ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​យឺតយ៉ាវ​នៃ​បណ្តាញ​ភ្ជាប់​អាស៊ាន​អាច​ប៉ះពាល់​ដល់​ក្តី​រំពឹង​កម្ពុជា


បណ្តាញ​ភ្ជាប់​អាស៊ាន​នឹង​មិន​អាច​លេច​ចេញ​ជា​ផ្លែផ្កា​​ទាំង​ស្រុង​ទេ ប្រសិន​បើ​អាស៊ាន​ពឹង​ផ្អែក​តែ​លើ​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល ដោយ​គ្មាន​ការ​ចូល​រួម​ពី​ភាគី​ឯកជន ព្រោះ​អ្នក​វិនិយោគ​ឯកជន​ជា​មូលដ្ឋាន​ហិរញ្ញវត្ថុ​ដ៏​មាន​សក្តានុពល​សម្រាប់​ការ​វិនិយោគ​លើ​គម្រោង​​ធំៗទាំង​នោះ។
បណ្តាញ​ភ្ជាប់​អាស៊ាន​នឹង​មិន​អាច​លេច​ចេញ​ជា​ផ្លែផ្កា​​ទាំង​ស្រុង​ទេ ប្រសិន​បើ​អាស៊ាន​ពឹង​ផ្អែក​តែ​លើ​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល ដោយ​គ្មាន​ការ​ចូល​រួម​ពី​ភាគី​ឯកជន ព្រោះ​អ្នក​វិនិយោគ​ឯកជន​ជា​មូលដ្ឋាន​ហិរញ្ញវត្ថុ​ដ៏​មាន​សក្តានុពល​សម្រាប់​ការ​វិនិយោគ​លើ​គម្រោង​​ធំៗទាំង​នោះ។

បណ្តាញ​ភ្ជាប់​អាស៊ាន ជា​គន្លឹះ​របស់​កម្ពុជា​ក្នុង​ការ​គៀងគរ​វិនិយោទុន និង​ការ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍ​របស់​ខ្លួន​ជា​មួយ​បណ្តា​ប្រទេស​អភិវឌ្ឍ​ដទៃ​ទៀត​ក្នុង​អាស៊ាន។

ភ្នំពេញ៖ ក្រុម​សេដ្ឋកិច្ចវិទូ​និយាយ​ថា កម្ពុជា​មាន​លទ្ធភាព​ស្រូប​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ពី​បណ្តាញ​ហេដ្ឋា​រចនាសម្ព័ន្ធ​ភ្ជាប់​សមាជិក​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​(អាស៊ាន)។
សមាគម​អាស៊ាន​ដែល​មាន​ដប់​ប្រទេស​ជា​សមាជិក​រួម​មាន​កម្ពុជា ឡាវ វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ៊្វីលីពីន​ប្រ៊ុយណេ ភូមា​ និង​ប្រទេស​សិង្ហបុរី​បាន​ដាក់​ផែនការ​សម្រាប់​ភ្ជាប់​ផ្លូវ​គោក​ ផ្លូវ​អាកាស​និង​ផ្លូវ​ទឹក​រួម​គ្នា​សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១៥។
លោក​បណ្ឌិត សុខ ស៊ីផាណា ទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​មានប្រសាសន៍​ថា បណ្តាញ​ភ្ជាប់​អាស៊ាន ជា​គន្លឹះ​របស់​កម្ពុជា​ក្នុង​ការ​គៀងគរ​វិនិយោទុន និង​ការ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍ​របស់​ខ្លួន​ជា​មួយ​បណ្តា​ប្រទេស​អភិវឌ្ឍ​ដទៃ​ទៀត​ក្នុង​អាស៊ាន។
«ពេល​ទី​ផ្សារ​យើង​តូច អ្នក​វិនិយោគ​គេ​អត់​មក​ទេ អញ្ចឹង​ពេល​ទីផ្សារ​វា​បើក​ទូលាយ​ទៅ​គេ​អាច​ជ្រើសរើស​កន្លែង​ណា​ដែល​គេ​អាច​ដំឡើង​រោងចក្រ​បាន។ គេ​ដំឡើង​នៅ​ប្រទេស​យើង​ដោយសារ មាន​ផល​ប្រយោជន៍​វិនិយោគ និង​តម្លៃ​ពលកម្ម​យើង​នៅ​ទាប​ដែរ។ ដូច្នេះ​ពេល​មាន​ការ​ត​ភ្ជាប់​ហេដ្ឋារចនា​សម្ព័ន្ធ​រូប​វ័ន្ត​ហើយ​គឺ​លែង​មាន​បញ្ហា​ហើយ ដំឡើង​រោង​ចក្រ​នៅ​ថៃ​កម្ពុជា​វៀតណាម គឺ​ដូច​គ្នា ប៉ុន្តែ​បើ​តំឡើង​នៅ​ខ្មែរ​តម្លៃ​កម្លាំង​ពលកម្ម​យើង​នៅ​ទាប។ ដូច្នេះ​គាត់​មាន​លទ្ធភាព​ផលិត​នៅ​ទីនេះ ដឹក​ទៅ​លក់​នៅ​ទី​ផ្សារ​វៀតណាម​ឬ​ថៃ​ក៏​បាន​ដែរ។»
