លោក ធី ជា ត្រូវបានទទួលស្វាគមន៍ប្រៀបបីដូចជាវីរបុរសដែលបានឈ្នះនៅសមរភូមិឬការប្រកួតប្រជែងដ៏ធំមួយ នៅពេលដែលលោកបានវិលត្រឡប់មកដល់អាកាសយានដ្ឋាន Boston Logan ក្នុងរដ្ឋម៉ាស្សាឈូសិត កាលពីចុងខែកុម្ភៈ បន្ទាប់ពីត្រូវបានបណ្តេញចេញឱ្យទៅប្រទេសកម្ពុជាវិញកាលពី១៨ខែមុន។
ការពិតនោះគឺជាជ័យជម្នះមួយដែលធ្វើឱ្យកែប្រែជីវិតរបស់លោកពីការហាមឃាត់មិនឱ្យវិលត្រឡប់ចូលជាន់ទឹកដីសហរដ្ឋអាមេរិកអស់មួយជីវិតក្នុងនាមជាអតីតអ្នកទោសដែលត្រូវបណ្តេញចេញមកជាពលរដ្ឋដែលមានសិទ្ធិពេញលេញរស់នៅជួបជុំគ្រួសារឡើងវិញនិងអាចឈានទៅចូលសញ្ជាតិអាមេរិកាំងដោយស្របច្បាប់នៅថ្ងៃណាមួយ។
វាគឺជាជ័យជម្នះមួយរបស់លោក ធី ជា ទល់នឹងប្រព័ន្ធច្បាប់អន្តោប្រវេសន៍ដ៏ស្មុគស្មាញរបស់សហរដ្ឋអាមេរិកបន្ទាប់ពីការតស៊ូខាងផ្លូវច្បាប់អស់ជាច្រើនខែហើយបានធ្វើឱ្យលោកក្លាយជាពលរដ្ឋខ្មែរ-អាមេរិកាំងដំបូងនៅតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិកដែលបានវិលត្រឡប់មកវិញ។
ប៉ុន្តែនៅពេលនេះលោកធី ជា កំពុងតែជួបនឹងបញ្ហាប្រឈមជាថ្មី នោះគឺការស្តារជីវភាពគ្រួសារមួយពីបាតដៃទទេដោយសារការបាត់បង់ការងារ ផ្ទះសម្បែងនិងគ្រួសាររីកកាន់តែធំជាងមុនដែលបុរសវ័យ៥០ឆ្នាំរូបនេះត្រូវទទួលរ៉ាប់រង។ ទាំងនេះគឺផលប៉ះពាល់នៃការបណ្តេញចេញមួយចំពោះបទល្មើសមួយដែលមេធាវីរបស់លោកថាមិនធ្ងន់ធ្ងររហូតដល់បណ្តេញចេញនោះទេ។
លោកធី ជា បានបញ្ជាក់ប្រាប់វីអូអេតាមទូរស័ព្ទក្រោយពីមកដល់ទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិតបានពីរសប្តាហ៍ថា៖
«កាលមុនពេលគេបញ្ជូនចេញខ្ញុំមានផ្ទះមានអី។ ខ្ញុំអត់មានអីច្រើនប៉ុន្តែខ្ញុំមានផ្ទះមានអីនៅពីរនាក់គ្រួសារ ដល់ពេលគេបញ្ជូនខ្ញុំទៅគ្រួសារក៏ធ្លាក់ខ្លួនមកនៅជាមួយកូនក្មួយនៅផ្ទះរដ្ឋឧបត្ថម្ភ ប្រជ្រៀតគេ»។
ក្រុមគ្រួសាររបស់លោកធី ជា ដែលមានប្រពន្ធនិងកូនតូចៗពីរនាក់កំពុងស្វះស្វែងរកជំនួយពីសហគមន៍និងថ្នាក់ដឹកនាំក្រុងដោយសារលោកនៅមិនទាន់រកការងារបានធ្វើដោយរងចាំឯកសារការងារ។
