តុលាការសហព័ន្ធនៃសហរដ្ឋអាមេរិកប្រចាំក្រុងញ៉ីវយ៉កនឹងបើកសវនាការទាក់ទងនឹងវត្ថុបុរាណខ្មែរដែលសារៈមន្ទីរ Sothebyបានរៀបចំដាក់លក់ដេញថ្លៃហើយត្រូវអាជ្ញាធរកម្ពុជានិងសហរដ្ឋអាមេរិកនិយាយថាត្រូវបានលួចចេញពីប្រាសាទកោះកែរបស់ខ្មែរ។
អង្គសវនាការនោះនឹងធ្វើឡើងនៅថ្ងៃទី ១២ខែមេសា ដោយផ្អែកលើពាក្យបណ្តឹងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ នេះបើយោងតាមឯកសារតុលាការដែលវីអូអេផ្នែកខេមរភាសាទទួលបាន។
លោកចៅក្រម George Daniels បានបញ្ជាថា៖
«បង្គាប់ឱ្យសារៈមន្ទីរ Sotheby ផ្អាកការលក់ដូរ ផ្ទេរ ឬយកទៅបោះចោល ឬក៏ផ្លាស់ប្តូរទីតាំងចេញពីកន្លែងបច្ចុប្បន្ន នូវទ្រព្យសម្បត្តិដែលសហរដ្ឋអាមេរិកបានបញ្ជាក់ក្នុងពាក្យបណ្តឹងចុះថ្ងៃទី៤ខែមេសា ឆ្នាំ២០១២ថាជារូបចម្លាក់ថ្មភក់នាសតវត្សរ៍ទី១០របស់កម្ពុជារហូតដល់មានការបញ្ជាថ្មីពីតុលាការ»។
វត្ថុបុរាណដែលហៅថាជា អ្នកចម្បាំង សម័យបុរាណ ត្រូវបានសារមន្ទីរ Sotheby គ្រោងដាក់លក់ដេញថ្លៃកាលពីខែមិនាឆ្នាំ២០១១ប៉ុន្តែបានដកចេញវិញ នៅនាទីចុងក្រោយបន្ទាប់ពី មានការជំទាស់យ៉ាងខ្លាំងពីអាជ្ញាធរកម្ពុជា។
លោកផៃ ស៊ីផានរដ្ឋលេខាធិការនិងអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា៖
«បែបបទដែលកម្ពុជាមាននឹងដាក់បង្ហាញពីភស្តុតាងដែលគ្មានទេនៅក្នុងលោកមានតែកម្ពុជាមួយទេដែលមានវត្ថុបុរាណនេះ»។
វត្ថុបុរាណនោះត្រូវគេរាយការណ៍ថាអាចមានតម្លៃពីពីរលានដល់បីលានដុល្លារ។
មន្ត្រីតុលាការម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់វីអូអេថាគ្រប់ភាគីពាក់ព័ន្ធនឹងចូលរួមពិភាក្សានៅសប្តាហ៍ក្រោយនេះថាតើនឹងត្រូវសម្រេចធ្វើយ៉ាងណាទៀត។
អាជ្ញាធរអាមេរិកចង់រឹបអូសយកហើយប្រគល់ទៅឱ្យប្រទេសកម្ពុជាវិញតាមការទាមទារប៉ុន្តែក្នុងសេចក្តីថ្លែងការពាររបស់មេធាវីនៃសារមន្ទីរSotheby គឺស្នើសុំមិនឱ្យរដ្ឋាភិបាលរឹបអូសយកនៅឡើយទេ។
លោកមេធាវី Peter Neimanបានបញ្ជាក់ក្នុងឯកសាររបស់តុលាការថាក្រសួងសន្តិសុខជាតិដែលមានភារៈកិច្ចជាអ្នកត្រូវមករឹបអូសយកគឺមានបច្ចេកទេសតិចតួចក្នុងការទុកដាក់វត្ថុដ៏ មានតម្លៃមហាសាលនេះហើយវាកំពុងត្រូវរក្សាទុកក្នុងកន្លែងត្រឹមត្រូវហើយ៕