញុំបានថ្លែងប្រាប់ VOA ថាអស់រយៈពេលជាច្រើនឆ្នាំហើយដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ៗថាសំណុំរឿង០០២របស់មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមគឺជាសំណុំរឿងចុងក្រោយសម្រាប់តុលាការកាត់ទោស»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងថា អ.ស.ប. គួរត្រូវចាកចេញពីកម្ពុជាតាំងពីពេលដែលចៅក្រមកម្ពុជាមិនចូលរួមស៊ើបអង្កេតសំណុំរឿងបន្ថែមម៉្លេះ។ សំណុំរឿងបន្ថែមដែលរដ្ឋាភិបាលកម្ពុជាជំទាស់ទាំងនោះ រួមទាំងសំណុំរឿងរបស់លោក មាស មុតផងដែរ ។ អ.ស.ប និងក្រុមសិទ្ធិមនុស្សមិនគួរប្រឹងប្រែងតតាំងនោះទេ។
«នៅពេលក្រុមចៅក្រមកម្ពុជាបដិសេធមិនស៊ើបអង្កេតសំណុំរឿងថ្មីបន្ថែមទាំងនេះ ហើយដីកាចាប់ខ្លួនមានការអនុវត្តកាន់តែតិចទៅនោះអ.ស.ប គួរបញ្ចប់សំណុំរឿងដែលកំពុងមាន ហើយប្រកាសកាលបរិច្ឆេទចាកចេញ»។
មេដឹកនាំនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសថា មិនចង់ឃើញដំណើរការស៊ើបអង្កេតបន្ថែមលើសំណុំរឿងណាក្រៅពីមេដឹកនាំជាន់ខ្ពស់ក្នុងសំណុំរឿង ០០១ សំណុំរឿង ០០២ ដែលមានកាំង ហ្កេចអ៊ាវ ហៅ ឌុច ប្រធានគុកទួលស្លែង ស ២១ និង មេដឹកនាំជាន់ខ្ពស់នួន ជា និង ខៀវ សំផនតែប៉ុណ្ណោះ ។
ក្រុមមេដឹកនាំកម្ពុជាថា សុខចិត្តឲ្យសាលាក្តីខ្មែរក្រហមរលាយ តែមិនចង់ឃើញដំណើរការស៊ើបអង្កេតនិងកាត់ទោសជនសង្ស័យក្នុងសំណុំរឿងបន្ថែម ០០៣ និង ០០៤ ដែលជាអតីតកម្មាភិបាលថ្នាក់កណ្តាលចំនួន ៥ នាក់ទៀតនោះទេ ដោយលោកលើកហេតុផលថា កម្ពុជាត្រូវការសុខសន្តិភាព និងការបង្រួបបង្រួមជាតិ និងការរក្សាការសន្យាពីការមិនយកទោសពៃរ៍ ក្រោយពេលកងទ័ពខ្មែរក្រហមបានចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ តាំងពីខែសីហាឆ្នាំ ១៩៩៦ ដល់ឆ្នាំ ១៩៩៩ ដើម្បីបញ្ចប់សង្គ្រាម។
សាលាក្តីខ្មែរក្រហមបានបង្ហាញការខ្វែងគំនិតគ្នារវាងសហចៅក្រមស៊ើបអង្កេតជាតិនិងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ចៅក្រមជាតិ និងចៅក្រមអន្តរជាតិនៅក្នុងអង្គបុរេជំនុំជម្រះ ហើយនឹងសហព្រះរាជអាជ្ញាជាតិនិងសហព្រះរាជអាជ្ញាអន្តរជាតិ ចៅក្រមសាលាដំបូងជាតិ និងអន្តរជាតិសឹងតែគ្រប់ករណីទៅតាមច្បាប់និងកិច្ចព្រមព្រៀងដែលបានចែងដែលក្នុងនោះមានសំណុំរឿងលោក មាស មុត ផងដែរ។
ភាគីជាតិយល់ថា លោកមាស មុត មិនមែនជាជនទទួលខុសត្រូវខ្ពស់បំផុត និង ជាមេដឹកនាំខ្ពស់បំផុតដែលស្ថិតនៅក្នុងដែនយុត្តាធិការសាលាក្តីទេ ដូច្នេះ ភាគីជាតិសម្រេចជំទាស់នឹងដីកាដំណោះស្រាយ ដែលចៅក្រមស៊ើបអង្កេតអន្តរជាតិបញ្ជូនទៅអង្គជំនុំជម្រះសាលាដំបូង។
