ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំនេះបានប៉ះពាល់ដល់សហគមន៍អាមេរិកាំងនានាជាងពេលណាទាំងអស់ដោយខណ្ឌចែកពួកគេទៅតាមបេក្ខជននិងគណបក្សដែលពួកគេស្រឡាញ់គាំទ្រនិងបានបង្កឲ្យមានការព្រួយបារម្ភពីអនាគតនៃប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។
លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ត្រូវបានគេព្យាករថាលោក Joe Bidenដែលមកពីគណបក្សប្រជាធិបតេយ្យនឹងគ្រប់គ្រងសេតវិមាន។ លទ្ធផលឆ្នោតបឋមបង្ហាញថាលោកបៃដិនទទួលបានអង្គបោះឆ្នោតចំនួន៣០៦ទល់នឹង២៣២ដែលលោកប្រធានាធិបតីDonald Trumpនៃគណបក្សសាធារណរដ្ឋទទួលបាន។ បេក្ខជននីមួយៗត្រូវការអង្គបោះឆ្នោតចំនួន២៧០រូបដើម្បីឈ្នះតំណែងប្រធានាធិបតី។
ប៉ុន្តែលោកប្រធានាធិបតីDonald Trumpមិនព្រមសារភាពចុះចាញ់ដោយប្រើប្រាស់វិធីសាស្ត្រជាច្រើនដែលមានដូចជាប្តឹងផ្តល់ទៅតុលាការចោទប្រកាន់ថាការបោះឆ្នោតមានការគៃបន្លំទាមទារឲ្យផ្អាកការប្រកាសលទ្ធផលឆ្នោតផ្លូវការនិងកោះហៅថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនៅតាមរដ្ឋដែលលោកចាញ់មកជួបដើម្បីឲ្យពួកគេជ្រើសរើសអង្គបោះឆ្នោតណាដែលគាំទ្រលោកវិញជាដើម។
សហគមន៍ខ្មែរ-អាមេរិកាំងមានទំហំតូចបើប្រៀបធៀបនឹងសហគមន៍អាស៊ីដទៃទៀតប៉ុន្តែនិន្នាការគាំទ្របេក្ខជនដែលពួកគេស្រឡាញ់តាមបន្ទាត់គណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋក៏បានទាញពួកគេឲ្យឃ្លាតគ្នាផងដែរ។ នេះបើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំសហគមន៍ខ្មែរ។
នៅក្នុងកិច្ចពិភាក្សាតាមបណ្តាញសង្គមប្រចាំសប្តាហ៍ដែលរៀបចំដោយមជ្ឈមណ្ឌលអារ្យធម៌ ខ្មែរ (Cambodia Civilization Center - CCC) និងក្រុមប្រឹក្សាខ្មែរពិភពលោក (Cambodia World Council -CWC)កាលពីថ្ងៃអាទិត្យកន្លងទៅនេះសមាជិកសហគមន៍ខ្មែរអាមេរិកាំងខ្លះបង្ហាញការអាក់អន់ស្រពន់ចិត្តនឹងលទ្ធផលឆ្នោតអ្នកខ្លះសម្តែងការព្រួយបារម្ភនឹងអនាគតប្រជាធិបតេយ្យអាមេរិកាំងនិងអ្នកខ្លះបានទាញរកចំណុចរួមដើម្បីផ្សះផ្សាការខ្វែងគំនិតគ្នា។
លោក ហុង ស៊ីវ ប្រធានសមាគមអង្គរដែលនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនងឿងឆ្ងល់និងចម្លែកក្នុងចិត្តដែលមិនធ្លាប់ឃើញព្រឹត្តិការណ៍ដូចការបោះឆ្នោតលើកនេះ។
