កងទាហានម៉ារីនមកពីសហរដ្ឋអាមេរិក និងកងទាហានរបស់ប្រទេសកម្ពុជាសរុបប្រមាណជា៥០០ នាក់នឹងធ្វើលំហាត់យោធារួមគ្នាជាទ្រង់ទ្រាយធំចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍នេះ រហូតដល់ថ្ងៃពុធសប្តាហ៍ក្រោយដើម្បីអ្វីដែលមន្រ្តីផ្លូវការរបស់ប្រទេសទាំងពីរអះអាងថា គឺជាប្រយោជន៍សម្រាប់ពង្រឹងទំនាក់ទំនងទ្វេភាគី។
ការធ្វើលំហាត់យោធានេះស្ថិតនៅក្នុងបរិបទនៃដំណើរឈប់សំចតរបស់នាវាចម្បាំងសហរដ្ឋអាមេរិក USS Essex នៅក្នុងកំពង់ផែខេត្តព្រះសីហនុ។
នាវានេះនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៦ខែកុម្ភៈនេះ ហើយបន្តស្នាក់នៅរហូតទៅដល់ថ្ងៃ ទី០៣ខែមីនា។
លោក Mark Wenig អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញបានប្រាប់វីអូអេសំឡេង សហរដ្ឋអាមេរិកតាមអ៊ីម៉ែលថា ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាការសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និងរដ្ឋាភិបាលសហរដ្ឋអាមេរិកឧទ្ទិសទំនាក់ទំនងចីរភាពជាមួយប្រទេសកម្ពុជា។ ហើយការប្តូរបទពិសោធន៍ជាលក្ខណៈទ្វេភាគីនេះនឹងបង្កើតមិត្តភាព និងបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។
លំហាត់យោធានេះនឹងប្រព្រឹត្តនៅកន្លែងបីផ្សេងៗគ្នាគឺនៅដែនសមុទ្ររាមរបស់ខេត្តព្រះសីហនុ នៅភ្នំពេជ្រនិល និងនៅបន្ទាយកងរថគ្រោះ ACO ក្នុងខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា កងទាហានជើងទឹកកម្ពុជា កងរាជអាវុធហត្ថ និងទាហានមកពីកងពលលេខ៣១ និងចូលរួមនៅក្នុងលំហាត់យោធានេះ។
លោកឧត្តមសេនីយ៍ឈុំ សុជាតិមានប្រសាសន៍បន្ថែមថា លំហាត់ហោធានេះផ្តោតជាពិសេសទៅលើវិធីសាស្រ្តជួយសង្គ្រោះនៅក្នុងសង្គ្រាម និងផ្តោតទៅលើវិស្វកម្មយោធា។
«ការផ្លាស់ប្តូរបទពិសោធន៍គ្នារវាងកងទ័ពសហរដ្ឋអាមេរិកជាមួយកងទ័ពកម្ពុជាយើង ពិសេសអំពីការថែរក្សាសន្តិភាព។ អញ្ចឹង ការធ្វើនេះ ធ្វើការរក្សាសន្តិភាពនៅលើសកលលោក ដែលយើងធ្លាប់ធ្វើកន្លងមកនេះ»។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកមានការរីកចម្រើន ជាច្រើន បើទោះបីជាកាលពីឆ្នាំមុនសហរដ្ឋអាមេរិកបានព្យួរជំនួយយោធាដល់ប្រទេសកម្ពុជា ជាប្រភេទរថយន្តជាច្រើនសិបគ្រឿងដោយសារតែមូលហេតុដែលប្រទេសកម្ពុជាចាប់បញ្ជូនជនជាតិភាគតិចចិន Uighurs ដោយបង្ខំទៅឲ្យអាជ្ញាធរក្រុងប៉េកាំងវិញក៏ដោយ។
សហរដ្ឋអាមេរិកបានផ្តួចផ្តើមគំនិត និងឧបត្ថម្ភការធ្វើលំហាត់យោធាជាមួយប្រទេសកម្ពុជាឈ្មោះថា ឆ្មាំអង្គរឆ្នាំ២០១០ កាលពីឆ្នាំទៅមិញ ដោយមានប្រទេសជាង២០បានចូលរួម។មន្រ្តីនៃប្រទេសទាំងពីរអធិប្បាយថា នោះគឺជាលំហាត់យោធាប្រកបទៅដោយជោគជ័យ។ កម្ពុជា និង សហរដ្ឋអាមេរិកគ្រោងនឹងធ្វើលំហាត់យោធាឆ្នាំ២០១១នៅថ្ងៃទី១៦រហូតដល់ថ្ងៃទី២៨ ខែឧសភាឆ្នាំនេះ ដោយមានប្រទេសយ៉ាងតិចចំនួនបួនចូលរួម នេះបើយោងទៅតាមការអះអាងរបស់មន្រ្តីយោធាកម្ពុជា និងមន្រ្តីស្ថានទូតសហរដ្ឋអាមេរិក៕