ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលកម្ពុជាថា ខ្លួនតែងតែអនុវត្តការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង


រូបឯកសារ៖ ទិដ្ឋភាពខាងក្រៅនៃភោជនីយដ្ឋានកូរ៉េខាងជើងមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០០៣។
រូបឯកសារ៖ ទិដ្ឋភាពខាងក្រៅនៃភោជនីយដ្ឋានកូរ៉េខាងជើងមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០០៣។

ក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​កម្ពុជា​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្មរបស់​ជន​ជាតិនេះក្នុង​ប្រទេស​កម្ពុជា។

ការ​លើក​ឡើង​នេះជា​ការ​ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ ​ដែល​លើក​ឡើង​ថា​ មាន​ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង​កំពុង​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​បើក​ចំហ​អំពី​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​ភោជនីយដ្ឋាន​បណ្តាក់​ទុន​រួម​គ្នា​នៅ​ក្រៅ​ប្រទេស ដោយ​មាន​ទីតាំង​នៅ​ប្រទេស​ចិន និង​នៅ​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម ​ចុះ​ថ្ងៃ​ទី ​២៧ ខែ​កុម្ភៈ។

ក្រសួង​ពាណិជ្ជកម្ម​បាន​បដិសេធ​ចោល​ទាំង​ស្រុង​ចំពោះ​ព័ត៌មាន ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌​មាន​ឈ្មោះ ​NK News ដែល​ជា​គេហទំព័រ​ព័ត៌មាន​របស់​អាមេរិក ​ដែល​និយាយ​អំពី​កូរ៉េ​ខាង​ជើង ហើយ​ក្រសួង​បញ្ជាក់​ថា ​ពុំ​មាន​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ដែល​មាន​ឈ្មោះ ​Tongnam Trading Company ឬ​ក្រុមហ៊ុន ​Tongnam Transport JV Co. Ltd​ នោះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ក្រសួង​ពាណិជ្ជ​កម្ម​តែង​តែ​អនុវត្ត​យ៉ាង​ហ្មត់ចត់​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ (UNSC) និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ជា​ធរមាន​របស់​កម្ពុជា ដោយ​បាន​លុប​ចេញ​ពី​បញ្ជី​ពាណិជ្ជកម្ម​និង​បទ​គ្រប់​អាជីវកម្ម ​ដែល​ពាក់ព័ន្ធ​ធុរជន​កូរ៉េ​ខាង​ជើង​ចំនួន ​១៦ ​ក្រុម​ហ៊ុន​សហគ្រាស នៅ​ក្នុង​ឆ្នាំ​ ២០១៩ និង​ឆ្នាំ ​២០២២ ហើយ​បាន​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​ការ​បរទេសនិង​សហប្រតិបត្តិការអន្តរ​ជាតិ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​នូវ​ប្រភេទ​ទណ្ឌកម្ម​ផ្សេងៗ ​ដូច​ដែល​មាន​ចែង​ក្នុង​សេចក្តី​សម្រេច​របស់ ​UNSC»។

កាល​ពី​ឆ្នាំ​ ២០១៧ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង ដោយ​តម្រូវ​ឱ្យ​រដ្ឋ​ជា​សមាជិក​បញ្ឈប់​ប្រតិបត្តិការ​រក​លុយ​របស់​ជនជាតិ​កូរ៉េ​ខាង​ជើង​នៅ​ក្រៅ​ប្រទេស។ កម្ពុជា​បាន​បិទ​ភោជនីយដ្ឋាន​កូរ៉េ​ខាង​ជើង​មួយ​ចំនួន ​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេសដើម្បី​គោរព​តាម​ការ​ដាក់​ទណ្ឌកម្ម​អន្តរ​ជាតិ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ថា​ កម្ពុជា​ត្រូវ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​អង្គការសហប្រជាជាតិ​ឱ្យ​បាន​ពេញ​លេញ​ ដោយ​ហេតុ​ថា ​កម្ពុជា​ត្រូវ​ពឹង​ផ្អែក​ទាំង​នយោ​បាយ​ការបរ​ទេស និង​ពាណិជ្ជកម្ម​លើ​សហគមន៍​អន្តរជាតិ។

លោក​ថ្លែ​ងថា៖ «​ដូច្នេះ​ទីផ្សារ​ដែល​កម្ពុជា​ពឹង​អាស្រ័យ​ហ្នឹង​ បើសិ​ន​កម្ពុជា​មិន​ធ្វើ​តាម​លំអាន​ ឬ​បទ​បញ្ញត្តិ​ទណ្ឌកម្ម​អន្តរជាតិ​ទេ​ យើង​ប្រឈម​នឹង​បញ្ហា​ច្រើន​ណាស់។ អ៊ីចឹងកម្ពុជា​ខ្ញុំគិតថា ​មិន​ជម្រើ​សយក​បញ្ហា​ហ្នឹង​ទេ​ ហើយ​កម្ពុជា​ធ្វើ​បាន​ច្រើន​ហើយ​ ប៉ុន្តែ​យើ​ងគួរ​តែ​ពង្រឹង​ឬក៏​បញ្ជាក់​បន្ថែម​ទៀត​នូ​វបញ្ហា​ដែល​យើង​នូវ​ខ្វះ ឬក៏​ចន្លោះ​កន្លែង​ណា»។

គួរ​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជា​យូរ​មក​ហើយ​ជាមួយ​កូរ៉េ​ខាងជើង ​ ជាពិសេស​ក្នុង​អំឡុង​ពេល​សម្តេច​ព្រះ​រមរតនៈកោដ្ឋ​ នរោត្តម ​សីហនុ​ នៅ​មាន​ព្រះជន្ម៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG