វិបត្តិហិរញ្ញវត្ថុនៅប្រទេសហ្គ្រិក ដែលកើតចេញពីការគ្មានលទ្ធភាពសងបំណុល ទំនងជាមិនអាចកើតមាននៅប្រទេសកម្ពុជានោះទេ។ ប៉ុន្តែ វិបត្តិនេះគឺជាមេរៀនមួយសម្រាប់កម្ពុជាដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។
ក្រុមអ្នកសេដ្ឋកិច្ចជាតិ និងអន្តរជាតិ បានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាប្រហែលជាមិនធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់ដូចប្រទេសហ្គ្រិកនោះទេ។ វិបត្តិហិរញ្ញវត្ថុប្រទេសហ្គ្រិចដែលបានផ្ទុះឡើងសុះសាយចាប់តាំងពីដើមឆ្នាំ២០១០នេះ ដោយសារតែប្រទេសដែលធ្លាប់មានការអភិវឌ្ឈន៍យ៉ាងខ្លាំងមួយនេះជំពាក់បំណុលបរទេសរុំកោះ រើខ្លួនពីបំណុលនោះមិនរួច។
ក្រុមអ្នកសេដ្ឋកិច្ចដដែលលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសហ្រ្គិច មានមូលដ្ឋានសេដ្ឋកិច្ចខុសគ្នា។ ប៉ុន្តែឆ្លងកាត់បទពិសោធន៍ដែលប្រទេសនេះកំពុងជួបប្រទះ កម្ពុជាដែលកំពុងជំពាក់បំណុលបរទេសវ័ន្ដកជាច្រើនដែរទៅហើយនោះ ត្រូវតែបង្កើនការប្រមូលចំណូលក្នុងស្រុកដើម្បីកាត់បន្ថយការខ្ចីបុលពីបរទេស។
ប្រទេសហ្គ្រិកបានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុ ដោយសារតែឱនភាពថវិកាយ៉ាងធ្ងន់ធ្ងរបំផុត ពោលគឺការចំណាយរបស់ប្រទេសនេះខ្ពស់ជាងចំណូលរហូតដល់ទៅ ១២,៧%។ មូលហេតុ ដោយសារតែចំណូលមួយផ្នែកធំរបស់ប្រទេសនេះ ដែលត្រូវពឹងផ្អែកលើសារពើពន្ធ បានបាត់បង់ដោយសារការគេចវេសមិនបង់ពន្ធ និងដោយសារអំពើពុករលួយ។ ដើម្បីបំពេញបង្គ្រប់ការចំណាយទូទៅនៅក្នុងប្រទេសរបស់ខ្លួន រដ្ឋាភិបាលហ្គ្រិកបានខ្ចីបុលពីបរទេសដែលធ្វើឲ្យប្រាក់បំណុលកើនដល់ ៤០០ពាន់លានដុល្លារនៅឆ្នាំ២០១០នេះ។ ប្រទេសហ្គ្រិកត្រូវសងត្រឡប់ទៅម្ចាស់បំណុលវិញនូវមួយផ្នែកនៃបំណុលសរុបនៅខែឧសភានេះ។ ក៏ប៉ុន្តែចំពេល ដែលពិភពលោកមានវិបត្តិសេដ្ឋកិច្ចដែលធ្វើឲ្យចំណូលពីសារពើពន្ធកាន់តែធ្លាក់ចុះមួយកម្រិតទៀតនោះ ប្រទេសហ្គ្រិកមិនមានលទ្ធភាពសងបំណុលដែលខ្លួនជំពាក់គេនោះទេ។
នៅពេលនេះ ប្រទេសព័រទុយហ្កាល់ អេស្ប៉ាញ និងអ៊ីតាលី ក៏កំពុងឆ្ពោះទៅរកវិបត្តិដូចប្រទេសហ្គ្រិកដែរ ដែលនាំឲ្យមានការព្រួយបារម្ភថា វិបត្តិហិរញ្ញវត្ថុក្នុងប្រទេសទំាងនេះ នឹងរីករាលដាលទ្វីបអឺរ៉ុបទំាងមូល។