តែភាគីអន្តរជាតិវិញយល់ថា លោកមាស មុតជាជនទទួលខុសត្រូវខ្ពស់បំផុតម្នាក់ ដែលត្រូវចោទពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយនឹងឧក្រិដ្ឋកម្មអន្តរជាតិមួយចំនួនទៀតទោះជាចៅក្រមទាំងអស់នៃអង្គបុរជំនុំជម្រះបានសម្រេចជាឯកច្ឆ័ន្ទថា ការចេញដីកាដំណោះស្រាយពីរ ដែលផ្ទុយគ្នារបស់សហចៅក្រមស៊ើបអង្កេត គឺជាការខុសច្បាប់ ដោយរំលោភទៅលើក្របខណ្ឌគតិយុត្តរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហើយបើអនុលោមតាមវិធាន៧៧(១៣)នៃវិធានផ្ទៃក្នុង សេចក្តីសម្រេចនេះបិទផ្លូវតវ៉ា។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានអះអាងថា លោកមិនមានអត្ថាធិប្បាយបន្ថែមនោះទេចំពោះរឿងនេះ។
«បាទខ្ញុំសុំមិនធ្វើអត្ថាធិប្បាយបន្ថែមទៅលើអ្វីដែលជាសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះទៅលើសំណុំរឿង០០៣របស់លោក មាស មុតទេ ហើយក៏មិនមានអ្វីបន្ថែមទៅលើសេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិដែលពាក់ព័ន្ធជាមួយនឹងគោលជំហររបស់ពួកគាត់លើសំណុំរឿង០០៣ដែរ។ សូមពិនិត្យមើលបន្ថែមទៅលើសេចក្តីថ្លែងការណ៍របស់ពួកគាត់»។
លោក មាស មុត ធ្លាប់អះអាងនៅពេល VOA ធ្វើបទសម្ភាសន៍ជាច្រើនលើកកាលពីឆ្នាំថ្មីៗនេះថា លោកគ្មានតួនាទីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដូចការចោទប្រកាន់ដោយចៅក្រម និងព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហមនោះទេ ព្រោះលោកជាទាហានដែលមានភារកិច្ចត្រឹមការពារទឹកដី និងប្រជាជនក្នុងពេលសង្គ្រាម។ លោកបានថ្លែងប្រាប់ VOA តាមទូស័ព្ទបន្ថែមនៅចុងសប្តាហ៍មុនថា លោកមិនទាន់បានទទួលដំណឹងអំពីការសម្រេចចុងក្រោយរបស់អង្គបុរេដែលបិទផ្លូវតវ៉ាលើដីកាដំណោះស្រាយ មិនឲ្យបញ្ជូនសំណុំរឿងលោកទៅជំនុំជម្រះទោសនោះទេ។
តែបន្ថែមពីលើចៅក្រមអន្តរជាតិ ព្រះរាជអាជ្ញាអន្តរជាតិបានចាត់ទុកថា សេចក្តីពិចារណាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយរបស់អង្គបុរេជំនុំជម្រះនេះមិនបានទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងលោកមាស មុតនោះឡើយ ហើយអង្គបុរេក៏មិនបានសម្រេចឲ្យបញ្ឈប់រឿងក្តីនេះ មិនឲ្យបន្តទៅជំនុំជម្រះដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន សហព្រះរាជអាជ្ញាអន្តរជាតិបានបញ្ជាក់ថា អង្គជំនុំជម្រះសាលាដំបូងត្រូវទទួលយកដីកាបញ្ជូនរឿងទៅជំនុំជម្រះមកពិនិត្យ ហើយសំណុំរឿង០០៣ ត្រូវតែបន្តទៅជំនុំជម្រះ។
«ដើម្បីអនុវត្តសេចក្តីសម្រេចតាមព្រឹត្តន័យជាឯកច្ឆ័ន្ទរបស់អង្គបុរេជំនុំជម្រះ ដែលថា ដីកាបញ្ជូនរឿងទៅជំនុំជម្រះមានសុពលភាព សហព្រះរាជអាជ្ញានឹងស្នើសុំឲ្យសហចៅក្រមស៊ើបអង្កេត ដែលទទួលបានការជូនដំណឹងអំពីសេចក្តីពិចារណានេះ បំពេញកិច្ចអនុលោមតាមវិធានផ្ទៃក្នុង និងបញ្ជូនសំណុំរឿងនេះទៅអង្គជំនុំជម្រះសាលាដំបូងដើម្បីចាប់ផ្តើមការជំនុំជម្រះមាស មុត ដោយកត់សម្គាល់ផងដែរថា វិធានផ្ទៃក្នុងអនុញ្ញាតឲ្យចៅក្រមម្នាក់បំពេញកិច្ចការស្របច្បាប់តែម្នាក់ឯងដើម្បីបញ្ជូនសំណុំរឿងនេះ និងប្តឹងទៅអង្គជំនុំជម្រះសាលាដំបូងឲ្យទទួលយករឿងក្តីមកពិនិត្យ»។
សេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិផ្ទុយពីសហព្រះរាជអាជ្ញាជាតិ ដែលចង់ឃើញសំណុំរឿងលោក មាស មុតត្រូវដម្កល់ជាបណ្ណសារ ដូចក្រុមចៅក្រមកម្ពុជាដទៃទៀតផងដែរ ដែលថាលោក មាស មុត មិនមែនជនដែលទទួលខុសត្រូវខ្ពស់បំផុត និងមិនមែនជាមេដឹកនាំកំពូលដែលត្រូវនាំខ្លួនទៅជំនុំជម្រះទោសទេ។
លោកបណ្ឌិតអៀ សុផល សាស្ត្រាចារ្យនៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក ផ្នែកការទូតនិងកិច្ចការសកល និងជាជនរងគ្រោះម្នាក់នៃសម័យខ្មែរក្រហមផងនោះ បានបង្ហាញពីឥទ្ធិពលនយោបាយលើសាលាក្តីខ្មែរក្រហមដែរ។
«ចៅក្រមកម្ពុជានៃសាលាក្តីខ្មែរក្រហមធ្វើទៅតាមអ្វីដែលគេប្រាប់ តែជនរងគ្រោះមិនត្រូវទទួលយក មិនត្រូវអភ័យទោស មិនត្រូវបំភ្លេចទេ។ សាលាក្តីនេះនឹងមិនផ្តល់យុត្តិធម៌នៅក្នុងឆាកជីវិតនេះ តែយុត្តិធម៌សម្រាប់កម្មពៀរនឹងមានជានិច្ចនៅទីនោះ»។
លោក សុផល បានអះអាងថា សាលាក្តីនេះនឹងប៉ះទង្គិចដល់កេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងការធ្វើនីតិវិធីលើសំណុំរឿងជនជាប់ចោទនៅសេសសល់ចុងក្រោយ។
«ជាការណ៍ពិត តុលាការមិនទាំងបានដំណើរការកាត់ទោសមេបញ្ជាការទាហានជើងទឹកខ្មែរក្រហមផង។ ហើយនៅពេលដែលក្រុមឃាតករជាច្រើនរួចពីការកាត់ទោស នោះ វាជារឿងអាក្រក់ចំពោះបទដ្ឋានយុត្តិធម៌អន្តរជាតិនិងការទទួលខុសត្រូវ»។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានកត់សម្គាល់ឃើញថា ក្រោយពីការដាក់ទោសទណ្ឌដល់មេដឹកនាំខ្មែរក្រហមកំពូលៗខ្លះនិងអ្នកទទួលខុសត្រូវខ្ពស់បំផុតផងនោះ ប្រជាពលរដ្ឋបានរសាយចិត្តហើយកំណត់យុត្តិធម៌ដែលតុលាការរកបាននេះរួចទៅហើយ តែលោកថា អ្វីដែលនៅសេសសល់តើតុលាការត្រូវបញ្ចប់ដំណើរការតុលាការយ៉ាងដូចម្តេច។
«ហើយខ្ញុំគិតថា តុលាការបានប្រឹងប្រែងអស់លទ្ធភាព មានគុណសម្បត្តិច្រើនក្នុងការធ្វើការដំណើរការដ៏លំបាកនេះ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាព ជួបប្រទះព្យុះភ្លៀង ផ្គរ ការទិតៀន ការសាទរហ្នឹងក៏ច្រើនដែរ។ ខ្ញុំគិតថា យើងបានប្រឹងប្រែងអស់ពីលទ្ធភាព ។ ហើយអ្វីដែលសំខាន់ហ្នឹង ចេតនារបស់តុលាការហ្នឹងវាក៏ជាមេរៀនសម្រាប់យើង ជាពិសេសអ្នកដែលរស់រានមានជីវិតដល់ទៅជាង៥លាននាក់ និងកូនចៅដែលកំពុងរស់នៅសព្វថ្ងៃនេះ ថា តើយើងបន្តស្វែងរកយុត្តិធម៌ដ៏លំបាកនេះតាមវិធីណាទៀត»។
លោកឆាំង យុ បានអះអាងថា ពលរដ្ឋកម្ពុជា បានឃើញការបង្រៀនប្រវត្តិសាស្ត្រនៅក្នុងកម្មវិធីសិក្សា បានធ្វើចេតិយដើម្បីរំឭកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ និងកម្មវិធីផ្សេងៗទៀតហើយដែលផ្នែកនេះលោកចាត់ទុកថា តុលាការបានធ្វើកិច្ចការសមហេតុផលហើយដែរ៕