ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តវ៉ា​ដីធ្លី​នៅ​តែ​បន្ត​ដោយ​មាន​ការ​ចូល​រូម​ពី​ជ័យលាភី​ពាន​រង្វាន់​អ្នក​ដឹកនាំ​


មិន​មាន​មន្ត្រី​ជាន់ខ្ពស់​មកពី​គណបក្ស​ប្រជាជន​ណាម្នាក់​ចេញ​មុខ​ដោះស្រាយទេ​ក៏​ប៉ុន្តែ​បន្ទាប់​ពីមាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​ទើប​មាន​មន្ត្រី​ប៉ូលីស​មួយ​រូប​ចេញមុខ​មករក​ដំណោះស្រាយ។​
មិន​មាន​មន្ត្រី​ជាន់ខ្ពស់​មកពី​គណបក្ស​ប្រជាជន​ណាម្នាក់​ចេញ​មុខ​ដោះស្រាយទេ​ក៏​ប៉ុន្តែ​បន្ទាប់​ពីមាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​ទើប​មាន​មន្ត្រី​ប៉ូលីស​មួយ​រូប​ចេញមុខ​មករក​ដំណោះស្រាយ។​
ភ្នំពេញ៖ ​បន្ទាប់​ពីចុះពី​រឺម៉ក​កងបី​ជាមួយ​អ្នក​ភូមិ​បឹងកក់​ប្រមាណ​បួន​ទៅ​ប្រាំ​នាក់​ទៀត អ្នក​ស្រីទេព វន្នី​តំណាង​អ្នកភូមិ​បឹងកក់​ត្រូវ​បាន​សារទរ​ពី​សមាជិក​របស់​ខ្លួន។​
ស្លៀក​សារ៉ុង​និង​ខ្លួន​រុំព័ទ្ឋ​ដោយ​ក្រម៉ា​ អ្នកស្រី​ ទេព វន្នី​ មាន​ទឹក​មុខ​ញញឹម​ដល់​ក្រុម​អ្នក​តវ៉ា​មក​ពី​តំបន់​បឹង​កក់​ តំបន់បូរីកីឡា​ និង​មក​ពី​សហគម​ថ្ម​គោល។​
ការ​បង្ហាញ​មុខ​សារ​ជាថ្នី​របស់​អ្នកស្រី​ទេព​ វន្នី​ ដើម្បី​ដឹក​នាំការ​តវ៉ា​របស់​អ្នក​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដី​ធ្លី​លើកនេះ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​អ្នក​ស្រី​បាន​ទទួល​ពាន​រង្វាន់​ផ្នែក​សិទ្ឋិ​សេរីភាព​និងស្រ្តី​ជា​អ្នក​ដឹក​នាំ​ឆ្នើម​ វៃថល វ័រស៊ីស (Vital Voices) របស់​លោក​ស្រី​ហ៊ីលឡារី គ្លីនតុន​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមរិក។
ពាន​រង្វាន់​ដ៏​មហាកិត្តិយស​នេះ​ត្រូវ​បាន​ប្រគល់​ដល់​អ្នក​ស្រី​ទេព វន្នី កាល​ពី​ដើម​ខែ​មេសា​នៅ​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​នៃ​សហរដ្ឋ​អាមេរិក​ដោយ​មាន​មនុស្ស​ចូល​រួម​ប្រមាណ​ជាង​២.០០០​នាក់​ដែល​ក្នុង​នោះ​ក៏​មាន​លោក​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ចូ បាយដិន (Joe Biden) និងលោក​ស្រី​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ហ៊ីលឡារី គ្លីនតុន ផង​ដែរ។​
អ្នក​ស្រី​ទេព វន្នី បាន​ប្រាប់​ក្រុម​អ្នក​អ្នក​ព័ត៌មាន​នៅ​ពី​មុខ​ទីស្នាក់​ការ​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា អុ្នក​ស្រី​នៅ​តែ​បន្ត​ដឹក​នាំ​ទាមទារ​ដើម្បី​រក​ដំណោះ​ស្រាយ​សម្រាប់​អ្នក​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី​នៅ​តំបន់​បឹងកក់​និង​បូរី​កីឡា​ក្រោយ​ពី​អ្នក​ស្រីទទួល​បាន​ពាន​រង្វាន់។​
«ពួក​ខ្មុំត្រូវ​តែ​ទាមទារ​ឲ្យ​បាន​ដំណោះស្រាយ​ជា​ចំបង។ បញ្ហា​រឿង​ពាន​ជាផ្នែក​មួយ​នៃ​ការ​ចូល​រួម​យ៉ាង​មាន​សារៈសំខាន់​និង​គាំទ្រ​និង​ផ្តល់​អំណាច​មួយ​បន្ថែម​ទៀត​សម្រាប់​ពួក​ខ្មុំ​ដែល​ស្ត្រី​នៅ​តំបន់​បឹង​កក់​ក៏​ដូចជា​ប្រជាពលរដ្ឋ​ដែល​រងគ្រោះនៅ​កន្លែង​ផ្សេងៗ​ផងដែរ»។​
