ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផែនការ​អភិវឌ្ឍ​តំបន់​ព្រំដែន​កម្ពុជា​ថៃ​ និង​ការបើក​ច្រក​ព្រំដែន​ថ្មី


កិច្ចប្រជុំ​អន្តរ​ក្រសួង​ស្តីពី​កិច្ច​អភិវឌ្ឍ​ព្រំដែន​កម្ពុជា-ថៃ​​ នៅ​ថ្ងៃទី២៧ ខែ​ឧសភា​ ឆ្នាំ​២០១៣។
កិច្ចប្រជុំ​អន្តរ​ក្រសួង​ស្តីពី​កិច្ច​អភិវឌ្ឍ​ព្រំដែន​កម្ពុជា-ថៃ​​ នៅ​ថ្ងៃទី២៧ ខែ​ឧសភា​ ឆ្នាំ​២០១៣។
ភ្នំពេញ៖ ការ​ដោះមីន​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ​ការ​ទប់ស្កាត់​ការឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​ និង​ការ​ដោះស្រាយ​ចំណោទ​នៃការ​លក់​កសិផល​កម្ពុជា​ទៅ​ឲ្យ​ប្រទេស​ថៃ ​គឺ​ជា​ការ​សម្រេច​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​ស្តីពី​កិច្ច​អភិវឌ្ឍ​ព្រំដែន​កម្ពុជា-ថៃ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

កិច្ច​ប្រជុំ​នេះ​មាន​រយៈពេល​ជាង​៣​ម៉ោង​ ហើយចូលរួម​ដោយ​ក្រសួង​ការ​បរទេស​ ក្រសួង​ការពារ​ជាតិ ​ក្រសួង​មហាផ្ទៃ ​និង​អភិបាល​ខេត្ត​នៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។ កិច្ច​ប្រជុំ​នេះ​ក៏​បាន​សម្រេច​ផង​ដែរ​លើ​ការ​ផ្តល់​ប័ណ្ណ​ឆ្លងដែន​ដល់​ជន​កម្ពុជា​ ដែល​ឆ្លង​ព្រំដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ការទប់ស្កាត់​ពល​រដ្ឋ​កម្ពុជាឆ្លង​ព្រំដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​នៅ​ប្រទេស​ថៃ ការ​ពិភាក្សា​ពី​ការ​បង្កា​ជំងឺឆ្លង​ និង​ការ​បើក​ច្រក​ព្រំដែន​ថ្មី​ចំនួន​បី​ទៀត​ជាមួយ​ប្រទេស​ថៃ។​

ច្រក​ទាំងបី​រួមមាន​ច្រក​ថ្មដា ​នៅ​ខេត្ត​ពោធិ៍សាត់ ​ច្រក​អានសេះ​នៅ​ខេត្ត​ព្រះវិហារ​ និង​ច្រក​ភ្នំ​ជីរ​ នៅ​ស្រុក​ភ្នំព្រឹក្ស ​ខេត្ត​បាត់ដំបង។​

លោក​ឡុង វីសាលោ​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ​នោះ​ថា​ ប្រទេស​កម្ពុជា​នឹង​យក​ការ​សម្រេច​ទាំងនេះ​ទៅ​ជជែក​ពិភាក្សា​ជាមួយ​ប្រទេស​ថៃ​នៅក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​ រវាង​ថ្ងៃទី​១០​ និង​១១​ខែ​មិថុនា​ខាង​មុខ។​
លោក​មាន​ប្រសាសន៍​ថា ​កិច្ច​ប្រជុំ​នោះ​នឹង​ផ្តោត​លើ​ការ​ការពារ​តម្លៃ​កសិផល​កម្ពុជា​ផង​ដែរ។​

«កន្លង​មក​ ពេលខ្លះ​ចេញ​បាន ​ពេល​ខ្លះ​ចេញ​មិន​បាន។ ​ជួនកាល​ពេល​គេ​ត្រូវ​ការ ​គេ​ឲ្យ​ចូល។​ គេ​មិន​ត្រូវការ ​គេ​មិន​ឲ្យ​ចូល។​ ជួន​កាល​គេ​ទម្លាក់​តម្លៃ​ថោក។ ​អញ្ចឹង​បញ្ហា​ហ្នឹង​ យើង​ត្រូវការ​ពិភាក្ស​ឲ្យ​បាន​ត្រឹមត្រូវ​ ទប់ស្កាត់​កុំឲ្យមាន​ការ​រឹតត្បិប​ការ​នាំចូល​ទៅ​កាន់​ទី​ផ្សារ​ ហើយ​តម្លៃ​ហ្នឹង​តាម​ទីផ្សារ»។​

លោក​ឡុង វិសាលោ​បញ្ជាក់​បន្ថែម​ថា​ កម្ពុជា​ក៏​គ្រោង​នឹង​កិច្ច​ពិភាក្សា​លើ​គម្រោង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ​និង​ការ​ទិញ​បន្ថែម​នូវ​ថាមពល​អគ្គិសនី​ចំនួន​ប្រាំ​មេហ្គាវ៉ាត់​ពី​ប្រទេស​ថៃ​យក​មក​ប្រើ​ប្រា​ក់នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។​

ប្រទេស​កម្ពុជា​ពឹងផ្អែក​យ៉ាង​ច្រើន​លើ​ទីផ្សារ​ប្រទេស​ថៃ ​រាប់​ទាំង​ការ​ទិញ​ផលិតផល​កសិកម្ម​ ការ​ស្រូប​យក​កម្លាំង​ពលកម្ម​ជាដើម។ ​មួយ​វិញ​ទៀត​ ពលករ​កម្ពុជា​រាប់សែន​នាក់​បាន​ឆ្លង​ព្រំដែន​ដោយ​ខុស​ច្បាប់​ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ក្នុង​នោះដែរ​ពលករ​មួយ​ចំនួន​បានលួច​ឆ្លង​ព្រំដែន​ទៅ​កាប់​ឈើ​ក្រញូង​នៅ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។ ​ហើយ​ជារឿយៗ​ ទាហាន​ថៃ​បាន​បាញ់​សម្លាប់​ពួកគេ​ដោយ​មិនមាន​ការ​លើក​លែង៕​
XS
SM
MD
LG