ភ្នំពេញ៖ សាលាដំបូងខេត្តព្រះសីហនុបានចោទឈ្មួញជនជាតិរុស្ស៊ីចំនួន៣នាក់ពីបទសង្ស័យថាបានឃុំខ្លួនបុគ្គលិករបស់ខ្លួនចំនួនបីនាក់និងបង្ខំឲ្យពួកគេលោតទឹកសមុទ្រដោយបោះបង់ពួកគេចោល។
លោកហួត វិចិត្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថាជនជាតិរុស្ស៊ីទាំងបីនាក់បានចាប់បង្ខាំងបុគ្គលិកទាំងនោះ។
«ខ្ញុំផ្តើមចោទលើអង្គហេតុនោះគឺបទហិង្សាដោយចេតនានិងបទបង្ខាំងមនុស្សដោយខុសច្បាប់»។
លោក ប៉ូ ឡុនស្គី សេហ្គេ (PO LONSKIY SERGEY) អាយុ៤១ឆ្នាំនិងបុរសរុស្ស៊ីពីរនាក់ទៀតត្រូវចាប់ខ្លួនក្នុងលំហសមុទ្រដោយកងរាជអាវុធហត្ថខេត្តព្រះសីហនុកាលពីថ្ងៃទី៣០ខែធ្នូបន្ទាប់ពីពួកគេបានចាប់បង្ខាំងបុគ្គលិកនាវារបស់ខ្លួនចំនួនបីនាក់ក្នុងបន្ទប់ទឹកដោយប្រើកាំបិតចុងស្រួចភ្ជុងនឹងក រួចបង្ខំឲ្យពួកគេលោតទឹកចំណុចកោះដូងហើយក៏បើកនាវាចេញដំណើរចោលពួកគេ។
នេះបើតាមរបាយការណ៍ពីកងរាជអាវុធហត្ថខេត្ត។
ជនរងគ្រោះត្រូវបានសង្គ្រោះដោយកងល្បាតសមុទ្របន្ទាប់ពីបុគ្គលិកជនជាតិខ្មែរចំនួនបីនាក់ទៀតបានលោតទឹកនៅពេលដែលនាវាកំពុងធ្វើដំណើរហើយពួកគេបានឃើញនាវាកងល្បាត។ ពួកគេបានផ្តល់សញ្ញាសុំការជួយសង្គ្រោះខណៈដែលជនជាតិរុស្ស៊ីទាំងបីនាក់បានព្យាយាមបើកគេចខ្លួន។
បើតាមប្រភពនានាឲ្យដឹងថាជនជាតិរុស្ស៊ីទាំងបីនាក់គឺជាឈ្មួញមួយក្រុមមានកម្មសិទ្ធិផ្ទះសំណាក់និងភោជនីយដ្ឋានពស់ វិនិយោគលើសណ្ឋាគារមួយនៅកោះដែកគោល និងមានមុខរបររួមផ្សំមួយចំនួនទៀតនៅក្នុងខេត្តព្រះសីហនុ។
លោកតាំង សារ៉េត អនុប្រធានពន្ធនាគារខេត្តឲ្យដឹងថាជនសង្ស័យទាំងបីនាក់ត្រូវបញ្ជូនទៅឃុំខ្លួនបណ្ណោះអាសន្ននៅពន្ធនាគារខេត្តតាមដីការបស់ព្រះរាជអាជ្ញាកាលពីថ្ងៃទី១ខែមករា។
«មានដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងខេត្តព្រះសីហនុ»។
លោកព្រះរាជអាជ្ញារង ហួត វិចិត្រ មានប្រសាសន៍ថាប្រសិនបើតុលាការរកឃើញថាមានកំហុសឈ្មួញរុស្ស៊ីទាំងបីនាក់អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។
សូមបញ្ជាក់ថាកាលពីពាក់កណ្តាលឆ្នាំ២០១២ ថៅកែកោះពស់ជនជាតិរុស្ស៊ីម្នាក់ត្រូវបណ្តេញចេញពីប្រទេសកម្ពុជាដោយបានប្រព្រឹត្តបទអនាចារជាមួយកុមារកម្ពុជា៕