ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ ​Cambodia e-Arrival​ នៅ​ខែ​កញ្ញា​ដើម្បី​សម្រួល​ដល់​ទេសចរ


រូបឯកសារ៖ ភ្ញៀវទេសចរ​ធ្វើដំណើរមកដល់​អាកាសយានដ្ឋានអន្តរជាតិនៅខេត្តសៀមរាប កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤។
រូបឯកសារ៖ ភ្ញៀវទេសចរ​ធ្វើដំណើរមកដល់​អាកាសយានដ្ឋានអន្តរជាតិនៅខេត្តសៀមរាប កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤។

អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នឹង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​អេឡិចត្រូនិក​សលាកបត្រ​ចូល​ប្រទេស​កម្ពុជា​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​កញ្ញា​នេះ ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា។ ​

ប្រព័ន្ធ​អេឡិច​ត្រូនិក​សលាកបត្រ​ចូល​ប្រទេស​កម្ពុជា ​ឬ ​Cambodia e-Arrival​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ​ជាមួយ​កិច្ច​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រួម​មាន​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​និង​អគ្គនាយក​ដ្ឋាន​បច្ចេកទេស​សុខាភិបាល​ ដើម្បី​រួម​ចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​ វិនិយោគិន ​និង​ពង្រឹង​សន្តិសុខ ​ក្នុង​បរិបទ​ឌីជីថល ​ដូច​បាន​កំណត់​ក្នុង​យុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៧ ​ និង​ស្រប​តាម​បរិបទ​នៃ​ពិភព​លោក​ដែល​កំពុង​មាន​ភាព​រីក​ចម្រើន​ផ្នែក​បច្ចេក​វិទ្យា។​

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ការ​ប្រើប្រាស់​ប្រព័ន្ធ ​Cambodia e-Arrival​ កាល​ពី​ថ្ងៃទី​៩​ ខែ​សីហា​ ឆ្នាំ​២០២៤ ​លោក​ ស សុខា ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លើក​ឡើង​ថា ​ការ​បង្កើត​ប្រព័ន្ធ ​Cambodia e-Arrival​ នេះ​ អាច​ឆ្លើយតប​បាន​ទៅ​នឹង​ការវិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា ​ក្នុង​ដំណាក់​កាល​ដែល​រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ វិនិយោគិន ​និង​ធុរជន​បរទេស​ឱ្យ​ចូល​មក​ទស្សនា ​និង​ធ្វើ​ធុរកិច្ច​ ព្រមទាំង​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ការ​គ្រប់គ្រង​កិច្ចការ​សន្តិសុខ ​និង​ការ​គ្រប់គ្រង​ទិន្នន័យ​ជន​បរទេស​នៅ​កម្ពុជា។​

រូបភាព​គេហទំព័រ Cambodia e-Arrival ដែលកម្ពុជា​នឹង​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ ​Cambodia e-Arrival​ នៅ​ខែ​កញ្ញា
រូបភាព​គេហទំព័រ Cambodia e-Arrival ដែលកម្ពុជា​នឹង​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ ​Cambodia e-Arrival​ នៅ​ខែ​កញ្ញា

បើតាម​សារ​ដែល​បង្ហោះ​ក្នុង​គេហ​ទំព័រ​របស់​ក្រសួង​មហាផ្ទៃ​ ក្រសួង​បាន​ដាក់​ឱ្យ​អនុវត្ត​សាក​ល្បង​ប្រព័ន្ធ Cambodia e-Arrival​ ជា​បណ្ដើរៗ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​សៀមរាប​អង្គរ ​និង​ខេត្ត​ព្រះ​សីហនុ​ ចាប់​ពីថ្ងៃ​ទី​១ ​ខែ​មករា ​ដល់​ថ្ងៃទី​៣០ ​ខែ​មិថុនា ​ឆ្នាំ​២០២៤ ​និង​គ្រោង​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​តាម​បណ្ដា​ច្រកទ្វារ​អាកាស​យានដ្ឋាន​ទាំង​៣​នេះ ​នៅ​អំឡុង​ខែ​កញ្ញា​ ឆ្នាំ​២០២៤​ មុន​នឹង​ដាក់​ឱ្យ​អនុវត្ត​តាម​បណ្ដា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ​និង​ច្រកទ្វារ​ទ្វេភាគី​ផ្សេង​ទៀត។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សុខ សុមោនា ​អគ្គ​នាយក​រង និង​ជា​អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ​និង​អ្នកស្រី ​ឆាយ ស៊ីវលីន ​ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា ​បាន​ទេ។​

ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល ​និង​ពិសា​ភោជនាហារ​សាមគ្គី​នៃ​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា ​និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត​ លើក​ឡើង​ថា ​កម្ពុជា​បាន​វិវត្ត​ខ្លួន​ជាមួយ​នឹង​បច្ចេក​វិទ្យា ​ដែល​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អេឡិច​ត្រូនិក​សលាកបត្រ​ចូល​ប្រទេស​កម្ពុជា​ ឬ​ហៅ​ថា ​Cambodia e-Arrival​ ដើម្បី​សម្រួល​ដល់​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ចូល​មក​កាន់​កម្ពុជា ​ដោយ​ពុំ​ចាំបាច់​ចំណាយ​ពេល​បំពេញ​ព័ត៌មាន​លើ​ក្រដាស​ទៀត​ឡើយ។​

លោក​ថ្លែង​ថា៖​ «ឥឡូវ​យើង​បាន​ឯកភាព​ ហើយ​រៀបចំ​ចេញ​ជា​ប្រព័ន្ធ​អេឡិចត្រូនិច​ទាំង​អស់​ អ៊ីចឹង​គាត់​ចុះ​មក​ គាត់​អាច​ទៅ​ស្កេន​ គាត់​ទៅ​ស្កេន​ប៉ាស្ព័រ​គាត់។ ​មិន​បាច់​បំពេញ​ទេ​ឥឡូវ​ ទោះបី​កន្លែង​ខ្លះ​គេ​មាន​ប្រព័ន្ធ​អេឡិច​ត្រូនិច​ក៏​ដោយ ​ប៉ុន្តែ​នៅ​អង្គុយ​វាយ​[អក្សរ]​មួយៗ​ តែ​ឥឡូវ​នេះ​ម្សិលម្ងៃ​ខ្ញុំ​ជាមួយ​ឯកឧត្តម​ ជា វណ្ណដេត ​និង​ឯកឧត្តម ​សុខ វាសនា ​គាត់​ថា​ ធ្វើ​បាន​ យក​តែ​ប៉ាស្ព័រ​មក​ស្កេន​ គឺ​ព័ត៌មាន​ហ្នឹង​វា​រត់​ចូល​ប្រព័ន្ធ​អេឡិច​ត្រូនិច​តែ​ម្តង ​ដោយ​មិន​ចាំបាច់​អង្គុយ​វាយ​នាំ​តែ​យូរ»។​

លោក​បញ្ជាក់​ទៀត​ថា​ រាល់​ការ​បំពេញ​ទម្រង់​បែប​បទ​ចូល​កម្ពុជា ​និង​ការ​បង់​ប្រាក់​ ឬ​ពន្ធ​ណា​មួយ​របស់​ភ្ញៀវ​ទេសចរ​នឹង​ត្រូវ​ប្រើប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​ទាំង​អស់។​

ក្នុង​រយៈ​ពេល​៦​ខែ ​នៃ​ដើម​ឆ្នាំ​២០២៤ ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​សរុប​ប្រមាណ​ជា​២​លាន​៦​សែន​នាក់​ បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ ដែល​ចំនួន​នេះ​បាន​កើន​ឡើង​២២%​ធៀប​នឹង​ឆ្នាំ​២០២៣។​ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួង​ទេសចរណ៍។​

គ្រឹះស្ថាន​អង្គរ​ដែល​ទទួល​បន្ទុក​ក្នុង​ការ​ស្រង់​ស្ថិតិ​ទេសចរ​ និង​កត់ត្រា​ចំណូល​ដែល​បាន​ពីការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​ បាន​ឱ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល​៦​ខែ​នៃ​ឆ្នាំ​ ២០២៤​ មាន​ទេសចរ​ចំនួន​ជាង ​៥២ ​ម៉ឺន​នាក់​ បាន​ចូល​មក​ទស្សនា​រមណីយ​ដ្ឋាន​វប្បធម៌​មួយ​នេះ។ ​ចំនួន​នេះ​កើន​ជាង​ ៣៥ ​ភាគ​រយ​ ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​នៅ​ឆ្នាំ២០២៣​ ហើយ​ទទួល​បាន​ចំណូល​ជាង​ ២៤ ​លាន​ដុល្លារ​ កើន​ជាង​ ៣៦ ​ភាគ​រយ​ ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។​

ជាមួយ​គ្នា​នោះ ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ទេសចរណ៍ ​កម្ពុជា​រំពឹង​ថា​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៥​លាន​នាក់​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​នៅ​ឆ្នាំ​២០២៥ ​ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​អាច​នឹង​ត្រឡប់​មក​វិញ ​ដូច​មុន​ពេល​មាន​ជំងឺ​រាត​ត្បាត​កូវីដ១៩។ ​យោង​តាម​ចក្ខុ​វិស័យ​របស់​ក្រសួង​ទេសចរណ៍ ​ប្រហែល​ជា​មិន​ដល់​ឆ្នាំ​២០២៨ ​កម្ពុជា​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមាណ ​៨ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG