ក្រុមការងារចម្រុះកម្ពុជា-ថៃ បានបញ្ចប់ការប្រជុំ ដើម្បីរកដំណោះស្រាយវិបត្តិព្រំដែននៅតំបន់ប្រសាទព្រះវិហារនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដោយមានការជឿនលឿនទៅមុខតិចតួច។
លោកឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិនឹងជាប្រធានក្រុមការងារចម្រុះកម្ពុជាបានថ្លែងនៅក្នុងសន្និសីទព័ត៌មាន ដោយអានសេចក្តីប្រកាសព័ត៌មានរួមថាភាគីទាំងពីរព្រមព្រៀងគ្នាធ្វើការដោះមីននៅតំបន់ជម្លោះជាមុនបន្ទាប់មកនឹងធ្វើការដកកងទ័ពជាក្រោយ។
«ភាគីទាំងពីរព្រមព្រៀងឲ្យមជ្ឈមណ្ឌលកម្ចាត់មីនCMAC នឹងមជ្ឈមណ្ឌលកំចាត់មីនTMAC ដើម្បីពិភាក្សាគ្នានៅសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ នៅទីក្រុងបាងកក អំពីវិធានការ និងផែនការដោះមីនរួម ដើម្បីផ្តល់សុវត្ថិភាពដល់ក្រុមសង្កេតការណ៍រួម និងសម្រួលដល់កម្មវិធីកែសម្រួលកងទ័ពនាពេលខាងមុខ»។
លោកឧត្តមសេនីយ៍ នាង ផាត បញ្ជាក់ថាការដកកងទ័ពពីតំបន់ជម្លោះនឹងធ្វើឡើងរយៈពេល៣០ថ្ងៃ បន្ទាប់ពីមានការដោះមីនរួចរាល់។ ហើយនឹងត្រូវឋិតនៅក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍រួម។
លោកឧត្តមសេនីយ៍ វីរៈ ពង្សសង្ឃកានេត្រា ប្រធានក្រុមកាងារចម្រុះភាគីថៃ និងជានាយសេនាធិការចម្រុះកងទ័ពថៃបានថ្លែងយល់ស្របទៅលើសេចក្តីប្រកាសរួមនោះ។
កម្ពុជា និងថៃ បានឈ្លោះទាស់ទែងគ្នាដណ្តើមកាន់កាប់ដីនៅតំបន់ក្បែរប្រសាទព្រះវិហារចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨ ម្ល៉េះ។ ជម្លោះនេះបន្ទាប់ពីថៃ បានដាក់ពង្រាយកងព័ទរបស់ខ្លួននៅតំបន់នេះ ក្រោយពីប្រសាទព្រះវិហារចំណាស់ ៩០០ឆ្នាំរបស់ខ្មែរត្រូវទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលថៃប្រឆាំងជំទាស់មិនបានសម្រេច។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌ក្រុងឡាអេ បានបញ្ជាឲ្យភាគីជម្លោះដកកងទ័ពចេញពីតំបន់ប្រទាញប្រទង់ជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាពទៅដល់ប្រាសាទព្រះវិហារ និងបង្គ្រាប់ឲ្យដាក់កងទ័ពសង្គេតការណ៍មកពីសមាជិកអាស៊ាន។ ក៏ប៉ុន្តែចាប់ពីពេលនោះ ការចរចាឆ្ពោះទៅរកការអនុវត្តសាលដីកានោះ មិនទទួលបានផលវិជ្ជមានជាដុំកំផួននោះទេ។
ក្រុមការងារចម្រុះផ្នែកកិច្ចការព្រំដែននៃប្រទេសទាំងពីរគ្រោងនឹងបញ្ចប់កិច្ចប្រជុំរបស់ខ្លួនកាលពីថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១២នេះ។ ក៏ប៉ុន្តែកិច្ចប្រជុំបានអូសបន្លាយរហូតទៅដល់ម៉ោង១២ និង១៥នាទីរំលងអាធ្រាតចូលដល់ថ្ងៃព្រហស្បតិ៍នេះ ហើយកិច្ចប្រជុំបានបញ្ចប់នៅរសៀលម៉ោង៣ថ្ងៃនេះវិញ។
ក្រុមមន្ត្រីកម្ពុជាបានបង្ហើបថាមានភាពតានតឹងជាច្រើននៅក្នុងកិច្ចពិភាក្សានេះ ក៏ប៉ុន្តែបានបដិសេធបង្ហាញពីចំណុចខ្វែងគំនិតគ្នា ដែលបណ្តាលឲ្យមានភាពតានតឹងនោះ។
លោកឧត្តមសេនីយ៍ វីរៈពង្ស សង្ឃកានេត្រា បានថ្លែងសម្រួលការកត់សម្គាល់នេះតាមរយៈអ្នកបកប្រែ។
«ការដែលប្រើពេលវេលាយូរនេះ យើងស្ថិតនៅក្នុងឋានៈជាបងប្អូននឹងគ្នា ហើយជាប្រទេសជិតខាងគ្នា។ ដូច្នេះពេលជួបគ្នានេះ ក្នុងនាមជាប្រទេសជិតខាងនៅតែប្រើពេលវេលាយូរ»។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំ ភាគីទាំងពីរបានបញ្ជាក់ថា មានភាពចម្រើនជឿនលឿនទៅមុខនៅក្នុងកិច្ចពិភាក្សាលើកនេះ ហើយភាគីទាំងពីរកម្ពុជា និងថៃ បានសន្យាឡើងវិញនៅក្នុងការធានាសន្តិសុខ និងសុវត្ថិភាពនៅតំបន់ដែលមានជម្លោះ៕