អ្នកស្រី វីធូរៀ អ៊ុន ភរិយារបស់លោកធី ជាបានបញ្ជាក់ប្រាប់វីអូអេថា៖ «ខ្ញុំសុខចិត្តឱ្យគាត់មើលកូនចុះ ហើយខ្ញុំសុខចិត្តចេញធ្វើការ ពីព្រោះខ្ញុំធ្វើការក៏បានប្រាក់មិនថ្លៃប៉ុន្មានដែរ។ ប៉ុន្តែចេះតែទ្រាំៗទៅឱ្យតែបានរស់»។
លោកធី ជា ត្រូវបានបញ្ជាឱ្យចាកចេញពីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០០ក្រោយពីលោកបានទទួលកំហុសពីបទវាយតប់គ្នានិងគំរាមកំហែងប្រព្រឹត្តបទឧក្រិដ្ឋ។ លោកបានជាប់ពន្ធនាគាររយៈពេលបីខែ។ ប៉ុន្តែការបង្គាប់ឱ្យបណ្តេញចេញត្រូវបានព្យួរក្នុងឆ្នាំ២០០៤ ហើយលោកត្រូវបានអនុញ្ញាតឱ្យបន្តរស់នៅសហរដ្ឋអាមេរិកប្រសិនបើគាត់មិនប្រព្រឹត្តអ្វីខុសទៀតទេហើយមកបង្ហាញខ្លួននៅចំពោះមុខមន្ត្រីអន្តោប្រវេសន៍ជាប្រចាំ។
ប៉ុន្តែការសម្រេចនេះបានផ្លាស់ប្តូរក្នុងឆ្នាំ២០១៨ នៅពេលដែលលោកបានទៅបង្ហាញមុខដល់មន្ត្រីអន្តោប្រវេសន៍ហើយត្រូវបានចាប់ឃុំខ្លួនដើម្បីបញ្ជូនចេញ។ លោកត្រូវគេឃុំឃាំងក្នុងទីក្រុងបូស្តុនរដ្ឋម៉ាស្សាឈូសិតចំនួន៦ខែមុនត្រូវបញ្ជូនទៅប្រទេសកម្ពុជាក្នុងខែសីហា។
បន្ទាប់ពីការតស៊ូតាមផ្លូវច្បាប់ដែលចាត់ទុកថាបទល្មើសរបស់លោកគឺមិនធ្ងន់ធ្ងរដល់ថ្នាក់បណ្តេញចេញទេ ហើយលោកគួរតែត្រូវបានអនុញ្ញាតឱ្យវិលចូលមកសហរដ្ឋអាមេរិកវិញ គឺគណៈកម្មការអន្តោប្រវេសន៍ទទួលបន្ទុកបណ្តឹងឧទ្ធរណ៍បានយល់ស្របហើយផ្តល់សិទ្ធិរស់នៅអចិន្ត្រៃយ៍ដល់លោកវិញកាលពីឆ្នាំមុន។ ប៉ុន្តែលោកទើបបានវិលត្រឡប់មកដល់សហរដ្ឋអាមេរិកនៅថ្ងៃទី២៦ ខែកុម្ភៈក្រោយពីក្រុមមេធាវីនៃអង្គការសេវាផ្លូវច្បាប់នៃទីក្រុងបូស្តុនដែលតំណាងឱ្យលោកបានប្តឹងប៉ូលិសអន្តោប្រវេសន៍ចំពោះការយឺតយ៉ាវក្នុងការផ្តល់សិទ្ធិវិលត្រឡប់ដល់លោក។
លោកនួន វាសនាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត បានស្វាគមន៍ការវិលត្រឡប់របស់លោក ធី ជាចូលក្នុងសហគមន៍និងជួបជុំគ្រួសារជាថ្មី៖
