ភ្នំពេញ៖ «ឈានឆ្ពោះទៅរកគ្មានការឆ្លងថ្មី គ្មានការរើសអើង គ្មានការស្លាប់» គឺជាប្រធានបទថ្មីមួយនៅក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១២នេះ គឺជាការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍លើកទី២៣ នៅលើសកលលោក និងជាលើកទី២០សម្រាប់កម្ពុជា។
លោកវេជ្ជបណ្ឌិត នុត សុខុម ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍បានថ្លែងនៅក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃសៅរ៍ទី០១ ធ្នូ នេះថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍គឺដើម្បីជំរុញពង្រឹងការប្រយុទ្ធទប់ស្កាត់ជំងឺអេដស៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឈានទៅលុបបំបាត់ទាំងស្រុងនូវបញ្ហាអេដស៍នៅលើពិភពលោក។
«ពាក្យស្លោកនេះក៏មានគោលបំណងលើកកម្ពស់ការចូលរួម និងការប្តេជ្ញាចិត្តឲ្យកាន់តែខ្លាំងក្លាថែមទៀតផ្តើមចេញពីបុគ្គល គ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូលក្នុងការប្រយុទ្ធទប់ស្កាត់បញ្ចៀសឲ្យផុតពីសោកនាដកម្មនៃមេរោគអេដស៍ ជំងឺអេដស៍ តាមរយៈការប្រើយុទ្ធសាស្ត្រសូន្យ៣នៃសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិគឺ១ គ្មានការចម្លងមេរោគអេដស៍។ ២.គ្មានការរើសអើង និងការស្លាប់ដោយសារអេដស៍ឲ្យបានឆ្នាំ២០២០»។
បច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជាប្រមាណជា៧៥.០០០នាក់នៅក្នុងក្រុមគ្រួសារប្រមាណ៦ម៉ឺន កំពុងតែផ្ទុកមេរោគអេដស៍។ ក្នុងមួយឆ្នាំត្រូវចំណាយថវិកាប្រមាណជា៥៨លានដុល្លារ អាមេរិក សម្រាប់ការងារមេរោគអេដស៍នេះដូចជាការថែទាំ ការការពារ ការផ្តល់ថ្នាំពន្យារជាដើម ដែលថវិកាទាំងនោះប្រមាណជា៩៦ភាគរយបានពីអន្តរជាតិ។
ជាមួយគ្នានេះដែរ លោក ភោគ ប៊ុនរឿន តំណាងសង្គមស៊ីវិលដែលកំពុងអនុវត្តកម្មវិធី
ប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍បានឲ្យដឹងដែរថា នៅកម្ពុជា ជារៀងរាល់ថ្ងៃមានអ្នកស្លាប់ដោយសារជំងឺអេដស៍ចំនួនប្រាំមួយនាក់ និងបួននាក់ឆ្លងមេរោគ អេដស៍ហើយ៥៦.០០០នាក់កំពុងព្យាបាលដោយថ្នាំប្រឆាំងនឹងមេរោគអេដស៍។ លោកបានបញ្ជាក់ថាជំងឺអេដស៍នៅតែបញ្ហាដ៏ធំសម្រាប់កម្ពុជានៅឡើយ។
«ថ្ងៃនេះគឺជាថ្ងៃដែលយើងបានមកជួបជុំគ្នាដើម្បីពិនិត្យមើលពីការរីកចម្រើនក៏ដូចជាការធ្វើការប្តេជ្ញាចិត្តទាំងអស់គ្នាថាតើយើងត្រូវធ្វើដូចម្តេចទៀតដើម្បីដោះស្រាយបញ្ហាដែលប្រឈម និងថាតើត្រូវធ្វើអ្វីបន្តទៀតដើម្បីឲ្យសម្រេចបាននូវអ្វីដែលបានគ្រោងទុក»។
ជម្ងឺអេដស៍បានចាប់ផ្ដើមកើតនៅកម្ពុជានៅឆ្នាំ១៩៩១។ បន្ទាប់មកបានរីករាលដាលជាខ្លាំងរហូតដល់ជនបទ។ រហូតមកដល់ពេលនេះនៅមិនទាន់មានឱសថណាដែលអាច