ដើម្បីជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសហ្គ្រិក កាលពីដើមសប្តាហ៍នេះ ប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបញ្ចេញកញ្ចប់ប្រាក់ជំនួយសរុបជាង១៤៦ពាន់លានដុល្លារសម្រាប់ប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ ដោយដាក់លក្ខខណ្ឌឲ្យប្រទេសហ្គ្រិចកាត់បន្ថយចំណាយ និងរឹតបន្តឹងការប្រមូលពន្ធឡើងវិញ។
ដោយឡែក ដំណើរវិវត្តន៍នៃសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជា ត្រូវគេមើលឃើញថា មានលំនាំមួយចំនួនប្រហាក់ប្រហែលនឹងប្រទេសហ្គ្រិកនាពេលបច្ចុប្បន្ននេះដែរ ដូចជាការជំពាក់បំណុល ការគេចវេសមិនបង់ពន្ធ និងអំពើពុករលួយធ្ងន់ធ្ងរជាដើម។
យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ សម ឃង្ទី អ្នកវិភាគហិញ្ញវត្ថុ និងជាសមាជិកនៃគណៈកម្មាធិការមូលប័ត្រកម្ពុជា បានវាយតម្លៃថា កម្ពុជានឹងមិនជួបវាសនាដូចប្រទេសហ្រ្គិកទេ ត្បិតកម្ពុជាមិនទាន់បានពឹងផ្អែកទៅលើកម្ចីបរទេសសម្រាប់ការចំណាយទូទៅឡើយ ដូចជាការចំណាយលើប្រាក់ឈ្នួលក្នុងវិស័យសាធារណៈជាដើម។ ប៉ុន្តែកម្ចីភាគច្រើន ត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលជាកម្ចីមានរយៈកាលវែង និងមានអត្រាការប្រាក់ទាប។
«ប្រទេសហ្គ្រិកប្រើរូបិយវត្ថុរួមមួយតែម្តង ម្ល៉ោះហើយគេសម្លឹងមើលខ្លាំងណាស់ ថាតើនៅក្នុងសហព័ន្ធអឺរ៉ុបហ្នឹង គេអនុញ្ញាតឲ្យយើងឱនភាពថវិកាប៉ុន្មាន។ កម្ពុជាយើងអត់មានចូលដល់គន្លាក់ហ្នឹងទេ ថ្វីបើយើងប្រើលុយដុល្លារក៏ដោយ។ រួចហើយបំណុលបរទេសរបស់កម្ពុជាយើងមានរយៈពេលវេលាវែង សម្រាប់យកមកប្រើហេដ្ឋារចនាសម្ព័ន្ធ»។
បើទោះជាយ៉ាងនេះក្តី លោកសម ឃង្ទី មានប្រសាសន៍ថា បទពិសោធន៍នៅប្រទេសហ្គ្រិកនេះបានបង្ហាញថា កម្ពុជាចាំបាច់ត្រូវបង្កើនចំណូលពីពន្ធដារ ដើម្បីកាត់បន្ថយអតុល្យភាពចំណូលចំណាយ និងការខ្ចីបុលពីបរទេស។
របាយការណ៍ឆ្នាំ២០០៩របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា នៅឆ្នាំ២០០៩ ប្រទេសកម្ពុជា មានឱនភាពថវិកាចំនួន៦% នៃផលិតផលក្នុងស្រុកសរុបដែលមានតម្លៃជិត១០ពាន់លានដុល្លារ។ មានន័យថា ប្រទេសកម្ពុជាបានចំណាយច្រើនជាងចំណូលរបស់ខ្លួនដែលភាគច្រើនជាចំណូលសារពើពន្ធនោះចំនួនជិត៦០០លានដុល្លារ។ តួលេខនេះបានកើនទ្វេដង បើធៀបនឹងឆ្នាំ២០០៨។ ដើម្បីបំពេញបង្គ្រប់ការចំណាយសម្រាប់ការអភិវឌ្ឍន៍នេះ ប្រទេសកម្ពុជាត្រូវពឹងផ្អែកលើជំនួយ និងកម្ចីហិរញ្ញវត្ថុពីអ្នកផ្ដល់អំណោយទានបរទេស ដែលភាគច្រើនមកពីប្រទេសចិន ប្រទេសជប៉ុន និងដៃគូ អភិវឌ្ឍន៍។ ជាក់ស្តែង កាលពីឆ្នាំ២០០៩ ប្រទេសកម្ពុជាទទួលបានហិរញ្ញទានកម្ចី និងជំនួយឥតសំណងសរុបជិត១០០០លានដុល្លារអាមេរិក។
ភ្នាក់ងារស៊ើបការណ៍សម្ងាត់(CIA) របស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា រហូតមកដល់ឆ្នំា២០០៩ ប្រទេសកម្ពុជាជំពាក់បំណុលបរទេសជាង៤០០០លានដុល្លារ ឬស្មើនឹងប្រមាណជា ៤០%នៃផលិតផលសរុបក្នុងស្រុក។ បំណុលនេះ បានកើនឡើងជិតពីរដង បើធៀបទៅនឹងឆ្នាំ២០០៤ដែលមានចំនួន២៤០០លានដុល្លារ។ អ្នកសេដ្ឋកិច្ចមួយចំនួនព្រួយថា ប្រាក់បំណុលនេះអាចនឹងបន្តកើនឡើងនៅពេលដែលម្ចាស់ជំនួយកាត់បន្ថយជំនួយ ហើយវានឹងងាយធ្វើឲ្យកម្ពុជារងគ្រោះដូចប្រទេសហ្គ្រិកដែរ។
លោក ឆេង គឹមឡុង សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យកម្ពុជាបានព្យាករណ៍ថា ប្រទេសកម្ពុជាក៏អាចធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដែរ ប្រសិនបើប្រទេសនេះមានបំណុលកាន់តែច្រើនឡើង។
«ខឿនសេដ្ឋកិច្ចយើងពឹងផ្អែកលើវិស័យបួន ហើយបួនហ្នឹងទៀតទន់ជ្រាយណាស់ ដូចជា វាយនភណ្ឌ ទេសចរណ៍ housing។ អត់សូវប៉ះពាល់តែកសិកម្មមួយទេ។ កាលណាយើងប៉ះពាល់អាហ្នឹង ចំណូលរបស់រដ្ឋាភិបាលក៏តិចទន្ទឹមនឹងយើងខ្ចីលុយគេច្រើន ហើយក្នុងរយៈពេល១៥ឆ្នាំ គេហៅថា រយៈពេលអនុគ្រោះ គឺយើងអត់ត្រូវសង ប៉ុន្តែបន្ទាប់ពីពេលហ្នឹងមក យើងត្រូវសងគេ ចាប់ផ្តើមសង គឺការប្រាក់កើនរហូត។ ទន្ទឹមនឹងពេលយើងមានលទ្ធភាពបង្កើនចំណូលតិចផង គឺយើងចំាបាច់ត្រូវតែខ្ចីគេបន្ថែម ហើយអញ្ចឹងបំណុលកាន់តែច្រើនហើយ ហើយនឹងមានឱនភាពដូចហ្គ្រិក»។
លោក ឆេង គឹមឡុង បន្ថែមថា ប្រសិនបើកម្ពុជាមិនអាចរក្សាលំនឹងសេដ្ឋកិច្ច អ្នកវិនិយោគក៏នឹងដកទុនចេញដូចប្រទេសហ្គ្រិកដែរ។ ការវិនិយោគបរទេសនៅកម្ពុជាស្ថិតក្នុងស្ថានភាពទន់ខ្សោយនៅឡើយ បើធៀបជាមួយប្រទេសជិតខាង។
