សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកកំពុងតែធ្វើយុទ្ធនាការ ដើម្បីជំរុញឱ្យជនរួមជាតិបញ្ចុះបញ្ចូលអ្នកតំណាងរាស្ត្ររបស់ខ្លួននៅតាមមណ្ឌលនានាគាំទ្រសេចក្តីសម្រេចចិត្តមួយ ដែលអំពាវនាវឱ្យមានការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។
លោកស្រី រ៉ានី លូស្ហីនស្គី ដែលជាសកម្មជនសហគមន៍មួយបានប្រកាសប្រាប់ដល់សមាជិកអ្នកគាំទ្រដែលបានមកជួបជុំគ្នាក្នុងកម្មវិធីមួយក្នុងភោជនីយដ្ឋាន Havest Moon កាលពីយប់ថ្ងៃពុធសប្តាហ៍មុនថា៖
«ខ្ញុំដឹងថា មានសេចក្តីសម្រេចចិត្តមួយដែលអ្នកតំណាងរាស្រ្ត Lowenthal និង Chabot សរសេរឡើងដើម្បីឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។ សេចក្តីសម្រេចចិត្តនេះបានដាក់ទៅហើយដើម្បីឱ្យអ្នកតំណាងរាស្ត្រគាំទ្រ។ សេចក្តីសម្រេចចិត្តនេះមានឈ្មោះថា HR 728។ ដូច្នេះខ្ញុំសូមឱ្យបងប្អូនយើងទាំងអស់គ្នាសូមទូរស័ព្ទទៅអ្នកតំណាងរាស្ត្ររបស់លោកគាំទ្រសេចក្តីសម្រេចចិត្តលេខ HR 728 ដើម្បីគាំទ្រឱ្យមានការបោះឆ្នោតដោយសេរីនៅកម្ពុជា»។
សេចក្តីសម្រេចចិត្តនេះត្រូវបានស្នើឡើងដោយលោក Alan Lowenthal អ្នកតំណាងរាស្ត្រមកពីរដ្ឋកាលីហ្វញ៉ា និងលោក Matt Salmon អ្នកតំណាងរាស្ត្រមកពីរដ្ឋអារីហ្សូណាកាលពីខែឧសភា។ សេចក្តីសម្រេចចិត្តនេះទទួលបានការគាំទ្រពីលោក Ed Royce ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាតិ អ្នកតំណាងរាស្រ្ត Eliot Engel អ្នកតំណាងរាស្រ្ត Niki Tsongas និងលោក Steve Chabot ដែលជាសហប្រធាននៃក្រុមសមាជិកសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកម្ពុជា។
លោក ព្រហ្ម សៅរ៍ណូរ៉ា ប្រធានកិត្តិយសនៃអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំង (CAA) ក៏កំពុងធ្វើសកម្មភាពបញ្ចុះបញ្ចូលដល់បណ្តាញរបស់អង្គការនេះផងដែរ។ ក្រុមរបស់លោកត្រូវជំនះនឹងបញ្ហាប្រឈមមួយចំនួនដោយការពន្យល់ដល់ពលរដ្ឋខ្មែរអាមេរិកាំងខ្លះ ដែលមានសមានចិត្តចង់ជួយ ប៉ុន្តែមិនដឹងត្រូវទាក់ទងតំណាងរាស្រ្តរបស់ពួកគេដោយវិធីណា។
លោក សៅរ៍ ណូរ៉ា បានបញ្ជាក់ប្រាប់ VOA ថា៖
«ចំណោទខ្មែរយើងហ្នឹង គឺគាត់អត់រវីរវល់ជួបជាមួយនឹងតំណាងរាស្រ្តរបស់គាត់។ តាំងពី CAA យើងបង្កើតមក យើងណែនាំគាត់ឱ្យដឹងពីប្រយោជន៍របស់តំណាងរាស្រ្តគាត់ ពីព្រោះយើងដឹងហើយកាលពីឆ្នាំ១៩៧០ លោកប្រធានាធិបតី និចសុន គាត់បានឱ្យជំនួយទៅសាធារណរដ្ឋខ្មែរ។ ប៉ុន្តែសភាទេជាអ្នកកាត់ជំនួយហ្នឹង។ ដូច្នេះហើយគាត់មិនយល់ត្រង់ហ្នឹង។ គាត់មិនយល់ថា សភាគឺជាអង្គការធំជាងគេបំផុតដូច្នេះហើយគាត់ត្រូវតែទាក់ទងជាមួយ ហើយគាត់ចង់បាននេះចង់បាននោះ។ ប៉ុន្តែគាត់អត់ដឹងថា តើធ្វើយ៉ាងម៉េចហើយដល់ពេលឥឡូវនេះ សេចក្តីសម្រេច 728 ហ្នឹងគាត់ចង់ជួយណាស់ ប៉ុន្តែគាត់អត់ដឹងថាធ្វើយ៉ាងម៉េច»។
