នៅពេលលើកដៃឡើងលើពត់ខ្លួនឲ្យត្រង់ដើម្បីត្រៀមលោតទឹកពីវេទិកាប្រកួតក្នុងពហុកីឡដ្ឋានអូឡាំពិកនៅទីក្រុងតូក្យូ នាថ្ងៃសុក្រនេះ លោក Jordan Pisey Windle នឹងបង្ហាញទង់ជាតិពណ៌ខៀវក្រហម ស របស់ប្រទេសកំណើតលោក គឺប្រទេសកម្ពុជា។
នៅថ្ងៃសុក្រ ទី ៦ ខែសីហានេះ លោក Jordan Pisey Windle អាយុ២២ឆ្នាំ គឺជាអត្តពលិកអូឡាំពិកលោតទឹកអាមេរិកដើមកំណើតខ្មែរ ដែលនឹងតំណាងឲ្យក្រុមកីឡាករអាមេរិកដើម្បីប្រកួតដណ្តើមមេដាយក្នុងវិញ្ញាសាលោតទឹកផ្នែកបុរសកម្ពស់ ១០ម៉ែត្រវគ្គដំបូង នាម៉ោង ១រសៀល ម៉ោងនៅប្រទេសកម្ពុជា ដែលត្រូវនឹងម៉ោង ២ទាបភ្លឺម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន។
នៅក្នុងវគ្គដំបូងនេះ លោក Jordan Windle ត្រូវប្រកួតជាមួយនឹងកីឡាករ២៨នាក់ផ្សេងទៀត មកពីប្រទេស ១៧ ក្នុងនោះរួមមានដៃគូរបស់លោកម្នាក់ដែលតំណាងឲ្យសហរដ្ឋអាមេរិកផងដែរ។ បើលោកទទួលបានពិន្ទុខ្ពស់មួយ លោកនឹងអាចប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់នៅថ្ងៃសៅរ៍ ទី ៧ ម៉ោង៨ព្រឹក ម៉ោងនៅកម្ពុជា ដែលត្រូវនឹងម៉ោង ៩យប់ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន។ ដូចគ្នាដែរ បើលោកទទួលបានពិន្ទុខ្ពស់កាន់តែល្អលោកនឹងអាចប្រកួតក្នុងវគ្គផ្តាច់ព្រាត់ ដើម្បីយកមេដាយមាស ប្រាក់ ឬសំរិទ្ធ នៅថ្ងៃសៅរ៍ដដែលតែនៅម៉ោង ១១រសៀលម៉ោងនៅកម្ពុជា។
នៅលើវេទិកាប្រកួតកីឡាជាលក្ខណៈអន្តរជាតិដ៏ប្រវត្តិសាស្ត្រនេះ ដែលប្រារព្ធធ្វើឡើងដោយគ្មានអ្នកទស្សនាផ្ទាល់ដោយសារជំងឺកូវីដ១៩ លោក Jordan Windle សង្ឃឹមថាវត្តមានរបស់លោកនៅក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ទោះឈ្នះមេដាយ ឬមិនឈ្នះនឹងលើកទឹកចិត្តដល់យុវជននិងកុមារដែលមានប្រវត្តិកំណើតស្រដៀងនឹងរូបលោកឲ្យមានក្តីស្រមៃធំក្នុងជីវិត ទាំងអ្នកនៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសកំណើតរបស់លោកនិងនៅជុំវិញពិភពលោក។
«[ខ្ញុំ]សង្ឃឹមថា ការសម្រេចបានគោលដៅរបស់ខ្ញុំ ទៅចូលរួមការប្រកួតកីឡាអូឡាំពិកអាចធ្វើឲ្យឈ្មោះរបស់ខ្ញុំមានន័យ ហើយអាចជួយ [ផ្តល់កម្លាំងចិត្ត] ដល់អ្នកដទៃនាពេលអនាគត»។ លោក Jordan បានថ្លែងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានToday កាលពីថ្ងៃទី ២៣ ខែកក្កដាកន្លងទៅ។
អត្តពលិកអូឡាំពិកសម្បុរខ្មៅស្រអែម កម្ពស់ ១ម៉ែត្រ ៦៥សង់ទីម៉ែត្រ មាឌមាំនិងញញឹមស្រស់រូបនេះក៏សង្ឃឹមថា ការប្រកួតបង្ហាញសមត្ថភាពនិងទេពកោសល្យលោតទឹកដ៏ប្រសព្វរបស់លោក នឹងធ្វើឲ្យបុគ្គលដ៏សំខាន់ម្នាក់នៅក្នុងជីវិតរបស់លោក មានមោទនភាព។ បុគ្គលម្នាក់នោះ គឺជាឪពុកចិញ្ចឹមរបស់លោកឈ្មោះ Jerry Windle។
