ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សីថា ខៀវ សំផន និង​អៀង សារី​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​រកការ​គាំទ្រ​ពី​អន្តរជាតិ


(ពីឆ្វេងទៅស្តាំ) នួន ជា មេមនោគមវិជ្ជា ខៀវ​សំផន​ អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម និង​អៀង​ សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរក្រហម។
(ពីឆ្វេងទៅស្តាំ) នួន ជា មេមនោគមវិជ្ជា ខៀវ​សំផន​ អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម និង​អៀង​ សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរក្រហម។
ភ្នំពេញ៖ អៀង សារី និងខៀវ ​សំផន ​បាន​ធ្វើ​ការងារ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ស្វែង​រក​ការគាំទ្រពីអន្តរជាតិ​នៅ​ក្នុង​ពេល​ដែល​ពួក​កុម្មុយនិស្ត​ម៉ៅនិយម​ខ្មែរក្រហម​កំពុង​ធ្វើ​ចលនា​តស៊ូ​ប្រដាប់​អាវុធ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សក្សី​នៅ​ក្នុង​សវនាការ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​សួង​ ស៊ីគឿន​ មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ក្នុង​ក្រសួង​ការបរទស​ខ្មែរក្រហម និង​ជា​តំណាង​ឲ្យ​ចលនា​បញ្ញាវន្ត​កុម្មុយនិស្តនិយម​បាន​អះអាង​ថា មេដឹកនាំ​ខ្មែរក្រហម​ទាំង​ពីរ​នាក់​ខាង​លើ​បាន​ធ្វើ​ចលនា​ការទូត​ជា​ច្រើន​ដើម្បី​ស្វែង​រក​ការគាំទ្រ​ដល់​ពួក​ខ្មែរក្រហម​ពី​សហគមន៍​អន្ដរជាតិ​ដែល​មាន​និន្នាការ​កុម្មុយនិស្ត​និយម​ដូចគ្នា។

«នៅ​ដើម​ខែ​មេសា​ ឆ្នាំ​១៩៧៤ ​លោក​ខៀវ​ សំផន​ និង​លោក​អៀង​ សារី ​បាន​ដឹកនាំ​គណ​ប្រតិភូ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា និង​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​ទៅ​ទស្សនកិច្ច​ប្រទេស​យូហ្គោស្លាវី​ រូម៉ានី ​និង​អាល់បានី»។

លោក​សួង ​ស៊ីគឿន​ ឆ្លើយ​យ៉ាង​ដូច្នេះ​តប​ទៅ​នឹង​សំណួរ​នៃ​ជំនួយការ​សហ​ព្រះរាជ​អាជ្ញា​លោក ​ចាន់ ដារារស្មី។

ឆ្នាំ​នេះ​ក្នុង​អាយុ​៧៥​ឆ្នាំ ​លោក​សួង ​ស៊ីគឿន​ គឺ​ជា​បញ្ញាជន​ដែល​ទទួល​សញ្ញាបត្រ​អនុបណ្ឌិត​ពី​ប្រទេស​បារាំង។ បច្ចុប្បន្ន​គាត់​រស់​នៅ​ស្រុកម៉ាឡៃ ​ខេត្​តបន្ទាយមានជ័យ។

សាក្សី​ដដែល​បាន​បន្ថែម​ថា ខៀវ ​សំផន​ និង​អៀង ​សារី​ ក៏​បាន​ដឹកនាំ​ប្រតិភូ​រួមគ្នា​ទៅ​ទស្សនកិច្ច​នៅ​បណ្តា​ប្រទេស​អាហ្វ្រ៊ីក​មួយ​ចំនួន​ទៀត​ដែរ​ដូចជា​ប្រទេស​អាល់ហ្ស៊េរី ​ម៉ូរីតានី ​និងអេហ្ស៊ីប​ជាដើម​នៅ​ក្នុង​១៩៧៤​ដូច​គ្នា​គឺ​ជិត​មួយ​ឆ្នាំ​មុន​ពេល​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច។

លោក​ សួង ​ស៊ីគឿន​ បញ្ជាក់​ថា អៀង ​សារី​ នៅ​ក្នុង​អំឡុង​ពេលនោះ​គឺ​ជា​តំណាង​គណបក្សកុម្មុយ​និស្ត​កម្ពុជា​ដែល​ប្រចាំការ​ភាគច្រើន​នៅ​ប្រទេស​ចិន​ រីឯ​ខៀវ ​សំផន​គឺ​ជា​ឧប​នាយក​រដ្ឋមន្ដ្រី និង​ជា​អគ្គមេបញ្ជាការ​កងទព័​រំដោះ​ជាតិ​កម្ពុជា។

«ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ជូន​ព័ត៌មាន​ដល់​ប្រទេស​ជាមិត្ត​ទាំងនោះ​ដែល​គាំទ្រ​ការតស៊ូ​របស់​ប្រជាជន​កម្ពុជា​ អំពី​ជំហ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ហើយ​ប្រមូល​ការ​គាំទ្រ​នៃ​ប្រទេស​ទាំង​នោះ​ចំពោះ​ការតស៊ូ​របស់​ប្រជាជនកម្ពុជា»។

ក្នុង​អំឡុង​ពេល​នោះ​លោក ​សួង ​ស៊ីគឿន​ គឺ​ជា​ជំនួយការ​របស់​គណប្រតិភូ​ជាន់​ខ្ពស់​របស់​ចលនា​តស៊ូ​នៃ​ពួក​ខ្មែរក្រហម។

ការ​ផ្តល់​សក្ខីកម្ម​របស់​លោក​សួង ​ស៊ីគឿន ​បន្ទាប់​ពី​លោក​ រចឹម ​ទន់ ​បាន​បញ្ចប់ការ​ផ្តល់​សក្ខីកម្ម​របស់​គាត់​ផង​ដែរ​កាលពី​ព្រឹកមិញ​នេះ។ លោក​រចឹម ​ទន់ ​គឺ​ជា​កម្មាភិបាល​ជាន់ខ្ពស់​លំដាប់​ទី៣​ នៅ​ក្នុង​ក្រសួង​ការបរទេស​ខ្មែរ​ក្រហម​ដែល​កាន់កាប់​ដោយ​អៀង ​សារី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG