ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បាត់​កម្លាំង​កសាង​ជាតិ​ដោយ​សារ​លំហូរ​ពលករ​ទៅ​ក្រៅ​ប្រទេស​


រូប​ឯកសារ៖ ពលករ​ខ្មែរ​រង់​ចាំ​ឯកសារ​នៅ​ការិយាល័យ​ប៉ូលិស​ស្រុក​អារញ្ញ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១៤ ដើម្បី​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។
រូប​ឯកសារ៖ ពលករ​ខ្មែរ​រង់​ចាំ​ឯកសារ​នៅ​ការិយាល័យ​ប៉ូលិស​ស្រុក​អារញ្ញ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១៤ ដើម្បី​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

ចលនា​ឧស្សាហនូបនីយ​កម្ម ​និង​នគរូបនីយកម្ម​ដ៏​ធំ​សម្បើម​របស់​កម្ពុជា​​​បាន​​ជំរុញ​​​ឱ្យ​​ប្រជាជន​​​ខ្មែរ​មួយ​ភាគ​ធំ​​នៅ​​គ្រប់​​ច្រក​​ល្ហក​​នៃ​​ប្រទេស ​ធ្វើ​ដំណើរ​ចាក​ចោល​​ភូមិ​ករ​​ទៅ​​រក​​ការ​ងារ​​ធ្វើ​នៅ​​ទី​​ប្រជុំជន ​និង​​នៅ​​ក្រៅ​ប្រទេស

នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​ជូន​លោក​ស្រី​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អូស្ត្រាលី ​Julie ​Bishop ​កាលពីថ្ងៃព្រហស្បតិ៍ ​លោកអ៊ិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​កម្ពុជា​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា ​(Canberra)​ ពិចារណាបើកច្រក​ទទួលយក​កម្លាំង​ពលកម្ម​កម្លាំង ​និង​ពលកម្ម​ប្រើ​បញ្ញា​របស់​កម្ពុជា​ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អូស្ត្រាលី។​

ក្នុង​លិខិត​ដដែល​នេះ​ ​លោកឋ ​អ៊ិត សំហេង ​បាន​សរសេរ​បញ្ជាក់​ថា៖​

«និយោជកជាតិអូស្ត្រាលីនឹងស្គាល់នូវឥរិយាបថ​ធ្វើការ​ប្រកប​ដោយ​ភាព​ឧស្សាហ៍​ព្យាយាម ​និងមានវិន័យខ្ជាប់ខ្ជួនរបស់និយោជិកជនជាតិខ្មែរទៅពីកម្ពុជា»។​

លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​បន្ថែម​ថា៖​

«វា​[ឱកាស​ការងារ​នៅ​អូស្ត្រាលី]​ក៏​ផ្ដល់​ឱ្យ​ផង​ដែរ​នូវ​ចំណេះ​ដឹង ​និង​ចំណេះ​ធ្វើ​ដល់​និ​យោជិក​ជាតិ​ខ្មែរ ​ដែល​នឹង​ទទួល​បាន​ពី​ការ​បណ្ដុះ​បណ្ដាល​នៅ​ហ្នឹង​កន្លែង​ធ្វើ​ការ​ងារ​នៅឯ​ប្រទេស​អូស្រ្តាលី ​ដែល​នឹង​ផ្ដល់​ជា​វិភាគ​ទាន​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផង​ដែរ»។​

នេះ​មិន​មែន​ជា​ការ​ប៉ុន​ប៉ង​លើក​ដំបូង​នោះ​ទេ​ដែលរដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន ​សែន ​បញ្ជូន​កម្លាំង​ពលករ​ខ្មែរ​ចេញ​ទៅ​ធ្វើការ​អនុវត្ត​ជំនាញ​នៅ​បណ្ដា​ប្រទេស​ដែល​មាន​តម្រូវការ​កម្លាំង​ពលកម្មច្រើន​ពី​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ជា​កម្ពុជា។​

