ភ្នំពេញ៖ ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំប្រទេសកម្ពុជាបានប្រកាសបន្ថយបុគ្គលិកកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះដែលបង្កឱ្យមានការសោកស្តាយពីមន្ត្រីអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សក្នុងស្រុកថាជនភៀសខ្លួនដែលមានបំណងមកសុំសិទ្ធិជ្រកកោនផ្នែកនយោបាយអាចនឹងជួបឧបសគ្គ។
លោកស្រីវីវៀន តាន់(Vivian Tan) អ្នកនាំពាក្យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំទីក្រុងបាងកកបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទនិងសារអេឡិកត្រូនិកមកថាមូលហេតុដោយសារតែមានបញ្ហាហិរញ្ញវត្ថុ។
អ្នកស្រីបាននិយាយថាបុគ្គលិកជាង១០នាក់ដែលបានបម្រើការងារនៅក្នុងប្រទេសកម្ពុជាកន្លងមកនិងត្រូវឈប់សម្រាកហើយទុកតែបុគ្គលិកបរទេសម្នាក់និងជនជាតិខ្មែរតែម្នាក់ប៉ុណ្ណោះ។
«យើងគ្រាន់តែកាត់បន្ថយការងារតែប៉ុណ្ណោះដោយសារតែស្ថានភាពហិរញ្ញវត្ថុ។ ក៏ប៉ុន្តែយើងនៅមានបុគ្គលិកពីរនាក់នៅបម្រើការងារនៅកម្ពុជា»។
ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំប្រទេសកម្ពុជាបានបើកការិយាល័យរបស់ខ្លួនកាលពីឆ្នាំ១៩៨៦ដែលរហូតមកដល់ពេលនេះបានបម្រើការងារអស់រយៈ ពេលជាង២៦ឆ្នាំ។
ការិយាល័យនេះបានធ្វើកិច្ចការងារយ៉ាងសកម្មរបស់ខ្លួនចាប់តាំងទសវត្សរ៍១៩៩០ដោយសារពេលនោះមានពលរដ្ឋខ្មែរបានភៀសខ្លួនយ៉ាងច្រើននៅតាមបណ្តោយព្រំដែនកម្ពុជាថៃ។
លោកកុយ គួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបាននិយាយថាលោកមិនទាន់បានទទួលការជូនដំណឹងពីការិយាល័យរបស់ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅឡើយទេ។
«ខ្ញុំអត់ទាន់មានព័ត៌មានថាគេបិទឬមិនបិទផងហ្នឹង។ ចាំខ្ញុំឆែកជាមួយសហការីខ្ញុំសិនថាព័ត៌មានហ្នឹងពិតឬអត់»។
លោកអ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសម្តែងការសោកស្តាយចំពោះការបិទការិយាល័យរបស់អង្គការសហប្រជាជាតិ។
លោកបាននិយាយថាជនជាតិខ្មែរកម្ពុជាក្រោមដែលតែងតែមករកសុំសិទ្ធិជ្រកកោននិងរងផលប៉ះពាល់។
«ខ្ញុំនៅតែមានការសោកស្តាយ។ខ្ញុំយល់ថាការិយាល័យហ្នឹងគួរតែត្រូវធ្វើបន្ថែមដើម្បីជំរុញធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ជាសញ្ជាតិពេញសិទ្ធិដល់ខ្មែរកម្ពុជាក្រោមពេលណាគាត់មកប្រទេសកម្ពុជាពីព្រោះរដ្ឋធម្មនុញ្ញក៏មានចែងរួចហើយ»។
ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានផ្ទេរភារកិច្ចរបស់ខ្លួនទៅឱ្យរដ្ឋាភិបាលកម្ពុជាជាអ្នកទទួលបន្ទុកការពារជនភៀសខ្លួនអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។ ការិយាល័យរបស់ឧត្តមស្នងការគ្រាន់តែជាអ្នកឃ្លាំមើលនិងសហការជាមួយរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។
កាលពីឆ្នាំ២០០៩រដ្ឋាភិបាលកម្ពុជាបានចាប់បញ្ជូនខ្លួនជនជាតិចិនភាគតិចUyghur ចំនួន២០នាក់ទៅឱ្យរដ្ឋាភិបាលចិនវិញដែលបង្កឱ្យមានការស្តីបន្ទោសជាលក្ខណៈអន្តរជាតិនិងមានការព្រួយបារម្ភថាជនជាតិUyghurទាំងនោះអាចត្រូវយកទៅសម្លាប់ក្នុងប្រទេសចិន៕