ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះ​ហៅ​អភិបាល​ក្រុង​បាវិត​ពាក់​ព័ន្ធ​នឹង​ការបាញ់​កម្មការិនី​រោងចក្រ


តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយរៀង
តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយរៀង

អស់​រយៈពេល​ចំនួន​១៥​ថ្ងៃ ​បន្ទាប់​ពី​បាន​ប្រព្រឹត្ត​អំពើ​បាញ់​ប្រហារ​ដោយ​មិន​ញញើត​ដៃ​ទៅ​លើ​ក្រុម​កម្មករ​រោងចក្រ​ស្បែកជើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយរៀង​ តុលាការ​ទើបតែ​ចេញ​ដីកា​កោះហៅ​ជន​សង្ស័យ​យក​មក​សាកសួរ។

លោក ​ហ៊ីង ​ប៊ុនជា ​ព្រះរាជ​អាជ្ញារង​នៃ​តុលាការ​ខេត្ត​ស្វាយរៀង ​បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេតាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​លោក​ ឈូក ​បណ្ឌិត​ អភិបាល​ក្រុង​បាវិត​ ដែល​ជាប់​ពាក់ព័ន្ធ ​នឹង​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុមកម្មករ​ ត្រូវ​តុលាការ​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ហើយ​នៅ​ថ្ងៃ​ទី​១៦ ​ខែ​មីនា​ខាង​មុខ​នេះ។ ​

លោក ​ហ៊ីង ​ប៊ុនជា ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពើ​ការ​ចោទប្រកាន់​ទៅ​លើ​ជន​សង្ស័យ ​ឈូក ​បណ្ឌិត​ នេះ​ទេ​ ដោយគ្រាន់​តែបាន​បញ្ជាក់​ថា​នេះ​ គឺ​ជា​នីតិវិធី​របស់​តុលាការ។

«ខ្ញុំ​មិន​អាច​ជម្រាប​ជូន​បាន​ទេ​នៅ​លើ​បញ្ហា​នេះ។ វា​ជា​នីតិវិធី​របស់​ខ្ញុំ។ ​ដល់​ប៉ូលិស​អញ្ជើញ​មក​ គឺ​នៅ​ក្រៅឃុំ​ទេ។ ​ទាល់តែ​យើង​ធ្វើ​ការ​ចោទប្រកាន់​ជា​ផ្លូវការ ​អាហ្នឹង​នីតិវិធី​ខាង​ចៅក្រម​ជា​អ្នក​ចេញ។​ ជា​ជម្រើស​របស់​គេ ​បើ​ចាប់​ឬ​មិន​ហ៊ាន​ចាប់​ នេះ​គឺ​ជា​រឿង​របស់​ចៅក្រម​ទៀត»។

លោក ​ឈូក ​បណ្ឌិត ​អភិបាល​ក្រុងបាវិត ​គឺ​ជា​ជនសង្ស័យ​តែ​ម្នាក់​គត់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កាំភ្លើង​ខ្លី​ផ្ទាល់​ខ្លួន​របស់​លោក​បាញ់ប្រហារ​កម្មករ​ឲ្យ​ទទួល​រងរបួស។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស ​ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​សប្តាហ៍​មុន។

កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ ​កន្លង​ទៅ​នេះ ​ក្រុម​កម្មករ​នៃ​រោងចក្រ​ស្បែកជើង​ចំនួន​ជាង​១.០០០​នាក់​ បាន​ធ្វើ​បាតុកម្ម​តវ៉ា ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន​និង​ប្រាក់​ឈ្នួល​បន្ថែម។​ ក៏​ប៉ុន្តែ​នៅ​ក្នុង​ពេល​តវ៉ា​នោះ ​យ៉ាងតិច​មាន​ក្រុម​កម្មការិនី​ចំនួន​បី​នាក់​បាន​ទទួលរង​របួស​ភ្លាមៗ​ នៅ​កន្លែង​កើត​ហេតុ។

ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការបាញ់​ប្រហារ​នេះ ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ​ទេ។​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ បើ​តាម​សាក្សី​ឃើញ​ផ្ទាល់ភ្នែក​ បាន​និយាយ​ថា​សមត្ថកិច្ច​បាន​បើ​ផ្លូវ​ឲ្យ​ជនសង្ស័យ​គេច​ចេញ​ពី​កន្លែង​កើតហេតុ ​ដោយ​គ្មាន​ការ​រំខាន។ តាម​រូបភាព​ដែល​កាសែត​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​គេ​ឃើញ​ខ្មាន់​កាំភ្លើង​ម្នាក់​ដែល​គេ​យល់​ថា​ជា​លោក​ឈូក បណ្ឌិត​ត្រូវបាន​កងកម្លាំង​ប៉ូលិស​និង​កង​រាជ​អាវុធ​ហត្ថ​ហែរ​ហម​ការពារ​នៅ​ពេល​ភៀសខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ។​