លោក Jerry Windle បុរសជនជាតិអាមេរិកាំងស្រឡាញ់ភេទដូចគ្នា មានក្តីស្រមៃចង់បានកូនចិញ្ចឹមម្នាក់។ ក្រោយពីបានទទួលព័ត៌មានអំពីការដាក់ពាក្យសុំកុមារពីប្រទេសកម្ពុជាមកចិញ្ចឹម តាមរយៈទស្សនាវដ្តីមួយនៅការិយាល័យរបស់លោក នៅខែមិថុនា ឆ្នាំ២០០០ លោក Jerry Windle បានសម្រេចចិត្តទទួលយក Jordan Pisey Windle មកចិញ្ចឹមនៅទីក្រុង Fort Lauderdale រដ្ឋ Florida សហរដ្ឋអាមេរិក។ នៅពេលនោះ លោក Jordan គឺជាកុមារកំព្រាម្នាក់នៅខេត្តព្រះសីហនុ ហើយលោកមានអាយុត្រឹមតែជិត ២ ឆ្នាំប៉ុណ្ណោះ។
នៅក្នុងបទសម្ភាសន៍ជាមួយVOA កាលពីឆ្នាំ ២០១៦ លោក Jerry Windle បានឲ្យដឹងថា លោក Jordan មានទេពកោសល្យលោតទឹកតាំងពីនៅតូច។ ក្រោយពីបានរកឃើញទេពកោសល្យរបស់ខ្លួនមក លោក Jordan បានទទួលការបង្ហាត់បង្រៀនជាបន្តបន្ទាប់ពីគ្រូបង្វឹកលំដាប់ថ្នាក់ជាតិ និងដ៏មានជំនាញជាច្រើននាក់របស់សហរដ្ឋអាមេរិក ដូចជាគ្រូបង្វឹក Tim O'Brien, Evan Linette, Sean McCarthy និង Greg Louganis។ បច្ចុប្បន្ននេះ លោក Jordan Windle ជាកីឡាករម្នាក់ក្នុងក្រុមកីឡាករលោតទឹក Texas Longhorns ប្រចាំសាកលវិទ្យាល័យTexas ក្នុងក្រុង Austin ជាវិទ្យាស្ថានអប់រំដែលលោកកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
នៅពេលមានអាយុ ១២ឆ្នាំ លោក Jordan Windle បានក្លាយជាកីឡាករលោតទឹកដ៏វ័យក្មេងជាងគេបង្អស់ម្នាក់ ដែលបានចូលរួមក្នុងការប្រកួតជម្រើសជាតិដើម្បីទៅប្រកួតក្នុងកម្មវិធីកីឡាអូឡាំពិក បើទោះបីជាគេមិនបានឈ្នះការប្រកួតនោះក៏ដោយ។
ចាប់តាំងពីបានចូលរួមប្រកួតកីឡាលោតទឹកក្នុងរយៈពេលជាង ១២ឆ្នាំមកនេះ លោក Jordan Pisey Windle បានឈ្នះពានរង្វាន់ថ្នាក់ជាតិ៧លើក សម្រាប់វិញ្ញាសាកីឡាលោតទឹកវ័យជំទង់និង ៦លើកសម្រាប់វិញ្ញាសាកីឡាលោតទឹកវ័យក្មេងនៅសហរដ្ឋអាមេរិក។
តែតាំងពីចាប់យកអាជីពជាកីឡាករលោតទឹកមកក្តីស្រមៃដ៏ធំបំផុតរបស់លោក Jordan គឺក្លាយជាអត្តពលិកអូឡាំពិក ប្រកួតលោតពីវេទិកាប្រកួតចូលក្នុងអាងទឹកក្នុងពហុកីឡដ្ឋានអូឡាំពិក។
ហើយនៅថ្ងៃសុក្រនេះក្តីស្រមៃមួយនេះនឹងក្លាយជាការពិត។
មនុស្សម្នាទាំងនៅសហរដ្ឋអាមេរិកនិងកម្ពុជា និងនៅជុំវិញពិភពលោក ដែលបានដឹងរឿងរ៉ាវតស៊ូនិងជីវិតគ្រួសារដ៏ស្និទ្ធស្នាលរវាងលោក Jordan Pisey Windle និងឪពុករបស់លោក គឺលោក Jerry Windle នឹងទន្ទឹងរង់ចាំមើលទេពកោសល្យលោតទឹកដ៏ឆ្នើមរបស់លោក Jordan ហើយនឹងអបអរសាទរអត្តពលិកអូឡាំពិកអាមេរិកដើមកំណើតខ្មែររូបនេះ ទោះបើលោកឈ្នះ ឬមិនឈ្នះបានមេដាយអូឡាំពិកក៏ដោយ៕