កម្ពុជា​កំពុង​តែ​មាន​កិច្ច​សហការ​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង ​ប្រទេស​ថៃ ​ប្រទេស​ម៉ាឡេស៊ី ​ហើយបន្តិច​ទៀតនឹង​មាន​កិច្ច​សហការ​ជាមួយ​បណ្ដា​ប្រទេស​នៅ​ឯ​តំបន់​មជ្ឈឹម​បូព៌ា​ដែល​ល្បី​ខាង​រំលោភ​សិទ្ធិ​ពលករ​ឆ្លង​ដែន ​ក្នុង​ការ​បញ្ជូន ​បើកច្រក​ឱ្យ​ពលករ​ខ្មែរ​មាន​ឱកាស​ចេញ​ទៅ​បម្រើ​ការងារ​ស្វែង​រក​ប្រាក់​ចំណូល​ផ្ញើ​មក​ភូមិ​កំណើត។​

ចលនា​ឧស្សាហនូបនីយ​កម្ម ​និង​នគរូបនីយកម្ម​ដ៏​ធំ​សម្បើម​របស់​កម្ពុជា​បានជំរុញ​ឱ្យប្រជាជន​ខ្មែរ​មួយ​ភាគ​ធំនៅគ្រប់ច្រកល្ហកនៃប្រទេស ​ធ្វើ​ដំណើរ​ចាក​ចោលភូមិ​ករទៅរកការ​ងារធ្វើ​នៅទីប្រជុំជន ​និងនៅក្រៅ​ប្រទេស។​

តួលេខ​ត្រួសៗ​ចុង​ក្រោយ​បង្អស់ ​គិត​ត្រឹម​ដើម​ឆ្នាំ​២០១៦​នេះ ​បង្ហាញ​ថា​ ​ប្រជាជន​ខ្មែរ​ជិត​មួយ​លាន​នាក់​កំពុង​បម្រើ​ការនៅ​ប្រទេស​ដទៃ ​រួម​មាន​ប្រទេស​ថៃ ​ម៉ាឡេស៊ីនិង​នៅ​កូរ៉េ​ខាង​ត្បូង​ជា​ដើម ​ហើយ​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​វិញចំនួន១​ពាន់​លាន​ដុល្លារអាមេរិកកាល​ពី​ឆ្នាំ​២០១៥។ ​នេះ​បើ​យោង​តាម​ក្រសួង​ការងារ។​

នៅ​ស្រប​ពេល​ដែល​មាន​ការ​ប៉ាន់​ប្រមាណ​ថា ​អ្នក​ចេញ​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​អាច​មាន​លើសពីមួយ​លាននាក់​ រាប់​ទាំង​ពលករ​ដែល​ចេញ​ទៅ​មិន​ស្រប​ច្បាប់​ផងនោះ​ ​អ្នក​ជំនាញ ​និង​អ្នក​ស្រាវ​ជ្រាវ​បាន​ផ្ដល់​នូវ​ការ​ពន្យល់អំពី​ផល​ចំណេញ ​និង​ការ​ខាតបង់នៃ​លំហូរ​ធនធាន​មនុស្ស។​

ការហូរ​ចេញធន​ធាន​បញ្ញា ​ដែល​រួម​មាន​អ្នក​ចេះ​ដឹង ​និង​ពលករ​ដែល​មាន​ជំនាញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេសនោះ​ ត្រូវ​បាន​អ្នកស្រាវ​ជ្រាវ​គូស​បញ្ជាក់​ឱ្យ​ឃើញ​ផង​ដែរ​ថា​ ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​ទីផ្សារ​ការងារ​មាន​លក្ខណៈ​ផុយ​ស្រួយ ​និងមិនមានសម​ធម៌​ក្នុង​ការ​ជ្រើស​រើស។​