«នេះគឺជាករណីទី១ហើយដែលគេបញ្ជូនទៅហើយគេបញ្ជូនមកវិញដោយសារតែគេដឹងថាអ្វីដែលគេបានធ្វើហ្នឹងខុសអីចឹងអាចបញ្ជូនមកវិញបានឆាប់ៗដូចនេះ។ នៅតំបន់ខាងកើតនេះមិនដែលមានទេ។ ហើយករណីដែលបញ្ចូនប្អូនៗ ក្មួយៗទៅវិញហ្នឹងពាក់ព័ន្ធនឹងករណីយើងធ្វើខុសច្បាប់មានបទឧក្រិដ្ឋគឺគេបញ្ជូនយើងទៅវិញ»។
ក្រៅពីលោកធី ជា គឺនៅមានខ្មែរ-អាមេរិកាំងបីនាក់ទៀតស្ថិតនៅតំបន់ខាងលិចដែលភាគច្រើននៅរដ្ឋកាលីហ្វញ៉ាដែលបានត្រូវបានអនុញ្ញាតឱ្យវិលចូលសហរដ្ឋអាមេរិកវិញ។ ករណីថ្មីៗនេះដែរគឺមានបុរសម្នាក់ឈ្មោះសុក លឿន បានមកដល់រដ្ឋកាលីហ្វញ៉ាវិញនៅចុងខែមករាបន្ទាប់ពីរស់នៅប្រទេសកម្ពុជាអស់រយៈពេលប្រាំឆ្នាំដោយសារលោកគិតថាលោកស្ថិតក្នុងក្រុមត្រូវបញ្ជូនចេញប៉ុន្តែលោកបានចូលសញ្ជាតិអាមេរិកាំងតាមរយៈអាណាព្យាបាល។
លោកនួន វាសនាបញ្ជាក់ថាលោកតែងតែរំលឹកដល់ពលរដ្ឋឱ្យយកចិត្តទុកដាក់គោរពច្បាប់ក៏ដូចជាប្រញ៉ាប់ប្រញ៉ាល់ចូលសញ្ជាតិផងដែរ៖
«អីចឹងបានជាខ្ញុំទទូចស្នើឱ្យបងប្អូនដែលមិនទាន់ចូលសញ្ជាតិនាំគ្នាចូលសញ្ជាតិ។ ខ្ញុំដឹងថាមានការលំបាកក្នុងបញ្ហាថវិកាដាក់ពាក្យចូលសញ្ជាតិហ្នឹងប៉ុន្តែវាសំខាន់ណាស់សម្រាប់ខ្លួនយើងនិងក្រុមគ្រួសាររបស់យើង។ ដូចជាចៃដន្យអីយើងធ្វើប៉ះពាល់បទឧក្រិដ្ឋដែលយើងមិនគិតស្មានថានឹងកើតឡើងយើងធ្វើទៅខុស បើយើងមិនមែនជាសញ្ជាតិគេអាចបញ្ជូនយើងទៅវិញ»។
សហគមន៍ខ្មែរនៅក្នុងទីក្រុងឡូវែលកំពុងតែរកវិធីដើម្បីរៃអង្គាសថវិកដើម្បី ជួយដល់លោកធី ជានិងក្រុមគ្រួសារដោះស្រាយលើផ្នែកជីវភាពនិងផ្ទះសម្បែងក្នុងពេលដែលលោកត្រូវសម្របខ្លួនជាថ្មីនិងចាប់ផ្តើមពីគ្មានសល់ទ្រព្យសម្បត្តិអ្វី។ នេះបើតាមការបញ្ជាក់របស់លោកនួន វាសនា។
លោកបានបន្ថែមថា៖ «ធម្មតាការដែលសហរដ្ឋអាមេរិកបញ្ជូនគាត់ទៅហ្នឹងគឺបញ្ជូនដោយខុសក្រិតក្រមតុលាការ។ អីចឹងមួយរយៈគឺអត់មានអ្នកណាចិញ្ចឹមគ្រួសារ។ គាត់ជាអ្នកចិញ្ចឹមគ្រួសារហ្នឹងហើយ។ ដល់អត់គាត់មួយរយៈគឺគ្រួសារមានជីវភាពដុនដាបហើយគាត់មកវិញមិនមែនបានន័យថាគាត់រកការងារធ្វើបានភ្លាមៗហើយនឹងជួយជីវភាពក្រុមគ្រួសារ ម្ល៉ោះហើយពិបាក»។
លោកធី ជាមិនបានចូលសញ្ជាតិអាមេរិកាំងទេដែលត្រូវនឹងលក្ខណៈរបស់ប៉ូលិសអន្តោប្រវេសន៍ដែលត្រូវបណ្តេញចេញ ជនដែលមិនទាន់បានចូលសញ្ជាតិបើទោះបីជាពួកគេមានបណ្ណស្នាក់នៅអចិន្រ្តៃយ៍ហើយក៏ដោយ។
លោកធី ជាបានបញ្ជាក់ប្រាប់វីអូអេថា៖ «និយាយឱ្យខ្លីទៅយើងមកដំបូងជាជនភៀសខ្លួនយើងមិននឹកឃើញថាចូលសញ្ជាតិដោយសារមិនឃើញឃើញថាវាដល់ប៉ុណ្ណឹងហើយក៏ដូចជាគ្មានអ្នកណាមកប្រាប់ជួយដាស់តឿនទេ»។
ករណីរបស់លោកធី ជា គឺជាករណីដោយកម្របើប្រៀបធៀបនឹងជនដែលត្រូវបណ្តេញចេញដទៃទៀតចំនួន៧៦៨នាក់ដែលបានទៅដល់ប្រទេសកម្ពុជាវិញក្រោយពីរដ្ឋាភិបាលកម្ពុជាបានចុះអនុស្សារណៈយោគយល់ជាមួយនឹងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០២ យល់ព្រមទទួលយកពលរដ្ឋខ្លួនដែលបានប្រព្រឹត្តខុស។
តាំងពីចូលកាន់តំណែងនៅដើមឆ្នាំ២០១៧ដោយសារតែការសន្យាអនុវត្តគោលនយោបាយអន្តោប្រវេសន៍តឹងរ៉ឹង រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំបានបង្កើនការតាមចាប់បញ្ជូនជនដែលមានឈ្មោះក្នុងបញ្ជីបញ្ជូនទៅវិញយ៉ាងច្រើន។ ចាប់ពីឆ្នាំ២០១៧ ដល់២០១៨ ការបញ្ជូនពលរដ្ឋកម្ពុជាចេញបានកើនឡើងរហូតដល់២៧៩ភាគរយពី២៩ នាក់មកដល់១៣០នាក់។ នេះបើតាមតួលេខដែលចងក្រងដោយសកម្មជនការពារសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកនិងអង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង។
លោក ប៊ីល ហេរ៉ូដ អ្នកនាំពាក្យអង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង(KVAO) បានបញ្ជាក់ប្រាប់វីអូអេថា៖
«ដោយផ្អែកលើករណីរបស់ធី ជា និងករណីដទៃទៀតដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ យើងអាចឃើញថាពួកគេបានពង្រីកសំណាញ់កាន់តែទូលាយជាងមុន។ ពួកគេបញ្ជូនករណីជាច្រើនដែលពួកគេមិនធ្លាប់បានបញ្ជូនទេ។ ឧទាហរណ៍កាលពី២ឆ្នាំមុនមានមនុស្សចំនួន៤៣នាក់ ហើយក្នុងចំណោមនោះគឺ២៦នាក់ត្រូវការជំនួយពិសេសដោយសារមានបញ្ហាផ្លូវកាយនិងផ្លូវចិត្ត។ នេះគឺជាចំនួនដ៏ច្រើនដែលយើងមិនធ្លាប់មានទេចាប់តាំងពីកម្មវិធីនេះបានចាប់ផ្តើមក្នុងឆ្នាំ២០០២»។
