ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបធ្វើវិសោធនកម្មនិងដាក់ឱ្យប្រើប្រាស់នៅដើមខែមីនានេះបាននាំឱ្យមានក្តីព្រួយបារម្ភនៅក្នុងចំណោមអ្នកគាំទ្រគណបក្សប្រឆាំងនៅសហរដ្ឋអាមេរិកលើការផ្តល់ហិរញ្ញវត្ថុដល់សកម្មភាពនយោបាយក្នុងប្រទេសកម្ពុជា។
ដូចជានៅក្នុងកម្មវិធីនៅថ្ងៃអាទិត្យនេះដែល លោកហូ វ៉ាន់ អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិនឹងមកជួបអ្នកគាំទ្រនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនដើម្បីសំណេះសំណាលពីស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជានោះវាក៏ជាឱកាសមួយដែលពលរដ្ឋខ្មែរអាមេរិកាំងអាចនឹងប្រមូលថវិកាដើម្បីជួយដល់គណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែខុសពីសព្វដង អ្នករៀបចំមានការប្រយ័ត្នប្រយែងក្នុងការនិយាយដល់ថវិកានៅលើកនេះ។
លោកខេន គីវ អ្នករៀបចំកម្មវិធីជួបជុំនិងជាអ្នកតំណាងឱ្យក្រុមសំឡេងយុវជននៅរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ថា៖
«រឿងលុយកាក់យើងមិនអាចសន្និដ្ឋានបានទេ ពីព្រោះស្រេចតែបងប្អូនខ្មែរយើងទាំងអស់គ្នាលៃយ៉ាងណាជួយខាងមណ្ឌលគីរីហ្នឹងដែលមានភាពក្រីក្រច្រើនហ្នឹងគឺថាអាចជួយដោយប្រការណាមួយក៏យើងមិនមានគម្រោងការអ្វីច្បាស់លាស់នៅក្នុងការជួយហ្នឹងដែរតែគ្រាន់ថាបងប្អូនមានចិត្តរួមគំនិតគ្នាធ្វើដោយប្រការណាមួយក៏យើងទទួលនិងលើកទឹកចិត្តគ្នាដែរ»។
មាត្រាទី២៩ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយបានហាមឃាត់មិនឱ្យមានការផ្តល់វិភាគទានទោះជាក្នុងរូបភាពណាក៏ដោយពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេសឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស។
លោករីទ្ធី អ៊ុង ប្រធានសាខានៃគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិកបានបញ្ជាក់ថាកិច្ចការចម្បងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះគឺត្រូវពន្យល់ដល់អ្នកគាំទ្រពីច្បាប់ស្តីពីគណបក្សនយោបាយដែលទើបធ្វើវិសោធនកម្មថ្មីនិងខិតខំស្វែងរកថវិកាដើម្បីជួយដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងការត្រៀមរៀបចំបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនា។
លោកយល់ថាមាត្រា២៩ថ្មីនេះគឺមិនសំដៅលើអ្នកគាំទ្រខ្មែរអាមេរិកាំងទេ។
«ក្នុងនាមជាសមាជិក អ្នកគាំទ្រក្តី សាខាក្តីយើងមានសិទ្ធិក្នុងការជួយគាំទ្រគណបក្សយើងដូចជាគណបក្សប្រជាជនផងដែរគឺយើងឃើញហើយក៏មានសាខាខាងក្រៅប្រទេសដែរ ម៉្លោះហើយគេក៏មានសិទ្ធិក្នុងការជួយគណបក្សប្រជាជនរបស់គេដែរ ម្ល៉ោះហើយក្នុងនាមជាខ្មែរក្នុងប្រទេសក្តីក្រៅប្រទេសក្តី ហើយក្នុងនាមជាសមាជិកបក្សគឺថា យើងមានសិទ្ធិជួយគាំទ្រគណបក្សរបស់យើង»។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានជម្រះការព្រួយបារម្ភទាំងនោះហើយបញ្ជាក់ថា ច្បាប់នេះនឹងមិនប៉ះពាល់ដល់ការចូលរួមវិភាគទានរបស់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលគាំទ្រគណបក្សនយោបាយទេ។
«សូមបងប្អូនកុំមានការព្រួយបារម្ភអី បើមានលុយច្រើនមកជួយគណបក្សសង្គ្រោះជាតិឱ្យច្រើនមកស្រួលគេយកទៅចាយ។ បងប្អូនធ្វើការបានលុយច្រើនគួរតែជួយដែរ ព្រោះគណបក្សប្រជាជនមិនថ្នាំងថ្នាក់អ្វីទេ។ បងប្អូនមានសិទ្ធិជួយគណបក្សណាទៅតាមការយល់ឃើញរបស់បងប្អូនដោយសម្រេចដោយឯករាជ្យមិនមានបញ្ហាអ្វីទេ»។
ប៉ុន្តែលោកសុខ ឥសានបានបញ្ជាក់ថា រដ្ឋាភិបាលបរទេស និងជនបរទេសមិនអាចជួយដល់គណបក្សនយោបាយទេទោះក្នុងរូបភាពណាក៏ដោយ៖