លោកហុង ស៊ីវ បានថ្លែងថា៖ «ចម្លែកដោយសារប្រឆាំងនឹងគ្នាដោយសារបញ្ហាគណបក្សដល់អីចឹងទៅខ្ញុំឃើញវាប៉ះពាល់ដល់បញ្ហានយោបាយដោយសារម្នាក់ៗចង់ឈ្នះគណបក្សរៀងៗខ្លួនខ្លាំងពេក។ ខ្ញុំយល់ឃើញថាអីចឹង។ កាលពីដើមស្រុកអាមេរិកគេឈ្លោះគ្នាយ៉ាងណាក៏ដោយពេលបោះឆ្នោតតែទីបំផុតគេរាប់អានគ្នាគេដោះស្រាយបញ្ហាជាតិគឺនយោបាយគេដើរផ្លូវជាមួយគ្នា។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំនេះខ្ញុំមើលឃើញដូចជាខុសប្លែកពី៤០ឆ្នាំមុនខ្លាំងណាស់។ អីចឹងខ្ញុំគ្រាន់តែសង្កេតឃើញក្នុងពិភពលោកក៏ដោយក្នុងសង្គមយើងនេះក៏ដោយហាក់ដូចជាមានការព្រួយបារម្ភជ្រួលច្របល់នឹងបញ្ហាប្រជាធិបតេយ្យនិងសាធារណរដ្ឋ»។
លោក នាថបណ្ឌិតតាកែវ ឫទ្ធិពល ប្រធានមហាសន្និបាតកំពូលខ្មែរឯនាយសមុទ្រ យល់ឃើញថាដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយត្រឹមត្រូវដោយសារតែសូម្បីនៅរដ្ឋចរចាដែលលេខាធិការរដ្ឋទទួលបន្ទុករៀបចំការបោះឆ្នោតមកពីខាងគណបក្សសាធារណរដ្ឋគឺលទ្ធផលបានទៅលោកJoe Biden។
វិធីដឹកនាំតាមលក្ខណៈអត្តនោម័តរបស់លោកប្រធានាធិបតីត្រាំធ្វើឲ្យពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនងាកមកគាំទ្រលោកបៃដិនវិញរីឯខ្មែរមួយចំនួនបន្តគាំទ្រគណបក្សសាធារណរដ្ឋដោយសារគុណបំណាច់ក្នុងពេលអតីតកាលដោយមិនសំឡឹងលើបុគ្គលថ្នាក់ដឹកនាំទេ។ នេះបើតាមការលើកឡើងរបស់លោកឫទ្ធិពល។
បន្ថែមលើនេះបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះនិងការរាតត្បាតជំងឺកូវីដ១៩ត្រូវបានក្រុមគណបក្សប្រជាធិបតេយ្យស្តីបន្ទោសលើការដឹកនាំរបស់លោកប្រធានាធិបតីត្រាំ។ អត្រាអ្នកគ្មានការងារធ្វើបានឡើងដល់១៤,៧ភាគរយក្នុងខែមេសាដែលជាចំណុចខ្ពស់បំផុតក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ១៩។រីឯពលរដ្ឋអាមេរិកាំងដែលស្លាប់ដោយជំងឺនេះមានរហូតដល់ជាង២៣ម៉ឺននាក់នៅមុនថ្ងៃពលរដ្ឋទៅបោះឆ្នោត។ នេះបើតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
លោកឫទ្ធិពលបានបញ្ជាក់បន្ថែមប្រាប់វីអូអេថា៖ «អស់លោកខ្មែរដទៃទៀតដែលលោកជួយខាងប្រជាធិបតេយ្យស្រាប់ក៏លោកបោះឆ្នោតជូនខាងប្រជាធិបតេយ្យហើយអស់លោកខ្លះដែលលោកចុះឈ្មោះជាគណបក្សសាធារណរដ្ឋក៏ងាកមកជួយលោកJoe Bidenនិងលោកស្រីខាម៉ាឡា ហារីស។ មានតែខ្មែរយើងជឿជាក់លើគណបក្សសាធារណរដ្ឋទេដែលបន្តបោះឆ្នោតឲ្យលោកប្រធានាធិបតីត្រាំដោយសារយល់ថាគណបក្សសាធារណរដ្ឋធ្លាប់ជួយអស់លោកចេញពីជំរំខៅអ៊ីដាងក្នុងឆ្នាំ១៩៨០ជាដើម»។
សហគមន៍ខ្មែរ-អាមេរិកាំងមានសមាជិកប្រហែលជាង៣៣ម៉ឺននាក់។ នេះបើតាមស្ថិតិចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវ Pew ក្នុងឆ្នាំ២០១៥។ ពួកគេភាគច្រើនគឺជាជនភៀសខ្លួនដែលបានមកតាំងទីលំនៅក្រោយការដួលរលំរបបកុម្មុយនីស្តខ្មែរក្រហមក្នុងឆ្នាំ១៩៧៩។
លោក ត្រឹង ម៉ាននរិន នាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានទទួលស្គាល់ថាសហគមន៍ខ្មែរអាមេរិកាំងបានបែកបាក់គ្នាដោយសារតែការគាំទ្របេក្ខជនរៀងៗខ្លួនហើយលោកស្នើថាពេលវេលាបោះឆ្នោតបានកន្លងផុតទៅហើយដូច្នេះជាពេលដែលសហគមន៍ត្រូវត្រឡប់មករួបរួមគ្នាវិញ។
លោកបានថ្លែងប្រាប់អ្នកចូលរួមតាមប្រព័ន្ធZoomក្នុងកិច្ចពិភាក្សាថា៖«បងប្អូនខ្មែរយើងមាននិន្នាការខុសគ្នារឿងនយោបាយនៅសហរដ្ឋអាមេរិកហ្នឹង។ ខ្លះក៏គាំទ្រខាងប្រជាធិបតេយ្យខ្លះក៏គាំទ្រខាងសាធារណរដ្ឋទៅ។ នេះជាសិទ្ធិរបស់បងប្អូនយើងម្នាក់ៗហេតុដូច្នោះហើយយើងមិនចាំបាច់ដោយសារតែរឿងបោះឆ្នោតនៅស្រុកអាមេរិកហើយខ្មែរគ្នាយើងទាស់គ្នានេះគឺមិនគួរសោះ។ យើងខុសគ្នាតែទស្សនៈនយោបាយទេប៉ុន្តែមិនបណ្តោយឲ្យទស្សនៈនយោបាយខុសគ្នាហើយយើងបែរជាមកខុសគ្នាមែនទែននោះមិនមែនជាការគួរសម»។
លោក មារិទ្ធិ ឆង ដែលជាចាស់ទុំមួយរូបនៅក្នុងក្រុមនិងជាប្រធានកិត្តិយនៃមហាសន្និបាតកំពូលខ្មែរឯនាយសមុទ្របានស្នើឲ្យរក្សាភាពស្ងប់ស្ងាត់ដោយមិនត្រូវជ្រួលច្របល់ហួសហេតុពេកពីស្ថានភាពក្នុងប្រទេសនិងយន្តការដែលមានសម្រាប់ដោះស្រាយការខ្វែងទស្សនៈគ្នារបស់អ្នកនយោបាយ។
លោកបានបញ្ជាក់ថា៖«យើងឃើញហើយថាអន្តរជាតិជាច្រើនបានទទួលស្គាល់លោកបៃដិនជាប្រធានាធិបតីជាប់ឆ្នោតហើយប៉ុន្តែលោកត្រាំមិនទទួលស្គាល់ដោយសារការយឺតយ៉ាវក្នុងការរាប់សន្លឹកឆ្នោតហ្នឹងឥឡូវនេះកំពុងតែពិនិត្យមើល។ តើរឿងហេតុអីបានជាពិនិត្យ? ហើយមានកំហុសអ្វីខ្លះ? គឺយើងនឹងបានដឹងឮនៅថ្ងៃក្រោយទៀត។ ដូច្នេះខ្ញុំមានតែប៉ុណ្ណឹងទេសូមបងប្អូនរក្សាចិត្តឲ្យនឹងនកុំឲ្យលឿនស្លេវពេកចាំមើលស្ថានការណ៍»។
ពលរដ្ឋខ្មែរ-អាមរិកាំងនៅតាមបណ្តារដ្ឋនានាបានបោះឆ្នោតទៅតាមការចង់បានរបស់គេទៅតាមផលប្រយោជន៍ដែលគេបានទទួលផ្ទាល់ខ្លួននិងសម្រាប់សហគមន៍ឬសម្រាប់ប្រទេសកំណើតពីបេក្ខជនប្រធានាធិបតីឬគណបក្សដែលគេស្រឡាញ់ចូលចិត្ត។ ពលរដ្ឋទាំងនោះបានអះអាងពីបេក្ខជនដែលគេស្រឡាញ់ចូលចិត្តថាល្អជាងបេក្ខជនមួយទៀត។ អ្នកខ្លះទៀតបានចូលរួមឃោសនាឲ្យបេក្ខជនរបស់គេដោយផ្ទាល់។
ការរាប់សន្លឹកឆ្នោតនៅឆ្នាំនេះមានភាពយឺតយ៉ាវដោយសារតែចំនួនអ្នកបោះឆ្នោតមុនថ្ងៃកំណត់មានរហូតដល់ជាង១០០លាននាក់ដោយអ្នកខ្លះបានបោះតាមប្រៃសណីយ៍ដើម្បីជៀសវាងការឆ្លងវីរុសកូរ៉ូណានិងអ្នកខ្លះទៀតមកបោះផ្ទាល់ប៉ុន្តែសន្លឹកឆ្នោតរបស់ពួកគេត្រូវរាប់ក្រោយអ្នកដែលមកបោះផ្ទាល់នៅថ្ងៃបោះឆ្នោត។