ក្នុងការចាប់បណ្តេញចេញនោះរួមមានវិធានការមួយចំនួនដែលរងការរិះគន់ជាច្រើនដូចជាការពួនស្ទាក់និងបញ្ឆោតជាដើម។ អង្គការសិប្បសាលាធនធានអាស៊ីអាមេរិកាំងបានលើកឡើងថាសហគមន៍អាមេរិកាំងអាស៊ីអាគ្នេយ៍គឺជាគោលដៅមួយដែលត្រូវបណ្តេញចេញ។
លោកខេវឹន ឡាម នាយកអង្គការសិប្បសាលាធនធានអាស៊ីអាមេរិកាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការកាលពីចុងខែកុម្ភៈថា៖ «សហរដ្ឋអាមេរិកបង្កលក្ខខណ្ឌមួយដែលចាត់ទុកសមាជិកសហគមន៍អាស៊ីអាគ្នេយ៍ជាឧក្រិដ្ឋជនហើយបានជំរុញពលរដ្ឋរបស់យើងឱ្យជាប់ពន្ធនាគារដើម្បីបញ្ជូនចេញ»។
អ្នកខ្លះមិនដែលស្គាល់ប្រទេសកម្ពុជាពីមុនមកទេដោយសារតែពួកគេបានកើតនៅជំរំជនភៀសខ្លួន។ អ្នកខ្លះទៀតបានចាកចេញពីប្រទេសកម្ពុជាតាំងពីកុមារភាពហើយស្ទើរតែមិនចាំបានរបៀបរស់នៅ ភាសានិងវប្បធម៌កម្ពុជាទេ។
លោកធី ជាបានមកដល់សហរដ្ឋអាមេរិកនៅខែកញ្ញាឆ្នាំ១៩៨១ នៅពេលដែលមានអាយុ១០ឆ្នាំហើយមិនដែលទៅលេងប្រទេសកម្ពុជាទេ។ នៅពេលដែលបានជាន់ដីកម្ពុជាជាលើកដំបូងលោកថាលោកមានអារម្មណ៍ចម្រុះ។
«អារម្មណ៍មួយច្រើនជាងគេគឺព្រួយដោយសាររបៀបរស់នៅស្រុកអាមេរិកវាខុសស្រុកយើងឯណោះ។ ភាគច្រើនខ្ញុំនឹកឃើញគ្រួសារដែលមកចោល មានអារម្មណ៍ថាលំបាកចិត្តនឹកឃើញពិបាកចិត្តអន្ធះអន្ធែង»។
លោកបានទៅស្នាក់នៅអង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង(KVAO) ចំនួនបីខែ។ បន្ទាប់ពីនោះលោកបាននាំអ្នកដែលត្រូវបញ្ជូនចេញចំនួន៤នាក់ទៀតទៅជួលផ្ទះមួយនៅក្នុងសង្កាត់ចាក់អង្រែក្រោម។ អ្នកទាំងនោះត្រូវបានបញ្ជូនពីរដ្ឋម៉ាស្សាឈូសិត មីនីសូតា និងរដ្ឋកាលីហ្វញ៉ា។
លោកធី ជាបញ្ជាក់ថានៅពេលនោះលោកបានខិតខំសម្របខ្លួនទៅនឹងសង្គមថ្មីនៅកម្ពុជាដោយលោកមិនដែលនឹកឃើញថាបានមកសហរដ្ឋអាមេរិកវិញទេបើទោះបីជាក្រុមគ្រួសារកំពុងតស៊ូផ្លូវច្បាប់យ៉ាងស្វិតស្វាញក៏ដោយ។ ប៉ុន្តែលោកមិនអាចរកការងារបានទេដោយសារការងារបានប្រាក់ខែតិចតួចហើយមិនត្រូវនឹងជំនាញរបស់លោកខាងផ្នែកជាងដំឡើងបន្ទប់ការិយាល័យ៖ «រកអត់បានទេ។ ការងារដូចជាមិនសូវមានដែរ។ ការងារមានតែខាងសន្តិសុខ»។
ក្រុមគ្រួសារផ្ញើប្រាក់ជាប្រចាំពីសហរដ្ឋអាមេរិកសម្រាប់ចាយវាយដែលផ្ទុយពីនៅទីក្រុងឡូវែល លោកគឺជាអ្នកប្រកបរបរចិញ្ចឹមគ្រួសារ។
អ្នកស្រីវីថូរៀ អ៊ុនបានបន្ថែមថា៖ «គាត់ទៅមួយឆ្នាំជាងខ្ញុំអត់លុយអត់អីដែរ ហើយខំប្រឹងធ្វើការដើម្បីកូន ហើយផ្ញើលុយឱ្យរាល់ពីរអាទិត្យ មួយខែ ឱ្យតែមានប៉ុន្មានផ្ញើឱ្យ ព្រោះខ្លាចប្តីអត់ ត្រូវផ្គត់កូននៅទីនេះផង ផ្គត់ប្តីផង ហើយអស់ផ្ទះអស់សម្បែងទៀត»។
លោក ប៊ីល ហេរ៉ូដ អ្នកនាំពាក្យអង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹងបានបញ្ជាក់ប្រាប់វីអូអេពីលោកធី ជាថា៖ «លោកធី ជាគឺជាមនុស្សដែលគួរឱ្យរាប់អាន ចេះសហការ។ គាត់ខិតខំតវ៉ានឹងសំណុំរឿងរបស់គាត់គ្រប់ពេល។ គាត់មានឋាមពលជានិច្ចពីព្រោះគាត់ដឹងច្បាស់ថាគាត់នឹងឈ្នះក្តី។ គាត់ចូលចិត្តរាប់អានគេ និងដឹងគុណចំពោះការជួយឧបត្ថម្ភរបស់យើង»។
នៅពេលនេះ សម្រាប់លោក ធី ជា បើទោះបីជាត្រូវប្រឈមមុខនឹងការលំបាកថ្មី ក៏លោកសម្តែងការសប្បាយចិត្តដោយសារបានមករស់នៅជួបជុំគ្រួសារ។ ជាពិសេសកូនប្រុសពៅដែលលោកបានជួបជាលើកដំបូងពេលដែលបានវិលត្រឡប់មកដល់សហរដ្ឋអាមេរិកកាលពីចុងខែកុម្ភៈ។
លោក ធី ជា បានបញ្ជាក់ថា៖ «មានការរំភើបដែរបានជួបកូនពៅក្រោយហ្នឹង។ កាលមុនគេបញ្ជូនទៅកូនខ្ញុំនៅក្នុងពោះប្រហែលបីខែ ហើយខ្ញុំទៅដល់នោះបានប្រហែលមួយខែកន្លះ កូនខ្ញុំកើត»។
រហូតមកដល់ពេលនេះលោកធីមានអារម្មណ៍ស្ទើរតែមិនជឿនៅពេលដែលមេធាវីបានប្រាប់តាមទូរស័ព្ទ។ សូម្បីតែពេលសព្វថ្ងៃលោកនៅតែមិនជឿថាខ្លួនពិតជាបានមកដល់សហរដ្ឋអាមេរិកវិញ។
«ខ្ញុំនិយាយសួរប្រពន្ធ សួរគ្រួសារខ្ញុំថាបងមកវិញមែនឬក៏គេនិយាយលេងសើច មិនទាន់អស់ចិត្តដែរប្រហែលជាលេងកំប្លុកកំប្លែងអីដាក់»៕