លោក ឌិន វីរៈ សាស្ត្រាចារ្យសេដ្ឋកិច្ច និងជាសមាជិកសមាគមសេដ្ឋកិច្ចកម្ពុជា ក៏យល់ឃើញស្រដៀងគ្នាដែរថា ប្រទេសកម្ពុជាអាចជួបបញ្ហាហិរញ្ញវត្ថុ ប្រសិនបើមានការធ្លាក់ចុះខ្លំាងនូវថវិកាឧបត្ថម្ភដោយម្ចាស់ជំនួយ។ ប៉ុន្តែលោកសាស្ត្រារ្យ ឌិន វីរៈ ជឿជាក់ថា រដ្ឋាភិបាលទំនងជាបានត្រៀមចំណូលពីប្រេង និងឧស្ម័នដែលគេរំពឹងថា នឹងទទួលបាននៅដំណាច់ឆ្នាំ២០១២ ដើម្បីជំនួសថវិកាដែលធ្លាប់ទទួលបានពីម្ចាស់ជំនួយ។
លោក Douglas Broaderick អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា បានជួយបន្ថែមថា កំណើនសេដ្ឋកិច្ច ដែលជួយបង្កើនចំណូលសារពើពន្ធចូលរដ្ឋនោះ ក៏អាចឲ្យប្រទេសកម្ពុជាកាត់បន្ថយការខ្ចីបុលពីបរទេសដែរ។ ដូច្នេះលោកជឿថា កម្ពុជាស្ថិតក្នុងស្ថានភាពល្អប្រសើរជាងប្រទេសហ្គ្រិក។
ទោះយ៉ាងណា លោកស្រី Amy Wong មន្ត្រីកិច្ចការសេដ្ឋកិច្ចនៃគណៈកម្មការសង្គម និងសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វ៊ិកនៃអង្គការសហប្រជាជាតិ ឬ UNESCAP បានថ្លែងថា ស្ថានភាពរបស់ប្រទេសហ្គ្រិចបានឆ្លុះបញ្ចំាងឲ្យរដ្ឋាភិបាលនៃប្រទេសនានាតាមដានពីសភាពការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ហើយប្រទេសកម្ពុជាដែលមានសេដ្ឋកិច្ចតូចចង្អៀត ក៏ត្រូវប្រុងប្រយ័ត្នចំពោះការចំណាយដែរ ជាពិសេសប្រុងប្រយ័ត្នលើការរក្សាលំនឹងសេដ្ឋកិច្ច។
«វាគឺជាបញ្ហាមួយនៅក្នុងការតាមដាន ដែលយើងត្រូវតែប្រុងប្រយ័ត្ន។ ដូច្នេះការរក្សាបាននូវលំនឹងមីក្រូសេដ្ឋកិច្ច ជារឿងសំខាន់តាមរយៈការបន្ទាបឱនភាពថវិការដ្ឋាភិបាល ដែលអាចធ្វើឲ្យអត្រាបំណុលធ្លាក់ចុះ ហើយត្រូវបិទគម្លាតសង្គម ព្រោះថាយើងមិនគួរផ្តោតតែទៅលើកំណើនសេដ្ឋកិច្ចនោះទេ ប៉ុន្តែត្រូវជួយអ្នកក្រនិងយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន»។
លោក ហង្ស ជួនណារ៉ុន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងយកចិត្តទុកដាក់ចំពោះការរៀបចំផែនការចំណូលនិងចំណាយ ដែលអាចធានាបានថា ប្រទេសកម្ពុជានឹងមិនមានវិបត្តិហិរញ្ញវត្ថុដូចប្រទេសហ្គ្រិកនោះទេ។
ដោយឡែក សម្រាប់ការវិនិយោគវិញ អ្នកសេដ្ឋកិច្ចនិយាយថា លំហូរទុនវិនិយោគពីបរទេសចូលមកប្រទេសកម្ពុជាអាចរងផលប៉ះពាល់ដោយប្រយោល និងតិចតួច ត្បិតប្រទេសមួយចំនួនដែលដាក់ទុនវិនិយោគនៅកម្ពុជាទំនងជារងឥទ្ធិពលពីវិបត្តិហិរញ្ញវត្ថុនៅប្រទេសហ្គ្រិក ដែលធ្វើឲ្យពួកគេដកថយពីផែនការវិនិយោគមួយរយៈ៕