ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានប្រកាសថា លោកចង់ឃើញសំណុំរឿងបន្ថែម០០៣ និង០០៤ដ៏ចម្រូវចម្រាស់ ត្រូវបានបិទបញ្ចប់ ស្របពេលដែលសហចៅក្រមស៊ើបអង្កេតអន្តរជាតិថ្មីអាចនឹងមកដល់ប្រទេសកម្ពុជានៅក្នុងខែនេះ។
លោក ដេវិដ ស្សេហ្វ៊ើ ( David Scheffer) អ្នកជំនាញការពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការកាត់ទោសខ្មែរក្រហម មានប្រសាសន៍តាមរយៈការភ្ជាប់ការសន្ទនាតាមទូរទស្សន៍ (video conference) ក្នុងសន្និសីទស្តីពីទស្សនវិស័យនៃកេរដំណែលរបស់សាលាក្ដីខ្មែរក្រហមកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែកញ្ញា។ លោកបានសង្កត់ធ្ងន់ថា សំណុំរឿងទាំងពីរគឺជាផ្នែកមួយនៃការរៃអង្គាសមូលនិធិរបស់លោកសម្រាប់ដំណើរការសាលាក្ដីខ្មែរក្រហម។
«ផ្នែកមួយនៃលុយដែលខ្ញុំកំពុងរៃអង្គាសសម្រាប់តុលាការនេះគឺដើម្បីធានាថា សហចៅក្រមស៊ើបអង្កេតមានថវិកាគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការស៊ើបអង្កេតនិងបញ្ចប់សំណុំរឿងជាចុងក្រោយគឺសំណុំរឿងទីបី និងទីបួន»។
លោកដេវិដ ស្សេហ្វ៊ើគឺជាអ្នកបេសកជនទទួលបន្ទុកគៀងគរប្រមូលធនធានហិរញ្ញវត្ថុសម្រាប់សាលាក្ដីខ្មែរក្រហម។ រហូតមកទល់ពេលនេះ តុលាការកូនកាត់នេះកំពុងឈានទៅរកវិបត្តិខ្វះថវិកា ហើយនៅមិនទាន់មានការសន្យាផ្តល់ជំនួយណាមួយសម្រាប់ឆ្នាំ២០១៣នៅឡើយទេ។
លោកដេវិដ ស្សេហ្វ៊ើលើកឡើងថា ក្រុមចៅក្រមស៊ើបអង្កេតត្រូវការពេលសម្រាប់បញ្ចប់កិច្ចការរបស់ខ្លួន។
«ខ្ញុំគិតថា យើងត្រូវការពេលវេលាសម្រាប់ចៅក្រមទាំងពីររូបដើម្បីឲ្យពួកគាត់សម្រេចកិច្ចការដល់មូលដ្ឋាន»។
សំណុំរឿង០០៣ និង០០៤មានជនជាប់ចោទដែលគេដឹងក្រៅផ្លូវការថា មានប្រាំនាក់គឺមាស មុត និងស៊ូ ម៉េត ដែលជាអតីតមេទ័ពរបស់ខ្មែរក្រហម និងអ្នកស្រីអ៊ឹម ចែម តា ទិត និងតា អាន អតីតអ្នកទទួលខុសត្រូវ និងទទួលខុសត្រូវរងនៃការដ្ឋានទំនប់នៅស្រុកព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់បានស្លាប់និងត្រូវសម្លាប់នៅទីនោះ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលបានប្រឆាំងយ៉ាងខ្លាំងក្លាការចាត់ការតាមផ្លូវតុលាការលើសំណុំរឿងទាំងពីរចុងក្រោយ។
សហចៅក្រមស៊ើបអង្កេតចំនួនពីររូបគឺលោក Siegfrid Blunk និងលោកLaurent Kasper-Asermet បានលាឈប់ពីការងារ បន្ទាប់ពីមានភាពចម្រូងនៃសំណុំរឿងទាំងនេះ។
សហចៅក្រមស៊ើបអង្កេតថ្មីសញ្ជាតិអាមេរិកាំង លោកម៉ាក ហាម៉ុន (Mark Harmon)ត្រូវបានតែងតាំងកាលពីពេលថ្មីៗនេះដើម្បីបន្តកិច្ចការពីសហចៅក្រមបរទេសមុនៗ ជាពិសេសសំណុំរឿងដែលនៅសេសសល់។ លោកដេវីដ សេហ្ស្វើ គិតថា លោកហាម៉ុននឹងអាចចូលបំពេញការងារនៅក្នុងខែកញ្ញានេះ។
«ខ្ញុំគិតថា យើងត្រូវផ្តល់ពេលវេលាមួយចំនួនដល់គាត់ ដើម្បីដំណើរការ ដើម្បីរៀបចំបុគ្គលិក ដើម្បីធ្វើការបានជិតស្និទ្ធជាមួយសមភាគីកម្ពុជាគឺលោកចៅក្រមយូ ប៊ុនឡេង»។
ជាមួយគ្នានេះដែរ លោក Eri Kaneko អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន់ គីមូន បានបញ្ជាក់ក្នុងសារអេឡិចត្រូនិកថា សហចៅក្រមស៊ើបអង្កេតថ្មីអាចនឹងមកដល់ប្រទេសកម្ពុជាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា សំណុំរឿង០០៣ និង០០៤កំពុងស្ថិតក្នុងដៃរបស់ការិយាល័យសហចៅក្រមស៊ើបអង្កេត។
«យើងរំពឹងថា សហចៅក្រមអន្តរជាតិនឹងអញ្ជើញមកបំពេញការងារក្នុងពេលឆាប់ៗ ហើយសហចៅក្រមជាតិនិងអន្តរជាតិនឹងពិភាក្សាគ្នានឹងបន្តរកវិធីដើម្បីបន្តសំណុំរឿង០០៣ និង០០៤នេះ»។
លោកនេត្រ ភក្ដ្រាបញ្ជាក់ថា សំណុំរឿងទាំងពីរនេះអាស្រ័យនឹងការសម្រេចចុងក្រោយរបស់សហចៅក្រមស៊ើបអង្កេតទាំងពីរ ក្រោយពីការពិភាក្សាគ្នារួច៕