ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ងាក​ទៅ​ស្និទ្ធ​នឹង​ចិន​ខណៈ​ពេល​មិត្តភក្តិ​ចិន​ងាក​មក​សិ្នទ្ធ​នឹង​អាមេរិក


លោក​ហេង​​ សំរិន​​ ប្រធាន​រដ្ឋ​សភា​កម្ពុជា​ (រូបឆ្វេង) ចាប់​រលាក់​ដៃ​ជាមួយ​​លោក​​ វូ​ បាងហ្កូ​ (​Wu Bangguo) (រូបស្តាំ)​ ​ប្រធាន​​សភា​​ប្រជាជន​​ចិន។
លោក​ហេង​​ សំរិន​​ ប្រធាន​រដ្ឋ​សភា​កម្ពុជា​ (រូបឆ្វេង) ចាប់​រលាក់​ដៃ​ជាមួយ​​លោក​​ វូ​ បាងហ្កូ​ (​Wu Bangguo) (រូបស្តាំ)​ ​ប្រធាន​​សភា​​ប្រជាជន​​ចិន។

ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ថ្មីៗ​នេះ​បាន​ងាកបែរ​ពី​ការ​ធ្វើ​ទំនាក់​ទំនង​ជិតដិត​ ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត​ទៅ​រក​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ពិភពលោក​ដូចជា​សហរដ្ឋ​អាមេរិក។​ តែ​កម្ពុជា​បច្ចុប្បន្ន​នេះ​រិតតែ​បង្កើន​ទំនាក់​ទំនង​ជាមួយ​ប្រទេសចិន​ទៅវិញ។​ ក្រុមអ្នកវិភាគ​មួយ​ចំនួន​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ថា​ កម្ពុជា​ត្រូវការ​ពឹងអាង​ធនធាន​សេដ្ឋកិច្ច​ចិន​និង​នយោបាយ​មហាអំណាច​ចិន​ដើម្បី​រស់រាន​ហើយ​នឹង​ទប់ទល់​ឥទ្ធិពល​ប្រទេស​វៀតណាម។

លោក​ រីឆាដ សូឡូម៉ុង (Richard Solomon)​ អតីត​អនុរដ្ឋមន្ត្រី​ការបរទេស​ សហរដ្ឋ​អាមេរិក​ បាន​លើក​យក​ប្រទេស​ភូមា​ដែលធ្លាប់​ជិតដិត​ជាមួយ​ចិន​តែ​បាន​ងាកបែរ​ទៅ​រក​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​ថ្មីៗ​នេះ​ ហើយ​កូរ៉េ​ខាងជើង​បាន​បើក​ចំហរ​ខ្លាំង​ជាងមុន​ក្នុង​ទំនាក់ទំនង​ជា​អន្តរជាតិ។​ លោក​បាន​ដាក់សំណួរ​ពីការ​សម្រេចចិត្ត​នៃ​ប្រទេស​កម្ពុជា។

«ដូច្នេះ​តើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​នឹង​ធ្វើអ្វី? កម្ពុជា​ពឹងផ្អែក​ជាសំខាន់​លើទំនាក់ទំនង​ជាមួយ​ចិន​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ហើយនឹង​ការ​ការពារ​ប្រឆាំង នឹង​សម្ពាធ​របស់​វៀតណាម​ផង​ដែរ​បើ​តាម​ខ្ញុំ​សន្និដ្ឋាន»។

ថ្លែង​ទៅកាន់​កិច្ចប្រជុំ​ពិភាក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​ ប៊ឺកលី​ រដ្ឋ​កាលីហ្វ័រញ៉ា ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​អំពី​បញ្ហា​២០ឆ្នាំ​ក្រោយ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ លោក​ Solomon បានបន្ថែម​ថា៖

«ប្រទេស​កម្ពុជា​ជា​ច្រើន​សតវត្សរ៍​ហើយ​បាន​ព្យាយាម​រក្សា​ឯករាជ្យភាព​និង​ភាព​រស់រាន​ដោយ​ការព្យាយាម​តស៊ូ​ក្នុង​បរិយាកាស​អន្តរជាតិ​ដ៏​មហា​ស្មុគស្មាញ​នេះ»។