អ្នកស្រី​សែម សោភ័ណ​លក្ខិណ​បាន​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ឱ្យ​សាកល​វិទ្យាល័យ​ស្ត្រី​ Ewha ​របស់កូរ៉េខាង​ត្បូង ​អំពី​ឥរិយាបថ ​និង​ចរន្ត​លំហូរ​សាច់ប្រាក់​ដែល​ពលករ​ខ្មែរ​បញ្ជូន​មក​ស្រុក​កំណើត​វិញ​ នៅ​ពេល​ដែល​ពួកគេកំពុងបម្រើការ​នៅប្រទេសកូរ៉េខាងត្បូង។​ ​អ្នកស្រី​បានឱ្យដឹងថា​ ​កម្រិត​ប្រាក់​បៀ​វត្សរ៍​នៅ​កូរ៉េ​ខ្ពស់​ជាង​នៅ​កម្ពុជា​នោះ​គឺជា​កត្តាដែល​មានឥទ្ធិពល​ជា​ខ្លាំង​ដល់​ការ​សម្រេច​ចិត្ត​ចាក​ចេញ​របស់​ពលករ​ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​កូរ៉េ ​ហើយ​មួយ​ចំនួន​នៃពួក​គេ​សុខ​ចិត្ត​បោះ​បង់​ការ​ងារ​ដែល​ប្រើ​បញ្ញា​នៅ​ស្រុក​ខ្មែរ។​

«អ្នក​ខ្លះ​គាត់​មាន​ការងារ​ដែរ​នៅ​ខ្មែរ ​ក៏​ប៉ុន្តែ​ការ​ងារ​ហ្នឹង​គាត់​មិន​អាច​យក​ប្រាក់​ខែ​ទៅ​ផ្គត់​ផ្គង់​គ្រួសារ​គាត់​បាន ​អញ្ចឹងទាម​ទារ​ឱ្យ​គាត់​ធ្វើ​ចំណាក​ស្រុក​ដើម្បី​យក​ប្រាក់​ហ្នឹង​មក​រ៉ាប់​រង​នៅ​ក្នុង​គ្រួសារ​របស់​គាត់»។​

អ្នកស្រី​សោភ័ណ​លក្ខិណា ​ដែល​ជា​អ្នក​ស្រាវ​ជ្រាវ រក​ឃើញថា ​ពលករមួយ​ចំនួន​ដែល​កំពុងបម្រើ​ការងារ​នៅ​កូរ៉េ​មាន​អតីត​ភាព​ការងារ​ និង​កម្រិត​វប្បធម៌ជានិស្សិត​ មន្ត្រី​រាជការ ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ថែម​ទៀត​ផង​ ពេលគេនៅ​ប្រទេសកម្ពុជា។​

ដូច​ជាលោក ​លីម ថេងហាក់​ ដែល​កំពុង​បម្រើ​ការងារ​នៅ​ឯ​តំបន់​ប៉ែក​ខាង​កើត​ប្រទេស​កូរ៉េ​ខាងត្បូង ​ធ្លាប់ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បុរាណ​វិទ្យា ​តែ​បាន​សម្រេច​ចិត្ត​បោះ​បង់​ការងារ​ជំនាញ​របស់​ខ្លួន​ចេញ​ទៅប្រទេស​នៅ​តំបន់​ចុង​បូព៌ា​ខាង​លើ​ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ។​

លីម ថេងហាក់​បាន​និយាយ​ប្រាប់​ VOA ​ថា ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​រូប​គេ​អាច​នឹង​រក​បាន​ប្រាក់​ចំណូល​ជាមធ្យម​ជាង​១​ពាន់​ដុល្លារអាមេរិកក្នុង​មួយ​ខែ ដោយ​មានផល​ប្រយោជន៍ជា​ប្រាក់​ជា​ច្រើន​ផ្សេង​ទៀត ​ហើយ​ថា​ ​ជីវភាព ​និង​ចំណូល​របស់​គេ​មាន​ការ​ប្រសើរ​ជាង​ការងារ​ជំនាញ​របស់​រូប​គេ​នៅស្រុក​ខ្មែរ​ស្ទើរ​តែ​១០​ដង។​