នៅ​ពេល​ដែល​សាកសួរ​ថា​តើ​ហេតុអ្វី ​បាន​ជា​សមត្ថកិច្ច​មិន​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​យក​មក​កាត់ទោស។ ​លោក​ឧត្តមសេនីយ៍ត្រី ​ប្រាជ្ញ​ រឹម ​ស្នងការ​ប៉ូលិស​ខេត្ត​ស្វាយរៀង​បាន​និយាយ​ថា​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ហើយ​ពាក់ព័ន្ធ​នឹង​ការ​ចេញដីកា​កោះហៅ​លោក ​ឈូក ​បណ្ឌិត ​លោក​ប្រាជ្ញ​ រឹម​ បាន​និយាយ​ថា​លោក​មិន​ទាន់​បាន​ទទួល​ដីកា​កោះ​ហៅ​នេះ​នៅ​ឡើយ​ទេ។

«ខ្ញុំ​ក៏​ឥត​បាន​ទទួល​ដែរ ​ប្រហែល​ជា​ដីកា​ហ្នឹង ​គេ​បង្គាប់​ទៅ​ឲ្យ​អ្នក​ណា​ផ្សេង»។

លោក ​ជៀង ​អំ អភិបាល​ខេត្ត​ស្វាយរៀង​បាន​និយាយ​ថា​ជន​សង្ស័យ​មិន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ខេត្ត​ស្វាយរៀង​ទេ ​ហើយ​លោក​ជឿជាក់​ថា​លោក ​ឈូក ​បណ្ឌិត កំពុង​តែ​ស្នាក់​នៅ​ខេត្ត​ស្វាយរៀង​នៅ​ឡើយ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​ហេតុអ្វី​បាន​ជា​អ្នកសារព័ត៌មាន​ចាប់​អារម្មណ៍​រឿង ​ឈូក ​បណ្ឌិត​ចំណែក​ឯ​ក្រុម​កម្មករ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​គប់​ដំ​ថ្ម​ទៅ​លើ​សមត្ថកិច្ច​ចំនួន​ប្រាំពីរ​នាក់​ឲ្យ​រងរបួស​នោះ ​ហេតុ​អ្វី​បាន​ជា​មិន​ចុះផ្សាយ។ ​លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ អាជ្ញាធរ​កំពុង​តែ​ចាត់​វិធានការ​ចាប់​ខ្លួន​មេដឹកនាំ​ក្រុម​កម្មករ​មួយ​ចំនួន​ ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​សមត្ថកិច្ច។

«ព្រោះ​អ្នកឯង​ទៅ​គប់​សមត្ថកិច្ច ​ហើយ​ទៅ​ដុត​រោងចក្រ​បំផ្លាញ​ទ្រព្យសម្បត្តិ​គេ​អីញ្ចឹង។​ ឥឡូវ​គេ​ទាមទារ ​អ្នកណា​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម ​ហើយ​សុំ​ចេញ​មុខ​មក​ដើម្បី​ជជែក​គ្នា​តវ៉ា​ចំពោះ​ផ្លូវ​ច្បាប់។​ រឿង​ខូចខាត​ទ្រព្យសម្បត្តិ​គេ​អស់​ជាង​ពីរសែន​ដុល្លារ»។

លោក ​អ៊ូ ​វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​មាន​ប្រសសន៍​ថា​ តុលាការ​មិនត្រូវ​ចេញ​ដីកា​កោះ​ហៅ​លោក ​ឈូក ​បណ្ឌិត ​តែ​ម្នាក់​ទេ ​គួរ​តែ​ចេញ​ដីកា​កោះ​ហៅ​អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង​ និង​អ្នក​ដែល​ការពារ​លោក​ឈូក ​បណ្ឌិត ​មិនត្រូវ​ឲ្យ​គេច​ចេញ​ពី​សំណាញ់​ច្បាប់ ​វា​ទើប​យុត្តិធម៌។

«រឿង​ដែល​បទល្មើស​ជាក់ស្តែង​ប៉ូលិស​នៅ​ហ្នឹង ​ត្រូវ​តែ​ចាប់​ហើយ។ ​បើ​សិន​ជា​ឥតចាប់​ទាំង​អស់​ មិន​មែន​ក្រសួង​មហាផ្ទៃ​ត្រូវ​តែ​ស៊ើបអង្កេត​ត្រូវ​តែ​ស៊ើបអង្កេត​មួយ​ទេ​ ត្រូវតែ​ស៊ើបអង្កេត​ទាំង​អស់​ចូលរួម​ក្នុង​ការ​លាក់​ខ្លួន​ជួយ​គាត់​ឲ្យ​រួ​ចផុត​ពី​ការ​ចោទ​ប្រកាន់​ពី​តុលាការ។ ​បទល្មើស​នេះ​ បទល្មើស​ជាក់ស្តែង​មនុស្ស​រាប់រយ​រាប់​ពាន់​នាក់​ ដែល​ជា​សាក្សី ​ដែល​បាន​ដឹង ​បាន​ឮ ​បាន​នៅ​ទីនោះ»។

លោក​ ឈូក ​បណ្ឌិត ​អភិបាល​ក្រុង​បាវិត​ខាង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ កន្លង​មក​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា​ អាជ្ញាធរ​មិន​ហ៊ាន​ចាប់​ខ្លួន​ជនសង្ស័យ​ទៅ​ផ្តន្ទាទោស​ភ្លាម​ៗ​ទេ​ ដោយសារ​តែ​ខ្លាច​បក្សពួក​និយម ​និង​មាន​មន្រ្តី​មួយ​ចំនួន​នៅ​ពីក្រោយ​ខ្នង​ជួយ​ការពារ​លោក ​ឈូក បណ្ឌិត៕

XS
SM
MD
LG