ប្រទេស​កម្ពុជា​ទទួលរង​ឥទ្ធិពល​ពី​វៀតណាម​និង​ចិន​យ៉ាងខ្លាំង​ចុងក្រោយ​ក្នុង ពេល​ដែល​ប្រទេស​ទាំងពីរ​ចិន​ និង​វៀតណាម​កំពុង​មាន​វិវាទ​រវាងគ្នា​រឿង​ព្រំដែន​ទឹក។​ វៀតណាម​ធ្លាប់​ឈ្លានពាន​កម្ពុជា​ដើម្បី​បណ្តេញ​កងទ័ព​ខ្មែរក្រហម​ក្នុង​ថ្ងៃទី​៧​ ខែមករា ​ឆ្នាំ​១៩៧៩។​ ក៏ប៉ុន្តែ​វៀតណាម​ទទួល​រង​ការ​រិះគន់​ពី​ការ​រំលោភ​យក​ទឹកដី​កម្ពុជា​ហើយ​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​បង្ហាញ​ការ​មិនពេញចិត្ត​និង​ភ្លេច​ពី​ការ​ជួយ​របស់​វៀតណាម​ ទោះបី​ជា​វៀតណាម​បាន​បដិសេធ​ពី​ការ​មិនបាន​ប៉ះពាល់​ទឹកដី​កម្ពុជា​យ៉ាងណា​ក្តី។​ វៀតណាម​រង​ការ​ចោទ​ប្រកាន់​ផងដែរ​អំពី​ឥទ្ធិពល​របស់​ខ្លួន​លើក្រុម​មន្ត្រី​កម្ពុជា​បច្ចុប្បន្ន​ដែល​អ្នកវិភាគ​ចាត់ទុក​ថា​នោះ​ក៏ជា​បញ្ហា​ដែរ។​ ចំណែកឯ​ប្រទេស​ចិន​ដែលធ្លាប់​គាំទ្រ​របប​ខ្មែរក្រហម​ ដែលជា​របប​កាប់សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជិត​២លាន​នាក់​នោះ​ បានក្លាយជា​ប្រទេស​ផ្តល់ ជំនួយ​ធំ​ជាងគេ​នៅឆ្នាំ​ចុងក្រោយ​នេះ​ដោយបាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​ជាង ១,០០០​ លាន​ដុល្លារ​គឺស្មើ​ឬ​ច្រើន​ជាង​ជំនួយ​ប្រទេស​ផ្តល់​ជំនួយ​ផ្សេងៗ​សម្រាប់​ កម្ពុជា។

លោក​សាស្ត្រាចារ្យ​ ចូអែល ប្រីងលី (Joel Brinkley) ​នៃ​សាកល​វិទ្យាល័យ ​Stanford ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ថ្លែង​ថា​ពលរដ្ឋ​កម្ពុជា​ពិតជា​មាន​ការ​រីករាយ​នឹង​ការ​ផ្តល់​ជំនួយ​ចិន​រាប់ពាន់​លាន​ដុល្លារ​ សម្រាប់​អភិវឌ្ឍ​ប្រទេស​ដូចជា​ការកសាង​ផ្លូវ​ ស្ពាន​តែ​លោក​ប្រមើល​មើល​ឃើញ​ថា​កម្ពុជា​នឹង​ត្រូវ​សង​ចិន​វិញ។

«ប៉ុន្តែ​ប្រទេស​ចិន​មិនមែន​ផ្តល់ជំនួយ​ទៅកម្ពុជា​ក្នុង​នាម​ជា​អង្គការ​សប្បុរសធម៌​ដ៏ធំ​នោះ​ទេ។​ ចិន​ចង់បាន​អ្វី​ត្រឡប់​មកវិញ​ដែរ»។

លោក​សាស្ត្រាចារ្យ​ Joel Brinkley​ បាន​អះអាង​ថា​អ្វី​ដែល​ចិន​ចង់បាន​នោះ​គឺ​ទំនង​ជា​ធនធាន​ធម្មជាតិ​កម្ពុជា​ជា​ច្រើន​ដូចជា​ប្រេង​ក្នុង​ឈូងសមុទ្រ​ រ៉ែ​ជាច្រើន​ប្រភេទ ដែល​ចិន​នឹង​ប្រាប់​កម្ពុជា។

លោក​ ប្រែដ អាដាម (Brad Adams)​ នាយក​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch​ ប្រចាំ​តំបន់​អាស៊ី​និយាយ​ថា​កំណើន​ឥទ្ធិពល​ចិន​ទាំង​សេដ្ឋកិច្ច​និង​នយោបាយ​មកលើ​កម្ពុជា​ជា​បញ្ហា​ដោយសារ​ការ​ផ្តល់​ជំនួយចិន​មិនគិត​ពី​លក្ខខណ្ឌ​នៃ​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នៃ​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ និង​ការ​អនុវត្ត​ច្បាប់​នានា។​ លោក Brad Adams​បានអះអាង​ថា​នេះ​ហើយ​ជា​ការលំបាក​សម្រាប់​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​ដទៃទៀត​ក្នុង​ការ​មាន​ឥទ្ធិពល​ហើយ​នឹង​ចង់​កែទម្រង់​លើ​វិស័យ​នានា​ជាវិជ្ជមាន​សម្រាប់​កម្ពុជា។

«ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​រដ្ឋាភិបាល​កម្ពុជា​មិនចង់​ពឹងពាក់​លើ​ប្រទេស​ចិន​តែមួយ។​ ប្រជា ពលរដ្ឋ​កម្ពុជា​មិនចង់​បានរឿង​ដូច្នោះ។​ ប្រជាពលរដ្ឋ​មិនចង់បាន​ ប្រទេស​តែមួយ ដែលគេ​ត្រូវ​ពឹងពាក់​នោះទេ»។

ថ្លែង​មកកាន់​វីអូអេ​ផ្នែក​ខេមរភាសា​ក្នុងកិច្ច​សម្ភាស​មួយ​តាមរយៈ​ទូរស័ព្ទ​ លោក ងួន ញ៉ិល​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​ប្រទេស​កម្ពុជា​ពុំបាន​ឆ្លើយ​បដិសេធ​ ឬ​ទទួលយក​ពីការ​ដែល​កម្ពុជា​ជា​ប្រទេស​ពឹងពាក់​ឬជិតដិត​នឹង​ចិន​តែ​មួយ នោះ​ទេ។​ តែ​លោក​បានចោទ​ជា​សំណួរតប​វិញថា​ប្រទេស​ជាច្រើន​ដែល​ជួយ​ កម្ពុជា​នោះ​មិនមែន​បង្ហាញ​ពី​ការជិតដិត​នឹង​ប្រទេស​ទាំងនោះ​ដែរឬ?