ចំនួនភាគរយអ្នកចេញមកបោះឆ្នោតគឺខ្ពស់បំផុតក្នុងរយៈពេលជាង១០០ឆ្នាំមកនេះ។ លោកJoe Bidenប្រធានាធិបតីជាប់ឆ្នោតនិងលោកស្រីខាម៉ាឡា ហារីសអនុប្រធានាធិបតីជាប់ឆ្នោតទទួលបានសំឡេងជាង៨០លានដែលជាចំនួនច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។
ការបន្តបដិសេធរបស់លោកត្រាំបានបណ្តាលឲ្យមន្ត្រីគណបក្សសាធារណរដ្ឋជាបន្តបន្ទាប់ទទូចឲ្យលោកចាប់ផ្តើមផ្ទេរអំណាចជាបន្ទាន់ដោយរលូន។ បន្ថែមលើនោះមានអតីតមន្ត្រីសន្តិសុខជាង១០០នាក់ដែលធ្លាប់ធ្វើការឲ្យប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋចំនួន៤រូបដែលក្នុងនោះមានរដ្ឋបាលលោកត្រាំផងដែរបានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយចាត់ទុកថាការបដិសេធរបស់លោកត្រាំមិនព្រមចុះចាញ់និងផ្ទេរអំណាចដោយត្រឹមត្រូវទេនឹង«នាំឲ្យមានការគំរាមកំហែងធ្ងន់ធ្ងរ»ដល់ដំណើរការប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក៏បានព្រួយបារម្ភដែរពីតួនាទីរបស់សហរដ្ឋអាមេរិកក្នុងពេលអនាគត។
លោកបានបញ្ជាក់ប្រាប់វីអូអេថា៖«ទៅថ្ងៃក្រោយជាពិសេសពួកអាមេរិកាំងទៅប្រាប់ជនផ្តាច់ការដែលបន្លំសន្លឹកឆ្នោតថាអ្នកឯងបន្លំសន្លឹកឆ្នោតបោះឆ្នោតមិនត្រឹមត្រូវពេលនោះគេយកសកម្មភាពអាមេរិកពេលបោះឆ្នោតលើកនេះថាទោះបីជាប្រទេសអាមេរិកដែលមានប្រជាធិបតេយ្យជាង២០០ឆ្នាំហ្នឹងនៅតែមានបញ្ហាបោះឆ្នោត។ ប្រទេសគេមានបញ្ហាខ្លះដោយសារមានប្រជាធិបតេយ្យខ្លីជាងសហរដ្ឋអាមេរិកផងម្ល៉ោះហើយនេះជាការធម្មតា»។
លោក នាថបណ្ឌិត តាកែវ ឫទ្ធិពលប្រធានមហាសន្និបាតកំពូលខ្មែរឯនាយសមុទ្រក៏សម្តែងការព្រួយបារម្ភស្រដៀងគ្នានេះដែរ៖ «ការដែលលោកប្រធានាធិបតីត្រាំបដិសេធមិនទទួលលទ្ធផលបោះឆ្នោតនេះ។ ការដែលលោកដាក់ពាក្យប្តឹងគ្រប់ទីកន្លែងហើយគំរាមថានឹងប្តឹងដល់តុលាការកំពូលអំពីការបោះឆ្នោតនេះគឺជាការអាម៉ាស់មុខដល់សហរដ្ឋអាមេរិកហើយជាគំរូអាក្រក់ដល់ប្រទេសដទៃៗទៀតជាពិសេសនៅតំបន់នៅប្រទេសដែលមានជនផ្តាច់ការមិនទទួលយកដំណើរការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនិងមិនទទួលលទ្ធផលឆ្នោត»។
លោកត្រឹងម៉ាននរិននៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានលើកឡើងថាការបោះឆ្នោតនេះនាំឲ្យអ្នកតាមដាននៅប្រទេសកម្ពុជានិងប្រទេសដទៃទៀតរិះគន់ដល់ដំណើរការប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែលោកថ្លែងថានេះគឺជាដំណើរការតាមផ្លូវច្បាប់នៃរបបដែលកាន់លទ្ធិប្រជាធិបតេយ្យ។
លោកបានបន្ថែមថា៖ «វាបង្ហាញឲ្យឃើញថាលទ្ធិប្រជាធិបតេយ្យវាមានការខ្វែងគំនិតគ្នាប៉ុន្តែទីបញ្ចប់គេនឹងមានតុលាការសម្រាប់កាត់ក្តីរកអ្នកណាចាញ់អ្នកណាឈ្នះ។ ចំណុចល្អវានៅត្រង់កន្លែងហ្នឹង។ ប៉ុន្តែប្រទេសផ្តាច់ការវិញវាអត់មានការបោះឆ្នោតផងកុំទៅនិយាយរឿងសេរីនោះ។ ប្រទេសទាំងនោះអត់មានសិទ្ធិអ្វីមករិះគន់នៅប្រទេសអាមេរិកទេ»។
យ៉ាងណាក៏ដោយកាលពីថ្ងៃច័ន្ទទី២៣ខែវិច្ឆិកាទីភ្នាក់ងារសេវាកម្មទូទៅ (GSA)បានអនុញ្ញាតឲ្យក្រុមផ្ទេរតំណែងរបស់លោកJoe Bidenធ្វើការជាមួយនឹងរដ្ឋបាលលោកប្រធានាធិបតីDonald Trumpដើម្បីរៀបចំឯកសារផ្ទេរការងារ។ បើទោះបីជាលោកប្រធានាធិបតីត្រាំមិនសារភាពចុះចាញ់ក៏ដោយប៉ុន្តែលោកបានបញ្ជាក់តាមសារធ្វីតថឺថាលោកណែនាំពួកគេឲ្យសហការគ្នានិងនៅតែបន្តការតវ៉ាតាមផ្លូវតុលាការ។
លោក ទន់ សុវណ្ណ ប្រធានកិត្តិយសនៃពុទ្ធិកសមាគមខ្មែរប្រចាំវត្តពុទ្ធិការាមនៅរដ្ឋម៉ារីឡែនយល់ថាលោកប្រធានាធិបតីDonald Trumpបានប្រើអត្តចរិក«អញនិយម»ដែលយល់ថាគ្មានអ្នកណាអាចស្មើលោកបាន។ ដូច្នេះហើយលោកពិបាកទទួលយកបរាជ័យណាស់បើទោះបីជាការពិតបានបង្ហាញក៏ដោយ។
លោកបញ្ជាក់ថា៖ «ខ្ញុំនៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៦២មកគឺមិនដែលឃើញប្រធានាធិបតីណាចាញ់ហើយមិនសុខចិត្តចាញ់ទេ។ គ្មានអ្នកណាឈ្នះតែម្នាក់ឯងទេ។ ដូចយើងដឹងហើយរឿងតុលាការគេឃើញថាអត់មានមូលដ្ឋានទាល់តែសោះហើយនៅតែខំតវ៉ាដើម្បីឲ្យខ្លួនបានឈ្នះកុំឲ្យខ្លួនអន់»។
លោក ទន់ សុវណ្ណ បានរិះគន់ទង្វើរបស់លោកប្រធានាធិបតីDonald Trumpដែលបានហៅថ្នាក់ដឹកនាំសភាប្រចាំរដ្ឋដែលមានដូចជារដ្ឋមីឈីហ្កឹនមកជួបក្នុងគោលបំណងដាក់សម្ពាធពួកគេឲ្យជ្រើសរើសអង្គបោះឆ្នោតដែលគាំទ្ររូបលោក។ លោកបន្ថែមថាប៉ុន្តែវាជារឿងល្អដែលថ្នាក់ដឹកនាំទាំងនោះមិនព្រមធ្វើតាម។
លោកប្រធានាធិបតីDonald Trumpបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថាលោកនឹងព្រមចាកចេញពីសេតវិមានបើសិនជាអង្គបោះឆ្នោតបានសម្រេចជ្រើសរើសលោកចូបៃដិន។ ប៉ុន្តែបន្តអះអាងថាបើសិនជាពួកគេជ្រើសរើសលោកបៃដិនគឺជាកំហុសឆ្គងមួយ។ រដ្ឋនានាមានពេលដល់ថ្ងៃទី៨ខែធ្នូដើម្បីដោះស្រាយបណ្តឹងតវ៉ាពាក់ព័ន្ធនឹងការបោះឆ្នោតហើយអង្គបោះឆ្នោតមានគម្រោងជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី១៤ខែធ្នូខាងមុខនេះ៕