ក្រុម​អ្នក​តវ៉ា​ប្រមាណ​ជិត​១០០​នាក់​ក្នុង​នោះ​មាន​កុមារ​តូចៗ​បាន​មក​ប្រមូល​ផ្តុំគ្នា​នៅពី​មុខ​ទី​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ទាមទារ​ឲ្យ​រក​ដំណោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់​ បូរីកីឡា​ តំបន់​សហគមន៍​ថ្មគោល​និង​ដោះ​លែង​អ្នកស្រី​យ៉ោម បុប្ជា​ដែល​កំពុង​ជាប់​ពន្ឋនាគារ​ព្រៃស​ពីបទ​ប្រើប្រាស់​អំពើ​ហឹង្សា​ដោយ​ចេតនា។​
«គណបក្ស​ប្រជាជន​ត្រូវ​តែចេញ​មុខ​ដោះស្រាយ​ពីព្រោះ​មុន​ឆ្នាំ​២០០៧​ គណបក្សប្រជាជន​បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​ប្រជាជន​ ធ្វើ​ការ​បម្រើ​ប្រជាជន​ហេតុដូច្នេះ​ហើយ​គណបក្ស​ប្រជាជន​ត្រូវ​តែមាន​តួនាទី​ដោះស្រាយ​អោយ​ប្រជាជន»។​
មិន​មាន​មន្ត្រី​ជាន់ខ្ពស់​មកពី​គណបក្ស​ប្រជាជន​ណាម្នាក់​ចេញ​មុខ​ដោះស្រាយទេ​ក៏​ប៉ុន្តែ​បន្ទាប់​ពីមាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​ទើប​មាន​មន្ត្រី​ប៉ូលីស​មួយ​រូប​ចេញមុខ​មករក​ដំណោះស្រាយ។​
«គណបក្ស​ប្រជាជន​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បាន​ទទួល​ញត្តិ​ពី​បង​ប្អូន​ហើយ ក៏ប៉ុ​ន្តែញត្តិ​នេះ​បាន​បញ្ជូន​ទៅ​តំណាង​សភា​ជាតិ​ឬ​មួយ​ក៏​ព្រឹទ្ឋសភា​និង​ក្រសួង​មហា​ផ្ទៃ​ដើម្បី​ដោះស្រាយ​កន្លែង​បក្ស​នេះ​អត់​មាន​ដោះស្រាយ​រឿង​ដីធ្លី​ទេ»។
ជម្លោះ​ដី​ធ្លី​នៅ​តំបន់​បឹងកក់​ បូរីកីឡា​និង​នៅ​សហគមន៍​ថ្មគោល​កណ្តាល​ទីក្រុង​ភ្នំពេញ​បាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយ តែ​រដ្ឋាភិបាល​នៅ​តែ​ធ្វើព្រងើយ​មិន​ដឹង​មិន​ឮ។​
យ៉ាង​តិច​មាន​មនុស្ស​ប្រមាណ​ជាង​ជិត​២០​នាក់​មក​ពី​តំបន់​បូរីកីឡា​និង​តំបន់​បឹងកក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ឋនាគារ​ដោយសារ​តែចេញ​មុខ​តវ៉ា​ការពារ​ផ្ទះសម្បែង​និង​ដីធ្លី​របស់​ពួកគេ។​
អ្នក​ស្រី​យ៉ោម បុប្ជា​ អាយុ​៣២​ឆ្នាំ​សកម្មជន​តវ៉ារឿង​ដីធ្លី​នៅ​តំបន់​បឹងកក់​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ឋនាគារ​នៅ​ឡើង​បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថា អ្នស្រី​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រង​របួស​កាលពី​ឆ្នាំ​២០១២។
លោក​លួស សាខន​ដែល​ជា​ស្វាមី​របស់​អ្នក​ស្រី​យ៉ោម បុប្ជា​ ដែល​បាន​ចូល​រួម​តវ៉ា​នៅ​ថ្ងៃចន្ទ​នេះ​បាន​ថ្លែង​ការពារ​ភរិយា​របស់​លោក​ថា មិន​បាន​ប្រព្រឹត្ត​ដូច​មាន​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ។ លោក​បាន​និយាយ​ថា ភរិយា​របស់​លោក​បាន​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​ដែល​គួរ​តែ​មាន​ការ​ដោះលែង៕
XS
SM
MD
LG