«ប៉ុន្តែ​យើង​សួរថា​ ចុះចិន​ឲ្យសហគមន៍​អឺរ៉ុប​ឬ​មួយ​ក៏​សហរដ្ឋ​អាមេរិក​ខ្ចីលុយ​ជាច្រើន​នោះ តើ​ចិន​ជិតស្និទ្ធ​នឹង​អាមេរិក​ដែរឬ​អត់? ទាល់តែ​ឆ្លើយ​ នឹង​សំណួរ​ខ្ញុំ​អាហ្នឹង​បានខ្ញុំ​និយាយ​ទៅ​រួច»។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក​ ងួន ញ៉ិល​បានអះអាង​ថា​កម្ពុជា​ធ្វើ​សមាហរណកម្ម​សាកល​និង​ក្នុង​តំបន់​ហើយ​កម្ពុជា​ជា​សមាជិក​មួយ​នៃ​អ.ស.ប។

លោក​ Solomon ​បច្ចុប្បន្ន​ជា​នាយកវិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក​ (USIP)​បាន​ទទួល​ស្គាល់​ថា​ចិន​មាន​ទំនាក់​ទំនង​កាន់តែ​ជិតដិត​ជាងគេ​ ជាពិសេស​ជាង​វៀតណាម​ ជាប្រទេស​ជិតខាង​កម្ពុជា​ដែល​មានទំនាក់​ទំនង​អាក្រក់​ជាយូរ​ហើយ​នោះ។ លោក​ថ្លែង​ថា​ ចិន​ក្លាយជា​ប្រទេស​មាន​ឥទ្ធិពល​និង​កម្លាំង​ខ្លាំង​អាច​គាបសង្កត់​លើ​ប្រទេស​វៀតណាម​បើ​ពលរដ្ឋ​កម្ពុជា​មិន​ពេញចិត្ត​ពី​ទង្វើ​អ្វី​មួយ របស់​វៀតណាម​បច្ចុប្បន្ន​នេះ។

«ប្រទេស​ទាំងឡាយ​ដែលអាច​ដាក់​សម្ពាធ​លើ​វៀតណាម​សព្វ​ថ្ងៃនេះ​ ហើយ គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក ​ហ៊ុន សែន​ គឺ​ប្រទេស​ចិន»។

នៅពេល​គេ​សួរថា​តើ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​គ្រប់គ្រង​ដោយ​វៀតណាម លោក ​Solomon​ បានថ្លែង​ដោយ​ពាក្យកំប្លែង​ថា​លោក​ ហ៊ុន សែន​គ្រប់គ្រង លោក​ហ៊ុន សែន​ខ្លួន​គាត់។

ប្រទេស​កម្ពុជា​ត្រូវគេ​ចាត់ទុក​ថា​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​ពិភពលោក​ហើយ​ មាន​ពលរដ្ឋ​ប្រមាណជិត​៣០​ភាគរយ​រស់នៅ​ក្រោមបន្ទាត់​នៃភាព​ក្រីក្រ។ កម្ពុជា​ពឹង​ផ្នែក​ជំនួយ​បរទេស​ច្រើនជាង​១.០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ក្រុម​អ្នកវិភាគ​ខ្លះ​ទៀត​បាន​និយាយ​ដែរ​ថា​ការងាក​បែរ​ចេញ​ពី​ចិន​នៃ​បណ្តា​ ប្រទេស​អន់ថយ​ទាំង​សេដ្ឋកិច្ច​ ទាំង​នយោបាយ​មួយ​ចំនួន​គឺ​ដើម្បី​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ។​ ប្រទេស​ភូមា​និង​កូរ៉េ​ខាងជើង​ដែលល្បី​ឈ្មោះ​អាក្រក់​លើ ពិភពលោក​ ផ្នែក​រំលោភ​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​និង​ការ​បិទ​សិទ្ធិ​សេរីភាព​ ពលរដ្ឋ​គ្រប់​បែបយ៉ាង​ចង់បាន​ការ​ទទួលស្គាល់​ជា​អន្តរជាតិ​ឡើង​វិញ​ពី​ប្រទេស​ លោក​ខាងលិច​ជាពិសេស​សហរដ្ឋ​អាមេរិក​ក្រៅពី​ប្រាថ្នា​ចង់​រួចផុត​ពី​ទណ្ឌកម្ម​នានា​ពី​សហគមន៍​អន្តរជាតិ៕

XS
SM
MD
LG