ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គេហទំព័រ​ធំៗ​របស់​អាមេរិក​ប្រឆាំង​នឹង​ច្បាប់​រឹត​បណ្តឹង​ប្រព័ន្ធ​អ៊ីនធឺណេត


គេហទំព័រ​ធំៗ​របស់​អាមេរិក​ប្រឆាំង​នឹង​ច្បាប់​រឹត​បណ្តឹង​ប្រព័ន្ធ​អ៊ីនធឺណេត
គេហទំព័រ​ធំៗ​របស់​អាមេរិក​ប្រឆាំង​នឹង​ច្បាប់​រឹត​បណ្តឹង​ប្រព័ន្ធ​អ៊ីនធឺណេត

ក្រុមអ្នក​ធ្វើការ​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​និង​ការ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូលរួម​ជាមួយ គេហទំព័រ​ធំៗ​លើ​ពិភពលោក​នៅ​អាមេរិក​ដូចជា ​Wikipedia​ Google ​និង​ Facebook ​ដែល​ចាត់​ទុកថា សេចក្តី​ស្នើ​ច្បាប់​ ឬ​សេចក្តី​ព្រាង​ច្បាប់​បញ្ឈប់​ការ​លួចថត​ចម្លង​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ដែល​ក្រុម​អ្នក​តាក់តែង​ច្បាប់​ស.រ.អា​មួយ​ចំនួន​កំពុង​រៀបចំ​នោះ​ ជា​ការ​បំបិទ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណេត។

សេចក្តី​ព្រាង​ច្បាប់​បញ្ឈប់​ការ​លួច​ថត​ចម្លង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ហៅថា​ Stop Online​ Piracy Act ហៅកាត់​ថា​សូប៉ា (SOPA) ​ត្រូវ​សមាជិក​សភា​ និងសមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយ​ចំនួន​តាក់តែង​ឡើង​ក្នុង​គោល​បំណងទប់ស្កាត់ការរំលោភ​លើ​កម្មសិទ្ធិ​បញ្ញា​ ទំនិញ​ក្លែងក្លាយ​ និង​ហាមមិន​ឲ្យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​ប្រព័ន្ធ​ ដោយ​បង្កើត​ឲ្យ​មាន​ការ​បង់លុយ​ ហាម​ម៉ាស៊ីន​ស្រាវជ្រាវ​ឯកសារ​ឬ ​Search engines ​ដើម្បី​ភ្ជាប់​ទៅកាន់​គេហ​ទំព័រ​ផ្សេង​ទៀត។​ សេចក្តី​ព្រាងច្បាប់​នេះ​មាន​ការ​ដាក់ទោស​ព្រហ្មទណ្ឌ​ផង​ដែរ។​ តែ​ម្ចាស់​គេហទំព័រ​ធំៗ​នៅ​ស.រ.អា​និង​សកម្មជន​សិទ្ធិមនុស្ស​ សកម្មជន​ផ្នែក​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ​ចាត់ទុក​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា​នឹង​នាំ​ឲ្យ​មាន​ការ​រឹត​បន្តឹង​សេរីភាព​ព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណេត។

លោក​ អ៊ូ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អះអាង​ថា​លោក​គាំទ្រ​យុទ្ធនាការ​ប្រឆាំង សេចក្តី​ព្រាង​ច្បាប់​សូប៉ា​នេះ។

«សូប៉ា​ (SOPA)​ហ្នឹង​ខ្ញុំ​មើលទៅ​របៀប​ដែល​សរសេរ​មានការ​ប៉ះពាល់​ដល់ការ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណេត លើ​ពិភពលោក។​ ហើយ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ពេល​ណា​ប្រព័ន្ធ​អ៊ីនធឺណេត​លើ​ពិភពលោក​មាន បញ្ហា​ វា​អាច​មាន​ពាក់ព័ន្ធ​ដល់​ស្រុក​ខ្មែរ​ដែរ។​តែ​រឿង​នេះ​ជា​រឿង​ត្រឹមត្រូវ​សម្រាប់​សិទ្ធិ​សេរីភាព អ៊ីនធឺណេត​ទូទៅ»។