លោក សៅរ៍ ណូរ៉ា បានចេញជាការណែនាំមួយសម្រាប់សមាជិកសហគមន៍ទាក់ទងអ្នកតំណាងរាស្រ្តរបស់ខ្លួនតាមរយៈការចូលទៅគេហទំព័រដែលមានអាសយដ្ឋាន៖www.house.gov/representatives/find បន្ទាប់មកវាយលេខកូដប្រៃសណីយ៍លំនៅដ្ឋានផ្ទាល់ខ្លួនពេលនោះគេហទំព័រនេះ នឹងបង្ហាញឈ្មោះ និងលេខទំនាក់ទំនងសមាជិកសភានៅមណ្ឌលនោះ ហើយពួកគេអាចទូរស័ព្ទប្រាប់អ្នកតំណាងរាស្រ្តបាន។
លោក សៅរ៍ ណូរ៉ា បន្ថែមទៀតថា ផលប្រយោជន៍ដែលបានពីសេចក្តីសម្រេចចិត្តនេះគឺសម្រាប់ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជាច្រើន ជាងអ្នកនៅសហរដ្ឋអាមេរិក។
«រឿងសំខាន់ៗគឺបងប្អូនដែលនៅស្រុកខ្មែរសព្វថ្ងៃកំពុងតែរងសម្ពាធពីរដ្ឋាភិបាលដែលធ្វើផ្គរ ធ្វើភ្លៀងស្រេចនឹងចិត្ត ហើយច្បាប់ដូចជាច្បាប់កៅស៊ូ យឺតចុះយឺតឡើងស្រេចតែនឹងចិត្តម្ល៉ោះ ហើយគេថាយ៉ាងម៉េចក៏បាន។ ដូច្នេះហើយនេះជារឿងសំខាន់។ បើសិនជាយើងកែចំណុចនេះបាន គឺច្បាប់កុំឱ្យយឺតដូចកៅស៊ូនោះ វាមានសន្តិភាពនៅក្នុងស្រុកយើងមានការរីកចម្រើន»។
សេចក្តីសម្រេចចិត្តនេះក៏ថ្កោលទោសរាល់ទម្រង់ហិង្សានយោបាយក្នុងប្រទេសកម្ពុជា និងទទូចសុំឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការរំលោភសិទ្ធិមនុស្ស និងអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិពលរដ្ឋក្នុងការជួបប្រជុំដោយសេរី ការតវ៉ា ការនិយាយរិះគន់រដ្ឋាភិបាលគាំទ្រដល់កំណែទម្រង់ការបោះឆ្នោតក្នុងប្រទេសកម្ពុជា និងការបោះឆ្នោតដោយសេរីក្នុងឆ្នាំ២០១៨ ដោយមានការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍អន្តរជាតិ បញ្ឈប់រាល់ការយាយីអ្នកនយោបាយបក្សប្រឆាំង និងទម្លាក់ចោលការចោទប្រកាន់ ដែលមានលក្ខណៈនយោបាយប្រឆាំងនឹងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងជាដើម។
លោក Alan Lowenthal បានថ្លែងប្រាប់ដល់បាតុករខ្មែរអាមេរិកាំងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា៖
«ខ្ញុំត្រូវការការគាំទ្រពីអ្នកទាំងអស់គ្នាក្នុងការសុំសហការីជាអ្នកតំណាងរាស្រ្តរបស់ខ្ញុំនៅក្នុងសភា ដើម្បីចូលរួមគាំទ្រសេចក្តីសម្រេចចិត្តនេះ។ បើកាលណាយើងទទួលបានការគាំទ្រខ្លាំង យើងនឹងមានកម្លាំងខ្លាំងក្លានៅក្នុងសភា ដើម្បីអនុម័តសេចក្តីសម្រេចចិត្តនេះ និងដើម្បីបង្ហាញថា សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំងដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងប្រទេសកម្ពុជា ដែលពេលបច្ចុប្បន្ននេះមិនមានទេ»។
សេចក្តីសម្រេចចិត្តនេះត្រូវការការគាំទ្រពីអ្នកតំណាងរាស្រ្តចំនួន៥៥នាក់ពីក្នុងចំណោមអ្នកតំណាងរាស្ត្រសរុបទាំង៤៣៥នាក់របស់រដ្ឋសភាសហរដ្ឋអាមេរិក ដើម្បីចូលជាធរមាន ដែលនឹងមានសុពលភាពឱ្យក្រសួងការបរទេសសហរដ្ឋអាមេរិកត្រូវអនុវត្តតាមខ្លឹមសារដែលមាននៅក្នុងសេចក្តីសម្រេចចិត្តនេះ៕