«គ្មាន​នរណា​ចង់​ចាក​ចេញទេ ​អ្នក​ខ្លះ​គេ​មាន​ប្រពន្ធ ​មាន​កូន ​មាន​ម្ដាយ​ចាស់​ជរា ​ត្រូវ​ព្រាត់​គ្នាមួយរយៈមកធ្វើការនៅ​កូរ៉េ ​គ្មាន​នរណា​ចង់​ទេ។ ​ប៉ុន្តែ​ដោយ​សារ​កត្តា​ជីវភាព ​ដោយ​សារ​តែ​ពេល​ខ្លះ​មាន​ការ​រើស​អើង ​ដោយសារខ្សែ​ហ្នឹង ​យើង​និយាយ​ថា​ ខ្សែ​ចុះ ​ហើយ​ប្រាក់​ខែ​អត់​សមរម្យ ​ធ្វើឱ្យយើងមិនអាចរស់នៅក្នុងស្រុកខ្មែរបានណាស់»។​

ថេងហាក់​ក៏​បាន​និយាយ​ជា​បន្ថែម​ផង​ដែរ​អំពី​ការណ៍​ដែល​បរិយាកាស​ការងារមាន​ការ​រើស​អើង​ និង​បក្ស​ពួកនិយម ជា​កត្តា​ជំរុញមួយ​ដ៏​សំខាន់​បង្ខំ​ឱ្យ​គេ​ធ្វើ​ចំណាក​ស្រុក​ ជិះ​យន្តហោះ​ទៅ​ធ្វើការ​នៅ​កូរ៉េ។​

លោក​សេដ្ឋវិទូ ​តេង ​ដឺលុច​ បាន​និយាយ​ថា​ ការ​ដែល​ប្រជាជន​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ​ចាក​ចោលភូមិ​ដ្ឋាន ​វាល​ស្រែ​ ចម្ការ ​ច្បារ​ដំណាំ​នេះ ​អាច​ជា​កាំបិត​មុខ​ពីរ​ដល់​កម្ពុជា ​ពោល​គឺ​អាច​នឹង​ផ្ដល់​ជា​ផល​វិជ្ជមានផង ​និង​អវិជ្ជមាន​ផង។​

ផល​វិជ្ជមាន​នៅ​ត្រង់​ថា ​កត្តា​ជីវភាព​គ្រួសារ ​និង​សាម៉ី​ខ្លួន​ពលករ​ផ្ទាល់ ​មាន​ភាព​ប្រសើរ​ឡើង​ហើយ​ថែម​ទាំងអាច​នឹង​ទទួល​បាន​ជំនាញ​បច្ចេកទេស​ពី​ការងារ​ដែល​ខ្លួន​បម្រើការ​នៅ​ក្រៅ​ប្រទេស ​ហើយ​ផល​អវិជ្ជមាន​នៅត្រង់​ថា ​ប្រទេស​ជាតិ​ដែល​ត្រូវ​ការ​ធន​ធាន​មនុស្ស​មក​ជួយ​រុញ​ច្រាន​វិស័យ​ឧស្សាហកម្ម​ និង​ខ្នែងផ្សេងទៀតនៃសេដ្ឋកិច្ចនោះ​ ត្រូវ​បាត់​បង់​កម្លាំង​ធន​ធាន​អស់​ជា​ច្រើន។ ​នេះ​បើ​តាម​លោក​តេង​ ដឺលុច។​

ក៏​ប៉ុន្តែ​បញ្ហា​នេះ​នៅ​តែ​ជា​ចំណោទនៅ​ឡើយ​ នៅ​ពេល​បណ្ឌិត​ បញ្ញ​វ័ន្ត​ខ្មែរ​ជា​ច្រើន​រូបដែលទទួលបានអាហារូបករណ៍ទៅ​រៀន​នៅ​ក្រៅ​ប្រទេស បាន​សម្រេច​ចិត្ត​ត្រឡប់​មក​បំពេញ​កិច្ច​ការ​ងារ​នៅ​មាតុ​ភូមិវិញក្រោយ​ពី​បញ្ចប់​ការ​សិក្សា។​