តាម​សេចក្តី​ព្រាង​ច្បាប់​សូប៉ា​ក្រុមហ៊ុន​អ៊ីនធឺណេត​ឬ​គេហទំព័រ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ជាច្រើន​ដូចជា Wikipedia ​Google​ Facebook ​និង ​Youtube ​និង​គេហទំព័រ​ផ្សេងៗ​ទៀត​អាច​ត្រូវ​បិទ​ទ្វារ​និង​រង​ការប្តឹង​ផ្តល់ ​ដោយ​សារ​តែ​ការ​ដាក់​ឬ​ភ្ជាប់​រូបភាព​វីដេអូ​ជា​កុនឬ​ឯកសារ​របស់​ក្រុមហ៊ុន​ផ្សេង​ទៀត។​ រដ្ឋាភិបាល នឹង​មាន​អំណាច​ខ្លាំងក្លា​ដើម្បី​បិទ​ក្រុមហ៊ុន​ណា​មួយ​ ឬ​ឲ្យ​អាជ្ញាប័ណ្ណ​ស្រេច​ចិត្ត។

លោក ​មឿន ឈានណារិទ្ធ​ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​ព័ត៌មាន​បាន​ជំទាស់ ​ទៅ​នឹង​ការ​រិតត្បិត​ សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណេត។​ លោក​យល់​ថា​ការរំលោភ​បំពាន​ច្បាប់​នានា​លើ​ក្រុមហ៊ុន ​ឬ​កម្មសិទ្ធិ​ ឬ​ជា​បញ្ហា​អ្វី​ផ្សេង​ទៀត​នោះ​ គឺ​មាន​ច្បាប់​ផ្សេងៗ​សម្រាប់​ដាក់ទោសទណ្ឌ​ហើយ។

«អញ្ចឹង​ខ្ញុំ​គិត​ថា​មាន​ការ​ព្រួយ​បារម្ភ​ហើយ​តែ​យើង​គិត​ថា​យើង​មាន​ច្បាប់​ដទៃ​ទៀត​ដើម្បី​ការពារ​ការ រំលោភ​ទៅ​លើ​កម្មសិទ្ធិ​បញ្ញា។​ អញ្ចឹង​យើង​មាន​ច្បាប់​មួយ​ផ្សេង​ដោយ​ឡែក។​ អញ្ចឹង​ខ្ញុំ​គិតថា​គួរតែ ​បើក​ទូលាយ​ទៅ»។

លោក​ណារិទ្ធ​ថ្លែង​អះអាង​បន្ត​ថា​សម្រាប់​លោកៗ​គិត​ថា​លោក​អាច​ជួយ​បក​ទៅ​វិញ​គឺ​ថា​គួរ​ធ្វើឲ្យ​អ្នកយក ព័ត៌មាន ​អ្នកដាក់​ព័ត៌មាន​ផ្សេងៗ​លើគេហទំព័រ​ វិបសាយ ​មាន​វិជ្ជាជីវៈ​ខ្ពស់។

គេហទំព័រ ​Wikipedia ​ Google និង​ facebook ​ដែល​ជា​គេហទំព័រ​មាន​អ្នកចូល​ទស្សនា​ជាច្រើន​រយ លាន​នាក់​ក្នុង​មួយខែ​ និង​ ផ្ទុក​ឯកសារ​ជា​ច្រើន​លាន​ ហើយ​ប្រើប្រាស់​សម្រាប់​ការ​ទាក់ទង​យ៉ាងទាន់ ចិត្ត​តាម​ប្រព័ន្ធ​អេឡិក​ត្រូនិក​ដោយ​សេរី​នោះ​ បាន​បិទ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃពុធ​រយៈពេល ​២៤​ម៉ោង​ ដោយ​ដាក់​ផ្ទៃ​ពណ៍​ខ្មៅ​ដើម្បី​ប្រឆាំង​ទៅនឹង​សេចក្តី​ព្រាង​ច្បាប់​សូប៉ា​(SOPA)។​គេ​ពុំ​ឃើញ​មាន​គេហទំព័រ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​របស់ ​Wikipedia ​និង​ គេហទំព័រ​ឬ​វិបសាយ​ដទៃ​ទៀត​ទេ។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​ ផៃ ស៊ីផាន​អ្នកនាំពាក្យនៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន ​អះអាង​ថា​ការធ្វើ​ច្បាប់​នេះ​ហាក់​ដូចជា​បង្កើន​ឧបសគ្គ​នៃ​ការដឹង​ ការយល់​និង​ការ​ដោះស្រាយ​ជីវភាព​របស់ ​ប្រជា​ពលរដ្ឋ​ក្នុង​លោក​ទាំង​វិស័យ​បច្ចេកវិជ្ជា​និង​វិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

