កាលីហ្វរនីញ៉ា៖ នៅពេលដែលមេធាវីរដ្ឋាភិបាលអាមេរិកកំពុងបន្តពាក្យបណ្តឹងលើការតាមយករូបចម្លាក់ខ្មែរពីផ្ទះលក់ឡៃឡុង Sothebyនោះ សំណុំឯកសារពីតុលាការបញ្ជាក់ថា រូបចម្លាក់ទីពីរដែលឥឡូវនេះឋិតនៅសារមន្ទីរ Norton Simonត្រូវបានគេលួចយកពីប្រទេសកម្ពុជាកាលពីទសវត្សរ៍១៩៧០។
សារមន្ទីរ Norton Simon មានរូបចម្លាក់ខ្មែរបូរាណល្អៗជាងគេបង្អស់នៅរដ្ឋ California។ តែរដ្ឋាភិបាលអាមេរិកាំងនិយាយថា រូបចម្លាក់មួយនៅសារមន្ទីរត្រូវគេលួចពីប្រទេសកម្ពុជាកាលពីសម័យសង្រ្គាម។
រូបចម្លាក់អ្នកបោកចម្បាប់ តាំងនៅសារមន្ទីរនេះមានប្រភពពីប្រាសាទកោះកេរ ជាមួយនិងរូបចម្លាក់មួយទៀតដែលឥឡូវនេះជាប់ក្នុងពាក្យបណ្តឹងរបស់តុលាការអាមេរិក និង Sotheby។
ឯកសារថ្មីទៀតពីរដ្ឌាភិបាលអាមេរិក ដែលជួយទាមទារយករូបចម្លាក់ឲ្យប្រទេសកម្ពុជាវិញ បានបញ្ជាក់ថា រូបចម្លាក់ទាំងពីរត្រូវបានលួចកាលពីឆ្នាំ១៩៧២ ហើយបញ្ជូនទៅឲ្យឈ្មួញនៅទីក្រុងបាកក។
អ្នកជំនាញនិយាយថា កាលបរិច្ឆេទនេះមានសារៈសំខាន់ណាស់ ព្រោះថា អ្វីដែលត្រូវបានលួចក្នុងអំឡុងពេលមានច្បាប់គ្រប់គ្រងត្រឹមត្រូវនោះ ត្រូវតែប្រគល់់ឲ្យប្រទេសកម្ពុជាវិញ។ អ្នកជំនាញក៏បញ្ជាក់បន្ថែមថា ចោរកម្មកាលពីសម័យនោះអាចធ្វើបានដោយស្រួល ដោយសារកម្ពុជាកំពុងមានសង្រ្គាម។
រដ្ឋាភិបាលខ្មែរនៅមិនទាន់បានទាមទារតាមផ្លូវច្បាប់ដើម្បីយករូបចម្លាក់ពីសារមន្ទីរ Norton Simon នោះទេ។ តែរដ្ឋាភិបាលខ្មែរនិយាយថា ខ្លួនចង់យករូបចម្លាក់មួយគូនេះត្រឡប់ទៅប្រទេសកម្ពុជាវិញ គឺរូបចម្លាក់អ្នកបោកចម្បាប់នៅសារមន្ទីរ Norton Simon និងដៃគូរបស់រូបចម្លាក់នេះដែលកំពុងជាប់ក្នុងពាក្យបណ្តឹងជាមួយ Sotheby។
នៅក្នុងការឆ្លើយតបមកVOA Khmer សារមន្ទីរ Norton Simon និយាយថា រូបចម្លាក់អ្នកបោកចម្បាប់នេះត្រូវបានទិញកាលពីឆ្នាំ១៩៧៦ហើយត្រូវបានដាក់តាំងតំណាងឲ្យប្រទេសកម្ពុជា។
សារមន្ទីរនេះឲ្យដឹងថា កន្លងមក មិនធ្លាប់មានបញ្ហាទាក់ទងនឹងកម្មសិទ្ធិរបស់សារមន្ទីរលើរូបចម្លាក់នេះទេ។
សារមន្ទីរនេះឲ្យដឹងថា កន្លងមក មិនធ្លាប់មានបញ្ហាទាក់ទងនឹងកម្មសិទ្ធិរបស់សារមន្ទីរលើរូបចម្លាក់នេះទេ។
រដ្ឋាភិបាលអាមេរិកកំពុងបន្តពាក្យបណ្តឹងជាមួយ Sotheby ហើយគេកំពុងចាំមើលថា តើសារមន្ទីរ Norton Simon ហ្នឹងពាក់ព័ន្ធជាមួយពាក្យបណ្តឹងទាមទាររូបចម្លាក់នេះដែរឬយ៉ាងណាទេ៕