បួនថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនសន្តិសុខចំការកៅស៊ូ TTYចំនួនពីរនាក់ដែលបានបាញ់ប្រជាពលរដ្ឋ អាជ្ញាធរនគរបាលបានចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ចេញពីទីកន្លែងក្រុមហ៊ុន ហើយបានប្រគល់ខ្លួនទៅឲ្យតុលាការខេត្តក្រចេះ។
លោក គេត សុជាតិ ចៅក្រមស៊ើបសួរនៃតុលាការខេត្តក្រចេះ បានមានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា ជនសង្ស័យទាំងពីររូបដែលរួមមានកែ សុវណ្ណា អាយុ៤០ឆ្នាំ ពិន គឹមឡេង អាយុ២៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សាដោយមានស្ថានទម្ងន់ទោសតាមមាត្រាទី២១៨ និងពីបទប្រើប្រាស់អាវុធខុសច្បាប់តាមមាត្រាទី២០ នៃច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ។ លោកបានមានប្រសាសន៍ថាតុលាការបានសម្រេចឃុំខ្លួនជនសង្ស័យទាំងពីរនាក់នៅពន្ធនាគារខេត្តក្រចេះដើម្បីរង់ចាំការជម្រះទោស។ ក៏ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ថាតុលាការនឹងបើកសវនាការកាត់ទោសនៅពេលណាទេ។
«ដោយសារតែនៅក្នុងដំណាក់កាលស៊ើបសួរអីញ្ចឹង យើងមិនដឹងថាត្រូវចំណាយអស់រយៈពេលប៉ុន្មានទេ ប៉ុន្តែរឿងនេះប្រហែលជាត្រូវឆាប់ធ្វើចប់ទេ ដោយសារតែវាមានសញ្ញាណច្បាស់លាស់មួយចំនួន។ ហើយដល់ពេលចប់ យើងនឹងបញ្ជូនទៅជំនុំជម្រះហើយ»។
កាលពីថ្ងៃអង្គារសប្តាហ៍មុននេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញបញ្ជាដោយផ្ទាល់មាត់ឲ្យក្រុមហ៊ុនចម្ការកៅស៊ូ TTY របស់លោកឧកញ៉ា ណា ម៉ារ៉ាឌី ប្រគល់ខ្លួនសន្តិសុខក្រុមហ៊ុនចំនួនពីរនាក់ ដែលជាប់ពាក់ព័ន្ធលើការបាញ់ប្រហារប្រជាពលរដ្ឋទៅឲ្យសមត្ថកិច្ច។ លោក ហ៊ុន សែន ក៏បានដាក់បញ្ជាទៀតថាប្រសិនបើក្រុមហ៊ុនTTY មិនបានប្រគល់ខ្លួនសន្តិសុខទាំងពីរនោះទេ លោកឧកញ៉ា ណា ម៉ារ៉ាឌី អាចប្រឈមមុខនឹងការចាប់ខ្លួន។
លោក ចាន់ សាវ៉េត មន្ត្រីផ្នែកស៊ើបអង្គេតរបស់សមាគមសិទ្ធិមនុស្សអាដហុក បានស្វាគមន៍ការចាប់ខ្លួនជនសង្ស័យតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ក៏ប៉ុន្តែលោកមិនចង់ឃើញឲ្យមានវប្បធម៌នេះទេ។ លោកបានមានប្រសាសន៍ថា សមត្ថកិច្ចត្រូវតែហ៊ានចាប់ខ្លួនជនសង្ស័យ ដែលរំលោភច្បាប់មិនចាំបាច់បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទេ។
«អាជ្ញាធរសមត្ថកិច្ចស្រុកយើងដូចជាមិនសូវមានឆន្ទៈគ្រប់គ្រាន់ដើម្បីធ្វើការស៊ើបអង្គេតស្រាវជ្រាវកម្ចាត់បទល្មើសហ្នឹងទេ។ ពួកគាត់តែងតែប្រើប្រាស់រូបភាព ដែលគេហៅថាធ្វើតាមបញ្ជា ដល់ពេលគាត់ឥតយកគោលការណ៍ច្បាប់មកអនុវត្តឲ្យបានពេញលេញ»។
កាលពីថ្ងៃទី១៨ ខែមករា កន្លងទៅនេះ សន្តិសុខចម្ការកៅស៊ូ TTY របស់លោកឧកញ៉ាណា ម៉ារ៉ាឌី បានធ្វើការបាញ់រះដោយកាំភ្លើងអាកា៤៧ ទៅលើក្រុមប្រជាពលរដ្ឋ ដែលទាមទារឲ្យបញ្ឈប់គ្រឿងចក្រដែលមកឈូសឆាយផលដំឡូងមីរបស់ពួកគាត់នៅស្រុកស្នួល ខេត្តក្រចេះ។ មានប្រជាពលរដ្ឋយ៉ាងតិចបួននាក់ ដែលរួមមានអ្នកស្រី នេត្រ រតនា លោកម៉ុង ទូច ហៅអូ លោកលី គ្រីយ៉ា និងលោកលី អីសា បានទទួលរងរបួសដោយអំពើហិង្សានោះ។ អ្នកស្រីនេត្រ រតនា អាយុ២៣ឆ្នាំ ជនរងគ្រោះមួយរូប ដែលបានរងរបួសដោយសារការបាញ់ប្រហារនេះ បាននិយាយថាការចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសមិនទាន់ឲ្យអ្នកស្រីបានស្ងប់ចិត្តទេ។ អ្នកស្រីបាននិយាយថា អ្នកស្រីចង់ឲ្យអាជ្ញាធរស្រាវជ្រាវចាប់ខ្លួនអ្នកបញ្ជានៅពីក្រោយខ្នងមកផ្តន្ទាទោសតាមច្បាប់បន្ថែមទៀត។
«អេកូមនៅកន្លែង គ្នាគាត់ស្រែកមកនៅកន្លែងហ្នឹង ពួកខ្ញុំស្តាប់បាន។ បញ្ជាកូនចៅគាត់ហ្នឹងថាឲ្យបាញ់ប្រជាពលរដ្ឋហ្នឹងម្តងទៅ។ អាណាខ្លាំងជាងគេ ឲ្យបាញ់ឲ្យងាប់តែម្តងទៅ។ ទុកឲ្យគាត់ជាអ្នកដោះស្រាយ»។
ក្រុមហ៊ុនចម្ការកៅស៊ូ TTY នេះបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលសម្រាប់ដាំដើមកៅស៊ូនៅលើផ្ទៃដីទំហំជិតមួយម៉ឺនហិចតា នៅស្រុកស្នួល ខេត្តក្រចេះ។ ក៏ប៉ុន្តែក្រុមហ៊ុននេះត្រូវបានប្រជាពលរដ្ឋបានចោទប្រកាន់ថា បានប៉ះពាល់ដល់ដីចម្ការរបស់ពួកគេប្រមាណជិត៥០០គ្រួសារ៕