លោក ​អ៊ិត ​សំហេង ​រដ្ឋ​មន្ត្រី​ការងារ​ ​បាន​បដិសេធ​មិន​ផ្ដល់​បទ​សម្ភាសន៍​ទេ។​ លោក​បាន​បង្វែរ​សំណួរ​ទៅ​កាន់​អ្នក​នាំពាក្យ​ក្រសួង​គឺ​លោក​ហេង សួរ ​ដែល​មិន​បាន​ឆ្លើយ​តបទៅ​នឹង​សំណើ​របស់​ VOA ដើម្បី​សុំមតិ​យោបល់​ឡើយ។

ការ​ធ្វើ​ចំណាក​ស្រុក ​និង​លំហូរ​ធន​ធានបញ្ញា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ ​គឺ​ជា​កត្តា​សកលបណ្តាល​មកពីចរន្ត​ប្រែ​ប្រួល​ចុះ​ឡើង​នៃ​កម្រិត​ប្រាក់បៀវត្សរ៍​ ​និង​ការ​វិនិយោគ ​តែនៅកម្ពុជាបញ្ហានេះមិនសូវជាចោទប៉ុន្មាន​ទេ។​ នេះ​ជាការ​អះ​អាង​របស់​លោក​រស់ សាលីន ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ។​

លោក​រស់ សាលីន​បាន​បន្ថែម​ថា​ ​ក្នុងចំណោមនិស្សិតដែលជាប់អាហារូបករណ៍ទៅរៀននៅបរទេស​ទាំង​អស់​នោះ​ ​មាន​ដល់​ទៅ៩៥%​បានដែលត្រឡប់មក​កម្ពុជា​វិញ​បម្រើការងារតាមវិស័យសាធារណៈ​ ​វិស័យ​ឯកជន ​និង​សង្គម​ស៊ីវិល​ជាដើម។​

«អញ្ចឹង Issue ​(បញ្ហា) ​នៃ ​Brain-Drain​ (លំហូរ​ចេញ​នៃ​ធនធានបញ្ញា) ​សម្រាប់​កម្ពុជា​យើង​ វា​មិន​មាន​ជាបញ្ហាអ្វីទេ ​ដោយ​សារ​ឱកាស​ការងារ​ ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ស្រុក​ហ្នឹង​គឺ​វា​អំណោយ​ផល ​ទៅ​ដល់​យុវជនដែលមាន​ជំនាញ​ខ្ពស់​ ក៏​ដូច​ជា​យុវជន​ ទាំង​យុវជន​ដែល​សិក្សា​ក្នុ​ង​ស្រុក ​ទាំង​យុវ​ជន​ដែល​ទៅ​រៀន​នៅ​ខាង​ក្រៅ»។​

នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ឯ​ប្រទេស​វៀតណាម​កាល​ពី​ខែ​ឧសភា ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា ​ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​អំពី​បញ្ហា​នៃ​លំហូរ​ធនធានមនុស្ស​ទៅក្រៅ​ប្រទេស។​

លោក​អូបាម៉ា​បានថ្លែង​ថា​ កាល​ណា​ប្រទេស​មួយ​បាត់​បង់​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ ​និង​ទេព​កោសល្យ​ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ដទៃ​នោះ​ ​បានន័យថាប្រទេសសាម៉ីនោះមានអំពើពុករលួយចាក់ស្រែះ ​និងមិនបានបង្កបរិយាកាសស្មើភាពក្នុងទីផ្សារ​ការងារ ​សេដ្ឋកិច្ច​ ​ដែលនាំឱ្យប្រទេសបាត់បង់ធនធានដ៏​មាន​តម្លៃ​សម្រាប់​កសាង​ការ​អភិវឌ្ឍ​ទៅ​មុខ៕

XS
SM
MD
LG