ព្យាបាលជំងឺអេដស៍ឲ្យជាសះស្បើយនៅឡើយទេ។ ជំងឺនេះនៅតែជាមេរោគមួយដ៏សាហាវដែលបានសម្លាប់ប្រជាពលរដ្ឋ និងបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បុគ្គល គ្រួសារ និងសង្គម។
អ្នកស្រី អ៊ុក ម៉ាច សមាជិកបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍និងជាជនបង្គោលរបស់អង្គការស្ត្រីនៃក្តីសង្ឈឹមបានមានប្រសាសន៍ថា គុណភាពនៃសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍មានតួនាទីសំខាន់ក្នុងការកាត់បន្ថយចំនួនអ្នកដែលបរាជ័យនៃការព្យាបាលពីព្រោះតាមការប៉ាន់ប្រមាណ មានអ្នករស់នៅជាមួយមេរោគអេដស៍ប្រហែល១០ភាគរយគឺចំនួនជាង៥.០០០នាក់ដែលត្រូវការព្យាបាលឱសថដែលមានតម្លៃខ្ពស់។
«សំណូមពរឲ្យមានការខិតខំប្រឹងប្រែងបន្តទៀតសំដៅពង្រឹង និងពង្រីកសេវាគ្រប
ដណ្តប់ឲ្យបានកាន់តែទូលំទូលាយជាពិសេសឱសថប្រឆាំងមេរោគអេដស៍ និងសេវាផ្សេងៗដោយគ្មានការបង់ប្រាក់»។
អត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យអាយុពី១៥ឆ្នាំទៅ៤៩ឆ្នាំគឺមាន០.៧ភាគរយដែលបន្តធ្លាក់ពី០.៨ភាគរយនៅក្នុងឆ្នាំ២០១១ដោយនៅក្នុងឆ្នាំ១៩៩៨មានកម្រិតខ្ពស់គឺ២ភាគរយ។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងនៅក្នុងទិវានេះដែរថា ទោះបីជាកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់លើការទប់ស្តាត់ការរីករាលដាលមេរោគអេដស៍ក៏ដោយក៏ត្រូវខិតខំប្រឹងប្រែងបន្តទៀតដើម្បីកាត់បន្ថយអាត្រាឆ្លងមេរោគអេដស៍ឲ្យបាន៥០ភាគរយបន្ថែមទៀត ក្នុងចំណោមក្រុមដែលប្រឈមុខខ្ពស់ដូចជាក្រុមបុគ្គលិក គ្រឹះស្ថានកំសាន្តសប្បាយ ក្រុមបុរសស្រលាញ់បុរស ក្រុមយុវវ័យ និងឈានទៅកាត់ផ្តាច់ទាំងស្រុងការចម្លងពីម្តាយទៅកូនឲ្យបាននាឆ្នាំ២០១៥ខាងមុខនេះ។
«ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការឈានទៅសម្រេចបាននូវគោលដៅ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រ គោលនយោបាយ វិធីសាស្ត្រ ដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា»។
លោកស្រី ម៉ារី អូឌីល អេម៉ុងដ៍ (Marie-Odile Emond) អ្នកសម្របសម្រួលប្រចាំប្រទេសនៃអង្គការUNAIDS នៃអង្គការសហប្រជាជាតិនៅកម្ពុជាបានឲ្យដឹងថាកម្ពុជាស្ថិតក្នុងចំណោមប្រទេស២៥ដែលមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងការឆ្លងថ្មីចាប់តាំងពីឆ្នាំ២០០១។ ក៏ប៉ុន្តែការប្រយុទ្ធនឹងមេរោគអេដស៍គឺមិនទាន់កន្លងផុតនៅឡើយទេ។
លោកស្រីបានឲ្យដឹងបន្ថែមថា ទិវាអេដស៍ពិភពលោកគឺជាឱកាសមួយដើម្បីសម្ដែងការគោរព និងកាន់ទុក្ខមនុស្សប្រមាណ១,៧លាននាក់ដែលបានស្លាប់ដោយសារជំងឺអេដស៍ក្នុងឆ្នាំ២០១២ដែលក្នុងចំណោមនេះមានប្រជាពលរដ្ឋកម្ពុជាប្រមាណជា២.០០០នាក់ផងដែរ៕