ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានសរសើរដល់ការរីកចម្រើននៃទំនាក់ទំនងជាមួយកម្ពុជានិងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)តាមរយៈដំណើរទស្សនកិច្ចនៃមេដឹកនាំរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមកកាន់កម្ពុជា។
លោកវីលាម ថដ (William E, Todd) បានសរសេរនៅក្នុងខ្ទង់ព័ត៌មានប្រចាំសប្តាហ៍របស់ស្ថានទូតកាលពីថ្ងៃអាទិត្យដើម្បីបូកសរុបព្រឹត្តិការណ៍សំខាន់ៗរវាងអាមេរិកនិងកម្ពុជា។
លោកចាត់ទុកថាមិត្តភាពនៃប្រទេសទាំងពីរ«បន្តទទួលបានផ្លែផ្កា» ដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល សង្គមស៊ីវិលនិងអ្នកជំនួញប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូតអាមេរិកបានរៀបរាប់ត្រួសៗពីដំណើរទស្សនកិច្ចចំនួន២លើករបស់លោកស្រី ហ៊ីលឡារី ក្លីនតុន (Hillary Clinton) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងវេទិកាតំបន់អាស៊ាននិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ការចូលរួមរបស់លោកឡេអូន ប៉ាណេតា (Leon Panetta) រដ្ឋមន្ត្រីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារប្រទេសអាស៊ាន និងទស្សនកិច្ចកាលពីខែសីហារបស់លោក Ron Kirk តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំកំពូលធុរកិច្ចសហរដ្ឋអាមេរិក អាស៊ានដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជា។
លោកវីលាម ថដ លើកឡើងថាទស្សនកិច្ចទាំងនេះ«សុទ្ធតែបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះជោគជ័យរបស់កម្ពុជានិងអាស៊ាន»។
អ្នកការទូតអាមេរិកដដែលបានបញ្ជាក់ថាទស្សនកិច្ចរបស់លោកប្រធានាធិបតី Obama នៅប្រទេសកម្ពុជាគឺជាព្រឹត្តិការណ៍សំខាន់មួយនៅឆ្នាំ ២០១២ ហើយការចូលរួមរបស់លោកក្នុងកិច្ចប្រជុំកំពូល អាស៊ីបូព៌ាបានបញ្ជាក់ពីសារៈសំខាន់នៃការទាក់ទងរបស់«អាមេរិកនៅទ្វីបអាស៊ី»។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ដ្រីមានប្រសាសន៍ថាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានឆ្លុះបញ្ចាំងការវិវត្តន៍ក្នុងទិដ្ឋភាពជាក់ស្តែង។
លោកផៃ ស៊ីផាន បានរំលឹកពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ធុរកិច្ច ជំនួយផ្នែកយុត្តិធម៌ ជាពិសេសជំនួយដល់ដំណើរការសាលាក្តីខ្មែរក្រហមនិងកិច្ចសហការរបស់អាមេរិកក្នុងការជួយការពារសម្បត្តិវប្បធម៌របស់កម្ពុជាជាដើម។
«មិនត្រឹមតែប៉ុណ្ណឹងទេកម្ពុជាក៏ជាដៃគូសន្តិសុខជាមួយសហរដ្ឋអាមេរិកក្នុងតំបន់អាស៊ានដែរដើម្បីឲ្យមានតុល្យភាពរវាងចិនក៏ដូចជាសហរដ្ឋអាមេរិកដែលកម្ពុជាត្រូវការមិត្តទាំងពីរដើម្បីវត្តមានក្នុងអាស៊ាន»។
យ៉ាងណាក៏ដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក វីលាម ថដ សង្កត់ធ្ងន់ថា«ជោគជ័យទៅអនាគតរបស់ប្រទេសកម្ពុជាអាស្រ័យលើការធ្វើឱ្យប្រសើរឡើងនៃនីតិរដ្ឋនិងការការពារសិទ្ធិមនុស្ស»។
នៅក្នុងន័យនេះលោកបញ្ជាក់ថាសហរដ្ឋអាមេរិកបានពិនិត្យនិងសម្រេចក្នុងការផ្តល់ថវិកាចំនួនប្រាំលានដុល្លារអាមេរិកដល់សាលាក្តីខ្មែរក្រហមដែលស្ថិតក្នុងក្របខណ្ឌនៃការប្តេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការជួយប្រទេសកម្ពុជាឱ្យមាន សន្តិភាព និងការផ្សះផ្សាគ្នាឡើងវិញ បន្ទាប់ពីរបបខ្មែរក្រហមហើយជំនួយនេះនឹងធ្វើឲ្យថវិកាជំនួយរបស់សហរដ្ឋអាមេរិកកើនដល់១៧លានដុល្លារសម្រាប់គាំទ្រដល់ដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម៕