លោក​បណ្ឌិត សុខ ស៊ីផាន់ណា ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​នៃ​សន្និសីទ​ស្តី​អំពី «​ការ​សម្រេច​ឱ្យ​បាន​នូវ​សហគមន៍​អាស៊ាន​មួយ​ដែល​កាន់​តែ​មាន​សមាហរណកម្ម ភាព​ប្រកួត​ប្រជែង សមធម៌ និង​កាន់តែ​រឹង​មាំ»។ សន្និសីទ​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ពុធ​នេះ។
លោក​សាស្ត្រាចារ្យ ហ្វូគូណារី គីមូរ៉ា (Fukunari Kimura) ប្រធាន​សេដ្ឋវិទូ​របស់វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ី(ERIA) មាន​ប្រសាសន៍​ថា កម្ពុជា​មាន​អំណោយ​ផល​ខាង​ផ្នែក​ភូមិសាស្ត្រ​ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ពី​បណ្តាញ​ភ្ជាប់​អាស៊ាននេះ។
«ដូច​ក្នុង​ករណី​កម្ពុជា កម្ពុជា​ស្ថិត​នៅ​ជិត​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ​នៃ​ដង​ទន្លេ​មេគង្គ ដូចជា​ទីក្រុង​ហូជីម៉ិញ​ជាដើម ដូច្នេះ​សក្តានុពល​នៅ​ត្រង់​ថា កម្ពុជា​អាច​ជា​ផ្នែក​មួយ​នៃ​បណ្តាញ​ផលិតកម្ម​ដោយ​ទទួល​កិច្ចការ ឬ​ផ្នែក​ខ្លះ​ពី​ប្រទេស​ឧស្សាហកម្ម​ទាំង​នោះ ប៉ុន្តែ​ដើម្បី​ធ្វើ​ដូច្នោះ​បាន កម្ពុជា​ត្រូវ​មាន​បណ្តាញ​ត​ភ្ជាប់​ល្អ ដូចជា​ប្រព័ន្ធ​ផ្លូវ​ថ្នល់​ល្អ​ជា​ដើម។»
ការ​ត​ភ្ជាប់​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្នាក់​តំបន់​នេះ ជា​កិច្ចការ​ស្នូល​សម្រាប់​សម្រួល​លំហូរ​វិនិយោគ ទំនិញ សេវាកម្ម និង​ពលករ រវាង​ប្រទេស​សមាជិក​អាស៊ាន​នានា ប្រកប​ដោយ​ភាព​រហ័ស និង​សន្សំសំចៃ ដែល​គ្រោង​នឹង​អនុវត្ត​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ។ ក្នុង​នោះ​កម្ពុជា​ក៏​នឹង​អាច​ពង្រីក​ទី​ផ្សារ​ខ្លួន​ចូល​ក្នុង​ទីផ្សារអាស៊ាន​ទាំង​មូល​ដែល​មាន​ប្រជាជន​សរុបជាង​៦០០​លាន​នាក់​ជាមួយ​នឹង​ផលិត​ផល​ក្នុង​ស្រុក​សរុប​ឬ​GDP​១,៥​លាន​លាន​ដុល្លារ និង​បណ្តូរ​ពាណិជ្ជកម្ម​សរុប​១,៧​លាន​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១២។