«ខ្ញុំយល់ថា ជនបរទេសមិនមានបំណងអីត្រូវរៀនសូត្រពីកម្ពុជាទេ មានតែប្រដៅកម្ពុជា ចឹងទេខ្ញុំយល់ថា ច្បាប់ហាមឃាត់ ហើយទោះបីថវិកាក៏ដោយសម្ភារៈមធ្យោបាយផ្សេងៗក៏ដោយពីជនបរទេស គឺហាមមិនឱ្យមានការទទួលទេ»។
មានគណបក្សនយោបាយចំនួន១២បានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ។ ប៉ុន្តែមានតែគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិទេដែលមានលទ្ធភាពដាក់បេក្ខភាពក្រុមប្រឹក្សានៅឃុំ-សង្កាត់ចំនួន១.៦៤៦នៅទូទាំងប្រទេសដូចគ្នា។ គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច និងគណបក្សខ្មែររួបរួមជាតិមានបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ប្រហាក់ប្រហែលគ្នា គឺនៅលំដាប់ទីពីរដោយដាក់បេក្ខជនប្រហែលពាក់កណ្តាលនៃចំនួនសរុប។
លោកងឹម ញេង អ្នកតំណាងរាស្រ្តនៃ គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ធនធានហិរញ្ញវត្ថុពីខាងក្រៅនិងក្នុងប្រទេសមានសារៈសំខាន់ចំពោះគណបក្ស។
«ជាការពិតកន្លងមកគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺអត់ដែលបានជំនួយហិរញ្ញវត្ថុពីខាងរដ្ឋឬរាជរដ្ឋាភិបាលទេ គឺយើងសង្ឃឹមទៅលើបងប្អូនខ្មែរយើងដែលរស់នៅក្រៅប្រទេសជួយ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះគណបក្សសង្គ្រោះជាតិគឺជា គណបក្សរបស់ប្រជាពលរដ្ឋខ្មែរ។ អីចឹងនៅក្នុងប្រទេសប្រជាពលរដ្ឋខ្មែរហ្នឹងចង់ឱ្យមានការផ្លាស់ប្តូរសុទ្ធតែស្ម័គ្រចិត្តលះបង់ធនធានផ្ទាល់ខ្លួនបន្តិចៗម្នាក់ដើម្បីជួយជំរុញធ្វើម៉េចឱ្យការផ្លាស់ប្តូរហ្នឹងរីកចម្រើនទៅមុខ»។
លោកងឹម ញេងបានរិះគន់ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះថា មានគោលដៅរឹតបន្តឹងតែលើគណបក្សប្រឆាំងក្នុងពេលដែលគណបក្សកាន់អំណាចដែលមានធនធានយ៉ាងសម្បូរហូរហៀរមិនមានការកំហិតលើការចាយវាយទេ។
«ខ្ញុំយល់ថា ការកែប្រែច្បាប់នយោបាយនេះ គឺវាប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជាយើងធ្ងន់ធ្ងរណាស់។ ជាពិសេសត្រង់ចំណុចការហាមមិនឱ្យទទួលជំនួយពីបរទេសក្តីហ្នឹងគឺគួរតែចែងពីការធ្វើសវនកម្មទៅលើគណបក្សនយោបាយផងដែរ ពីព្រោះវាមានភាពលម្អៀងខ្លាំងដោយសារគណបក្សកាន់អំណាចរាល់រដូវកាលបោះឆ្នោតម្តងៗចាយលុយច្រើនណាស់ ប៉ុន្តែយើងអត់ដឹងថា គេចាយអស់ប៉ុន្មានទេ។ វាអត់មានតុល្យភាពអំពីការចំណាយទៅលើសកម្មភាពនយោបាយការប្រកួតប្រជែងរបស់គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា គឺមានភាពលម្អៀងខ្លាំងមែនទែន»។
សម្រាប់ការជួបជុំនៅរដ្ឋធានីវ៉ាស៊ីនតោននាចុងសប្តាហ៍នេះក្រុមអ្នករៀបចំក៏នឹងមានការភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នកគាំទ្រនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនទៅបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់នៅខេត្តមណ្ឌលគីរីផងដែរ។ ពួកគេយល់ថា នេះជាវិធីមួយដែលពលរដ្ឋនៅក្រៅប្រទេសអាចជួយដល់ជនរួមជាតិរបស់គេនៅក្នុងស្រុកឱ្យមានជីវភាពប្រសើរឡើងបាន។
លោកខេន គីវ អ្នករៀបចំកម្មវិធីបានបន្ថែមទៀតថា៖
«គោលការណ៍ដែលយើងមានគម្រោងការធ្វើខេត្តមណ្ឌលគីរីនេះផ្ទាល់ដោយសារយើងយល់ថា ខេត្តមណ្ឌលគីរីនេះគឺ មានការខ្វះខាតច្រើនជាងខេត្តដទៃៗទៀត ហើយមានការឆ្ងាយពីទីក្រុងឆ្ងាយពីពេទ្យឆ្ងាយពីអ្វីដែលមានការរីកចម្រើនដូចក្នុងប្រទេសយើងវាឆ្ងាយដាច់ប្រយាលពីគេម្ល៉ោះហើយខ្វះខាតច្រើនដូច្នេះបានជាយើងយល់ថាយើងចង់លើកទឹកចិត្តដល់បេក្ខជនទាំងអស់ហ្នឹងក្នុងអាណត្តិនេះដើម្បីឱ្យលើកស្ទួយជីវភាពឱ្យបានធូរធាដូចជាខេត្តដទៃៗទៀត»។
មានពលរដ្ឋខ្មែរ-អាមេរិកាំងជាង៣០ម៉ឺននាក់កំពុងរស់នៅតាមរដ្ឋនានាក្នុងសហរដ្ឋអាមេរិក។ ភាគច្រើននៃពួកគេរស់នៅក្នុងរដ្ឋកាលីហ្វញ៉ា ម៉ាស្សាឈូសិត វ៉ាស៊ីនតោនស្តេត ផេនស៊ីលវេនៀ និងតិចសាស៕