«ខ្ញុំ​គាំទ្រ​ការប្រឆាំង​នេះ​ឯង​ដើម្បី​កុំ​ឲ្យ​មាន​គម្លាត​នៃ​បច្ចេកវិទ្យា​រវាង​ប្រជាជាតិ​អ្នកមាន​ឬ​រវាង​ក្រុមហ៊ុន អ្នកមាន​ដែល​ប្រើប្រាស់​នូវ​បញ្ញា​បារមី​មនុស្ស​ជាតិ​ដែល​មិន​ផ្តល់​នូវ​អ្វី​ដែល​ជា​លទ្ធភាព​និង​ជា​សេចក្តី ត្រូវការ​របស់​មនុស្ស​ជាតិ»។

លោក​ ផៃ ស៊ីផាន​អះអាង​ដែរ​ថា​ប្រទេស​អ្នកមាន​តែងតែ​ធ្វើ​ច្បាប់​ដើម្បី​ការពារ​ខ្លួនឯង​ ដែល​មិន​បម្រើ​ឲ្យ មនុស្ស​ជាតិ​ទាំងអស់​ក្នុង​ពិភពលោក​តាម​អ្វី​ដែល​ជា​ផែនការ​អភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​អ.ស.ប​នោះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គេហទំព័រ​ Wikipedia ​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​នេះ​បាន​ហៅ​សេចក្តី​ព្រាង​ច្បាប់​ដែល​ស្នើ​ដោយ​សមាជិក​សភា​អាមេរិកាំង​ខ្លះ​នោះ​ថា​ ជា​ច្បាប់​អាក្រក់​ជាង​ជំងឺ​ ហើយ​ធ្វើ​ឲ្យ​ខូចខាត​ដល់​សេរីភាព​ និង​ភាព​បើក​ចំហ​នៃ​ប្រព័ន្ធ​អ៊ីនធឺណេត។ ​Wikipedia ​បាន​បន្ថែម​ថា៖

«សេចក្តី​ព្រាង​ច្បាប់​សូប៉ា​នឹង​បង្កើត​គម្រោង​សម្រាប់​ការ​រិតត្បិត​ និង​ការ​គាបសង្កត់​នៅ​ពេល អនាគត»។

សេចក្តី​ព្រាង​ច្បាប់​សូប៉ា​ត្រូវ​សមាជិក​សភា​មួយ​ចំនួន​ផ្តួចផ្តើម​ឲ្យ​មាន​ការគាំទ្រ​តាំង​ពី​ខែ​តុលា​ឆ្នាំ ២០១១។សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​គេ​រាយការណ៍​មក​ថា​មាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ជាច្រើន ដូចជា​ហូលីវូដ​ជាដើម។​ តែ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ច្រានចោល​ពី​ក្រុម​ដែល​ស្រឡាញ់​សេរីភាព​បញ្ចេញ​មតិ​វិញ។បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ Wikipedia​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រដ្ឋ​ គ្រប់​តំបន់ ​ទាក់ទង​ជាមួយ​នឹង​សមាជិក​សភា​ និង​ព្រឹទ្ធសភា​ប្រចាំរដ្ឋ​របស់​ខ្លួន​កុំឲ្យ​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​សូប៉ា៕

XS
SM
MD
LG