ទោះ​ជា​យ៉ាង​នេះក្តី ការ​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​នៅ​មាន​ការ​យឺតយ៉ាវ។ ជាអាថ៌ គេហទំព័រ​របស់​លេខាធិការដ្ឋាន​អាស៊ាន​បង្ហាញ​ថា ត្រឹម​ឆ្នាំ​២០១០ កម្ពុជា និង​ឡាវ មាន​ផ្លូវ​សម្រាប់​ភ្ជាប់ ​តិច​ជាង​១០​ភាគរយ​ដែល​បាន​ស្តារ​រួច។ ជា​មួយ​គ្នា​នោះ មាន​ផ្លូវ​គោក​ប្រវែង​៤.០៦៩​គ.ម ទៀត ​ត្រូវ​ការ​កសាង​និង​ស្តារ​ឡើង​វិញ​ជា​ពិសេស​ក្នុង​ប្រទេស​កម្ពុជា ឡាវ ភូមា និង​វៀតណាម ដើម្បី​ភ្ជាប់ប្រទេសដែល​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត។ ចំណែក​ឯ​ផ្លូវ​ទឹក​វិញ តំបន់​អាស៊ាន​មាន​ផ្លូវ​ទឹក​ក្នុង​ប្រវែង​៥១.០០០​គ.ម ប៉ុន្តែ​នៅ​មិន​ទាន់​អាច​ប្រើប្រាស់​ឱ្យ​អស់​សក្តានុពល​នៅ​ឡើយ ដោយសារ​ប្រព័ន្ធ​ផ្លូវ​ទឹក​ពុំ​ទាន់​មាន​ការ​ស្តារ​និង​គោរព​តាម​បទដ្ឋា និង​កង្វះ​កំពង់​ផែ​ជា​ដើម។ នេះ​បើ​យោង​តាម​របាយការណ៍​គម្រោង​មេ​ស្តី​ពី​បណ្តាញ​ភ្ជាប់​អាស៊ាន​ (Master Plan for ASEAN Connectivity) នៅ​ឆ្នាំ​២០១០។
តាម​ការ​ប៉ាន់​ស្មាន​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB) នៅ​ឆ្នាំ​២០០៨ ដើម្បី​សម្រេច​បាន​បណ្តាញ​ភ្ជាប់​អាស៊ាន​នៅ​ឆ្នាំ​២០១៥ សមាជិក​ខ្លួន​ទាំង​អស់​នឹង​ត្រូវ​ការ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​សរុប​ចំនួន​៥៩៦​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្មើ​នឹង​៦០​ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៥។ ។ ប៉ុន្តែ​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​២០១២ អាស៊ាន​ទើប​អាច​គៀងគរ​ថវិកា​ពី​សមាជិក​ខ្លួន​បាន​៤៨៥​លាន​ដុល្លារ​ប៉ុណ្ណោះ ក្រោម​មូល​និធិ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ាន​ (ASEAN Infrastructure Fund) របស់​ខ្លួន។ មក​ទល់​ពេល​នេះ ក្នុង​ចំណោម​ប្រទេស​ដៃ​គូ​ពិភាក្សា​របស់​អាស៊ាន​ទាំង​អស់ មាន​តែ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​បាន​ដាក់​ផែនការ​វិនិយោគជាក់​លាក់​ក្នុង​ទឹក​ប្រាក់​២៥​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង​បណ្តាញ​ភ្ជាប់​អាស៊ាន។
ថ្មីៗ​នេះ អគ្គលេខាធិការ​អាស៊ាន លោក សូរិន្ទ ពិតសុវណ្ណ (Surin Pitsuwan) បាន​និយាយ​ថា បណ្តាញ​ភ្ជាប់​អាស៊ាន​នឹង​មិន​អាច​លេច​ចេញ​ជា​ផ្លែផ្កាទាំង​ស្រុង​ទេ ប្រសិន​បើ​អាស៊ាន​ពឹង​ផ្អែក​តែ​លើ​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល ដោយ​គ្មាន​ការ​ចូល​រួម​ពី​ភាគី​ឯកជន ព្រោះ​អ្នក​វិនិយោគ​ឯកជន​ជា​មូលដ្ឋាន​ហិរញ្ញវត្ថុ​ដ៏​មាន​សក្តានុពល​សម្រាប់​ការ​វិនិយោគ​លើ​គម្រោងធំៗទាំង​នោះ។ ទោះ​បី​ជា​ខ្វះ​ថវិកា​ក្តី ក៏​លោក​បណ្ឌិត សុខ ស៊ីផាណា នៅ​តែ​សម្តែង​សុទិដ្ឋិនិយម​របស់​លោក​ចំពោះ​កិច្ចប្រឹងប្រែង​របស់​អាស៊ាន​នេះ​ដែរ៕
XS
SM
MD
LG